អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 1
©និពន្ធដោយ ហេង ដារី
©រចនាក្រប ដោយ ហេង សុធារៈ
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ចំពូកទី ១៖
ករណីបាត់គំនូរចម្លែក
![]() |
The Mystery of the Orange Painting |
- សួស្ដី វណ្ណពេជ្រ! មីងមានរឿង១ធំណាស់ចង់ជួលក្មួយឱ្យជួយ!
សំឡេងបារម្ភលាយឡំនឹងភាពតានតឹង និងទឹកមុខក្រៀមក្រំរបស់លោកស្រី ស៊ីថា បានបន្លឺឡើងពីមាត់ទ្វារការិយាល័យខ្ញុំ។ ខ្ញុំលើកចិញ្ចើមបន្តិច។
ការិយាល័យខ្ញុំមិនធំដុំប៉ុន្មានទេ តែសម្បូរទៅដោយរបស់របរចម្លែកៗ។ ជញ្ជាំងម្ខាងពេញដោយផែនទីទីក្រុងភ្នំពេញចាស់ៗ ខណៈតុឈើដ៏ធំកណ្តាលបន្ទប់ពោរពេញដោយសៀវភៅស៊ើបអង្កេត ឯកសារសំណុំរឿង និងកែវកាហ្វេខ្មៅដែលនៅក្ដៅឧណ្ហៗ។
ខ្ញុំដាក់កែវកាហ្វេខ្មៅចុះពីដៃ រួចក្រោកឈរភ្លាម។
- ជម្រាបសួរអ្នកមីង! (ខ្ញុំតបទាំងញញឹមតិចៗ) អញ្ជើញអង្គុយសិនទៅមីង។ មានរឿងអី ទាំងព្រឹកដូច្នេះ មីងមើលទៅស្លេកស្លាំងម្ល៉េះ? តើមីងចង់បានកាហ្វេខ្មៅក្ដៅ១ពែងដែរទេ?
- សុំទឹកធម្មតាបានហើយ ក្មួយពេជ្រ។ (មីងស៊ីថាតបទាំងដកដង្ហើមធំ រួចទម្លាក់ខ្លួនអង្គុយលើកៅអីទល់មុខតុខ្ញុំ)
- ឬក៏រឿងនេះធំដល់ថ្នាក់មីងត្រូវការនំប៉ាវថែម១ទៀតទើបបាត់ភ័យ? (ខ្ញុំនិយាយលេងសើច ដើម្បីព្យាយាមបន្ធូរអារម្មណ៍តានតឹងរបស់គាត់)
លោកស្រី ស៊ីថា នៅស្ងៀម មិនតបលេងសើចជាមួយខ្ញុំវិញទេ ដែលធម្មតា គាត់ក៏ចូលចិត្តនិយាយលេងជាមួយខ្ញុំវិញដែរ។
គាត់ជាមិត្តចាស់របស់ប៉ាខ្ញុំ និងជាម្ចាស់សាលវិចិត្រសិល្បៈ«មរតកសីលា»ដ៏ល្បីល្បាញមួយនៅកណ្ដាលក្រុងភ្នំពេញ។ គាត់ជាស្ត្រីវ័យកណ្តាល រាងស្គមខ្ពស់។
គាត់ពាក់អាវសូត្ររលោងពណ៌ប្រាក់ និងខ្សែកគុជខ្យង ធ្វើឱ្យគាត់មើលទៅគួរឱ្យគោរព ប៉ុន្តែថ្ងៃនេះភាពភ័យស្លន់ស្លោបានគ្របដណ្ដប់លើរូបរាងទាំងមូលរបស់គាត់។ រហូតដល់ខ្ញុំឆ្ងល់ថា តើគាត់ភ្លេចញ៉ាំអាហារពេលព្រឹក ឬយ៉ាងណា?
ខ្ញុំឈ្មោះ មាស វណ្ណពេជ្រ។ មិនធម្មតាទេ ឈ្មោះសុទ្ធតែមាសនិងពេជ្រ តែនៅជាប់នឹងខ្លួនមានតែក្រដាសសំណុំរឿង និងកែវកាហ្វេខ្មៅ១ប៉ុណ្ណោះ។ រាល់ថ្ងៃនេះ កុំថាឡើយមាស១តម្លឹង សូម្បីតែ១ហ៊ុនក៏ខ្ញុំគ្មានដែរ។
ប៉ាខ្ញុំមិនមែនឈ្មោះ មាស វណ្ណប្រាក់ ឬក៏ មាស លង់ហិន អីនោះទេ។ គាត់ឈ្មោះ មាស វណ្ណៈ។
លោក មាស វណ្ណៈ ជាអតីតប៉ូលិសចារកម្ម ដ៏ឆ្នើមម្នាក់កាលពីមុន។ គាត់ជាបុរសពោះម៉ាយ ដោយសារម៉ាក់ខ្ញុំបានស្លាប់ចោលតាំងពីខ្ញុំនៅកូនង៉ា ដោយសារឧបទ្ទវហេតុចម្លែកមួយដែលមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ។ ប៉ាខ្ញុំក៏នៅលីវដល់សព្វថ្ងៃនេះ ដើម្បីមើលថែ វណ្ណពេជ្រ របស់គាត់តែម្នាក់ឯង។
គាត់បានបង្រៀនខ្ញុំពីរបៀបសង្កេត ការវិភាគ និងការគិតប្រកបដោយហេតុផល តាំងពីខ្ញុំនៅក្មេង។ លើសពីនេះ គាត់ក៏បានបង្ហាត់បង្រៀនខ្ញុំនូវក្បាច់វាយប្រយុទ្ធការពារខ្លួនជាមូលដ្ឋាន ដើម្បីធានាថា ខ្ញុំអាចគេចផុតពីគ្រោះថ្នាក់បាន មិនថាខ្ញុំនៅទីណានោះទេ។
ក្រៅពីការបណ្ដុះបណ្ដាលផ្ទាល់ពីប៉ា ខ្ញុំក៏បានទទួលការបណ្ដុះបណ្ដាលជំនាញស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈពីសាលាឯកទេសល្បីមួយនៅសហរដ្ឋអាមេរិក ដែលជាកន្លែងប៉ាខ្ញុំខ្លួនឯងក៏ធ្លាប់បានសិក្សាដែរ។ ប៉ាចង់ឱ្យខ្ញុំមានចំណេះដឹង និងជំនាញពិតប្រាកដដើម្បីទទួលបានទំនុកចិត្តពេញលេញពីអតិថិជន និងដើម្បីបន្តកេរ្តិ៍ឈ្មោះរបស់គាត់។
តាំងពីតូច រហូតធំដឹងក្ដី ខ្ញុំតែងតែអង្គុយនៅលើភ្លៅប៉ា អានឯកសារសម្ងាត់ជាមួយគាត់ ហើយចូលចិត្តមុខរបរស៊ើបអង្កេតនេះតាំងពីពេលណាមកក៏មិនដឹងដែរ។
ពេលខ្លះ ខ្ញុំឆ្ងល់ថា តើប៉ាព្យាយាមបង្រៀនខ្ញុំឱ្យក្លាយជាអ្នកស៊ើបអង្កេតដូចគាត់ដែរ ឬក៏គាត់គ្រាន់តែមិនចង់ឱ្យខ្ញុំរំខានពេលគាត់ធ្វើការ?
បើទោះជាប៉ាលាឈប់ពីការងារជាប៉ូលិសរដ្ឋក៏ដោយ ក៏គាត់នៅតែរកចំណូលបានសមរម្យពីការងារជាអ្នកប្រឹក្សាយោបល់ឯកជនផ្នែកស៊ើបអង្កេត និងសន្តិសុខ ដែលធ្វើឱ្យគាត់មានពេលគ្រប់គ្រាន់មើលថែខ្ញុំ ហើយក៏ជាមូលហេតុដែលខ្ញុំមិនសូវខ្វល់រឿងលុយកាក់ដែរ។
ឥឡូវនេះ ខ្ញុំជាអ្នកស៊ើបអង្កេតឯកជន ដែលមានការិយាល័យតូចមួយបង្កប់ខ្លួននៅជាន់ទីមួយនៃអគារចំណាសមួយក្បែរផ្សារធំថ្មី។
ខ្ញុំជាមនុស្សស្រីម្នាក់មានរូបរាងតូចច្រឡឹង តែមានស្ទីលស្លៀកពាក់បែប Tomboy ចូលចិត្តខោខូវប៊យរលុងៗ សាច់ទន់ៗ និងអាវយឺតដៃខ្លី។ សម្លៀកបំពាក់សាមញ្ញៗធម្មតា តែវាក៏ងាយស្រួលក្នុងការធ្វើដំណើរទៅនេះទៅនោះ ឬរត់គេចខ្លួនក្នុងពេលបំពេញការងារ។
សក់ពណ៌ខ្មៅរលើប ហើយរួញតិចៗប្រះស្មា ជួយបន្ថែមភាពធម្មតាៗរបស់ខ្ញុំបានបន្តិច។
នៅនឹងកដៃឆ្វេងរបស់ខ្ញុំ មាននាឡិកា Smartwatch ពណ៌ខ្មៅរលោងបានបញ្ចេញពន្លឺតិចៗ រង់ចាំទទួលព័ត៌មានថ្មីៗ។ Smartwatch នេះតែងតែនៅជាប់នឹងខ្លួនខ្ញុំជានិច្ច។
កាបូបស្ពាយព័ទ្ធឆៀងពណ៌ខ្មៅមួយតែងតែនៅជាប់នឹងខ្លួនខ្ញុំដែរ ផ្ទុកទៅដោយរបស់របរចាំបាច់សម្រាប់អ្នកស៊ើបអង្កេត ដូចជាកូនសៀវភៅកត់ត្រា ប៊ិច ឯកសារមួយចំនួន និងរបស់របរតូចៗផ្សេងទៀត។ ថ្វីដ្បិតតែការស្លៀកពាក់ខ្ញុំមើលទៅដូចប្រុសក៏ដោយ ខ្ញុំគ្រាន់តែចូលចិត្តភាពងាយស្រួលជាជាងភាពទាន់សម័យ ឬភាពទាក់ទាញភ្នែកតែប៉ុណ្ណោះ។
ខ្ញុំមានភ្នែកមុតថ្លា អាចសម្លឹងទម្លុះរឿងអាថ៌កំបាំងគ្រប់ប្រភេទ ហើយក្បាលខ្ញុំត្រូវបានហ្វឹកហាត់ឱ្យគិតពីអាថ៌កំបាំងគ្រប់ពេល។
ខ្ញុំមានចរិតត្រង់ៗ និយាយចំៗ បែបឌឺដងកំប្លែង ប៉ុន្តែមិនមែននិយាយមិនចេះគិតនោះទេ។ ខ្ញុំចូលចិត្តលេងសើចច្រើនជាមួយអ្នកដែលខ្ញុំស្គាល់។ ខ្ញុំមិនដែលភ័យព្រួយនឹងរឿងចម្លែកៗឡើយ ។
- ធំដល់កម្រិតណាទៅ មីង? បើធំជាងរឿងឆ្កែបាត់ដែលខ្ញុំដោះស្រាយកាលពីអាទិត្យមុន ខ្ញុំនឹងគិតថ្លៃពីរដង ពីមីង! តែខ្ញុំសង្ឃឹមថា មិនមែនជារឿងបាត់ឆ្មាបាត់អីទេណា មីង! (ខ្ញុំបន្តនិយាយលេងដើម្បីបន្ធូរអារម្មណ៍មីងស៊ីថា តែគាត់ហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងសម្ដីខ្ញុំទេ)
- វាធំជាងឆ្កែបាត់មួយពាន់ដងទៅទៀត! (លោកស្រីស៊ីថា តបទាំងដកដង្ហើមធំ ទឹកមុខរបស់គាត់កាន់តែស្លេកទៅៗ ពេលគាត់ពោលបន្ត) គំនូរដ៏មានតម្លៃបំផុតនៅក្នុងសាលវិចិត្រ របស់មីង... ស្រាប់ តែបាត់ទាំងគ្មានតម្រុយ។
- អ៊ីចឹងមានគេប្លន់មែនទេមីង? (ខ្ញុំសួរទាំងលើកចិញ្ចើមបន្តិច) ឬក៏អ្នកណាម្នាក់ច្រឡំយកទៅព្យួរនៅក្នុងបន្ទប់ទឹកទេដឹង? ខ្ញុំឃើញមនុស្សសម័យឥឡូវចូលចិត្តតុបតែងបន្ទប់ទឹកបែបសិល្បៈនិយមណាស់។
- អត់ទេ! (មីងស៊ីថាតបទាំងគ្រវីក្បាល រួចលោមកខោកក្បាលខ្ញុំ១ក្រញរ គាត់ដកដង្ហើមញាប់ៗ ហាក់ដូចជាពិបាកនិយាយ) ដូចជា... គ្មានអ្នកណាម្នាក់បានចូលមកលួចនោះទេ។ អ្វីៗនៅដូចដើម។ ប្រព័ន្ធសុវត្ថិភាពមិនមានការខូចខាតអ្វីឡើយ។ កាមេរ៉ានៅតែដំណើរការធម្មតា... តែនៅពេលបុគ្គលិកបើកទ្វារសាលវិចិត្រ ស្រាប់តែគំនូរនោះបាត់ពីកន្លែងរបស់វាទៅហើយ។ វាគ្រាន់តែ... បាត់! ដូចរលាយបាត់ទៅក្នុងខ្យល់អីចឹង!
- គំនូរអីទៅ មីង? (ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍យ៉ាងខ្លាំង)
- វាជាគំនូរពណ៌ទឹកក្រូច។ (គាត់និយាយទាំងទឹកមុខរឹតតែស្លេក) ជាស្នាដៃតែមួយគត់របស់ក្មួយ សីលា ដែលជាវិចិត្រករដ៏ឆ្នើមម្នាក់ ហើយបានបាត់ខ្លួនកាលពីប៉ុន្មានឆ្នាំមុន។ គំនូរនោះ... ត្រូវបានគេជឿថាមានតម្លៃរាប់លានដុល្លារ។
- រាប់លានដុល្លារ? សម្រាប់គំនូរពណ៌ទឹកក្រូចមួយផ្ទាំង? (ខ្ញុំពោលស្ទើរតែខ្ជាក់កាហ្វេ រួចសួរលេងសើចបន្តិច ដើម្បីបន្ធូរអារម្មណ៍តានតឹងរបស់មីងស៊ីថា) ចុះហេតុអីបានជាវាថ្លៃម្ល៉េះ? មានមាសលាក់នៅខាងក្រោយ? ឬមួយក៏គូរដោយឈាមព្រះអង្គម្ចាស់? ឬក៏វាជាគំនូរតែមួយគត់ដែលមានពណ៌ទឹកក្រូចពិតៗ រហូតដល់សិល្បករផ្សេងទៀតចង់លួចយកទៅធ្វើគម្រូ?
- ក្មួយ សីលា គឺជាកូនសិស្សដ៏ពិសេសរបស់មីងតាំងពីគាត់នៅក្មេង។ គាត់មានទេពកោសល្យពីកំណើត។ ហើយជាមនុស្សដែលមីងបានជួយជ្រោមជ្រែងតាំងពីគាត់មិនទាន់មានអ្វីសោះ។ មីងមិនមែនជាគ្រូគំនូររបស់គាត់ទេ តែមីងជាអ្នកដែលបានជួយឧបត្ថម្ភគាត់ឱ្យរៀនសូត្រ និងជាអ្នកដែលបានជួយគាត់ឱ្យមានកន្លែងបង្ហាញស្នាដៃ។ គាត់ដូចជាកូនមីងម្នាក់អីចឹង។ គំនូរនោះ... គឺជាស្នាដៃចុងក្រោយរបស់គាត់ មុនពេលគាត់បាត់ខ្លួនដោយគ្មានដំណឹងសោះ។ មីងមិនបានមកជួលក្មួយកាលពីគាត់បាត់ខ្លួននោះទេ ព្រោះមីងគិតថា គាត់ទៅបំពេញបេសកកម្មសិល្បៈ ឬទៅរកបំផុសគំនិតថ្មីៗនៅកន្លែងឆ្ងាយ។ តែឥឡូវគំនូរនេះបាត់... មីងសង្ស័យថា វាមានអាថ៌កំបាំងអ្វីមួយលាក់បាំង ហើយប្រហែលជាទាក់ទងនឹងការបាត់ខ្លួនរបស់សីលាដែរ។ (មីងស៊ីថាពោលទាំងដកដង្ហើមធំម្ដងទៀត)
- អ្នកមីងដឹងពីអាថ៌កំបាំងនោះមែនទេ? (ខ្ញុំសម្លឹងមើលគាត់យ៉ាងយកចិត្តទុកដាក់។)
- មីងគ្រាន់តែមានអារម្មណ៍ប៉ុណ្ណោះ។ (គាត់តប) មីងទុកចិត្តក្មួយពេជ្រ។ សូមជួយមីងរកគំនូរនេះមកវិញផង! មីងសុខចិត្តចំណាយប៉ុន្មានក៏បាន! មីងគ្រាន់តែចង់ដឹងការពិត!
ទឹកមុខរបស់គាត់បង្ហាញពីភាពអស់សង្ឃឹមយ៉ាងខ្លាំង រហូតខ្ញុំមិនអាចលេងសើចតទៅទៀតបាន។
ខ្ញុំងក់ក្បាលយឺតៗ។ ករណីនេះចាប់ផ្តើមគួរឱ្យចាប់អារម្មណ៍ហើយ។ គំនូរពណ៌ទឹកក្រូចរាប់លានដុល្លារ ការបាត់ខ្លួនវិចិត្រករ សីលា និងគ្មានសញ្ញានៃការប្លន់។ នេះមិនមែនជារឿងបាត់ឆ្កែធម្មតាឡើយ។
ម្យ៉ាងវិញទៀត ការបារម្ភរបស់មីងស៊ីថាចំពោះស្នាដៃ និងជោគវាសនារបស់សីលា ហាក់ដូចជាមានអ្វីស៊ីជម្រៅជាងតម្លៃលុយកាក់ទៅទៀត។
- យល់ព្រម អ្នកមីង! (ខ្ញុំនិយាយ) ខ្ញុំនឹងទទួលករណីនេះ។ ប៉ុន្តែសូមអ្នកមីងរៀបរាប់ឱ្យលម្អិតពីសាលវិចិត្រ មរតកសីលា និងអ្នកពាក់ព័ន្ធទាំងអស់។ តើគំនូរនោះបាត់នៅពេលណាពិតប្រាកដ? តើអ្នកណាជាអ្នកឃើញដំបូង? ហើយតើមានអ្នកណាខ្លះបានចូលក្នុងសាលវិចិត្រ នៅប៉ុន្មានម៉ោងចុងក្រោយមុនពេលបាត់? អ្វីដែលសំខាន់ជាងនេះ អ្នកមីងបានប្ដឹងប៉ូលិសហើយឬនៅ? ករណីធំបែបនេះត្រូវតែមានការចូលរួមពីសមត្ថកិច្ចផ្លូវការ។
- មីងទើបតែដឹងរឿងនេះប៉ុន្មាននាទីមុននេះឯង ពេជ្រ។ (មីងស៊ីថាឆ្លើយទាំងទឹកមុខបារម្ភ) មីងមិនទាន់បានប្ដឹងប៉ូលិសភ្លាមៗទេ ព្រោះមីងភ័យស្លន់ស្លោពេក ហើយក៏មិនដឹងថាត្រូវធ្វើអ្វីមុនគេ។ មីងគិតដល់ក្មួយមុនគេ។
- ដូច្នេះ ខ្ញុំណែនាំមីងឱ្យប្ដឹងប៉ូលិសភ្លាមៗ។ (ខ្ញុំពោលទាំងម៉ត់ចត់) មីងអាចទូរស័ព្ទទៅប្ដឹងឥឡូវនេះបាន។
មីង ស៊ីថា ងក់ក្បាល រួចទាញទូរស័ព្ទពីក្នុងកាបូបកាន់ដៃ។ គាត់ចុចលេខទូរស័ព្ទដោយដៃញ័រៗ ហើយចាប់ផ្ដើមនិយាយជាមួយប៉ូលិសដោយសំឡេងរដាក់រដុប ពន្យល់ពីករណីបាត់បង់គំនូរដ៏អាថ៌កំបាំង។
ខ្ញុំនៅស្ងៀមស្ងាត់ស្ដាប់គាត់និយាយបណ្ដើរ ផឹកបង្ហើយកាហ្វេនៅក្នុងកែវបណ្ដើរ។ ពេលនិយាយទូរស័ព្ទចប់ មីងស៊ីថាប្រាប់ទាំងស្លន់ស្លោ៖
- ខាងប៉ូលីស គេនឹងទៅអង្កេតសាលវិចិត្រឥឡូវនេះ ហើយ ពេជ្រ!
- តស់មីង! ខ្ញុំក៏សូមចូលទៅពិនិត្យកន្លែងកើតហេតុនៅសាលវិចិត្រឥឡូវនេះដែរ។ វាសំខាន់ណាស់ដែលយើងត្រូវទៅដល់មុនគេ ដើម្បីកុំឱ្យដានឬភស្តុតាងសំខាន់ៗត្រូវបាត់បង់ ឬរងការប៉ះពាល់ដោយចៃដន្យ។
- អរគុណក្មួយពេជ្រ។ (លោកស្រីស៊ីថាញញឹមទាំងបង្ខំ) មីងនឹងនាំក្មួយទៅឥឡូវនេះ។
- បាទ! (ខ្ញុំហាក់ដូចជាឆ្លើយដោយមិនដឹងថាខ្លួនជាស្រី)
ខ្ញុំឆ្លើយបាទ បាទ... តាំងពីចេះនិយាយមក។ ចំណែកប៉ាខ្ញុំវិញ គាត់ឆ្លើយចាស ចាស... តាំងពីខ្ញុំចេះនិយាយដែរ។ រូបរាងរបស់ខ្ញុំដែលតែងខ្លួនបែបTomboy គ្មានអ្វីគួរឱ្យចាប់អារម្មណ៍ទេ ប៉ុន្តែភ្នែករបស់ខ្ញុំដែលតែងតែស្វែងរកអាថ៌កំបាំង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបកស្រាយ។ ខ្ញុំដើរតាមមីងស៊ីថា ចេញពីការិយាល័យតូចរបស់ខ្ញុំ ចុះតាមជណ្ដើរចាស់ដែលឮសូរទឹបៗរាល់ពេលខ្ញុំបោះជំហាន។ ខ្ញុំដឹងថា ដំណើរស៊ើបអង្កេតនេះនឹងមិនធម្មតាឡើយ ហើយថាមានរឿងច្រើនណាស់ដែលខ្ញុំត្រូវរកឃើញ។
មីងស៊ីថាបានមកដល់ការិយាល័យខ្ញុំនៅម៉ោង ៨:៤០ ព្រឹក ក្រោយពេលដែលគាត់ដឹងពីការបាត់គំនូរ។ បន្ទាប់ពីពិភាក្សាអស់រយៈពេលជិតមួយម៉ោង ប្រហែលម៉ោង ៩:៣០ ព្រឹក គាត់បើកបររថយន្តផ្ទាល់ខ្លួនរបស់គាត់ ដែលជាប្រភេទរថយន្តស៊េរីទំនើប ពណ៌ខ្មៅរលោង ឆ្ពោះទៅកាន់សាលវិចិត្រ មរតកសីលា។
តាមផ្លូវទៅ ខ្ញុំបានសង្កេតមើលទិដ្ឋភាពទីក្រុងភ្នំពេញដែលមមាញឹក នាពេលព្រឹក។ រថយន្ត និងម៉ូតូឆ្លងកាត់គ្នាមិនដាច់ ផ្សែងហុយអាប់អួរ។ ភ្នែកខ្ញុំចាប់អារម្មណ៍នឹងអគារបុរាណៗដែលលាយឡំជាមួយអគារខ្ពស់ៗសម័យថ្មី ជាងការកកកុញចរាចរណ៍។ សាលវិចិត្រ មរតកសីលា ស្ថិតនៅកណ្តាលក្រុង មិនឆ្ងាយពីកន្លែងខ្ញុំប៉ុន្មានទេ តែផ្លូវចរាចរណ៍ដែលកកស្ទះធ្វើឱ្យការធ្វើដំណើរត្រូវចំណាយពេលយូរជាងការរំពឹងទុក។
មីងស៊ីថា មើលទៅដូចជាអត់ទ្រាំមិនបាននឹងការយឺតយ៉ាវនេះឡើយ។ គាត់ចេះតែងាកមើលនាឡិកាដៃ ហើយដកដង្ហើមធំម្តងហើយម្តងទៀត។
ខ្ញុំនឹកឃើញដល់ពាក្យដែលប៉ាខ្ញុំធ្លាប់និយាយថា «ការរង់ចាំគឺជាផ្នែកមួយនៃការស៊ើបអង្កេត វណ្ណពេជ្រ។ កូនត្រូវរៀនសង្កេតមើលមនុស្សពេលពួកគេកំពុងរង់ចាំ»។
សូមរង់ចាំអាន ចំពូកទី2 បន្ត...
អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 2
អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 2
0 Comments