អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 4

អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 4 
©និពន្ធដោយ ហេង ដារី 
©រចនាក្រប ដោយ ហេង សុធារៈ 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ចំពូកទី៤៖ 
ការវិភាគតម្រុយ 

The Mystery of the Orange Painting
The Mystery of the Orange Painting​ 4

ខ្ញុំបើកទ្វារការិយាល័យតូចរបស់ខ្ញុំយឺតៗ ដោយមានអារម្មណ៍ធូរស្រាលបន្តិចដែលបានត្រលប់មកកន្លែងរបស់ខ្ញុំវិញ។ កែវកាហ្វេខ្មៅដែលអស់កាហ្វេនៅតែដាក់នៅលើតុ ក្បែរគំនរឯកសារ។ 
ខ្ញុំទម្លាក់ខ្លួនអង្គុយលើកៅអីដោយដកដង្ហើមធំ។ 
ករណីនេះកាន់តែគួរឱ្យចាប់អារម្មណ៍ជាងការបាត់ឆ្កែបាត់ឆ្មា១លាន៨០ដង ដែលខ្ញុំធ្លាប់ដោះស្រាយទៅទៀត។ 
ខ្ញុំដាក់ថង់បំណែកក្រដាសដ្យាក្រាមប្រព័ន្ធខ្សែភ្លើង និងថង់តូចដែលមានធូលីដីពណ៌ក្រហមត្នោតនៅលើតុ រួចសម្លឹងមើលវាដោយយកចិត្តទុកដាក់។ 
ខ្ញុំយកកែវកាហ្វេ ទៅលាង រួចចាប់ផ្ដើមឆុងកាហ្វេខ្មៅមួយកែវទៀត។ ខ្ញុំទុកកែវកាហ្វេឱ្យត្រជាក់នៅក្នុងទូទឹកកក ព្រោះខ្ញុំចង់ផឹកកាហ្វេខ្មៅទឹកកក ដើម្បីឱ្យខួរក្បាលខ្ញុំបានស្រស់ថ្លាបន្តិច។ 
- នេះមិនមែនជាការធ្វេសប្រហែសធម្មតាទេ។ (ខ្ញុំរអ៊ូតិចៗម្នាក់ឯង) 

ខ្ញុំចូលទៅបន្ទប់ពិសោធន៍តូចរបស់ខ្ញុំ ដែលជាកន្លែងខ្ញុំទុកឧបករណ៍ស៊ើបអង្កេតរបស់ប៉ា។ 
ខ្ញុំបានទាញយកបំណែកក្រដាស និងធូលីដីពណ៌ក្រហមត្នោត ដែលខ្ញុំបានប្រមូលពីកន្លែងកើតហេតុទៅជាមួយ។ ខ្ញុំពាក់ស្រោមដៃការពារ រួចចាប់ផ្ដើមពិនិត្យមើលវាដោយកែវពង្រីក។ 
ពេលនោះ ទូរស័ព្ទរបស់ខ្ញុំរោទ៍។ ខ្ញុំលើកមើល ឃើញឈ្មោះប៉ាខ្ញុំ លោក មាស វណ្ណៈ។ ខ្ញុំញញឹម។ គាត់តែងតែដឹងថា ពេលណាខ្ញុំត្រូវការដំបូន្មាន។ 
- ជម្រាបសួរលោកស្រី វណ្ណៈ! 
- ចាស ចាស! ហាសហា... កូននេះនៅតែដដែល! យ៉ាងម៉េចហើយកូនពេជ្រ? ប៉ាឮថា មីងស៊ីថាទៅចួបកូន។ ករណីគំនូរហ្នឹងយ៉ាងម៉េចហើយ? (សំឡេងប៉ាបន្លឺឡើងពីម្ខាងទៀតនៃទូរស័ព្ទ លាយឡំនឹងសម្លេងស្រស់ស្រាយនិងការបារម្ភ) 
- ករណីនេះចម្លែកបន្តិចប៉ា។ (ខ្ញុំតប) គំនូររាប់លានដុល្លារបាត់ពីសាលវិចិត្រ តែគ្មានសញ្ញានៃការប្លន់អ្វីទាំងអស់។ កាមេរ៉ាត្រង់កន្លែងគំនូរនោះក៏ខូច។ ហើយអ្នកគ្រប់គ្រងសាលវិចិត្រ ហាក់ដូចជាមានអ្វីលាក់បាំង។ 
- ហ៊ឹម... (ប៉ារអ៊ូតិចៗ) រឿងលាក់បាំង គឺជារឿងធម្មតាក្នុងករណីស៊ើបអង្កេត។ មនុស្សតែងតែមានអាថ៌កំបាំងផ្ទាល់ខ្លួន។ កូនត្រូវបែងចែកឱ្យច្បាស់រវាងការលាក់បាំងអាថ៌កំបាំងផ្ទាល់ខ្លួនរបស់អ្នកសង្ស័យ និងអាថ៌កំបាំងដែលពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មពិតប្រាកដ។។ តើកូនរកឃើញអ្វីផ្សេងទៀតទេ? 
- បាទប៉ា។ ខ្ញុំរកឃើញក្រដាសបំណែកដ្យាក្រាមប្រព័ន្ធខ្សែភ្លើងនៅក្នុងធុងសំរាម ក្បែរបន្ទប់បញ្ជាកាមេរ៉ា ហើយក៏មានធូលីដីពណ៌ក្រហមត្នោតបន្តិចបន្តួចនៅកន្លែងដែលគំនូរនោះធ្លាប់ព្យួរ។ 
- ដ្យាក្រាមខ្សែភ្លើង... ហើយធូលីដី? (ប៉ាខ្ញុំគិតបន្តិច) នោះជាតម្រុយដ៏ល្អ។ តើធូលីដីនោះដូចដីប្រភេទណា? ហើយខ្សែភ្លើងនោះដាច់ដោយរបៀបណា? 
- ពូ វីរៈ អ្នកគ្រប់គ្រងសាលវិចិត្រថា ភ្លើងដាច់មួយភ្លែត ធ្វើឱ្យខូចតែម្ដង។ តែខ្ញុំគិតថាវាចម្លែក។ ចំណែកធូលីដី ខ្ញុំនៅមិនទាន់ដឹងច្បាស់ទេប៉ា។ 
- កូនគួរតែសាកសួរអ្នកសម្អាត។ ពួកគេតែងតែដឹងរឿងច្រើនជាងគេ។ ហើយសម្រាប់ដ្យាក្រាម និងប្រព័ន្ធខ្សែភ្លើង កូនគួរតែទាក់ទងក្មួយ នភា ព្រោះគេជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាដ៏ពូកែម្នាក់ដែលប៉ាធ្លាប់ស្គាល់។ គេអាចជួយកូនបាន។ (ប៉ាណែនាំ) 
- បាទប៉ា! ខ្ញុំក៏គិតដូចគ្នានេះដែរ។ (ខ្ញុំតប) 
- កុំភ្លេចណា កូនពេជ្រ! ក្នុងករណីបែបនេះ មនុស្សដែលមើលទៅ «ស្ងៀមស្ងាត់» បំផុត ឬ «គ្មានហេតុផល» ដើម្បីសង្ស័យ ជារឿយៗជាអ្នកដែលកូនត្រូវប្រុងប្រយ័ត្នបំផុត។ ហើយកុំមើលស្រាលរឿង «ច្រណែន»។ វាជាកម្លាំងដ៏ខ្លាំងក្លាមួយ។ 
- បាទប៉ា! (ខ្ញុំសើចតិចៗ) ប៉ាតែងតែនិយាយរឿងដដែលៗ។ 
- ព្រោះវាជាការពិត។ (ប៉ាតប) តស់! ឥឡូវទៅធ្វើការចុះ។ ប៉ានឹងរង់ចាំដំណឹងពីកូន។ 
ខ្ញុំបិទទូរស័ព្ទ។ ប៉ាតែងតែជាបង្គោលដ៏រឹងមាំសម្រាប់ខ្ញុំ។ 
ខ្ញុំក្រឡេកមើលដ្យាក្រាម និងធូលីដីម្ដងទៀត។ «ច្រណែន» និង «មនុស្សស្ងៀមស្ងាត់» ។ ពាក្យទាំងនេះនៅតែដក់ជាប់ក្នុងអារម្មណ៍ខ្ញុំ។ 

ខ្ញុំបើកកុំព្យូទ័រ រួចក៏លើកទូរស័ព្ទចុចហៅបងនភា។ 
បងនភា ជាសិស្សច្បង ដែលធ្លាប់រៀននៅអាម៉េរិកដែរ។ ជំនាញរបស់គាត់គឺផ្តោតលើសន្តិសុខបច្ចេកវិទ្យា ការវិភាគទិន្នន័យ ឌីជីថល និងប្រព័ន្ធបណ្តាញ។ គាត់អាចចូលទៅកាន់ប្រព័ន្ធស្មុគស្មាញ និងទាញយកព័ត៌មានដែលមនុស្សធម្មតាមិនអាចធ្វើបាន។ 
គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរង្វង់អ្នកជំនាញផ្នែកបច្ចេកវិទ្យា ជាពិសេសសម្រាប់ភាពវៃឆ្លាត និងល្បឿនក្នុងការដោះស្រាយបញ្ហា។ 
បងនភា មានការិយាល័យ ឬអាចហៅជា មន្ទីរពិសោធន៍បច្ចេកវិទ្យាផ្ទាល់ខ្លួន ដែលមានឧបករណ៍កុំព្យូទ័រ និងប្រព័ន្ធវិភាគទំនើបៗសម្រាប់បំពេញការងាររបស់គាត់។ 
វាមិនមែនជាការិយាល័យអ៊ូអរដូចក្រុមហ៊ុនធំៗនោះទេ តែជាកន្លែងដែលគាត់អាចផ្តោតអារម្មណ៍ និងធ្វើការលើគម្រោងសម្ងាត់។ 
ការិយាល័យរបស់គាត់ស្ថិតនៅម្ដុំផ្សារចាស់។ ទីតាំងនេះគឺនៅក្បែរការិយាល័យរបស់ខ្ញុំដែរ។ គាត់អាចធ្វើដំណើរមកដល់ការិយាល័យខ្ញុំ ក្នុងរយៈពេលប្រមាណ«១០នាទី» យ៉ាងងាយស្រួលសម្រាប់ការសហការគ្នា។ 
ក្រៅពីប៉ា គឺបងនភា នេះហើយ ដែលខ្ញុំទុកចិត្ត។ ស្ទើរតែគ្រប់ការងារដ៏ស្មុគស្មាញ លំបាកៗ មិនថាស្ថិតក្នុងកាលៈទេសៈតានតឹងបែបណាទេ បងនភា តែងហោះមកជួយ និងគាំទ្រខ្ញុំគ្រប់ពេល។ 

បន្តិចក្រោយមក សំឡេងដ៏រីករាយលាយឡំនឹងការលេងសើចបានបន្លឺឡើង៖ 
- ហាយ ហេឡូ វណ្ណពេជ្រ! តើមានរឿងអាថ៌កំបាំងអ្វីទៀតហើយ ដែលធ្វើឱ្យអ្នកស៊ើបអង្កេតឯកជនដ៏មមាញឹកម្នាក់នេះត្រូវការជំនួយពីអ្នកបច្ចេកវិទ្យាដ៏សង្ហាដូចបង? (សំឡេងបង នភា បន្លឺឡើងធ្វើឱ្យខ្ញុំសើច) 
- បង នភា! (ខ្ញុំតប) បើបងមិនមែនជាអ្នកជំនាញបច្ចេកវិទ្យាដ៏ពូកែបំផុតទេ ខ្ញុំមិនទៅរំខានបងទេ។
- ស្ដាប់ហើយ មានករណីឆបោកទឹកចិត្ត១ករណី នៅម្ដុំផ្សារថ្មី។ (បងនភាតបឌឺឱ្យខ្ញុំ) 
- កុំទាន់លេងសើចបង! ខ្ញុំមានករណីធំមួយ គឺគំនូររាប់លានដុល្លារបានបាត់! 
- វ៉ាវ! រាប់លានដុល្លារ! (បងនភាតបទាំងរំភើប) តើមានអ្វីដែលបងអាចជួយបាន? ឯកសារទិន្នន័យ? កាមេរ៉ា? ប្រព័ន្ធសុវត្ថិភាព? គណនីធនាគារ? បងអាច Hack ចូលបានទាំងអស់! 
- ឈប់ៗ! មិនមែនដល់ថ្នាក់ Hack ចូលគណនីធនាគារទេ! (ខ្ញុំសើច) ខ្ញុំត្រូវការឱ្យបងជួយពិនិត្យមើលបំណែកដ្យាក្រាមប្រព័ន្ធខ្សែភ្លើងរបស់សាលវិចិត្រមួយ។ វាហាក់ដូចជាមានបញ្ហា។ ហើយបើអាច ខ្ញុំចង់ឱ្យបងជួយពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាពពីយប់មិញផង។ ពូ វីរៈ អ្នកគ្រប់គ្រងសាលវិចិត្រថា មានបញ្ហា ហើយមិនអាចមើលបាន។ 
- ខ្សែកាមេរ៉ាខូច? ហ៊ឹម... (បងនភាគិតបន្តិច) គ្មានបញ្ហា! ផ្ញើរូបថតឯកសារ និងព័ត៌មានដែលមានមកបងឥឡូវនេះ ដើម្បីបងអាចពិនិត្យមើលជាមុនសិន។ បងនឹងទៅដល់ការិយាល័យវណ្ណពេជ្រក្នុងពេលមួយប៉ប្រិចភ្នែកទៀត។ ពេជ្រដឹងហើយថា បងលឿនប៉ុណ្ណា។ បងនឹងយកកុំព្យូទ័រ Laptop ដ៏ទំនើបរបស់បងទៅ។ 
- បងហោះមកមែន បានលឿនយ៉ាងហ្នឹង? (ខ្ញុំសួរឌឺ ព្រោះថ្មារនេះជាម៉ោងបាយថ្ងៃត្រង់ ចរាចរណ៍ប្រាកដជាណែនណាន់ពេញផ្លូវ) 
- បងបំបាំងកាយទៅ។ ត្រូវការបាយទឹកថ្ងៃត្រង់ ឬកាហ្វេទេ បងទិញផ្ញើ? (បងនភាសួរដោយយកចិត្តទុកដាក់) 
- កាហ្វេឬ? (ខ្ញុំពោលតិចៗ ព្រោះភ្លេចថា ខ្លួនឯងបានឆុងរួច យកទៅទុកចោលក្នុងទូរទឹកកក) កន្លែងខ្ញុំមិនខ្វះទេ បងមកតែខ្លួនមក បានហើយ។ 
- អូខេ បើទៅដល់ឃើញបងរណែងរណោង កុំថាឱ្យបងណា៎ ហាសហា... (បងនភាសើចរលាក់) 
- រណែងរណោងស្អីគេ បង? (ខ្ញុំសួរទាំងឆ្ងល់) 
- ទៅតែខ្លួន អត់ស្លៀកពាក់ គឺរណែងរណោង រយីងរយោងអ៊ីចឹងហើយ។ បន្តិចទៀតចួបគ្នា វណ្ណពេជ្រ! 
- អូ៎! បាទ បង! (ខ្ញុំពោលទាំងលើកចិញ្ចើមម្ខាង) 
ខ្ញុំដាក់ទូរស័ព្ទនៅលើតុ។ 
ខ្ញុំផ្ញើរូបភាពដ្យាក្រាមដែលខ្ញុំបានថតពីសាលវិចិត្រទៅបង នភា ភ្លាម។ 

មិនយូរប៉ុន្មាន បងនភា ក៏មកដល់។ គាត់ជាបុរសវ័យ២៨ឆ្នាំ រាងខ្ពស់ស្រឡះ ស្លៀកពាក់បែបធម្មតា តែមានស្ទីល។ ភ្នែករបស់គាត់ភ្លឺថ្លាឆ្លាតវៃ ហើយស្នាមញញឹមរបស់គាត់តែងតែធ្វើឱ្យអ្នកដែលនៅក្បែរមានអារម្មណ៍ល្អ។ គាត់តែងតែលេងសើចកំប្លែង ប៉ុន្តែគាត់ម៉ត់ចត់ និងពូកែធ្វើការ។ 
- វណ្ណពេជ្រ មានឃើញបងទេ បងមកដល់ហើយ? (បងនភាសួរញោះខ្ញុំ) 
- ហ្អាស! (ខ្ញុំធ្វើដូចជាភ្ញាក់ផ្អើល) ឮតែសំឡេង ហើយខ្លួនបងនៅណា? 
បង នភា ដាក់ក្បាលខ្ញុំ១ដៃស្រាលៗ ព្រមទាំងហុចប្រអប់១មកឱ្យខ្ញុំ។ រួចនិយាយ៖ 
- នេះ នំប៉ាវក្ដៅៗ ពេជ្រឯង១ បង១។ សុំកាហ្វេ១ផង។ 
- បងយកកាហ្វេក្ដៅ ឬទឹកកក? (ខ្ញុំសួរបញ្ជាក់) 
- ក្ដៅ! 
គាត់តបទាំងដាក់កុំព្យូទ័រ Laptop របស់គាត់លើតុ រួចចាប់ផ្ដើមពិនិត្យមើលបំណែកដ្យាក្រាមភ្លាមៗ។ 
ខ្ញុំកាន់ប្រអប់នំប៉ាវទៅដាក់លើតុ រួចបន្តទៅឆុងកាហ្វេឱ្យគាត់។ 
បងនភា និងខ្ញុំផឹកកាហ្វេខ្មៅសុទ្ធ មិនដាក់ស្ករឡើយ។ 
- ហ៊ឹម... ដ្យាក្រាមនេះចាស់បន្តិចហើយ។ (បងនភាពោល) 
ខ្ញុំហុចពែងកាហ្វេដែលមានផ្សែងហុយៗឱ្យបងនភា។ ខ្ញុំផឹកកាហ្វេទឹកកក រួចតប៖ 
- មែនហើយ។ ពូ វីរៈ ព្យាយាមបោះចោល។ ខ្ញុំបានរកឃើញវានៅក្នុងធុងសំរាម។ 
- គួរឱ្យចាប់អារម្មណ៍។ មនុស្សលាក់បាំង។ តស់! យើងមើលវីដេអូកាមេរ៉ា។ ពេជ្រមាន Username និង Password សម្រាប់ចូលទៅកាន់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដែរឬទេ? (បងនភាសួរ ទាំងលើកកាហ្វេក្រេប១ក្អឹក) 
ខ្ញុំផ្តល់ព័ត៌មានសម្ងាត់សម្រាប់ចូលទៅកាន់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់សាលវិចិត្រ។ 
បងនភា ចាប់ផ្តើមធ្វើការយ៉ាងរហ័ស។ ម្រាមដៃរបស់គាត់រត់លើក្ដារចុចយ៉ាងលឿន។ មិនយូរប៉ុន្មាន រូបភាពពីកាមេរ៉ាជាច្រើនក៏លេចឡើងលើអេក្រង់ Laptop របស់គាត់។ 
គាត់ចុចមើលទៅកាមេរ៉ាត្រង់កន្លែងដែលគំនូរបាត់។ អេក្រង់នៅតែខ្មៅងងឹត។ 
- ខ្សែភ្លើងដាច់។ តែ... (គាត់សម្លឹងមើលអេក្រង់ផ្សេងទៀត) 
- មានអ្វី បង? (ខ្ញុំសួរទាំងឈ្ងោកមុខខំសម្លឹងអេក្រង់ដែរ) 
- ខ្សែភ្លើងដាច់នេះ គឺមុនពេលដែលភ្លើងរលត់បន្តិច តែវាដូចជាមានការកាត់ផ្តាច់ភ្លាមៗនៅពេលនោះ។ ដូចជាមាននរណាម្នាក់ដឹងច្បាស់ពីពេលដែលភ្លើងរលត់ ហើយទាញយកប្រយោជន៍ពីវា។ មិនមែនគ្រាន់តែ «ខូច» ធម្មតាទេ។ វាមានស្នាមកាត់ដាច់ស្អាត មិនមែនដោយសារការឆ្លងចរន្តខ្លាំង ឬក៏ដោយសារកណ្ដុរខាំនោះទេ។ (បង នភា ងាកមុខមកពន្យល់ខ្ញុំ) 
បេះដូងខ្ញុំលោតញាប់។ ខ្ញុំបានទាយត្រូវ តាំងពីនៅសាលវិចិត្រម្ល៉េះ។ 
- អ៊ីចឹងមាននរណាម្នាក់ធ្វើឱ្យខូចវាដោយចេតនាឬ? (ខ្ញុំសួរបញ្ជាក់) តើបងអាចរកឃើញថា តើមាននរណាម្នាក់បានចូលទៅក្នុងបន្ទប់បញ្ជាកាមេរ៉ា មុនពេលភ្លើងរលត់ ឬក៏ក្រោយមកទេ? 
- បងនឹងព្យាយាម។ បងនឹងវិភាគទិន្នន័យ Log File របស់ប្រព័ន្ធកាមេរ៉ា។ (បងនភាតប) វាត្រូវការពេលបន្តិច។ 

ខណៈពេលដែល បងនភា កំពុងវិភាគ ខ្ញុំដាក់កែវកាហ្វេចុះ រួចចាប់ផ្តើមរៀបចំបញ្ជីឈ្មោះជនសង្ស័យដែលខ្ញុំបានកត់ត្រានៅសាលវិចិត្រ។ ខ្ញុំគិតថា ការសាកសួរមីងអ្នកសម្អាតនៅសាលវិចិត្រអាចនឹងមិនទទួលបានព័ត៌មានពេញលេញទេ ដោយសារគាត់ប្រហែលជាខ្លាចពូ វីរៈ ដែលជាអ្នកគ្រប់គ្រងគាត់។ ខ្ញុំត្រូវការសាកសួរគាត់នៅកន្លែងឯកជន និងគ្មានសម្ពាធ។ ខ្ញុំចាប់ផ្តើមជាមួយនឹងមីងសម្អាត ដែលពូ វីរៈ បានផ្តល់លេខទូរស័ព្ទ និងព័ត៌មានមួយចំនួន។ 
មីងសម្អាតធ្វើការតែ១វេនទេ គឺពេលព្រឹក ពីម៉ោង៦ ដល់ម៉ោង១០។ ដូច្នេះ ព្រឹកមិញ គាត់ប្រហែលជាបានចូលទៅបោសជូតសម្អាត នៅកន្លែងដែលបាត់គំនូរពណ៌ទឹកក្រូចផង ក៏មិនដឹង។ 
- បងនភា! (ខ្ញុំនិយាយ) ខ្ញុំនឹងទៅសួរអ្នកសម្អាតសាលវិចិត្រ។ ខ្ញុំត្រូវការព័ត៌មានពីគាត់ឥឡូវនេះ។ 
- កុំទាន់! ពេជ្រញ៉ាំនំប៉ាវ១ទ្រាប់ពោះសិនទៅ។ (បងនភាឃាត់) 
បងនភាឈោងដៃយកនំប៉ាវនៅលើតុ រួចហុចនំ១មកឱ្យខ្ញុំ ហើយគាត់ក៏ញ៉ាំនំប៉ាវដែលនៅសល់១ទៀតឃ្មមៗ។ ពួកយើងញ៉ាំនំប៉ាវបណ្ដើរ ផឹកកាហ្វេបណ្ដើរ និងធ្វើការក្នុងពេលជាមួយគ្នានោះដែរ។ 
- កុំញ៉ាំលឿនពេកពេជ្រ ទំពាមួយៗទៅ! រឿងអ្វីក៏ដោយ វាត្រូវការពេលវេលា និងភាពអត់ធ្មត់ (បងនភាប្រាប់ តែភ្នែកគាត់កំពុងសម្លឹងអេក្រង់ Laptop) 
- សម្ដីដូចលោកស្រីវណ្ណៈ ណាស់! (ខ្ញុំនិយាយ) 
- ព្រោះ បង និងគាត់ជាកូនស្រីភ្លោះ។ (បងនភាឌឺទាំងសើចតិចៗ) 
- បង នភា ញ៉ាំនំប៉ាវ១ ឆ្អែតដែរ? (ខ្ញុំសួរ) 
- អូ៎! (បងនភាតបទាំងក្រឡេកមើលមុខខ្ញុំបន្តិច) វណ្ណពេជ្រ បារម្ភពីបងដែរ! អត់អីទេ បងមានអាហារបំប៉នពិសេសហើយ។ 
- អាហារបំប៉នអីទៅ? 
- អាហារបំប៉នរបស់បង គឺពន្លឺនៃភាពឆ្លាតវៃរបស់អ្នកស៊ើបអង្កេតដូចពេជ្រហ្នឹងហើយ! 
- ឈប់និយាយលេងទៅ! (ខ្ញុំតប) ខ្ញុំឆ្អែតហើយ ខ្ញុំទៅហើយ។ 
- ទៅចុះ វណ្ណពេជ្រ! បងនឹងនៅទីនេះរង់ចាំព័ត៌មាន ហើយបងនឹងព្យាយាមរកឱ្យឃើញថា តើ «បុរស» ណាបានកាត់ខ្សែភ្លើងនេះ! 
- ហេតុអីបានបងគិតថាជាបុរស? (ខ្ញុំសួរឌឺ) 
- ហ៊ឹម... (បងនភាញញឹម) គ្រាន់តែទាយលេងតើ! តើអ្នកណាហ៊ានកាត់ខ្សែភ្លើងដល់ថ្នាក់នេះ បងគិតថា គេគួរតែជាបុរស។ ព្រោះស្ត្រីមិនចូលចិត្តធ្វើរឿងហិង្សាដាក់របស់របរទេ។ 
- កុំមើលស្រាលស្ត្រីណា បងនភា! (ខ្ញុំសើច) ពេលខ្លះពួកគេក៏ហ៊ានធ្វើរឿងដែលបុរសនឹកស្មានមិនដល់ដែរ។ 
បងនភាញញឹម រួចលើកដៃបាយបាយដាក់ខ្ញុំ។ 

ខ្ញុំចេញពីការិយាល័យ ឆ្ពោះទៅកាន់ផ្ទះអ្នកសម្អាត។ ខ្ញុំពិនិត្យមើលឈ្មោះ និងអាសយដ្ឋានដែលពូវីរៈ បានផ្តល់។ វាស្ថិតនៅតំបន់ជាយក្រុង។ 
ខ្ញុំជិះឡានទៅដល់តំបន់ជាយក្រុងដែលជាទីលំនៅរបស់មីងអ្នកសម្អាត។ វាជាផ្ទះឈើតូចមួយ ដែលមានសួនបន្លែបន្តិចបន្តួចនៅមុខផ្ទះ។ ខ្ញុំចុះពីឡាន ហើយដើរទៅគោះទ្វារ។ 
មិនយូរប៉ុន្មាន ស្ត្រីវ័យចំណាស់ម្នាក់ រាងស្គម ស្លៀកពាក់ឈុតនៅផ្ទះ បានបើកទ្វារ។ 
គាត់មើលទៅហត់នឿយបន្តិច តែមានទឹកមុខរួសរាយ។ 
- ជម្រាបសួរមីង! ខ្ញុំ វណ្ណពេជ្រ ជាអ្នកស៊ើបអង្កេតឯកជន។ ខ្ញុំមកសុំសួរព័ត៌មានបន្តិចបន្តួចអំពីករណីបាត់គំនូរនៅសាលវិចិត្រ «មរតកសីលា»។ (ខ្ញុំនិយាយដោយទឹកមុខរួសរាយរាក់ទាក់បំផុត) 
- អូ! ក្មួយស្រី! (មីងសម្អាតពោលទាំងភ្ញាក់ផ្អើលបន្តិច) ចាស! ចាស! អញ្ជើញចូល អញ្ជើញចូល! 
- មិនអីទេមីង ខ្ញុំឈរនៅក្រៅនេះក៏បាន។ (ខ្ញុំតប) ខ្ញុំគ្រាន់តែចង់សួរមីងកាលពីព្រឹកមិញថា មីងមានបានចូលសម្អាតកន្លែង ដែលគំនូរនោះបាត់ទេ? 
ទឹកមុខគាត់បង្ហាញភាពស្ទាក់ស្ទើរ រួចនិយាយ៖ 
- អត់ទេក្មួយ! ខ្ញុំមិនបានសម្អាតទេ កាលពីព្រឹកមិញនេះ ព្រោះលោក វីរៈ ហាមមិនឱ្យចូល។ 
- អូ៎! (ខ្ញុំងក់ក្បាលតិចៗ) តើអ្នកណាបើកទ្វារសាលគំនូរ ព្រឹកមិញនេះ បើកនៅម៉ោងប៉ុន្មានដែរ? 
- លោក វីរៈជាអ្នកបើកទ្វារ រាល់ព្រឹក ប្រហែលជាម៉ោង៧។ (មីងសម្អាតតប) 
- តើមីងមានដឹងគំនូរពណ៌ទឹកក្រូចបាត់ដែរទេ កាលពីព្រឹកមិញ? 
- ពេលដែលខ្ញុំបោសនៅទីធ្លាចំហៀងសាល ទើបឮគេខ្សឹបខ្សៀវគ្នាពីរឿងបាត់គំនូរនោះ។ 
ខ្ញុំងក់ក្បាលយឺតៗ រួចសួរបន្ត៖ 
- ចុះបន្ទាប់ពីចាក់សោបើកទ្វាសាលគំនូរហើយ ពូវីរៈមានចូលទៅក្នុងសាលទេ? 
មីងសម្អាតគិតបន្តិច រួចតប៖ 
- ខ្ញុំឃើញគាត់ចេញចូលបន្ទប់នោះច្រើនដង។ គាត់កាន់ឯកសារខ្លះៗ ហើយគាត់ប្រាប់ថា ត្រូវរៀបចំឯកសារប្រព័ន្ធសុវត្ថិភាពឡើងវិញ ព្រោះមានបញ្ហាខូចកាលពីយប់មិញ។ ខ្ញុំឃើញគាត់បោះចោលក្រដាសជាច្រើន ក្នុងធុងសំរាមក្បែរនោះដែរ។ 
- ហើយក្រដាសទាំងនោះនៅដែរទេ? 
- ខ្ញុំបានប្រមូលច្រកថង់ ទុកចោលនៅក្នុងធុងសម្រាមធំ នៅចំហៀងខាងស្ដាំសាលគំនូរ។ 
- ចុះមីងបានឃើញគាត់បោះចោលក្រដាសរហែកពណ៌ខៀវទេ? (ខ្ញុំសួរដោយព្យាយាមសម្លឹងចំមុខគាត់) 
- ក្រដាសពណ៌ខៀវ? (មីងសម្អាតងឿងឆ្ងល់បន្តិច រួចធ្វើមុខគិត) អូ៎! ក្រដាសពណ៌ខៀវមែន! ខ្ញុំឃើញមានក្រដាសពណ៌ខៀវរហែកតូចៗជាច្រើន ដែលគាត់បានយកមកដាក់ចោលពេលក្រោយទៀត។ 
ពាក្យសម្ដីរបស់មីងសម្អាតបានបញ្ជាក់ការសង្ស័យរបស់ខ្ញុំទៅលើពូ វីរៈ កាន់តែច្បាស់ឡើង។ 
- មុនពេលគំនូរបាត់ មីងមានបានឃើញធូលីដីពណ៌ក្រហមត្នោត នៅម្ដុំកន្លែងគំនូរនោះដែរទេ? (ខ្ញុំសួរ) 
- ធូលីដីពណ៌ក្រហមត្នោត? ដូចជាមិនដែលឃើញទេ ក្មួយ! (មីងសម្អាតពោលទាំងរកនឹក) តាមធម្មតា ខ្ញុំឃើញតែធូលីដីពណ៌សៗធម្មតាទេ។ 
ខ្ញុំងក់ក្បាល។ ពាក្យសម្ដីរបស់មីងសម្អាតបានបញ្ជាក់បន្ថែមនូវការរកឃើញរបស់ខ្ញុំនៅកន្លែងកើតហេតុមែន។ 
- អរគុណច្រើនណាស់មីង! មីងបានជួយខ្ញុំច្រើនណាស់។ (ខ្ញុំញញឹម) 
- អត់អីទេក្មួយ! ខ្ញុំគ្រាន់តែប្រាប់ការពិតប៉ុណ្ណោះ។ (មីងសម្អាតតប) 
ខ្ញុំត្រលប់មកឡានវិញ។ ការសន្ទនាជាមួយមីងសម្អាតបានបន្ថយការសង្ស័យលើពូវីរៈ បានខ្លះ។ ពូ វីរៈ ប្រហែលជាគ្រាន់តែធ្វេសប្រហែសក្នុងការលាក់បាំងឯកសារប៉ុណ្ណោះ។

ខ្ញុំក្រលេកមើលនាឡិកាឃើញម៉ោងមិនទាន់៥ល្ងាច ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំនឹងទៅរកពូសន្តិសុខ ដែលយាមពេលយប់។ គាត់នៅមិនឆ្ងាយប៉ុន្មាន ពីផ្ទះមីងសម្អាត។ គាត់ជាបុរសវ័យកណ្តាល មើលទៅស្រគត់ស្រគំ។ ខ្ញុំបានជម្រាបសួរគាត់ ហើយពន្យល់ពីគោលបំណងរបស់ខ្ញុំ។ 
- ពូ! កាលពីយប់មិញ មាននរណាខ្លះបានចូល ឬចេញពីសាលវិចិត្រនេះដែរទេ? ពូបាននៅយាមរហូតដល់ព្រឹកមែនទេ? (ខ្ញុំសួរ) 
ពូសន្តិសុខគិតបន្តិច មុនតប៖ 
- បាទក្មួយ! ខ្ញុំបាននៅយាមរហូតដល់ព្រឹកម៉ោង៧ដូចរាល់ដង។ តែយប់មិញ... វាចម្លែកបន្តិច។ នៅប្រហែលម៉ោង១១យប់ ស្រាប់តែមានការដាច់ភ្លើងមួយភ្លែត ហើយប្រព័ន្ធសុវត្ថិភាពក៏រលត់ដែរ។ ខ្ញុំបានព្យាយាមទាក់ទងលោក វីរៈ តែគាត់មិនលើកទូរស័ព្ទទេ។ 
ខ្ញុំខ្លាចមានរឿងអី ទើបខ្ញុំដើរត្រួតពិនិត្យជុំវិញសាលវិចិត្រ។ ខ្ញុំមិនបានឃើញនរណាម្នាក់ចូល ឬចេញទេ ក្រៅពីលោក វីរៈ ដែលបានចូលមកម្តងនៅម៉ោងប្រហែល១០យប់ មុនពេលដាច់ភ្លើងបន្តិច រួចគាត់ប្រាប់ថា ចេញទៅក្រៅទៅមើលអីក៏មិនដឹងដែរ ។ 
- ពូវីរៈ បានចូលនៅម៉ោង១០យប់? ហើយបន្ទាប់មកក៏ដាច់ភ្លើង? តើគាត់ចូលក្នុងសាលនៅម៉ោងប៉ុន្មាន? (ខ្ញុំសួរដោយភ្ញាក់ផ្អើល ព្រោះមីងស៊ីថាបានប្រាប់ថា គាត់ជាអ្នកទទួលបន្ទុកប្រព័ន្ធសុវត្ថិភាពនៅពេលយប់ ហើយម៉េចក៏គាត់ចេញចោលកន្លែងពេលយប់ដូច្នេះ) 
- គាត់នៅខាងក្នុងប្រហែលជិត១ម៉ោងដែរ ហើយក៏ចេញទៅវិញ។ បន្ទាប់មកក៏ដាច់ភ្លើង។ ខ្ញុំបានឃើញគាត់ត្រលប់មកវិញទៀត នៅម៉ោង៧ព្រឹក ពេលខ្ញុំចប់វេន។ (ពូសន្តិសុខឆ្លើយ) 
ព័ត៌មានពីពូសន្តិសុខបានធ្វើឱ្យខ្ញុំងាកមកសង្ស័យពូ វីរៈ សារជាថ្មី។ គាត់និយាយថា មានបញ្ហាកាមេរ៉ាដោយសារដាច់ភ្លើង ប៉ុន្តែគាត់ចូលទៅក្នុងសាលវិចិត្រមុនដាច់ភ្លើង ហើយប្រព័ន្ធ Logbook ក៏ត្រូវបានលុបចោលទៀត។ នេះបង្ហាញពីភាពមិនប្រក្រតី។ 
ខ្ញុំបានថ្លែងអំណរគុណពូសន្តិសុខ។ ខ្ញុំដឹងថា ខ្ញុំមានភស្តុតាងថ្មីៗជាច្រើនដែលត្រូវវិភាគ។ 
ខ្ញុំក៏បានដឹងថា ពូវីរៈ មិនមែនជាមនុស្សស្មោះត្រង់ ដូចអ្វីដែលគាត់បានបង្ហាញនោះទេ។ 

ខ្ញុំបើកឡានត្រលប់មកការិយាល័យវិញ។ តើធូលីដីក្រហមត្នោតនោះគឺពិតជាមានវត្តមាននៅថ្ងៃកើតហេតុនោះឬយ៉ាងណា? ប៉ុន្តែ ចុះវាបានមកពីណា? វាហាក់ដូចជាមិនមែនមកពីសាលវិចិត្រទេ។ 
ខ្ញុំចូលទៅដល់ការិយាល័យ ឃើញបងនភា នៅតែផ្ចិតផ្ចង់នឹងអេក្រង់ Laptop របស់គាត់ដដែល។ 
- យ៉ាងម៉េចហើយ បងនភា? (ខ្ញុំសួរ) 
- អូ! វណ្ណពេជ្រ! (បងនភាងើបមុខមកញញឹម) ទិន្នន័យ Log File របស់ប្រព័ន្ធកាមេរ៉ាបានបង្ហាញថា មានការប៉ុនប៉ងចូលទៅកាន់បន្ទប់បញ្ជាកាមេរ៉ា នៅម៉ោង១០:៥៨ យប់ មុនពេលភ្លើងរលត់ និងកាមេរ៉ាដាច់តែពីរនាទីប៉ុណ្ណោះ។ 
- អ៊ីចឹងមាននរណាម្នាក់បានចូលទៅក្នុងបន្ទប់នោះ? (ខ្ញុំសួរដោយរំភើប) តើបងអាចកំណត់អត្តសញ្ញាណបានទេ? 
- ប្រព័ន្ធមិនបានចាប់បានផ្ទាល់ទេ។ (បងនភាតប) តែពេលវេលានោះ គឺច្បាស់ណាស់។ 
- ហ៊ឹម... ខ្ញុំគិតថា ពូវីរៈប្រហែលជាធ្វើវា។
ខ្ញុំបានប្រាប់បងនភាពីព័ត៌មានដែលខ្ញុំបានសួរពូសន្តិសុខ មុននេះបន្តិច។
- អាចមែន។ (បងនភាងក់ក្បាល) តែវណ្ណពេជ្រ មើលធូលីដីនេះ។ (គាត់លើកថង់ធូលីដីពណ៌ក្រហមត្នោត) បងបានពិនិត្យវាបន្តិចបន្តួចដោយមីក្រូទស្សន៍។ វាហាក់ដូចជាមានផ្ទុកសារធាតុរ៉ែមួយប្រភេទដែលគេប្រើនៅក្នុងដីឥដ្ឋសម្រាប់ធ្វើគ្រឿងស្មូន ឬដីឥដ្ឋសម្រាប់គំនូរប្រេង។ មិនមែនជាធូលីដីធម្មតាទេ។ 
- ដីឥដ្ឋ? (ខ្ញុំភ្ញាក់ផ្អើល) វាហាក់ដូចជាមិនមែនជាធូលីដីធម្មតារបស់សាលវិចិត្រទេ។ តែវាបែរជាទៅនៅត្រង់កន្លែងគំនូរនោះបាត់ទៅវិញ។ ខ្ញុំមានអារម្មណ៍ថា មានតម្រុយថ្មីមួយកំពុងលេចឡើង។ ធូលីដីនេះមិនស៊ីគ្នា។ ប្រសិនបើវាជាដីឥដ្ឋសម្រាប់គំនូរ វាអាចទាក់ទងនឹងវិចិត្រករ។ «ដីឥដ្ឋសម្រាប់គំនូរប្រេង» មិនមែន «ពណ៌ទឹក»។ 
- បងនភា! (ខ្ញុំហៅ) ខ្ញុំមានរឿងមួយទៀតឱ្យបងជួយ។ ខ្ញុំចង់ឱ្យបងជួយរកព័ត៌មានលម្អិតអំពីលោក សីលា ជាពិសេសពីជីវិតផ្ទាល់ខ្លួនរបស់គាត់ ទំនាក់ទំនង និងអ្វីដែលគាត់ចូលចិត្ត។ បងប្រហែលជាអាចរកព័ត៌មានពីបណ្ដាញសង្គម ឬកំណត់ហេតុទូរស័ព្ទរបស់គាត់បាន។ 
- បានតើ! (បងនភាញញឹម) អ៊ីចឹងបងនឹងធ្វើជាអ្នកលួចមើលជីវិតគេយ៉ាងសម្ងាត់។ បងពូកែរឿងនេះណាស់! 
- បងពូកែលួចមើលគេណាស់ មែនទេ? (ខ្ញុំសួរឌឺ) 
- បងពិតជាពូកែរកព័ត៌មានសម្ងាត់មែន! (បងនភាតបទាំងសើច) តែបងមិនដែលប្រើវា ដើម្បីលួចមើលអ្នកណាដែលបងមិនចាប់អារម្មណ៍ឡើយ។ ករណីដូច វណ្ណពេជ្រ... 
- ឈប់! (ខ្ញុំលើកដៃឡើង) កុំនិយាយលេង! រកព័ត៌មានមកឱ្យខ្ញុំ! ខ្ញុំនឹងទៅសាកសួរអ្នកស្រី ចិន្តា លេខាផ្ទាល់របស់លោកសីលា។ នាងប្រហែលជាដឹងអ្វីខ្លះមិនខាន។ 
- ចាំព្រឹកស្អែក សឹមទៅ ម៉ោង៧ល្ងាចជាងហើយ។ មកមើលព័ត៌មានជាមួយបង! (បងនភាឃាត់) 

ខ្ញុំមានអារម្មណ៍ថា ការសង្ស័យរបស់ខ្ញុំលើពូ វីរៈ កំពុងតែបែកខ្ញែកហើយ។ ជនល្មើសពិតប្រាកដ ប្រហែលជាមានទំនាក់ទំនងជាមួយ «ដីឥដ្ឋ» នេះ ហើយប្រហែលជាមិនមែនជាអ្នកដែលយើងកំពុងសង្ស័យផងមើលទៅ។ តើ «ធូលីដីក្រហមត្នោត» នេះនឹងនាំខ្ញុំទៅរកអ្នកណាទៀត?

Post a Comment

0 Comments