©និពន្ធដោយ ហេង ដារី
©រចនាក្រប ដោយ ហេង សុធារៈ
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ចំពូកទី៦៖
ពន្លឺព្រាលៗនៃការពិត
![]() |
The Mystery of the Orange Painting |
ខ្ញុំក្រាបដេកលក់លើតុមួយស្របក់ ដោយមិនដឹងខ្លួន។
ពន្លឺព្រះអាទិត្យពណ៌មាសបានចាំងជះតិចៗតាមបង្អួចការិយាល័យប៉ះចំមុខខ្ញុំ ធ្វើឱ្យខ្ញុំងាករេបន្តិច។ ក្លិនឈ្ងុយនៃកាហ្វេបានសាយភាយក្នុងបន្ទប់ លាយឡំនឹងក្លិនក្រដាសឯកសារ និងកម្ដៅតិចៗពីឧបករណ៍អេឡិចត្រូនិច។
ខ្ញុំភ្ញាក់ឡើងលាតដៃលាតជើងយឺតៗ ពត់ខ្លួន រួចងើបមុខឡើង ទាំងមានអារម្មណ៍ស្ពឹកស្រពន់បន្តិចបន្តួច។
បងនភា នៅតែអង្គុយត្រង់ក្បែរ Laptop របស់គាត់។ ភ្នែកនៅតែសម្លឹងមើលអេក្រង់ដោយយកចិត្តទុកដាក់។ ពន្លឺអេក្រង់នៅតែចាំងឆ្លុះវ៉ែនតារបស់គាត់ តែពេលនេះ ទឹកមុខគាត់ហាក់ដូចជាមានភាពរំភើប និងភ្ញាក់ផ្អើល។
ខ្ញុំសម្លឹងមើលទៅអេក្រង់ធំទូលាយនោះ ឃើញក្រាហ្វិក និងបន្ទាត់កូដរាប់ពាន់បន្ទាត់កំពុងរត់យ៉ាង លឿន។ មានប្រព័ន្ធមួយឈ្មោះថា "Phoenix AI" ដែលខ្ញុំដឹងថា ជាស្នាដៃបង្កើតរបស់គាត់ផ្ទាល់ ហាក់កំពុងដំណើរការយ៉ាងសកម្ម។
- យ៉ាងម៉េចហើយ បង? (ខ្ញុំសួរតិចៗ ដោយសំឡេងស្អកៗមិនទាន់ស្វាងស្រឡះ) តើ AI បានបង្ហាញអ្វីខ្លះ?
- វណ្ណពេជ្រ! (បងនភាស្រែកទាំងរំភើប ងាកមករកខ្ញុំភ្លាម) មកនេះ! មកមើលជាមួយបង!
- ចាំបន្តិច! (ខ្ញុំនិយាយទាំងញីភ្នែក) មុខបងឡើងក្រហមអ៊ីចឹង មានន័យថា បងបានរកឃើញអ្វីដែលមិននឹកស្មានដល់ហើយមែនទេ? ឬក៏បងឆុងកាហ្វេប្រឡាក់ពេញខ្លួន?
- ហាសហា... (បងនភាសើច) កុំឌឺបង! មកមើលឱ្យលឿន! Phoenix AI បានសម្រេចការងាររបស់វាហើយ!
ខ្ញុំប្រញាប់ងើបស្ទុះទៅជិតបងនភា ទាំងញញឹម។
ខ្ញុំសម្លឹងទៅអេក្រង់ Laptop របស់គាត់។ រូបភាពពីកាមេរ៉ាសុវត្ថិភាពដែលធ្លាប់តែព្រាលៗ ពេលនេះបានក្លាយជារូបភាពច្បាស់ក្រឡែត។ វាបង្ហាញពីបុរសម្នាក់កំពុងដើរចូលទៅជិតកន្លែងដែលគំនូរបាត់។ បុរសនោះស្លៀកពាក់ឈុតខ្មៅ និងពាក់មួកបាំងមុខបន្តិច។
- តើគេជានរណា? (ខ្ញុំសួរខ្សឹបៗ ទាំងមិនប៉ប្រិចភ្នែក)
- ពិបាកនឹងកំណត់អត្តសញ្ញាណដំបូងណាស់។ (បងនភាតប) តែបងបានប្រើប្រព័ន្ធសម្គាល់មុខដែលបងបានបង្កើតផ្ទាល់ខ្លួន ដើម្បីវិភាគរូបភាពនេះ។ AI របស់បងប្រើ Algorithm ពិសេសៗ ដើម្បីបំពេញ Pixel ដែលបាត់បង់ និងកែលម្អគុណភាពរូបភាពដោយផ្អែកលើទិន្នន័យទូទៅ។ វាត្រូវការពេលយូរមែនទែន ព្រោះ AI ត្រូវប្រៀបធៀបជាមួយទិន្នន័យមនុស្សរាប់លាននាក់។
- ហើយលទ្ធផលយ៉ាងម៉េចដែរ? (ខ្ញុំសួរទាំងរំភើបស្ទើរដាច់ខ្យល់)
- លទ្ធផលគឺ... (បងនភាញញឹមតិចៗ) បុរសនៅក្នុងរូបភាពនេះ គឺលោក សីលា!
ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខ្ញុំនៅទ្រឹងស្ងៀមមួយភ្លែត ហាក់មិនជឿត្រចៀកខ្លួនឯង។
- លោក សីលា? (ខ្ញុំពោលតិចៗ) មិនអាចទេ! គាត់ជាវិចិត្រករដែលបាត់ខ្លួនតើ! ហេតុអីគាត់មកលួចគំនូររបស់គាត់ផ្ទាល់? តើគាត់លួចដើម្បីអ្វី? ហើយហេតុអីគាត់ត្រូវលុប Log File? រឿងនេះកាន់តែចម្លែកហើយ បង!
- នោះហើយជាចំណុចសំខាន់។ (បងនភាតប) វាមិនមែនជាករណីលួចធម្មតាទេ។ គាត់ប្រហែលជាមិនមែនគ្រាន់តែជាអ្នកលួចនោះទេ។ អាចថាគាត់មានហេតុផលផ្ទាល់ខ្លួនដ៏ធំមួយ។
បងនភា បើក Folder មួយទៀតនៅក្នុង Laptop របស់គាត់។
- លើសពីនេះ បងបានទាញយកទិន្នន័យពី Log File ដែលត្រូវបានលុបទាំងស្រុង។ (បងនភាពន្យល់) គេបានលុបវាដោយប្រើ "Secure Erase Protocol" ដែលជាវិធីសាស្រ្តលុបទិន្នន័យយ៉ាងប្រុងប្រយ័ត្នដើម្បីកុំឱ្យគេអាចទាញយកបានវិញ។ តែបងមាន "Data Recovery Algorithm" ដែលអាចស្កេន Sector នីមួយៗនៃ Hard Drive ដើម្បីទាញយកទិន្នន័យដែលបាត់បង់មកវិញ។ មិនត្រឹមតែមានឈ្មោះ «Seila» ប៉ុណ្ណោះទេ ថែមទាំងមានកំណត់ត្រានៃការចូលប្រើប្រាស់មួយចំនួនទៀត ដែលបង្ហាញពីសកម្មភាពរបស់គាត់នៅក្នុងប្រព័ន្ធសុវត្ថិភាព។ គាត់មិនត្រឹមតែចូលទៅកាន់បន្ទប់បញ្ជាកាមេរ៉ាប៉ុណ្ណោះទេ ថែមទាំងបានចូលទៅកាន់ Server សំខាន់ៗមួយចំនួនទៀតផង។
- គាត់ជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាដែរឬ? (ខ្ញុំឆ្ងល់) ខ្ញុំគិតថា គាត់គ្រាន់តែជាវិចិត្រករម្នាក់ប៉ុណ្ណោះ។
- នោះជាអ្វីដែលយើងគិត! (បងនភាញញឹម) តែការពិតគឺផ្ទុយស្រឡះ។ បងបានរកឃើញប្រវត្តិរូបសង្ខេបរបស់គាត់នៅលើគេហទំព័រសាលាចាស់របស់គាត់។ គាត់ធ្លាប់រៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័ររយៈពេលពីរឆ្នាំ មុននឹងប្តូរទៅរៀនផ្នែកសិល្បៈ។ គាត់ក៏ធ្លាប់ធ្វើការជាអ្នកប្រឹក្សាបច្ចេកវិទ្យាក្រៅម៉ោងផងដែរ។
- វ៉ាវ! (ខ្ញុំពោលទាំងភ្ញាក់ផ្អើល) នោះហើយជាហេតុផលដែលគាត់អាចចូលទៅក្នុងប្រព័ន្ធសុវត្ថិភាពបាន! ឥឡូវខ្ញុំយល់ហើយ! អ៊ីចឹង គាត់មិនមែនគ្រាន់តែបាត់ខ្លួនធម្មតាទេ គាត់បានរៀបចំទុកជាមុនយ៉ាងល្អិតល្អន់។ តើគាត់ចូលប្រព័ន្ធនៅម៉ោងប៉ុន្មាន? តើគាត់ធ្វើអ្វីខ្លះទៀតក្រៅពីលុបកាមេរ៉ា?
បងនភា រំកិលអេក្រង់ចុះក្រោម។
- គាត់បានចូលប្រព័ន្ធនៅម៉ោង ១០:០០ យប់ ដូចដែលយើងសង្ស័យ។ ក្រៅពីលុប Log របស់កាមេរ៉ា គាត់បានព្យាយាមផ្លាស់ប្ដូរ Password របស់ប្រព័ន្ធសំខាន់ៗមួយចំនួនទៀត តែហាក់ដូចជាមិនបានសម្រេចទាំងអស់នោះទេ។ គាត់ក៏បានចូលមើលឯកសារផ្ទៃក្នុងមួយចំនួន ដែលទាក់ទងនឹងបញ្ជីសារពើភ័ណ្ឌគំនូរ និងព័ត៌មានលម្អិតរបស់ម្ចាស់គំនូរផងដែរ។
- ព័ត៌មានលម្អិតរបស់ម្ចាស់គំនូរ? (ខ្ញុំគិតទាំងឆ្ងល់) តើគាត់ត្រូវការព័ត៌មានទាំងនេះធ្វើអី? បើគាត់ជាម្ចាស់គំនូរ គាត់គ្រាន់តែយកគំនូរទៅលក់ទៅបានហើយ។ នេះវាដូចជាមានគោលបំណងអ្វីផ្សេង។
ខ្ញុំងាកទៅមើលថង់ធូលីដីពណ៌ក្រហមត្នោត ដែលនៅលើតុ។ ខ្ញុំក៏នឹកឃើញដល់ពាក្យរបស់បងនភាដែលថា វាជា «ដីឥដ្ឋសម្រាប់គំនូរប្រេង»។
- បងនភា! (ខ្ញុំហៅ) បងនៅចាំរឿងធូលីដីក្រហមត្នោតនេះទេ? ដីឥដ្ឋសម្រាប់គំនូរប្រេង។ លោក សីលា គូរគំនូរពណ៌ទឹក មិនមែនគំនូរប្រេងទេ។ តើវាមានន័យថាម៉េច?
- នោះហើយជាសំណួរដែលបងកំពុងឆ្ងល់ដែរ។ (បងនភាតប) ប្រសិនបើគាត់ជាអ្នកយកគំនូរចេញ ហើយគាត់មិនគូរគំនូរប្រេង តើដីឥដ្ឋនេះមកពីណា? វាអាចមានន័យថា មាននរណាម្នាក់ផ្សេងទៀតបានចូលទៅទីនោះ ឬក៏... (បងនភាសម្លឹងមុខខ្ញុំដោយទ្រឹងគិត) ឬក៏លោក សីលា មានអាថ៌កំបាំងមួយទៀតដែលយើងមិនទាន់ដឹង។ ប្រហែលជាគាត់មិនត្រឹមតែគូរគំនូរពណ៌ទឹកនោះទេ។
- អាចមែន! (ខ្ញុំតប) នេះកាន់តែគួរឱ្យចាប់អារម្មណ៍ហើយ! អ៊ីចឹង ការសង្ស័យរបស់យើងលើពូវីរៈ គឺខុសហើយ។ គាត់គ្រាន់តែជាជនរងគ្រោះ ដែលត្រូវគេបោក។
ខ្ញុំងើបឈរដោយអារម្មណ៍រំភើប។ ខ្ញុំដើរទៅមករៀបចំរបស់របរខ្លះៗនៅលើតុរបស់ខ្ញុំ។
- បងនភា! (ខ្ញុំហៅ) ខ្ញុំត្រូវតែទៅសួរអ្នកស្រី ចិន្តា ឥឡូវនេះ។ នាងជាលេខាផ្ទាល់របស់លោក សីលា។ នាងប្រាកដជាដឹងអ្វីមួយអំពីជីវិតផ្ទាល់ខ្លួន និងទំនាក់ទំនងរបស់គាត់។ ខ្ញុំត្រូវដឹងថា តើលោក សីលា ពិតជាមានចំណូលចិត្តលើការគូរគំនូរប្រេង ឬធ្វើគ្រឿងស្មូនដែរឬអត់។ ខ្ញុំក៏ត្រូវដឹងដែរថា តើគាត់មានជម្លោះជាមួយនរណាម្នាក់ដែរទេ? ហើយតើគាត់បាននិយាយអ្វីប្លែកៗមុនពេលបាត់ខ្លួនឬអត់?
- កុំទាន់ទៅ (បងនភាឃាត់) ពេជ្រឯងគួរតែញ៉ាំអាហារពេលព្រឹកសិន ហើយសម្អាតខ្លួនប្រាណបន្តិចទៅ។ បងបានរៀបចំអាហារពេលព្រឹក និងឆុងកាហ្វេ រួចហើយ។
- អូ! (ខ្ញុំងាកទៅមើលតុ ឃើញមានមីឧដុងឆាជាមួយការ៉ុត និងស្ពៃតឿ ព្រមទាំងកាហ្វេដែលមានផ្សែងហុយៗនៅឡើយ ក៏ញញឹម) បងពិតជាល្អមែនទែន! បងដឹងចិត្តខ្ញុំដល់ម្ល៉ឹង ថាខ្ញុំចូលចិត្តមីឆានេះខ្លាំងណាស់!
- បងល្អរហូតតើ! (បងនភាតបទាំងសើច) ពេជ្រទើបតែដឹងឬ? បងនឹងចៀនពងទាបន្ថែមប្រូតេអ៊ីនបន្តិច យកពង២គ្រាប់ដូចបងដែរទេ?
- សុំពងចៀនតែ១គ្រាប់ទេ។
- អ៊ីចឹងទៅងូតទឹកទៅឱ្យលឿនទៅ មើលមុខប្រឡាក់ទឹកមាត់ពេញហ្នឹង! (បងនភាដេញ)
- ហាសហា... (ខ្ញុំសើចទាំងយកដៃវាសជូតមាត់) ខ្ញុំប្រាកដជាសោកស្ដាយ បើបងក្លាយជាសង្សារគេ! ព្រោះបងល្អពេក!
- ពេជ្រនឹងគ្មានថ្ងៃស្ដាយបងដាច់ខាត!
- ហេតុអីទៅ? (ខ្ញុំសួរទាំងឆ្ងល់)
- ព្រោះបងគ្មានថ្ងៃយកអ្នកណាផ្សេងឡើយ។ ម្យ៉ាងទៀត ពេជ្រក៏ដឹងហើយថា បងមិនដែលមានសង្សារទេ។
- ជឿបងសិនក៏បាន! (ខ្ញុំញាក់ភ្នែកដាក់គាត់) តែខ្ញុំអត់ចង់ដឹងទេ!
- តែបងចង់ប្រាប់! (បងនភាតបទាំងមុខឌឺ) ឆាប់ទៅងូតទឹកភ្លាម!
ខ្ញុំដើរចូលបន្ទប់ទឹក ទាំងញញឹម។
ទឹកត្រជាក់បានធ្វើឱ្យខួរក្បាលខ្ញុំស្វាងភ្លាមៗ។ ខ្ញុំឈរនៅមុខកញ្ចក់ សម្លឹងមើលមុខខ្លួនឯង ទាំងធូរស្រាលចិត្តបន្តិច។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា ខ្ញុំកាន់តែខិតទៅជិតការពិតទៅហើយ។
ខ្ញុំចេញពីបន្ទប់ទឹក ទាំងមានអារម្មណ៍ស្រស់ស្រាយ។ បងនភា កំពុងរៀបចំឯកសារខ្លះៗសម្រាប់ខ្ញុំយកទៅសួរអ្នកស្រី ចិន្តា។
ពួកយើងញ៉ាំអាហារពេលព្រឹកដោយស្ងប់ស្ងាត់ ដោយមានការពិភាក្សាខ្លះៗអំពីផែនការបន្ទាប់។
ខ្ញុំចាប់ការ៉ុត១ដុំដាក់ចូលក្នុងមាត់១ម៉ាត់ ហើយក៏លាន់មាត់ ទាំងលើកមេដៃដាក់បងនភា៖
- ការ៉ុតនេះនៅច្រុបៗឆ្ងាញ់ណាស់! បងពិតជាពូកែទាំងព្រមហើយនេះ។
បងនភា ញញឹមញាក់មុខដាក់ខ្ញុំ។
កាហ្វេឈ្ងុយៗ ក្តៅៗដែលបងនភាឆុងថ្មីៗ ជួយឱ្យខ្ញុំកាន់តែមានកម្លាំងចិត្ត នៅព្រឹកនេះ។ ក្រោយពីញ៉ាំអាហាររួច យើងទាំងពីរបានបន្តធ្វើការ។
សូមរង់ចាំអាន ចំពូកទី7 បន្ត...
អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 1
អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 2
អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 1
អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 2
0 Comments