អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 2

អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 2 
©និពន្ធដោយ ហេង ដារី 
©រចនាក្រប ដោយ ហេង សុធារៈ 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ចំពូកទី ២៖ 
តម្រុយដំបូង នៅសាលវិចិត្រមរតកសីលា 

The Mystery of the Orange Painting
The Mystery of the Orange Painting

ទីបំផុត យើងក៏ទៅដល់សាលវិចិត្រ ប្រហែលម៉ោង៩:៥០ ព្រឹក។ 
សាលវិចិត្រ «មរតកសីលា» មានសភាពធំទូលាយ លាបពណ៌សទឹកដោះគោ ជាមួយនឹងបង្អួចកញ្ចក់ធំៗដែលមានពន្លឺច្បាស់ល្អជះចូលទៅខាងក្នុង។ យីហោមរតកសីលាធ្វើពីដែកលាបពណ៌មាស ច្នៃជារូបឆ្លាក់សិល្បៈបែបបុរាណ បង្ហាញពីភាពថ្លៃថ្នូរ និងសិល្បៈខ្ពស់។ 
នៅខាងមុខសាលវិចិត្រ មានរូបចម្លាក់អរូបីដ៏ធំមួយធ្វើពីលោហៈ ដែលធ្វើឱ្យខ្ញុំនឹកដល់រូបចម្លាក់នៅមុខផ្ទះបងប្អូនជីដូនមួយរបស់ខ្ញុំ ដែលគេថាជា «សិល្បៈ» តែខ្ញុំមើលទៅដូចជាគំនរដែកសំណល់អ៊ីចឹង។
ខ្ញុំងក់ក្បាលតិចៗ មិនមែនដោយការកោតសរសើរទេ តែដោយការឆ្ងល់ថា តើមនុស្សប្រភេទណាទៅដែលចំណាយលុយរាប់លានដុល្លារលើគំនូរពណ៌ទឹកក្រូច ឬរូបចម្លាក់ដែលមើលមិនយល់? 
ពេលយើងដើរចូលទៅខាងក្នុង ខ្ញុំចាប់ផ្ដើមពិនិត្យមើលជុំវិញខ្លួន។ ជញ្ជាំងពណ៌សស្អាតត្រូវបានព្យួរដោយគំនូរជាច្រើនផ្ទាំង ប៉ុន្តែគំនូរពណ៌ទឹកក្រូចដែលមីងស៊ីថាបារម្ភនោះ ត្រូវបានជំនួសដោយភាពទទេស្អាត។ ខ្ញុំអាចស្រមៃឃើញរន្ធខ្យល់ដ៏ធំមួយនៅលើជញ្ជាំង ដែលធ្លាប់ជាកន្លែងគំនូរថ្លៃនោះព្យួរ។ 
សាលវិចិត្រមានសភាពស្ងាត់ជ្រងំ ហាក់ដូចជាកំពុងកាន់ទុក្ខចំពោះការបាត់បង់នោះ។ 
ពន្លឺព្រះអាទិត្យចាំងចូលមកតាមបង្អួចធំៗ ធ្វើឱ្យល្អងធូលីតូចៗអណ្តែតក្នុងខ្យល់ ដូចជាអាថ៌កំបាំងដែលមិនទាន់ត្រូវបានលាតត្រដាង។ 
- អ្នកមីង តើអ្នកណាជាអ្នកទទួលបន្ទុកមើលការខុសត្រូវសាលវិចិត្រនេះនៅពេលយប់? (ខ្ញុំសួរមីងស៊ីថា) 
- គឺពូ វីរៈ ជាអ្នកគ្រប់គ្រងសាលវិចិត្រ ហើយក៏ជាអ្នកមើលការខុសត្រូវប្រព័ន្ធសុវត្ថិភាពដែរ។ 
 មីង ស៊ីថា តបទាំងចង្អុលទៅបុរសម្នាក់ដែលមានរូបរាងធាត់បន្តិច វ័យប្រហែល៥០ឆ្នាំ។ ពូនោះកំពុងឈរនិយាយទូរស័ព្ទនៅកៀកជញ្ជាំង ដោយទឹកមុខតានតឹង។ 
ពូវីរៈងាកមកមើលយើងទាំងភ្នែកក្រឡឹបក្រឡាប់ ហាក់ដូចជាមិនសប្បាយចិត្តនឹងវត្តមានរបស់ខ្ញុំ។ 
គាត់កាន់ទូរស័ព្ទជាប់ត្រចៀក ហើយគ្រវីក្បាលបន្តិច។ «ខ្ញុំមិនបានឃើញអ្វីសោះ! គ្មាននរណាម្នាក់ចូលមកក្នុងនេះឡើយ!» សំឡេងគាត់លឺបន្តិច ធ្វើឱ្យខ្ញុំដឹងថា គាត់កំពុងនិយាយអំពីករណីបាត់គំនូរ។ 

- ពូ វីរៈ! (មីងស៊ីថាហៅ) នេះគឺក្មួយ វណ្ណពេជ្រ ជាអ្នកស៊ើបអង្កេតឯកជនដែលខ្ញុំជួលឱ្យជួយករណីនេះ។
ពូវីរៈដាក់ទូរស័ព្ទចុះទាំងទឹកមុខមិនសប្បាយចិត្ត។ គាត់ធ្វើមុខជូរ មើលមកខ្ញុំដោយការមិនទុកចិត្ត។ 
- អ្នកស៊ើបអង្កេត? លោកស្រី ស៊ីថា! ខ្ញុំប្រាប់ហើយថា គ្មានអ្វីត្រូវស៊ើបអង្កេតទេ! គំនូរនេះប្រហែលជា... ប្រហែលជាមានអ្នកណាម្នាក់ច្រឡំយកទៅ ឬវាធ្លាក់ខ្លួនឯងបាត់ទៅណាហើយមើលទៅ! ខ្ញុំមិនបានឃើញអ្វីប្លែកសោះ! (គាត់និយាយទាំងបង្វែរភ្នែកគេចចេញពីខ្ញុំ។) 
- ជម្រាបសួរពូ វីរៈ! ខ្ញុំ វណ្ណពេជ្រ។ ខ្ញុំសុំទោសដែលរំខានពូ។ តែបើគំនូររាប់លានដុល្លារអាចធ្លាក់ខ្លួនឯងបាត់ដោយគ្មាននរណាដឹង ខ្ញុំគិតថា ពូគួរតែរៀបចំសាលវិចិត្រឡើងវិញហើយ។ ខ្ញុំខ្លាចមានរឿងចម្លែកជាងនេះកើតឡើងទៀត។ 
ខ្ញុំញញឹមបន្តិច រួចនិយាយបន្តដោយសំឡេងធម្មតា តែសម្ដីខ្ញុំធ្វើឱ្យពូវីរៈមើលមុខខ្ញុំភ្លាមៗ ទាំងហាក់ដូចជាខឹងសម្បារនឹងខ្ញុំ។ 
- ខ្ញុំគ្រាន់តែចង់សួរព័ត៌មានបន្តិចបន្តួចប៉ុណ្ណោះ។ ខ្ញុំសុំមើលកាមេរ៉ាសុវត្ថិភាព និងពិនិត្យកន្លែងដែលគំនូរនោះធ្លាប់ព្យួរបានទេ? (ខ្ញុំសួរបន្ត) 
- កាមេរ៉ា... កាមេរ៉ាមានបញ្ហាបន្តិចហើយ... ខ្ញុំមិនទាន់បានមើលវាទេ។ (ពូវីរៈតបទាំងភ័យៗ) 

ខ្ញុំងក់ក្បាលយឺតៗ។ មីងស៊ីថាបានប្រាប់ថា កាមេរ៉ាសុវត្ថិភាពនៅសាលវិចិត្រគ្មានបញ្ហាអ្វីទេ។ ខ្ញុំដឹងថា ខ្ញុំបានរកឃើញតម្រុយដំបូងហើយគឺ ពូវីរៈ មានអ្វីលាក់បាំង។ ខ្ញុំសម្លឹងមុខពូវីរៈយ៉ាងយកចិត្តទុកដាក់។ ទឹកមុខគាត់ប្រែជាស្លេកស្លាំងភ្លាមៗ ពេលខ្ញុំនិយាយចំៗពីការបាត់បង់ដ៏ចម្លែកនៃគំនូររាប់លានដុល្លារ។
គាត់ងាកមកសម្លក់ខ្ញុំ ភ្នែកក្រឡឹបក្រឡាប់ហាក់ដូចជាកំពុងរកលេសនិយាយ។ 
- ខ្ញុំ... ខ្ញុំប្រាប់ហើយថាវាមានបញ្ហាបន្តិចបន្តួច! មិនទាន់បានមើលនៅឡើយទេ។ (ពូវីរៈនិយាយបញ្ជាក់ម្ដងទៀតទាំងសំឡេងរដាក់រដុប។) 
- បញ្ហាបន្តិចបន្តួច? លោកពូ! ប្រព័ន្ធសុវត្ថិភាពសម្រាប់សាលវិចិត្រមួយដែលផ្ទុកស្នាដៃរាប់លានដុល្លារ មិនអាចមាន «បញ្ហាបន្តិចបន្តួច» បានទេ! (ខ្ញុំតបយ៉ាងរហ័ស ទាំងញញឹមបង្កប់ន័យឌឺដង) វាដូចជាពូមានសុខភាពល្អធម្មតា ស្រាប់តែព្រឹកមួយ ក្រោកឡើងបាត់ជើងមួយចំហៀងអ៊ីចឹង... មិនមែន «បញ្ហាបន្តិចបន្តួច» ទេលោកពូ! 
មីងស៊ីថាមើលមុខពូវីរៈទាំងព្រួយបារម្ភ រួចពោល៖ 
- ពូវីរៈ! ក្មួយពេជ្រនិយាយត្រូវ។ តើមានរឿងអីកើតឡើងពិតប្រាកដ? ហេតុអ្វីបានជាកាមេរ៉ាមានបញ្ហា? 
ពូវីរៈដកដង្ហើមធំ ហាក់ដូចជាអស់ជម្រើស រួចតប៖ 
- គឺ... គឺកាមេរ៉ាត្រង់កន្លែងគំនូរនោះ... វាមិនដំណើរការទេ។ យប់មិញភ្លើងដាច់មួយភ្លែត ហើយពេលភ្លើងមកវិញ វាខូចតែម្ដងទៅ។ ខ្ញុំក៏មិនបានចាប់អារម្មណ៍អ្វីដែរ ព្រោះតែគិតថា វាគ្រាន់តែជាបញ្ហាតូចតាច។ 
ខ្ញុំធ្វើមុខឆ្ងល់លាយចំអក រួចសួរឌឺវិញភ្លាម៖ 
- ភ្លើងដាច់មួយភ្លែត? ហើយវាខូចតែត្រង់កន្លែងគំនូរតែម្ដង? លោកពូ ពិតជាសំណាងណាស់! ក្នុងចំណោមកាមេរ៉ារាប់សិបនៅក្នុងសាលវិចិត្រនេះ វាបែរជាខូចតែមួយគត់ត្រង់កន្លែងដែលគំនូររាប់លានដុល្លារព្យួរទៅវិញ? 
ខ្ញុំដើរទៅឈរចំពីមុខកន្លែងដែលគំនូរពណ៌ទឹកក្រូចធ្លាប់ស្ថិតនៅ រួចសួរបន្ត៖ 
- តើពូច្បាស់ទេថា វាមិនមែនជា «សំណាងអាក្រក់» សម្រាប់លោកពូទៅវិញ? 
ពេលនោះ មុខពូវីរៈប្រែជាក្រហម រួចឆ្លើយទាំងរដាក់រដុប៖ 
- ខ្ញុំ... ខ្ញុំនិយាយការពិត! 
- បាទ លោកពូ! (ខ្ញុំតបទាំងងក់ក្បាល) ខ្ញុំជឿពូសិន។ តែខ្ញុំជឿលើភ្នែកខ្ញុំច្រើនជាង។ 
ខ្ញុំទាញយកសៀវភៅកត់ត្រាដៃតូចមួយ និងប៊ិចពីក្នុងកាបូបស្ពាយ រួចនិយាយបន្ត៖ 
- ខ្ញុំសុំមើលបន្ទប់បញ្ជាកាមេរ៉ា និងខ្សែភ្លើងទាំងអស់បានទេ? ហើយពូអាចប្រាប់ខ្ញុំបានទេថា តើមាននរណាខ្លះចូលមកក្នុងសាលវិចិត្រនេះ កាលពីល្ងាចម្សិលមិញ ចាប់ពីម៉ោង៦:០០ គឺមុនពេលសាលវិចិត្របិទទ្វារ រហូតដល់ម៉ោង៨:០០ ព្រឹកនេះ គឺពេលគេឃើញគំនូរបាត់? 
ពូវីរៈស្ទាក់ស្ទើរ។ គាត់ងាកមើលមីងស៊ីថា។ មីងស៊ីថាងក់ក្បាលជាសញ្ញាឱ្យគាត់សហការ។ 
- យល់ព្រម... យល់ព្រម! 
គាត់តបទាំងដកដង្ហើមធំ រួចដើរនាំមុខយើងឆ្ពោះទៅបន្ទប់តូចមួយនៅខាងក្រោយសាលវិចិត្រដែលជាបន្ទប់បញ្ជាកាមេរ៉ាសុវត្ថិភាព។ 
នៅតាមផ្លូវទៅ ខ្ញុំបានឃើញបុគ្គលិកប៉ុន្មាននាក់កំពុងឈរខ្សឹបខ្សៀវគ្នា ហើយងាកមើលយើងម្តងម្កាល។ ពួកគេហាក់ដូចជាចាប់អារម្មណ៍ខ្លាំងចំពោះវត្តមានរបស់ខ្ញុំ។ 
ពេលចូលដល់បន្ទប់បញ្ជា ខ្ញុំឃើញអេក្រង់ម៉ូនីទ័រជាច្រើនផ្ទាំងបង្ហាញរូបភាពពីកាមេរ៉ាខុសៗគ្នា។ មានតែកាមេរ៉ាមួយប៉ុណ្ណោះដែលបង្ហាញអេក្រង់ខ្មៅងងឹត។ 
ខ្ញុំដើរទៅជិតម៉ូនីទ័រនោះ ហើយពិនិត្យមើលប្រព័ន្ធខ្សែភ្លើងយ៉ាងម៉ត់ចត់។ វាហាក់ដូចជាមានការដាច់ចរន្តមួយកន្លែង ដែលអាចបណ្តាលមកពីការឆ្លងចរន្តខ្លាំង ឬក៏... មានអ្នកណាម្នាក់ធ្វើឱ្យវាខូចដោយចេតនា។ 
- តើមាននរណាខ្លះមានសិទ្ធិចូលក្នុងបន្ទប់នេះ? (ខ្ញុំសួរ។) 
- មានតែខ្ញុំ និងលោកស្រីស៊ីថាប៉ុណ្ណោះ។ (ពូវីរៈតប) ប៉ុន្តែសោរ... សោរព្យួរនៅខាងក្រៅ អាចមានបុគ្គលិកផ្សេងទៀតឃើញ។ 
- បាទ! ខ្ញុំយល់ហើយ! (ខ្ញុំពោល) អត់អីទេពូ ខ្ញុំនឹងមើលកាមេរ៉ាផ្សេងៗទៀត។ ជាពិសេសកាមេរ៉ាដែលនៅតាមច្រកទ្វារចេញចូល និងតាមច្រករបៀងធំៗ។ ពូអាចប្រាប់ខ្ញុំពីឈ្មោះបុគ្គលិកទាំងអស់ដែលចូលមកក្នុងសាលវិចិត្រនេះ កាលពីល្ងាចម្សិលមិញ និងព្រឹកនេះបានទេ? 
ពូវីរៈចាប់ផ្ដើមរាយឈ្មោះបុគ្គលិកជាច្រើននាក់ ទាំងមុខជូរ។ ខ្ញុំកត់ឈ្មោះនីមួយៗចូលក្នុងសៀវភៅកត់ត្រា។ ពេលកំពុងកត់ ខ្ញុំក៏លូកចូលកាបូបស្ពាយទាញយកកែវពង្រីកចាស់របស់ប៉ាខ្ញុំមកពិនិត្យមើលខ្សែភ្លើងដែលដាច់នោះយ៉ាងល្អិតល្អន់ ។ 
ពូវីរៈមើលមកខ្ញុំទាំងឆ្ងល់ ហាក់ដូចជាខ្ញុំជាមនុស្សចម្លែកបំផុតដែលគាត់ធ្លាប់ចួប។ 
- ក្មួយ ម៉េចចាំបាច់មើលកែវពង្រីកនេះ? វាគ្រាន់តែជាខ្សែភ្លើងដាច់ធម្មតាទេតើ! (ពូវីរៈសួរ) 
- លោកពូ! កែវពង្រីកនេះមិនមែនសម្រាប់មើលខ្សែភ្លើងនោះទេ តែសម្រាប់មើលកន្លែងណាដែលពូលាក់កំណប់លុយពេលរាត្រី! (ខ្ញុំនិយាយលេងសើច តែធ្វើឱ្យពូវីរៈស្រឡាំងកាំង ហើយមីងស៊ីថាក៏អស់សំណើចតិចៗដែរ) ខ្ញុំគ្រាន់តែចង់ឃើញថា តើការដាច់នេះដោយសារកណ្ដុរខាំ ឬក៏ដោយសារស្នាមកាំបិតមុតស្រួចប៉ុណ្ណោះ។ 
ខ្ញុំនិយាយទាំងសម្លឹងមុខពូវីរៈចំៗ មុខគាត់កាន់តែស្លេកជាងមុន ហើយគាត់ក៏មិនបានឆ្លើយតបអ្វីទៀតដែរ។ ខ្ញុំងាកទៅអេក្រង់កាមេរ៉ាផ្សេងៗទៀត រួចនិយាយ៖ 
 - ពូអាចបើកមើលកាមេរ៉ាទាំងអស់នេះ មើលចន្លោះពីម៉ោង៦ល្ងាចម្សិលមិញ ដល់ម៉ោង៨ព្រឹកនេះបានទេ? 
ពូវីរៈចាប់ផ្ដើមបញ្ជាកុំព្យូទ័រដោយស្ទាក់ស្ទើរ។ ខ្ញុំសង្កេតមើលគ្រប់អេក្រង់ដោយយកចិត្តទុកដាក់។ រូបភាពពីកាមេរ៉ាខ្លះបង្ហាញពីបុគ្គលិកសន្តិសុខដែលចេញចូលនៅពេលយប់ ហើយខ្លះទៀតបង្ហាញពីភាពស្ងាត់ជ្រងំ។ ខ្ញុំផ្តោតការយកចិត្តទុកដាក់លើច្រកទ្វារធំ និងច្រកខាងក្រោយ។ គ្មាននរណាម្នាក់ចូល ឬចេញក្រៅពីបុគ្គលិកដែលត្រូវវេនឡើយ។ នេះធ្វើឱ្យខ្ញុំកាន់តែងឿងឆ្ងល់។ តើគំនូរ១ផ្ទាំងធំអាចបាត់ដោយរបៀបណា បើគ្មានឃើញនរណាម្នាក់ចូល ឬចេញតាមទ្វារផង? 

បន្ទាប់ពីពិនិត្យបន្ទប់បញ្ជាកាមេរ៉ាចប់ ខ្ញុំក៏សុំដើរពិនិត្យសាលវិចិត្រទាំងមូលម្ដងទៀត។ ខ្ញុំបានពិនិត្យមើលទ្វារ បង្អួច និងគ្រប់ជ្រុងទាំងអស់។ គ្មានស្លាកស្នាមនៃការគាស់បង្អួច ឬបំបែកទ្វារឡើយ។ សូម្បីតែបង្អួចដែលបិទជិតក៏គ្មានស្លាកស្នាមដែរ។ 
វាពិតជាអាថ៌កំបាំងដែលគំនូរដ៏ធំមួយអាចបាត់ទៅបានដោយគ្មានដានអ្វីសោះ។ 
- អ្នកមីង! (ខ្ញុំងាកទៅមីងស៊ីថា) តើមានអ្នកណាម្នាក់ផ្សេងទៀតក្រៅពីលោក សីលា ដែលមានគំនូរពណ៌ទឹកក្រូច ឬស្នាដៃផ្សេងទៀតដែលស្រដៀងគ្នានេះដែរទេ? ហើយគំនូរដែលបាត់នោះ តើវាមានទំហំប៉ុនណាដែរ? មីងអាចរៀបរាប់លម្អិតពីវាឱ្យខ្ញុំបន្តិចបានទេ? 
ខ្ញុំសួរព្រោះខ្ញុំចង់យល់ពីអត្តសញ្ញាណរបស់គំនូរនេះឱ្យបានច្បាស់ ទោះបីខ្ញុំមិនបានឃើញវាផ្ទាល់ក៏ដោយ។ សម្រាប់ខ្ញុំ រឿងដែលឮពីមាត់គេ គឺមិនស្មើនឹងការបានឃើញផ្ទាល់នោះទេ។ 
- អត់ទេ! គំនូរពណ៌ទឹកក្រូចនេះ គឺមានតែមួយគត់ដែលគាត់បានគូរ ហើយវាមានលក្ខណៈពិសេសជាងគំនូររបស់គាត់ដទៃទៀត។ (មីងស៊ីថាឆ្លើយទាំងជឿជាក់) គំនូរនេះពិតជា... ប្លែកខុសគេ។ ចំណែកឯទំហំវិញ វាធំល្មមដែរ ប្រហែលមួយម៉ែត្រកន្លះគុណមួយម៉ែត្រ។ 
- ប្លែកខុសគេ? (ខ្ញុំងាកទៅសម្លឹងមើលកន្លែងដែលគំនូរនោះធ្លាប់ព្យួរ ខ្ញុំស្រមៃមើលទំហំគំនូរនៅលើជញ្ជាំងទទេ) តើប្លែកត្រង់ណាទៅមីង? ហើយទំហំធំប៉ុណ្ណឹង មិនមែនងាយលួចទេ។ តើវាមានរូបអ្វីខ្លះទៅ? 
- វាជាគំនូរអរូបី។ (មីងស៊ីថាចាប់ផ្ដើមពិពណ៌នា) មានតែពណ៌ទឹកក្រូចជាចម្បង លាយឡំនឹងពណ៌ក្រហមបន្តិច និងពណ៌ខ្មៅ។ វាដូចជាពណ៌នៃថ្ងៃលិចនៅលើវាលខ្សាច់អីចឹង... តែពេលខ្លះ មីងក៏មានអារម្មណ៍ថាវាដូចជាអណ្តាតភ្លើងដែលឆេះសន្ធោសន្ធៅ ហើយមានផ្សែងហុយខ្មួលខ្មាញ់ដែរ។ ពេលមើលយូរៗទៅ មីងក៏មានអារម្មណ៍ថា វាដូចជាមានអ្វីមួយកំពុងបង្កប់នៅក្នុងនោះដែរ ដូចជាពន្លឺដែលកំពុងឆេះរោលរាលចេញមកពីជម្រៅនៃផ្ទាំងគំនូរ។ 
- អរូបី... ពន្លឺ? អាថ៌កំបាំង?ហើយបាត់ដោយគ្មានដាន។ (ខ្ញុំរអ៊ូក្នុងចិត្ត ទាំងងក់ក្បាលយឺតៗ) គំនូរអរូបីតែងតែបន្សល់ទុកនូវចម្ងល់។ តើមានអ្នកណាម្នាក់ដែលសីលាធ្លាប់មានបញ្ហាជាមួយ ឬធ្លាប់មានជម្លោះដែរទេ មីង? 
មីងស៊ីថាគិតបន្តិច រួចឆ្លើយ៖ 
- តាមដែលមីងដឹង សីលា គឺជាមនុស្សរួសរាយរាក់ទាក់ មិនសូវមានបញ្ហាជាមួយអ្នកណាទេ។ គាត់ជាមនុស្សស្ងៀមស្ងាត់ តែចូលចិត្តសិល្បៈខ្លាំងណាស់។ 
- ចុះចំណូលរបស់គាត់វិញ? តើគាត់មានជីវភាពបែបណា? (ខ្ញុំសួរ។) 
- គាត់មានជីវភាពសមរម្យ។ គាត់មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះទេ តែគាត់ក៏មិនក្រីក្រដែរ។ ការលក់គំនូររបស់គាត់ក៏ល្អប្រសើរដែរ។ (មីងស៊ីថាតប) 
ខ្ញុំបន្តសួរលម្អិតអំពីអ្នកគំនូរ សីលា និងទំនាក់ទំនងរបស់គាត់ជាមួយសាលវិចិត្រ។ ខ្ញុំសួរអំពីបុគ្គលិកផ្សេងទៀតដែលធ្វើការជាមួយគាត់ សិល្បករដទៃទៀតដែលដាក់តាំងស្នាដៃនៅទីនេះ និងសូម្បីតែអ្នកសម្អាត។ ខ្ញុំព្យាយាមរកមើលភាពខុសប្រក្រតីបន្តិចបន្តួច ឬរឿងរ៉ាវចម្លែកៗ។ 
- មីង! ខ្ញុំចង់សុំបញ្ជីទំនាក់ទំនងរបស់មនុស្សទាំងអស់ដែលលោក សីលា ធ្លាប់ទាក់ទងជាមួយ ឬដែលធ្លាប់បានទិញគំនូររបស់គាត់។ 
- បាន! មីងនឹងរកឱ្យក្មួយពេជ្រភ្លាម! (មីងស៊ីថាតបដោយទឹកមុខរីករាយបន្តិច ព្រោះឃើញខ្ញុំចាប់ផ្តើមធ្វើការយ៉ាងយកចិត្តទុកដាក់។) 
- មីង! ខ្ញុំគិតថា ខ្ញុំត្រូវទៅចួបមនុស្សដែលបានឃើញគំនូរនេះចុងក្រោយបង្អស់។ ខ្ញុំក៏នឹងត្រូវទៅចួបបុគ្គលិកទាំងអស់ដែលពូវីរៈបានរាយឈ្មោះដែរ។ (ខ្ញុំលូកដៃចូលក្នុងហោប៉ៅខោខូវប៊យម្ដងទៀត ហើយចាប់កាន់កាំបិតបត់តូចមួយ ដោយស្ងាត់ៗ ដែលជាប់នឹងចង្កេះខោ។ គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ពីសកម្មភាពនេះឡើយ។ វាជាកូនកាំបិតដែលប៉ាខ្ញុំឱ្យទុកការពារខ្លួន។ ពេលខ្លះ វាគ្រាន់តែជាការលេងសើចរបស់ប៉ាខ្ញុំ តែខ្ញុំក៏តែងតែយកវាជាប់ខ្លួនដែរ។) 
- ចាស ក្មួយពេជ្រ! មីងនឹងជួយរៀបចំឱ្យទាំងអស់។ (មីងស៊ីថាឆ្លើយដោយក្តីសង្ឃឹម។) 
ខ្ញុំញញឹម រួចនិយាយលេងសើចបន្តិច៖ 
- ល្អណាស់មីង! ខ្ញុំគិតថាករណីនេះគួរឱ្យចាប់អារម្មណ៍ជាងករណីបាត់ឆ្កែឆ្មាពិតមែន។ 

មុននឹងចេញពីសាលវិចិត្រ ខ្ញុំបានសុំទៅពិនិត្យមើលរាល់វត្ថុដែលទុកនៅបន្ទប់ខាងក្រោយ ជាពិសេសរបស់របរដែលពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាព។ ខ្ញុំបានពិនិត្យមើលគ្រប់ទូសោ ទូដាក់ឯកសារ និងធុងសំរាម។ ខ្ញុំសង្កេតឃើញថាធុងសំរាមមួយនៅក្បែរបន្ទប់បញ្ជាកាមេរ៉ា មានក្រដាសរហែកតូចៗពណ៌ខៀវជាច្រើន ដែលមើលទៅដូចជាផ្នែកនៃដ្យាក្រាមប្រព័ន្ធខ្សែភ្លើង។ 
ខ្ញុំក៏បានដកទូរស័ព្ទរបស់ខ្ញុំពីហោប៉ៅ ហើយថតរូបភាពប៉ុន្មានសន្លឹក។ ខ្ញុំពាក់ស្រោមដៃ រួចប្រមូល       កម្ទេសក្រដាសទាំងនោះច្រកក្នុងកូនថង់មួយ។ 
- ពូ វីរៈ! (ខ្ញុំងាកទៅគាត់) តើធុងសំរាមនេះមាននរណាជាអ្នកសម្អាតវាដែរ? 
ពូវីរៈមើលធុងសំរាមនោះទាំងភ័យៗ រួចតប៖ 
- គឺ... គឺអ្នកសម្អាត គាត់សម្អាតធម្មតារាល់ព្រឹក ទេក្មួយ។ 
- បាទ! ខ្ញុំយល់ហើយ! (ខ្ញុំតប) ខ្ញុំសុំលេខទូរស័ព្ទអ្នកសម្អាតនោះបានទេ? 
ពូវីរៈស្ទាក់ស្ទើរយ៉ាងខ្លាំង តែគាត់ក៏ផ្តល់លេខទូរស័ព្ទនោះឱ្យខ្ញុំ។ ខ្ញុំដឹងថា ខ្ញុំមានបញ្ជីមនុស្សដែលត្រូវសាកសួរហើយ។ ខ្ញុំក៏បានពិនិត្យមើលស្លាកស្នាមជើងនៅជុំវិញកន្លែងដែលគំនូរនោះធ្លាប់ព្យួរ។ 
នៅលើឥដ្ឋមានភាពរលោង ប៉ុន្តែដោយប្រើកែវពង្រីក ខ្ញុំអាចឃើញដានធូលីតូចៗដែលមិនមែនជាធូលីធម្មតា។ ធូលីទាំងនោះមានពណ៌ក្រហមត្នោតស្រាលៗ ដូចជាដីឥដ្ឋ។ ខ្ញុំក៏យកកូនថង់តូចមួយដែលខ្ញុំតែងតែយកតាមខ្លួនមកកើបយកធូលីនោះបន្តិចបន្តួចទុកធ្វើជាភស្តុតាង។ 
- ពូ វីរៈ! តើថ្មីៗនេះមាននរណាម្នាក់បានជួសជុលអ្វីមួយនៅទីនេះទេ ដែលអាចបន្សល់ទុកដីបែបនេះ? (ខ្ញុំសួរ) 
- អត់ទេក្មួយ! គ្មាននរណាម្នាក់ជួសជុលអ្វីទាំងអស់! (ពូវីរៈឆ្លើយយ៉ាងលឿន ហាក់ដូចជាគាត់មិនចង់ឱ្យខ្ញុំរកឃើញអ្វីបន្ថែមទៀត។) 

ទឹកមុខរបស់គាត់កាន់តែធ្វើឱ្យខ្ញុំសង្ស័យ។ ខ្ញុំដឹងថា ខ្ញុំកំពុងស្ថិតនៅលើផ្លូវត្រូវហើយ។ ករណីនេះមិនមែនជាការបាត់បង់ធម្មតាឡើយ។ វាដូចជាល្បែងផ្គុំរូបដ៏ស្មុគស្មាញមួយ ដែលត្រូវការការអត់ធ្មត់ និងការសង្កេតយ៉ាងល្អិតល្អន់។ ខ្ញុំញញឹមបន្តិច។ ការងារពិតជាចាប់ផ្តើមហើយ!

សូមរង់ចាំអាន ចំពូកទី3 បន្ត...

Post a Comment

0 Comments