ខ្មោចក្នុងសណ្ឋាគារ

ខ្មោចក្នុងសណ្ឋាគារ 
©អត្ថបទដោយ ភូ ចរិយា
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់

ខ្មោចក្នុងសណ្ឋាគារ
ខ្មោចក្នុងសណ្ឋាគារ
ខ្ញុំជាអ្នករកស៊ី។ ខ្ញុំឧស្សាហ៍ទៅខេត្ត ហើយជួនកាលទៅជាមួយអ្នករកស៊ីដូចគ្នា ហើយជាប្រុស។ 
រាល់ពេលចុះខេត្ត ខ្ញុំតែងតែស្នាក់នៅមួយយប់។ មិនដែលប្រទះអ្វីផង ស្រាប់តែមួយលើកនោះ ខ្ញុំជួបនឹងខ្មោចលង។ 
រឿងនោះកើតឡើងពេលខ្ញុំទៅរកស៊ីនៅខេត្តបាត់ដំបង។ ខ្ញុំជិះឡានជាមួយនឹងអ្នករកស៊ីជាមួយគ្នា គាត់ជាប្រុស ឈ្មោះសក្តិ។ ខ្ញុំហៅគាត់ថា បងសក្តិ។
ពួកយើងទៅស្នាក់នៅសណ្ឋាគារមួយធំគួរសមដែរក្នុងខេត្ត។ ខ្ញុំដេកបន្ទប់មួយ ហើយគាត់ដេកបន្ទប់មួយជាប់នឹងបន្ទប់ខ្ញុំ។ យប់នោះខ្ញុំដេក។ ជាទម្លាប់ខ្ញុំដេកបិទភ្លើង។ បន្ទប់ងងឹត។ មេឃចុះត្រជាក់។ ទោះបីបើកម៉ាស៊ីនត្រជាក់ត្រឹម២៧អង្សាក៏នៅត្រជាក់។
ខ្ញុំដេកដណ្តប់ភួយជិតត្រឹមក។ ខ្ញុំដេកលក់ទៅហើយ ស្រាប់តែមានអារម្មណ៍ដឹងខ្លួន តែខ្ញុំអត់ទាន់ បើកភ្នែកទេ។ ខ្ញុំអូសបាតដៃស្តាំចុះឡើងនៅក្នុងភួយ។ រំពេចនោះ ខ្ញុំដូចជាយល់ថា បាតដៃខ្ញុំមិនមែនអូសលើពូកទេ គឺដូចជាអូសលើខ្លួនមនុស្ស។
ខ្ញុំភ្ញាក់កន្ត្រាក់ ស្ទុះក្រោកអង្គុយ ហើយរាវចុចបើកកុងតាក់ភ្លើងនៅក្បាលគ្រែ។ ភ្លើងភ្លឺ។ ខ្ញុំបើកភួយមើល។ ខ្ញុំបើកភ្នែកគ្រលួង ដោយភ្ញាក់ផ្អើល។ អត់មានមនុស្សទេ មានតែដំឡូងបារាំងមួយផ្លែ។ 
ខ្ញុំងឿងឆ្ងល់ «អម្បាញ់មិញ អញប៉ះខ្លួនមនុស្សច្បាស់ណាស់ ម៉េចឥឡូវក្លាយទៅជាដំឡូងបារាំងទៅវិញ?» ក្នុងពេលនោះ ខ្ញុំគិតអីមិនចេញទេបានត្រឹមតែឆ្ងល់។ មួយទៀត គឺឆ្ងល់ថា តើដំឡូងបារាំងនេះមកនៅក្នុងបន្ទប់ខ្ញុំដោយរបៀបណា?
ពេលដែលគិតដល់វគ្គនេះ ខ្ញុំបែរជានឹកថា គ្មាននរណាក្រៅពីបងសក្តិឡើយ គាត់ប្រហែលជាចង់លេងសើចនឹងខ្ញុំ ព្រោះគាត់នោះចូលចិត្តលេងសើចណាស់។ ខ្ញុំគិតថា គាត់ប្រហែលជាឱ្យបុគ្គលិកសណ្ឋាគារយកមកដាក់ដើមី្បបន្លាចខ្ញុំ។
គិតដល់ត្រឹមណេះ ខ្ញុំក៏សើច។ ខ្ញុំយកដំឡូងបារាំងទៅបោះចោលក្នុងធុងសំរាមក្នុងបន្ទប់ទឹក។ រួចហើយខ្ញុំបិទទ្វារបន្ទប់ទឹក ទើបត្រលប់មកពូកវិញ។

ខ្ញុំបិទភ្លើងហើយចូលទៅគ្រលំភួយ។ កំពុងតែលក់លីវៗ ខ្ញុំឮសំឡេងនៅក្នុងបន្ទប់ទឹក។ ជាសំឡេងធុងសំរាមរលំដួលទៅលើឥដ្ឋ។
បន្ទាប់មក អ្វីមួយកំពុងតែវារចេញពីធុងសំរាមនោះ។ វាវារមករកទ្វារ។ ខ្ញុំឮសំឡេងទ្វារបន្ទប់ទឹកបើកយឺតៗ។


រួចខ្ញុំឮសំឡេងវារមកកាន់គ្រែរបស់ខ្ញុំ។ ហើយក៏ស្ងាត់ឈឹង។ ថ្វិដ្បិតតែស្ងាត់ តែខ្ញុំហាក់មានអារម្មណ៍ដឹងអ្វីមួយនោះកំពុងស្ថិតលើគ្រែ និងនៅចុងជើងខ្ញុំ។ វាទះពូកខ្ញុំថើៗ។ ខ្ញុំចង់ដឹងថាជាអ្វី ក៏លូកដៃទៅបើកភ្លើងនៅក្បាលគ្រែ...
ម៉ែ!!!
ស្រីម្នាក់អង្គុយលើគ្រែចុងជើងរបស់ខ្ញុំ។ សក់របស់នាងវែងទម្លាក់គ្របមុខមួយចំហៀង។
មួយចំហៀងទៀតចំហឱ្យឃើញភ្នែកដែលធំប៉ុនពងមាន់។ នាងអត់មានច្រមុះ ហើយក៏អត់មានមាត់ដែរ។ ខ្ញុំឃើញនាងមានដៃម្ខាងដាក់លើពូក ហើយដៃរបស់នាងសុទ្ធតែឈាម។

គ្រាន់តែឃើញបែបនេះ ខ្ញុំស្ទុះក្រោកអង្គុយ។ ស្រាប់តែនាងបាត់ខ្លួនយ៉ាងរហ័ស។ ខ្ញុំសម្លឹងមើលជុំវិញ។ ក្នុងបន្ទប់ទទេស្អាត។ ខ្ញុំរាងញ័រ។
នេះជាលើកទីមួយហើយ ដែលបានឃើញនឹងភ្នែកស្រស់ៗបែបនេះ។ ខ្ញុំមិនហ៊ានចុះពីពូកទេ។ ខ្ញុំចូលដេកវិញ តែមិនបិទភ្លើងឡើយ គឺបើកភ្លើងមួយយប់ទល់ភ្លឺ។

ព្រឹកឡើង ខ្ញុំក្រោកមានអារម្មណ៍ធម្មតា។ ខ្ញុំនៅចាំហេតុការណ៍កាលពីយប់។
ខ្ញុំវឹងចុះពីពូកទៅចូលបន្ទប់ទឹក។ ទៅដល់ ខ្ញុំឃើញធុងសំរាមដួល ហើយអត់ឃើញដំឡូងបារាំង ដែលខ្ញុំបោះចោលកាលពីយប់មិញទេ។ ខ្ញុំជឿថា យប់មិញមិនមែនយល់សប្តិឡើយ គឺខ្ញុំបានជួបខ្មោចពិតប្រាកដ។

ខ្ញុំងូតទឹកផ្លាស់ខោអាវ ហើយយកកាបូបខោអាវចុះមកក្រោម។ បងសក្តិកំពុងចាំខ្ញុំនៅកន្លែងទទួលភ្ញៀវ។ ខ្ញុំមិនទាន់និយាយអ្វីទេ។
ពួកយើង check out រួច ទើបឡើងឡាន។ ក្នុងឡាន ខ្ញុំបានប្រាប់គាត់ពីរឿងដែលខ្ញុំជួប។
ឮហើយ គាត់និយាយថា៖
- លក្ខិណាឯងទាល់តែទៅវត្តទើបបាន។

បងសក្តិបាននាំខ្ញុំទៅញ៉ាំអាហារពេលព្រឹកនៅហាងមួយ។ គាត់ប្រាប់ឲ្យខ្ញុំទិញបាយប្រអប់ បន្ទាប់មក គាត់ជូនខ្ញុំទៅវត្តកណ្តាល។
គាត់ស្គាល់ព្រះសង្ឃមួយអង្គនៅវត្តនោះ។ ពេលជិះឡានទៅវត្ត ឡានចេះតែរេចង្កូតម៉េចមិនដឹងទេ។ ខ្ញុំភ័យដែរហ្នឹង តែសរសើរបងសក្តិហើយ ពូកែបើក។ ដៃគាត់ទប់ចង្កូតឱ្យនឹង ហើយគាត់បរតិចៗ រហូតដល់ចូលក្នុងខ្លោងទ្វារវត្ត ទើបឡានឈប់រេ។
បងសក្តិចង់ឲ្យខ្ញុំស្រោចទឹក តែខ្ញុំបដិសេធ ព្រោះអត់មានខោអាវផ្លាស់ ដូច្នេះបានត្រឹមតែប្រគេនចង្ហាន់ ឧទ្ទិសឱ្យខ្មោចស្រីនោះ និងឱ្យព្រះសង្ឃប្រោះព្រំទឹកឱ្យ។

រួចរាល់ ទើបពួកយើងឡើងឡាន។ ឡានអត់រេទៀតទេ។ ពួកយើងជិះត្រលប់មកភ្នំពេញវិញ ដោយ សុវត្ថិភាព។


អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

0 Comments