អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 5

អាថ៌កំបាំងគំនូរពណ៌ទឹកក្រូច 5 
©និពន្ធដោយ ហេង ដារី 
©រចនាក្រប ដោយ ហេង សុធារៈ 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់ 

ចំពូកទី៥៖ 
រាត្រីនៃការស៊ើបអង្កេត

The Mystery of the Orange Painting
The Mystery of the Orange Painting

ខ្ញុំងាកទៅមើលបងនភា ដែលនៅតែផ្ចិតផ្ចង់នឹងអេក្រង់ Laptop ដ៏ទំនើបរបស់គាត់។ ពន្លឺពណ៌ខៀវពីអេក្រង់ចាំងឆ្លុះលើវ៉ែនតារបស់គាត់ ខណៈដែលម្រាមដៃរត់លឿនលើ Keyboard។ 
ខ្យល់ចេញពីម៉ាស៊ីនត្រជាក់បក់តិចៗ បន្ថែមភាពស្ងាត់ជ្រងំនៅក្នុងការិយាល័យ ដែលមានតែសំឡេងចុច Mouse និងស្នូរដកដង្ហើមធំរបស់ពួកយើងទាំងពីរនាក់។ 
ក្រៅពីគំនរឯកសារលើតុ និងពែងកាហ្វេដែលសឹងតែរីងស្ងួត ភាពរញ៉េះរញ៉ោះនៅក្នុងការិយាល័យខ្ញុំបានរលាយបាត់ទៅហើយ ដោយជំនួសមកវិញនូវបរិយាកាសតឹងតែងនៃការស៊ើបអង្កេត។ 
ស្បៃងងឹតចាប់ផ្ដើមគ្របដណ្ដប់លើភាពតានតឹងមួយនេះ។
- មិនទៅផ្ទះទេ វណ្ណពេជ្រ? (បងនភាសួរ ទាំងងាកមុខមករកខ្ញុំ ភ្នែកបាញ់ទៅនាឡិកាលើជញ្ជាំងដែលបង្ហាញម៉ោងជាង៧ល្ងាច) យប់ហើយណ៎ា ព្រះនាង! បងថា ពេជ្រគួរតែទៅសម្រាកខ្លះទៅ ក្រែងលោ ស្អែកមានរឿងច្រើនទៀត។ 
- បងដេញខ្ញុំ ម្ចាស់គម្រោងហ្នឹង (ខ្ញុំតបឌឺ) ហើយចុះបងវិញនោះ ត្រលប់ទៅវិញឬអត់? 
- បងមិនទៅវិញទេ បងបន្តការងារដល់ចប់សិន។ (បងនភាតប) 
- បងក៏មិនទៅដែរហ្នឹង! (ខ្ញុំនិយាយលេងសើច) ម្យ៉ាងទៀត ខ្ញុំដឹងថា បងត្រូវការជំនួយពីខ្ញុំ។ ខ្ញុំជាអ្នករកតម្រុយ ឯបងជាអ្នកវិភាគ។ ទៅផ្ទះធ្វើអី កំពុងតែជិតដល់វគ្គល្អហ្នឹង! ម្យ៉ាងទៀត បើបងទៅវិញ ខ្ញុំនៅម្នាក់ឯងខ្លាចខ្មោច ហើយខ្ញុំនឹងរត់រកបងដល់ភ្លឺហ្នឹង។ 
- ហាសហា... (បងនភាសើចតិចៗ) អ្នកស៊ើបអង្កេតដ៏ក្លាហាន ខ្លាចខ្មោចទៅវិញ! បងនឹកស្មានមិនដល់សោះ។ តែបងមិនទៅណាទេ បងនៅទីនេះជួយពេជ្រដល់ចប់រឿងហ្នឹង។ ដឹងអត់ថា បងដេកមិនលក់ទេ បើបងមិនទាន់ដឹងការពិត! 
- និយាយដូចមនុស្សល្អណាស់អ៊ីចឹង! (ខ្ញុំពេបមាត់) ខួរក្បាលបងឯងប្រាកដជាមានមេរោគច្រើនជាងខ្ញុំទៅទៀត ពេលចូលទៅស៊ើបអង្កេតក្នុងប្រព័ន្ធកុំព្យូទ័រម្ដងៗ។ 
បងនភាសើចក្របួចមាត់ ទាំងមិចភ្នែកម្ខាងដាក់ខ្ញុំ។ 

ខ្ញុំយកទូរស័ព្ទនៅលើតុ រួចចុចលេខប៉ា។ ខ្ញុំដឹងថាគាត់ប្រាកដជាបារម្ភ ប្រសិនបើខ្ញុំមិនបានទៅផ្ទះនៅម៉ោងនេះ។ 
- ហេឡូ ប៉ា! (ខ្ញុំខ្សឹបតិចៗ ខ្លាចរំខានបងនភា) 
- កូនពេជ្រ! (សំឡេងប៉ាឮចេញមកភ្លាម ហាក់ដូចជាកំពុងរង់ចាំទូរស័ព្ទពីខ្ញុំ) ម៉េចក៏យូរម្ល៉េះកូន? តើមានរឿងអីទៅ? 
- ប៉ា! ខ្ញុំមិនទៅផ្ទះទេ យប់នេះ។ ខ្ញុំនៅការិយាល័យជាមួយបងនភា។ ពួកខ្ញុំកំពុងបន្តធ្វើការលើករណីគំនូរនេះ។ យើងបានរកឃើញតម្រុយសំខាន់ៗមួយចំនួនហើយ។ 
- ហ៊ឹម... (ប៉ារអ៊ូតិចៗ) យ៉ាងម៉េចហើយ? តើប៉ូលិសបានសាកសួរលោក វីរៈហើយឬនៅ? 
- បាទប៉ា! ពួកគេបាននាំពូវីរៈទៅប៉ុស្តិ៍ប៉ូលិសហើយ។ ខ្ញុំមិនបានតាមទៅទេ ព្រោះពួកគេមិនអនុញ្ញាតឱ្យខ្ញុំចូលរួមការស៊ើបអង្កេតផ្លូវការ។ (ខ្ញុំតប) តែខ្ញុំជឿថា បងនភា ប្រហែលជាអាចទាញយកព័ត៌មានពីប្រព័ន្ធបានខ្លះ។ ម្យ៉ាងវិញទៀត កញ្ញា លក្ខិណា ដែលជាមេប៉ូលិស ហាក់ដូចជាមិនសប្បាយចិត្តនឹងខ្ញុំ​សោះ។ នាងចង់គ្រប់គ្រងករណីនេះតែម្នាក់ឯង។ ហើយលោក បញ្ញា បានពិនិត្យមើលខ្សែភ្លើងដែលដាច់នោះយ៉ាងយកចិត្តទុកដាក់។ 
- មិនអីទេកូន! (ប៉ានិយាយដោយសំឡេងធូរស្រាល) ប៉ាទុកចិត្តកូន និងក្មួយនភា។ តែពួកកូនថែរក្សាសុខភាពផង។ កុំភ្លេចញ៉ាំអី និងសម្រាកខ្លះផង។ ករណីធំបែបនេះ ត្រូវការភាពច្បាស់លាស់ និងភាពអត់ធ្មត់។ ហើយចំពោះ លក្ខិណា នាងជាប៉ូលិស នាងមាននីតិវិធីរបស់នាង។ កូនគ្រាន់តែធ្វើកិច្ចការរបស់កូនទៅបានហើយ។ 
- បាទប៉ា! អរគុណប៉ាដែលបារម្ភ។ ខ្ញុំនឹងទាក់ទងប៉ានៅពេលមានដំណឹងថ្មី។ (ខ្ញុំតប) 
ខ្ញុំបិទទូរស័ព្ទ។ សម្តីរបស់ប៉ាធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងមានកម្លាំងចិត្ត។ ខ្ញុំងាកទៅមើលបងនភាម្តងទៀត។ គាត់នៅតែចុចចុះឡើងលើ Keyboard។ 
- យ៉ាងម៉េចហើយ បងនភា? (ខ្ញុំសួរ) តើបងបានរកឃើញអ្វីបន្ថែមទៀតអំពី Log File នោះទេ? លោកប៉ូលិស បញ្ញា បានប្រាប់ពីការសង្ស័យរបស់គាត់ខ្លះដែរ។ គាត់ថាខ្សែភ្លើងកាមេរ៉ាត្រូវគេកាត់ផ្តាច់ដោយឧបករណ៍មុតស្រួច មិនមែនជាការខូចខាតធម្មតាទេ។ គាត់ក៏បានកត់សម្គាល់ដែរថា Logbook នៃប្រព័ន្ធសុវត្ថិភាពត្រូវបានគេលុបចោលមួយផ្នែកកាលពីយប់មិញ។ អ្វីដែលបង និងគាត់រកឃើញ គឺស្របគ្នាទាំងស្រុងជាមួយការសង្ស័យរបស់ខ្ញុំ។ 
- វណ្ណពេជ្រ! (បងនភាងើបមុខមក ភ្នែករបស់គាត់ភ្លឺថ្លាដោយសារការរកឃើញថ្មី) បងថា ប៉ូលិសចាប់ផ្ដើមតាមទាន់ហើយ។ តែវាមិនទាន់គ្រប់គ្រាន់ទេ។ បងបានរកឃើញអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់! Log File របស់ប្រព័ន្ធសុវត្ថិភាព ត្រូវបានគេលុបចោលយ៉ាងស្អាត ហើយមានការចូលប្រើប្រាស់ដោយអាសយដ្ឋាន IP មួយដែលមិនមែនជារបស់បុគ្គលិកសាលវិចិត្រ។ ពេលវេលាគឺស្របគ្នានឹងពេលដែលកាមេរ៉ាត្រូវបានកាត់ផ្តាច់។ នេះមានន័យថា ជនសង្ស័យគឺជាមនុស្សដែលស្គាល់ពីប្រព័ន្ធយ៉ាងច្បាស់ ឬក៏មានអ្នកខាងក្នុងជួយបន្លំ។ 
- អ៊ីចឹងមាននរណាម្នាក់ផ្សេងទៀតបានចូលទៅកាន់ប្រព័ន្ធក្រៅពីពូ វីរៈ? (ខ្ញុំសួរដោយភ្ញាក់ផ្អើល) ឬក៏ពូ វីរៈ លាក់បាំងអ្វីមួយ? 
- អាចមែន។ (បងនភាងក់ក្បាល) បងក៏បានព្យាយាមទាញយកទិន្នន័យដែលត្រូវបានលុបបំបាត់ចេញពី Log File នោះ។ វាជាការងារពិបាក ព្រោះពួកគេបានលុបដោយប្រុងប្រយ័ត្ន។ តែមិនមែនជានភាទេ បើបងធ្វើមិនបាន! (បងនភាញញឹមតិចៗដោយមានមោទកភាព) បងបានរកឃើញឈ្មោះអ្នកប្រើប្រាស់មួយដែលត្រូវបានលុបចោល ឈ្មោះថា «Seila»។ 
- Seila? (ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង) តើអាចជាឈ្មោះរបស់លោក សីលា ដែលជាវិចិត្រករនោះដែរទេ? មិនសមហេតុផលសោះ! គាត់បាត់ខ្លួនតើ ម៉េចក៏ឈ្មោះគាត់មកលេចនៅក្នុង Log File នេះទៅវិញ? 
- នោះហើយជាចំណុចសំខាន់! (បងនភាតប) វាចម្លែកណាស់ដែលឈ្មោះរបស់វិចិត្រករ ដែលបាត់ខ្លួន ត្រូវបានលុបចោលពី Log File នៃប្រព័ន្ធសុវត្ថិភាពនៅកន្លែងកើតហេតុ។ នេះបង្ហាញថា គាត់ប្រហែលជាមានតួនាទី ឬសកម្មភាពនៅទីនោះ ដែលមិនមែនជាអ្វីដែលយើងបានគិត។ អាចថា គាត់ជាអ្នកចូលទៅលុប ឬក៏អ្នកណាម្នាក់បានប្រើឈ្មោះគាត់ដើម្បីចូលប្រព័ន្ធ? 
- លោក សីលា មានពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាពឬ? (ខ្ញុំគិតទាំងឆ្ងល់) ឬក៏គាត់បានចូលបន្ទប់បញ្ជាកាមេរ៉ានោះដោយហេតុផលអ្វីមួយ? ប្រសិនបើគាត់ជាអ្នកលួច ហេតុអ្វីក៏គាត់លួចគំនូររបស់គាត់ផ្ទាល់? ឬក៏គាត់ជាជនរងគ្រោះ ដែលត្រូវគេបង្ខំឱ្យចូលប្រព័ន្ធ? 
- បងក៏បានពិនិត្យមើលរូបភាពពីកាមេរ៉ាផ្សេងទៀតដែលនៅជុំវិញនោះ។ (បងនភាបន្ត) មុនពេលកាមេរ៉ាត្រង់កន្លែងគំនូរបាត់នោះខូច គឺមានមនុស្សម្នាក់បានដើរចូលទៅជិតទីនោះ។ វាមើលទៅដូចជាមនុស្សប្រុស ប៉ុន្តែរូបភាពមិនច្បាស់ល្អទេ ដោយសារពន្លឺមិនគ្រប់គ្រាន់។ 
- តើបងអាចពង្រីក ឬធ្វើឱ្យរូបភាពនោះច្បាស់បានទេ? (ខ្ញុំសួរដោយរំភើប) តើគេនោះជានរណា? 
- ពិបាកបន្តិច។ (បងនភាតប) ប៉ុន្តែបងនឹងព្យាយាមប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើនគុណភាពរូបភាព។ វានឹងចំណាយពេលពេញមួយយប់។ AI អាចជួយបានច្រើន តែវាមិនមែនជាមន្តអាគមទេ។ 
- បងនភា! (ខ្ញុំនិយាយ) នេះជាភស្តុតាងរឹងមាំ! ទាំងប៉ូលិស បញ្ញា និងបង គឺសុទ្ធតែរកឃើញដូចគ្នា។ អ៊ីចឹង ជនសង្ស័យមិនមែនគ្រាន់តែលួចគំនូរទេ តែគេដឹងច្បាស់ពីប្រព័ន្ធសុវត្ថិភាព ហើយប្រាកដជាមានការរៀបចំទុកជាមុន។ ប៉ុន្តែ ហេតុអីក៏ពូវីរៈព្យាយាមលាក់បាំងការពិត? 
- ពូវីរៈប្រហែលជាចង់ប្រាប់ប៉ូលិស ជាងប្រាប់ពេជ្រឯងទេដឹង? (បងនភានិយាយ ទាំងមិនដកភ្នែកពីកញ្ចក់ Laptop) 
ខ្ញុំសម្លឹងមើលថង់ធូលីដីក្រហមត្នោតម្តងទៀត ដែលខ្ញុំបានដាក់លើតុ។ «ដីឥដ្ឋសម្រាប់គំនូរប្រេង» និង «Seila»។ តម្រុយទាំងពីរនេះ ហាក់ដូចជាទាក់ទងគ្នា។ ប្រសិនបើលោក សីលា ពិតជាមានពាក់ព័ន្ធនឹងរឿងនេះមែន នោះអាចមានន័យថា គាត់មិនមែនគ្រាន់តែបាត់ខ្លួននោះទេ តែគាត់អាចជាជនរងគ្រោះ ឬជាអ្នកនៅពីក្រោយរឿងទាំងអស់នេះ។ ខ្ញុំសរសេរចំណុចទាំងនេះចូលក្នុងកូនសៀវភៅតូចរបស់ខ្ញុំ រួចគូសបន្ទាត់ពីក្រោមពាក្យ «Seila» ពីរដង។ 
ខ្ញុំក៏បានកត់ចំណាំពីការស៊ើបអង្កេតរបស់ប៉ូលិស លក្ខិណា និង បញ្ញា ផងដែរ។ ពួកគេកំពុងធ្វើការស៊ើបអង្កេតតាមនីតិវិធី ហើយយើងក៏កំពុងធ្វើការតាមវិធីរបស់យើង។ ការប្រកួតប្រជែងនេះនឹងកាន់តែគួរឱ្យចាប់អារម្មណ៍។ 
- វណ្ណពេជ្រ! (បងនភាហៅ) នេះគិតធ្វើការពេញមួយយប់ បង្អត់បាយបង្អត់ទឹក បងអ៊ីចឹងមែន? 
- អ៊ីចឹងបងទៅងូតទឹកសិនទៅ (ខ្ញុំតប ទាំងសម្លឹងមុខគាត់) មុខបងឡើងប្រេងអាចចៀនពងទាបានហើយ! បងឯងថា ខ្ញុំខ្លាចខ្មោច តែខ្ញុំថាបងឯងខ្លាចទឹកជាង! 
- ហាសហា... (បងនភាសើច) ហើយមុខបងលែងសង្ហាមែន? ពេជ្រឯងក៏មិនខុសពីបងប៉ុន្មានដែរហ្នឹង មុខឡើងប្រេងហើយ នៅមានសញ្ញាឆ្ងល់ទៀត! 
- ឈប់និយាយលេងទៅ! (ខ្ញុំតប) ខ្ញុំរកកុម្ម៉ង់អាហារញ៉ាំសិន។ ល្មមក្រោកដើរ រលាស់ដៃរលាស់ជើងអីខ្លះផង លោកប្រុស! 
- អូខេៗ! (បងនភាតបទាំងសើច) បារម្ភពីបងខ្លាំងណាស់តើនេះ! ពេជ្រ! បងសុំទូខោអាវពេជ្រមួយផ្នែកបានទេ? 
- យកធ្វើអី? (ខ្ញុំឆ្ងល់) 
- ងាយស្រួលបងទុកខោអាវពេលធ្វើការដាច់យប់នៅទីនេះ។ (បងនភាសម្លឹងមកខ្ញុំដោយភ្នែកឡកឡាយ) 
- អត់! (ខ្ញុំតបកំបុត) 
- ចិត្តអាក្រក់! (បងនភាតបទាំងមុខក្រញូវ) 
ការិយាល័យធ្វើការនេះជាផ្ទះទីពីររបស់ខ្ញុំ ខ្ញុំធ្លាប់ធ្វើការដាច់យប់នៅទីនេះរាប់មិនអស់ ជាមួយបងនភា។
- ពេជ្រ! បងទៅរកឆុងកាហ្វេ១ពាងសិន ទុកសម្រាប់យប់នេះ ។ (បងនភាប្រាប់) 
- អូខេ។ ខ្ញុំក៏មានអាហារខ្លះៗ ក្នុងទូទឹកកកដែរ។ មើលទៅមិនបាច់កុម្ម៉ង់ពីខាងក្រៅទេ នាំតែយូរ។ និយាយអ៊ីចឹង បងមានខោអាវទុកប្ដូរដែរ? 
- ពេលដែលពេជ្រទូរស័ព្ទរកបង បងក៏វេចសម្ពាយខោអាវ រត់តាមពេជ្ររួចជាស្រេចហើយ។ 
- ចិត្តងាយណាស់ បងឯង! 
- ហើយខ្លួនបងរឹតតែងាយទៀត! តែជាមួយ វណ្ណពេជ្រ តែម្នាក់គត់។ 
- ខ្ញុំអត់ចង់ដឹងទេ។ 
- បងប្រាប់ពេជ្រឱ្យហើយ។ 
ខ្ញុំសម្លក់គាត់ ភ្នែកលានប៉ុនចានស៊ុប។ បងនភា សើចញាក់មុខដាក់ខ្ញុំដូចឡប់។ នេះជាទម្លាប់របស់ពួកយើង។ ទោះរវល់យ៉ាងណាក៏ដោយ ក៏យើងតែងតែរកពេលវេលាឌឺដងដាក់គ្នាដែរ។ 
ខ្ញុំងើបទៅបើកទូទឹកកក ឃើញនំគូឆាយមួយប្រអប់ធំ ក៏យកទៅកម្ដៅនៅក្នុង Oven រួចដាក់ស្ងោរពងទា៤-៥គ្រាប់។ ពេលបងនភាចេញពីបន្ទប់ទឹក ខ្ញុំក៏ចូលទៅងូតទឹកម្ដង។ 
ពេលចេញមកវិញ បងនភា រៀបនំគូឆាយ២ចាន និងពងស្ងោរ១ចាន ព្រមទាំងកាហ្វេ២កែវ នៅលើតុ។ ខ្ញុំដកដង្ហើមស្រូបយកក្លិនឈ្ងុយនៃកាហ្វេពេញច្រមុះ។ ពួកយើងញ៉ាំអាហារពេលល្ងាចដោយស្ងប់ស្ងាត់។ 
ក្រោយពីញ៉ាំអាហាររួច យើងទាំងពីរបានបន្តធ្វើការ។ 
បងនភា ហៅខ្ញុំទៅក្បែរគាត់ ដើម្បីតានដាន អេក្រង់ Laptop របស់គាត់។ 
- ពេជ្រឃើញទេ? (បងនភាពន្យល់ទាំងញញឹម) ពេលថ្ងៃរះ យើងប្រហែលជាមានរូបភាពច្បាស់ជាងនេះ ហើយអាចកំណត់អត្តសញ្ញាណជនសង្ស័យបាន។ ប្រសិនបើរូបភាពនោះច្បាស់ នោះយើងនឹងដឹងថា សីលា ជាអ្នកនៅពីក្រោយ ឬក៏ជនរងគ្រោះ។ តែរឿងមួយដែលបងប្រាកដ គឺករណីនេះមិនមែនជាការបាត់ខ្លួនធម្មតាឡើយ។ មានការរៀបចំទុកជាមុនយ៉ាងច្បាស់លាស់។ 
ខ្ញុំងក់ក្បាល។ 

ម៉ោងក៏កាន់តែជ្រៅទៅៗ ប៉ុន្តែយើងទាំងពីរនៅតែមិនមានអារម្មណ៍ងងុយគេងទាល់តែសោះ។ 
ករណីនេះកាន់តែទាក់ទាញចិត្តខ្ញុំខ្លាំងឡើង។ ពន្លឺព្រះច័ន្ទរះចូលតាមបង្អួចការិយាល័យ។ រាត្រីនៃការស៊ើបអង្កេតទើបតែចាប់ផ្តើម។ ខ្ញុំមានអារម្មណ៍ថា ភាពអាថ៌កំបាំងនៃគំនូរពណ៌ទឹកក្រូច និងការបាត់ខ្លួនរបស់លោក សីលា កំពុងតែលាតត្រដាងបន្តិចម្តងៗ។

Post a Comment

0 Comments