©និពន្ធដោយ ហេង ដារី
©រចនាក្រប ដោយ ហេង សុធារៈ
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ចំពូកទី៣៖
ការលេចមុខរបស់ប៉ូលិស
![]() |
The Mystery of the Orange Painting |
មិនទាន់បានប៉ុន្មានផង ស្រាប់តែសំឡេងស៊ីរ៉ែនប៉ូលិសបានបន្លឺឡើងពីខាងក្រៅសាលវិចិត្រ។
ខ្ញុំងាកទៅមើលមីង ស៊ីថា ដែលមើលទៅគាត់កាន់តែភិតភ័យជាងមុន។
- មីង! (ខ្ញុំខ្សឹប) ប៉ូលិសមកដល់ហើយ។
មីង ស៊ីថា ងក់ក្បាលយឺតៗ ទាំងថប់បារម្ភ។
ប៉ុន្មាននាទីក្រោយមក ទ្វារធំនៃសាលវិចិត្រក៏បានបើកឡើង ហើយប៉ូលិសពីររូបបានដើរចូលមកខាងក្នុង។ នារីម្នាក់មានរូបរាងខ្ពស់ស្រឡះ ស្លៀកឯកសណ្ឋានប៉ូលិសយ៉ាងស្អាតបាត ភ្នែករបស់នាងមុតថ្លា ហាក់ដូចជាអាចសម្លឹងទម្លុះអ្វីៗទាំងអស់។
នាងគឺ កញ្ញា លក្ខិណា អ្នកស៊ើបអង្កេតប៉ូលិស។ នាងមានអាយុបងខ្ញុំប្រហែលជា ២-៣ ឆ្នាំ គឺប្រហែល ២៧-២៨ ឆ្នាំ ខណៈដែលខ្ញុំមានអាយុ២៥ឆ្នាំ។
នៅក្បែរនាង គឺជាបុរសមាឌមាំម្នាក់ សម្បូរទៅដោយសាច់ដុំ មុខមាត់មាំមែនទែន។ គាត់គឺ លោក បញ្ញា ដែលជាសហការីរួមការងាររបស់នាង។
ពួកគេទាំងពីរនាក់បានសម្លឹងមើលជុំវិញសាលវិចិត្រ រួចទាញយកសៀវភៅកត់ត្រា និងប៊ិចចេញមក។ លក្ខិណាបានដើរត្រង់មករកមីង ស៊ីថា ដោយទឹកមុខម៉ត់ចត់។
- ជម្រាបសួរលោកស្រី ស៊ីថា! ខ្ញុំ លក្ខិណា ជាអ្នកស៊ើបអង្កេតមកពីការិយាល័យប៉ូលិសក្រុងភ្នំពេញ។ នេះលោក បញ្ញា ជាសហការីរបស់ខ្ញុំ។ យើងបានទទួលពាក្យបណ្ដឹងរបស់លោកស្រីអំពីការបាត់គំនូរពណ៌ទឹកក្រូច។ តើមានរឿងអ្វីកើតឡើងពិតប្រាកដ?
- ពូវីរៈ ជាអ្នកបើកសាលវិចិត្រនៅម៉ោង៧ព្រឹក ហើយគាត់ក៏ជាអ្នកដែលបានប្រាប់ខ្ញុំមុនគេថា គំនូរបានបាត់នៅម៉ោង៨ព្រឹក (មីង ស៊ីថា បានរៀបរាប់ទាំងភ័យៗ គាត់ក៏បានបន្ថែមដោយត្រង់ទៅកាន់ប៉ូលិស) ខ្ញុំបានជួលអ្នកស៊ើបអង្កេតឯកជនម្នាក់គឺ វណ្ណពេជ្រ ឱ្យមកពិនិត្យកន្លែងកើតហេតុមុនបន្តិច ព្រោះខ្ញុំភ័យស្លន់ស្លោពេក ហើយនាងក៏បានណែនាំខ្ញុំឱ្យប្ដឹងប៉ូលិសផងដែរ។
ពេលមីង ស៊ីថា រៀបរាប់ដល់ចំណុចដែលខ្ញុំបានចូលមកដល់មុន លក្ខិណា បានងាកមកសម្លឹងខ្ញុំភ្លាម។ ភ្នែករបស់នាងមុតស្រួច ហាក់ដូចជាកំពុងវិភាគគ្រប់ចលនារបស់ខ្ញុំ។
លោក បញ្ញា នៅក្បែរនោះ ក៏បានសម្លឹងមើលខ្ញុំដោយទឹកមុខមិនទុកចិត្តដូចគ្នា។
ចំណែកខ្ញុំវិញ កំពុងកត់សម្ដីមីងស៊ីថា ដែលបានរាយការណ៍ប្រាប់កញ្ញា លក្ខិណា ថា ពូវីរៈ បើកសាលវិចិត្រ នៅម៉ោង៧ ហើយហេតុអីគាត់មិនប្រាប់ថា គំនូរបាត់ភ្លាមៗ ម៉េចក៏ទុកដល់ជិត១ម៉ោង គឺម៉ោង៨ បានប្រាប់មីង ស៊ីថា?
ភាពសង្ស័យរបស់ខ្ញុំកើនឡើងទ្វេដង ទៅលើពូវីរៈ។
- លោកស្រី ស៊ីថា! (លក្ខិណា សួរដោយសំឡេងត្រជាក់) ហេតុអ្វីបានជានាងនៅទីនេះមុនពួកយើង? តើនាងបានប៉ះពាល់ភស្តុតាងអ្វីខ្លះហើយ?
ខ្ញុំមិនទាន់ទាំងបានឆ្លើយផង ពូ វីរៈ ក៏ដើរមកជិតលក្ខិណា រួចរៀបរាប់៖
- អ្នកនាងប៉ូលិស! នាងជាអ្នកស៊ើបអង្កេតឯកជនដែលលោកស្រី ស៊ីថា ជួលឱ្យមកជួយ។ នាងទើបតែមកដល់មុននេះបន្តិច ហើយបានសួរនាំខ្ញុំអំពីកាមេរ៉ា និងខ្សែភ្លើង...
លក្ខិណា សម្លឹងមុខពូ វីរៈ បន្តិច រួចក៏ងាកមកសម្លឹងខ្ញុំម្តងទៀត។ នាងកាន់តែសម្លឹងមកខ្ញុំ ដូចជាចង់ឱ្យខ្ញុំធ្លុះធ្លាយជាបំណែកតូចៗដូច្នេះដែរ។
លោក បញ្ញា ក៏ដូច្នោះដែរ។ នេះប្រហែលជាក្រុមប៉ូលីសគិតថា ខ្ញុំជាជនសង្ស័យហើយមើលទៅ។
ខ្ញុំជ្រេញនឹងក្រសែភ្នែកពួកគេទាំង២នាក់នេះណាស់ តែខ្ញុំនៅតែនិយាយគួរសម ទាំងញញឹមតិចៗ៖
- ជម្រាបសួរបងស្រី ប៉ូលិស! ខ្ញុំ មាស វណ្ណពេជ្រ ជាអ្នកស៊ើបអង្កេតឯកជន។ ខ្ញុំបានណែនាំអ្នកមីង ស៊ីថា ឱ្យប្ដឹងខាងបង ហើយខ្ញុំក៏បានមកដល់ទីនេះមុនបងបន្តិច ដើម្បីពិនិត្យមើលស្ថានភាពដំបូង ព្រោះភស្តុតាងអាចនឹងបាត់បង់បានយ៉ាងងាយ។ ខ្ញុំមិនបានប៉ះពាល់អ្វីដែលសំខាន់នោះទេ ក្រៅពីប្រមូលបំណែកក្រដាស និងធូលីដីបន្តិចបន្តួចដែលខ្ញុំជឿថា អាចជាតម្រុយ។
- បំណែកក្រដាស? ធូលីដី? (លក្ខិណា សួរដោយលើកចិញ្ចើម) តើនាងយល់ថា នាងជានរណាទៅ? នេះជាកន្លែងកើតហេតុឧក្រិដ្ឋកម្ម! ភស្តុតាងទាំងអស់ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ូលិស!
ទឹកដមសម្ដីរបស់ប៉ូលិសលក្ខិណាបង្ហាញពីភាពម៉ត់ចត់ និងភាពមិនពេញចិត្តយ៉ាងច្បាស់។
ខ្ញុំដឹងថា ការចួបគ្នាលើកដំបូងនេះ មិនមែនជាការចាប់ផ្ដើមដ៏ល្អឡើយ។
ភាពតានតឹងនៅក្នុងបន្ទប់ចាប់ផ្តើមកើនឡើង។
ខ្ញុំដឹងថា ករណីនេះនឹងមិនមែនត្រឹមតែការស៊ើបអង្កេតរកគំនូរដែលបាត់នោះទេ តែវាក៏ជាការប្រកួតប្រជែង និងប្រឈមជាមួយនឹងសមត្ថកិច្ចផងដែរ។
លក្ខិណាមិនបានខ្ជះខ្ជាយពេលច្រើនជាមួយខ្ញុំទេ។ នាងងាកទៅរកមីង ស៊ីថា វិញភ្លាម។
- លោកស្រី ស៊ីថា! (លក្ខិណានិយាយដោយសំឡេងម៉ត់ចត់) សូមលោកស្រីពន្យល់ពីទីតាំងពិតប្រាកដដែលគំនូរនោះបានបាត់។ ហើយតើនរណាជាអ្នកឃើញដំបូង?
មីង ស៊ីថា បាននាំលក្ខិណា និងបញ្ញា ទៅកាន់កន្លែងដែលគំនូរពណ៌ទឹកក្រូចធ្លាប់ព្យួរ។ លក្ខិណាបានពិនិត្យមើលជញ្ជាំងទទេនោះយ៉ាងល្អិតល្អន់។ នាងលូកដៃទៅប៉ះជញ្ជាំង ដូចជាចង់បង្ហាញថា មានអ្វីប្លែក។ បញ្ញាក៏បានដើរពិនិត្យមើលជុំវិញ ដោយភ្នែកមុតថ្លា។ ពួកគេធ្វើការយ៉ាងមានរបៀបរៀបរយ និងមានជំនាញ។
ខ្ញុំឈរនៅស្ងៀម សង្កេតមើលគ្រប់សកម្មភាពរបស់ពួកគេ។
- ពូវីរៈ! (លក្ខិណាស្រែកហៅ) មកទីនេះបន្តិច! ពូបានប្រាប់ វណ្ណពេជ្រ ថា កាមេរ៉ាត្រង់នេះមានបញ្ហា។ តើបញ្ហាអ្វីទៅ? ហើយតើវាខូចតាំងពីពេលណា?
ពូវីរៈដើរមកទាំងញ័រៗ រួចចាប់ផ្តើមពន្យល់ពីបញ្ហាកាមេរ៉ា។ គាត់បានរៀបរាប់ពីការដាច់ភ្លើងមួយភ្លែតកាលពីយប់មិញ និងការខូចខាតកាមេរ៉ាភ្លាមៗនោះ។
លក្ខិណាបានស្តាប់គាត់ដោយយកចិត្តទុកដាក់។ នាងងាកទៅរកបញ្ញា រួចនិយាយ៖
- លោក បញ្ញា! ទៅពិនិត្យបន្ទប់បញ្ជាកាមេរ៉ា និងប្រព័ន្ធខ្សែភ្លើងទាំងអស់។ ត្រូវប្រាកដថា មិនមានការលួចចូល ឬការកែប្រែប្រព័ន្ធដោយចេតនា។ ថតរូបភស្តុតាងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
- បាទ! (បញ្ញាតបយ៉ាងម៉ឺងម៉ាត់ រួចដើរទៅកាន់បន្ទប់បញ្ជាកាមេរ៉ា)
លក្ខិណាងាកមកសួរពូវីរៈបន្ត៖
- ពូអាចប្រាប់ខ្ញុំបានទេថា តើនរណាខ្លះបានចូលក្នុងសាលវិចិត្រនេះ កាលពីល្ងាចម្សិលមិញ ចាប់ពីម៉ោង៦:០០ យប់ រហូតដល់ម៉ោង៨:០០ ព្រឹកនេះ? សូមពូកុំលាក់បាំងព័ត៌មានអ្វីទាំងអស់!
ពូវីរៈស្ទាក់ស្ទើរមួយសន្ទុះ រួចក៏ចាប់ផ្តើមរាយឈ្មោះបុគ្គលិកដែលត្រូវវេនយាម និងអ្នកសម្អាត។
ខ្ញុំងក់ក្បាលតិចៗ ព្រោះគាត់បានរាយឈ្មោះដូចគ្នានឹងខ្ញុំបានសួរគាត់ដែរ។
លក្ខិណាថតសំឡេង នៃការសន្ទនាទាំងអស់ ចូលក្នុងទូរស័ព្ទរបស់នាង។
ខណៈពេលដែលលក្ខិណាកំពុងនិយាយជាមួយពូវីរៈ ខ្ញុំបានដើរទៅជិតកន្លែងដែលគំនូរបាត់នោះ។
ខ្ញុំពាក់ស្រោមដៃ រួចលូកហោប៉ៅយកកែវពង្រីករបស់ប៉ាចេញមក។ ខ្ញុំចាប់ផ្តើមពិនិត្យមើលជញ្ជាំង ឥដ្ឋ និងតំបន់ជុំវិញនោះម្តងទៀត។
ខ្ញុំដឹងថា ខ្ញុំបានយកភស្តុតាងមួយចំនួនទៅហើយ ប៉ុន្តែខ្ញុំចង់ប្រាកដថា ខ្ញុំមិនបានមើលរំលងអ្វីផ្សេងទៀត។ ខ្ញុំចាប់អារម្មណ៍ទៅលើស្នាមតូចៗនៅលើជញ្ជាំងក្បែរខ្សែភ្លើងកាមេរ៉ា។
ស្នាមទាំងនោះមានលក្ខណៈដូចជាស្នាមឆ្កូតតិចៗ បង្កប់នៅក្រោមស្រទាប់ថ្នាំលាប។
វាមិនមែនជាស្នាមដែលងាយនឹងមើលឃើញដោយភ្នែកទទេនោះទេ។
- វណ្ណពេជ្រ! (សំឡេងលក្ខិណាបានបន្លឺឡើងពីក្រោយខ្ញុំ ធ្វើឱ្យខ្ញុំព្រឺសម្បុរ) តើនាងកំពុងធ្វើអ្វី? ខ្ញុំបានប្រាប់ហើយថា ភស្តុតាងត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ូលិស!
ខ្ញុំងាកមកវិញ ឃើញលក្ខិណាកំពុងឈរសម្លឹងខ្ញុំ ភ្នែករបស់នាងបង្ហាញភាពមិនសប្បាយចិត្តយ៉ាងខ្លាំង។
- ខ្ញុំកំពុងសង្កេតមើលកន្លែងកើតហេតុ។ (ខ្ញុំតបដោយសំឡេងស្ងប់ស្ងាត់) ខ្ញុំជាអ្នកស៊ើបអង្កេតដូចបងដែរ។ ខ្ញុំគ្រាន់តែប្រើជំនាញរបស់ខ្ញុំប៉ុណ្ណោះ។ ហើយខ្ញុំជឿថា ភស្តុតាងមិនមែនគ្រាន់តែជាវត្ថុដែលទុកនៅលើឥដ្ឋនោះទេ តែវាក៏ជាព័ត៌មានលម្អិតតូចៗ ដែលមិនអាចមើលឃើញដោយភ្នែកទទេដែរ។
លក្ខិណាដើរមកជិតខ្ញុំ។ នាងសម្លឹងទៅកែវពង្រីកក្នុងដៃខ្ញុំ រួចសម្លឹងទៅស្នាមឆ្កូតនៅលើជញ្ជាំង។ នាងងក់ក្បាលតិចៗ ហាក់ដូចជាចាប់អារម្មណ៍បន្តិច។
- តើនាងឃើញអ្វី? (នាងសួរដោយសំឡេងរាងទន់ភ្លន់ជាងមុនបន្តិច)
- ស្នាមឆ្កូតតូចៗនៅលើជញ្ជាំង។ (ខ្ញុំពន្យល់) ខ្ញុំជឿថា វាអាចជាស្នាមដែលបន្សល់ទុកដោយឧបករណ៍អ្វីមួយដែលត្រូវបានប្រើ ដើម្បីធ្វើឱ្យកាមេរ៉ានេះខូច ឬក៏វាអាចជាស្នាមដែលបន្សល់ទុកដោយវត្ថុធ្ងន់ដែលបានប៉ះនឹងជញ្ជាំងនៅពេលគំនូរត្រូវបានដកចេញ។ ខ្ញុំក៏បានរកឃើញធូលីដីពណ៌ក្រហមត្នោតនៅទីនេះផងដែរ។
លក្ខិណាលូកដៃទៅប៉ះស្នាមឆ្កូតនោះ។ នាងមើលទៅធូលីដី ដែលខ្ញុំបានប្រាប់។
ទឹកមុខរបស់នាងប្រែប្រួលបន្តិច ពីការមិនពេញចិត្តទៅជាការចាប់អារម្មណ៍។
- ធូលីដី? តើនាងប្រាកដទេ? (នាងសួរ)
- បាទ! (ខ្ញុំតប) ខ្ញុំបានប្រមូលវាទុកជាភស្តុតាងហើយ។ ខ្ញុំជឿថា វាមិនមែនជាធូលីធម្មតានៅក្នុងសាលវិចិត្រទេ។ វាមានលក្ខណៈដូចជាដីឥដ្ឋ ឬក៏អ្វីមួយដែលមកពីខាងក្រៅ។
ពេលនោះ លោក បញ្ញា ក៏បានត្រលប់មកពីបន្ទប់បញ្ជាកាមេរ៉ាវិញ រួចប្រាប់៖
- លក្ខិណា! ប្រព័ន្ធខ្សែភ្លើងនៅកាមេរ៉ានោះហាក់ដូចជាមានការកាត់ផ្តាច់ដោយចេតនា។ វាមានស្នាមកាត់ដោយឧបករណ៍មុតស្រួច មិនមែនជាការឆ្លងចរន្តធម្មតាឡើយ។ ខ្ញុំក៏បានរកឃើញថា ឯកសារកំណត់ត្រាចូល-ចេញ (Logbook) របស់ប្រព័ន្ធសុវត្ថិភាព ត្រូវបានគេលុបចោលមួយផ្នែក កាលពីយប់មិញ។
លក្ខិណា សម្លឹងមុខខ្ញុំ រួចងាកទៅពូវីរៈវិញ។ ទឹកមុខរបស់នាងកាន់តែម៉ត់ចត់ជាងមុន។
- ពូវីរៈ! តើមានអ្វីចង់ពន្យល់ទៀតទេ? ភស្តុតាងទាំងនេះបង្ហាញយ៉ាងច្បាស់ថា មាននរណាម្នាក់បានធ្វើសកម្មភាពនៅទីនេះដោយចេតនា!
ពូវីរៈស្លេកមុខ ភ័យស្លន់ស្លោ។ គាត់ព្យាយាមនិយាយអ្វីម្យ៉ាង ប៉ុន្តែពាក្យសម្ដីរបស់គាត់រញ៉េរញ៉ៃ។
- ខ្ញុំ... ខ្ញុំមិនដឹងទេ! ខ្ញុំមិនបានធ្វើអ្វីសោះ!
- លោកពូ! (ខ្ញុំនិយាយដោយសំឡេងស្ងប់) ខ្ញុំដឹងថា លោកពូដឹងអ្វីមួយ។ ការលាក់បាំងវានឹងធ្វើឱ្យលោកពូជាប់ទោស។
លក្ខិណា មើលមកខ្ញុំបន្តិច រួចងាកទៅពូវីរៈវិញ។ នាងបញ្ជាឱ្យប៉ូលិសពីររូបទៀត ដែលទើបនឹងមកដល់ នាំពូវីរៈទៅសាកសួរលម្អិតនៅការិយាល័យប៉ូលិស។
ពួកគេក៏បានដាក់ខ្សែព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីការពារភស្តុតាង។
លក្ខិណាដើរមកជិតខ្ញុំម្តងទៀត។ នាងសម្លឹងខ្ញុំចំភ្នែក រួចនិយាយម៉ាត់ៗ៖
- វណ្ណពេជ្រ! ខ្ញុំទទួលស្គាល់ថា នាងមានការសង្កេតល្អ។ ប៉ុន្តែសូមកុំធ្វើអ្វីដោយខ្លួនឯងទៀត។ ករណីនេះជាករណីឧក្រិដ្ឋកម្មដ៏ធំ ហើយប៉ូលិសនឹងទទួលបន្ទុកទាំងអស់នេះ។ ខ្ញុំនឹងទាក់ទងនាងនៅពេលក្រោយ ប្រសិនបើខ្ញុំត្រូវការព័ត៌មានបន្ថែម។
- បាទ! (ខ្ញុំតបទាំងងក់ក្បាល) ខ្ញុំក៏សង្ឃឹមថា ខាងបងនឹងមិនបាត់បង់តម្រុយសំខាន់ៗ ដែលខ្ញុំបានរកឃើញនោះទេ។ ហើយសង្ឃឹមថា ខាងបងនឹងអាចរកឃើញគំនូរនេះឆាប់ៗដែរ។ ខ្ញុំតែងតែធ្វើការងាររបស់ខ្ញុំ ដោយមានទំនួលខុសត្រូវខ្ពស់។
ខ្ញុំញញឹមបន្តិច រួចដើរទៅកាន់មីង ស៊ីថា ដែលឈរមើលពួកយើងទាំងព្រួយបារម្ភ។ ខ្ញុំបានខ្សឹបប្រាប់គាត់ថា៖
- មីង! ប៉ូលិសមិនអនុញ្ញាតឱ្យខ្ញុំចូលរួមក្នុងការស៊ើបអង្កេតផ្លូវការទេ។ តែមីងកុំបារម្ភអី ខ្ញុំនឹងបន្តតាមដានករណីនេះដោយស្ងៀមស្ងាត់។ ខ្ញុំក៏ត្រូវទៅរកអ្នកសម្អាត និងពូសន្តិសុខពេលយប់ ដែលពូវីរៈបានរាយឈ្មោះដែរ។ ខ្ញុំនឹងទាក់ទងមីងពេលក្រោយ។
មីង ស៊ីថា ងក់ក្បាល។
ខ្ញុំបានចាកចេញពីសាលវិចិត្រទាំងអារម្មណ៍តានតឹងលាយឡំនឹងការប្ដេជ្ញាចិត្ត។
ប៉ូលិស លក្ខិណា បានធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមែនជាអ្នកស៊ើបអង្កេតឯកជននោះទេ ខ្ញុំគ្រាន់តែជាក្មេងម្នាក់ដែលព្យាយាមជ្រៀតជ្រែកចូលកិច្ចការរបស់ពួកគេ។ តែខ្ញុំមិនខ្វល់ឡើយ។
ប៉ូលិសមានច្បាប់ មាននីតិវិធី ហើយពួកគេទំនងជាមិនបានចាប់អារម្មណ៍លម្អិតទៅលើតម្រុយតូចៗដែលខ្ញុំបានរកឃើញនោះទេ។
ខ្ញុំមានវិធីស៊ើបអង្កេតរបស់ខ្ញុំ។ ខ្ញុំដឹងថា ការប្រកួតប្រជែងទើបតែចាប់ផ្ដើម។ ខ្ញុំត្រូវធ្វើការយ៉ាងលឿន និងស្ងាត់ៗ ដើម្បីរកការពិតមុនពេលប៉ូលិសរកឃើញវា។
ខ្ញុំក៏ត្រូវរកអ្នកសម្អាតនោះឱ្យឃើញ មុនពេលប៉ូលិសសាកសួរគាត់ដែរ។
សូមរង់ចាំអាន ចំពូកទី4 បន្ត...
អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 1
អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 1
0 Comments