ខ្មោចចងក

ខ្មោចចងក
©អត្ថបទដោយ ភូ ចរិយា
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ខ្មោចចងក
ខ្មោចចងក
សុផុន ជានិស្សិត។ គេមានមិត្តម្នាក់ឈ្មោះ ដួង។ សុផុន និងដួងជាអ្នកភូមិជាមួយគ្នា។ ពួកគេមករៀនមហាវិទ្យាល័យ ភ្នំពេញ។
សុផុនស្នាក់នៅផ្ទះជួល ចំណែកដួងស្នាក់នៅវត្ត។ ដួង មានទម្លាប់មួយ ត្រូវត្រឡប់មកវត្ត មុនម៉ោង​៤ល្ងាច បើមិនដូច្នោះ គឺដាច់យប់តែម្តង។ សុផុនឆ្ងល់។ គេសួរ តែដួងតែងតែឆ្លើយបង្វែង ឬមិនឆ្លើយតបតែម្តង។ សុផុន សម្រេចចិត្តថា គេនឹងដឹងមូលហេតុឲ្យទាល់តែបាន។


ថ្ងៃមួយ សុផុន បានទៅលេងដួងនៅឯវត្ត ដោយមិនឲ្យដួងដឹងខ្លួន។ ម៉ោង៣កន្លះរសៀល សុផុនទៅដល់ខ្លោងទ្វារវត្ត។ ដោយទ្វារបើក សុផុនក៏ជិះម៉ូតូចូលទៅក្នុងវត្ត។ នៅខាងឆ្វេងដៃ មានបច្ឆាជាង៥០ តាំងនៅ។
ផុតតំបន់បច្ឆា គឺមានដើមស្វាយមួយដើមនៅខាងស្តាំដៃ ហើយនៅខាងឆ្វេង គឺដើមជ្រៃក្រឹម។ ដើមទាំងពីរសុទ្ធតែធំៗ ហើយមែករបស់វាទាំងពីរដុះប្រទាក់គ្នា បង្កើតជាខ្លោងទ្វារធម្មជាតិមួយដ៏ស្អាត។ កុដិរបស់ព្រះសង្ឃ ដែលដួងស្នាក់នៅជាមួយ គឺនៅទល់មុខនឹងដើមជ្រៃ។

សុផុនជិះម៉ូតូតម្រង់ទៅរកកុដិ។ គេចតម៉ូតូនៅក្រោមដើមស្វាយ ចាក់សោកស្រួលបួលហើយ ទើបដើរទៅរកដួង។ ពេលនោះ ដួងកំពុងជូតសំអាតកុដិ។ គេភ្ញាក់ព្រើតពេលឃើញសុផុនបង្ហាញខ្លួននៅមាត់ទ្វារកុដិ។
- ភ្ញាក់ផ្អើលទេ? (សុផុនសួរដួងដោយមុខញញឹម)
ដួងសម្លឹងមកសុផុន ដោយទឹកមុខមួម៉ៅ និងព្រួយបារម្ភ។ គេដើរមកក្បែរសុផុន។
- ឯងមកធ្វើអី?
ដួងមុខក្រញូវសួរទៅសុផុន។
សុផុន តបទៅដួង៖
- ស្អីអ្ហៈ? មកលេងមិនបាន? ចាំបាច់មុខក្រញូវ!
ដួង ចងចិញ្ចើមពោលទៅរកសុផុន៖
- មកលេងស្អីថ្មើរហ្នឹង? ទៅ! ឆាប់ទៅផ្ទះវិញ!
ដួង រុញស្មាសុផុន។ សុផុន ពេបមាត់ដាក់ដួង រួចដើរចូលទៅកុដិ យកប្រដាប់ជូត រុញសំអាតកុដិ។ ដួង ក្រឡេកមើលទៅក្រៅ រួចសួរ៖
- ម៉ូតូឯងទុកនៅឯណា?
សុផុនឆ្លើយ៖
- ទុកនៅក្រោមដើមស្វាយ។
ដួងបើកភ្នែកធំៗ ៖
- ចុះម៉េចមិនយកមកទុកនៅនឹងមុខកុដិ?
សុផុនតប៖
- ចង់ដាក់កន្លែងហ្នឹង! ម៉េចចុះ?
ដួងស្រែកគំហកឲ្យសុផុន៖
- ទៅយកមកដាក់នៅមុខកុដិ! ឆាប់ទៅយកភ្លាម!
សុផុនតប៖
- អត់ចង់!
រួចសុផុនជូតកុដិធ្វើព្រងើយ។ ចំណែកដួងវិញ មុខឡើងក្រញូវ តែមើលទៅមុខរបស់គេហាក់ដូចជាភ័យព្រួយ។ ជូតឥដ្ឋរួច សុផុនយកសៀវភៅធម៌មកអាន។ រីឯដួង គេដើរទៅដើរមកនៅនឹងមាត់ទ្វារ សំឡឹងម៉ោង រួចសំឡឹងទៅម៉ូតូរបស់សុផុន។
សុផុននៅនឹងវត្តរហូតដល់ម៉ោង៦។ គេចង់ទៅផ្ទះ តែដួងឃាត់ឲ្យគេងនៅវត្តមួយយប់។
សុផុនក៏យល់ព្រម ហើយគេបម្រុងនឹងទៅយកម៉ូតូ ដួងក៏ស្រែកឲ្យ៖
- មិនបាច់ទេ! ទុកហ្នឹងហើយ!
សុផុននិយាយ៖
- យកមកទុកនៅមុខកុដិ មានអារម្មណ៍សុវត្ថិភាពជាង!
ដួងឌឺឲ្យ៖
- ឲ្យយកតាំងពីថ្ងៃ មិនព្រមទេ ដល់ថ្មើរណេះហើយ ទុកចោលទៅ.. យើងធានា គ្មានអ្នកណាមកយកទេ។
សុផុនចចេសទៅអូសម៉ូតូពីក្រោមដើមស្វាយ ដើមី្បមកទុកនៅមុខកុដិ ទោះដួងឃាត់យ៉ាងណាក៏មិនព្រមស្តាប់។ 
សុផុនដើរទៅចាក់សោកម៉ូតូ បន្ទាប់មក គេស្រាប់តែប្រទះភ្នែកនឹងមែកឈើដែលស្ថិតនៅលើក្បាលរបស់គេ ឃើញមានខ្សែពួរមួយនៅនឹងមែក ហើយមានកួចជារង្វង់ធ្លាក់ចុះមក្រោមប្រមាណ២តឹក។ ត្រង់ប្រហោងកំណួចនោះល្មមអាចដាក់ ក្បាលមនុស្សម្នាក់ចូលទៅ។ 

ពេលបណ្តើរម៉ូតូមកដាក់មុខកុដិរួចរាល់ សុផុនសួរដួង៖
- ម៉េចមានគេមកចងកហ្នឹងមែន បានជាមានខ្សែ?
ដួងសម្លឹងមើលមុខសុផុន រួចសួរ៖
- ខ្សែស្អី? នៅឯណា?
សុផុនចង្អុលទៅដើមស្វាយ។ ដួងក្រឡេកមើលតាមដៃសុផុន តែគ្មានឃើញស្អីសោះ។ គេក៏ងាកមកវិញ ប្រាប់សុផុនថា៖
- គ្មានស្អីផង ចេះតែស្រមៃម៉ង! ម៉ោះ ទៅរកបាយល្ងាច!
សុផុននៅតែប្រកែកថាមានខ្សែមែន តែដួងអូសដៃសុផុន ចូលទៅចង្ក្រាន ហើយទាំងពីរនាក់ក៏បរិភោគបាយល្ងាច។

ក្រោយបាយល្ងាចរួច ទាំងពីរនាក់អង្គុយជជែកគ្នា រហូតដល់ម៉ោង៨យប់ ទើបដួងយកក្រមា និងខោអាវមួយសម្រាប់ឲ្យសុផុន ហើយប្រាប់ឲ្យសុផុនចូលងូតទឹកមុន។ ពេលសុផុននៅក្នុងបន្ទប់ទឹក ដួងក្រាលកន្ទេល ដាក់ខ្នើយ និងភួយ រួចចងមុង។ ពេលសុផុនចេញពីបន្ទប់ទឹក ដួងរៀបកន្លែងគេងរួចល្មម។
មុននឹងចូលងូតទឹក ដួងបានប្រាប់ឲ្យសុផុនចូលមុងមុន។ សុផុនឆ្លើយអឺ តែគេនៅឈរសម្លឹងតាមកញ្ចក់ទ្វារ មើលទៅខ្សែពួរដែលនៅលើដើមស្វាយ។ ចម្លែកណាស់ ខ្សែនោះលូតវែងជាងពីល្ងាច ថែម២ តឹកទៀត។ ម៉េចអ៊ីចឹង?
សុផុន ក៏បើកគន្លឹះទ្វារ ដួង ចេញមកទាន់ ក៏ស្រែកសួរ៖
- ឯងចង់ធ្វើអី?
សុផុនងាកមក ហើយប្រាប់ដួង៖
- យើងចង់ទៅមើលខ្សែនោះ ព្រោះកាលពីល្ងាច យើងឃើញខ្លី តែ...
- ទៅធ្វើស្អី?
ដួងនិយាយបណ្តើរ ប្រឹងមើលទៅដើមស្វាយ អត់ឃើញអ្វីសោះ ដួងក៏អូសដៃសុផុន
- តស់ ចូលដេក! ចាំស្អែកចាំទៅមើលក៏បានដែរ។

សុផុន និងដួងវែកមុងចូលរួចប្រះខ្លួនដេកទាំងពីរនាក់។ មិនយូរប៉ុន្មាន ដួងក៏ស្រមុកខុរ។ ចំណែក សុផុនវិញ ដេកមិនលក់សោះ។ គេចេះតែរសាប់រសល់។ សុផុនប្រឹងសម្ងំ រហូតដល់លក់លីវៗ ស្រាប់តែឮសំឡេងខ្យល់... សុផុនបើកភ្នែកយឺតៗ។ គេក្រោកអង្គុយ។ សុផុនបើកភ្នែកពាក់កណ្តាលបិទពាក់កណ្តាល។ គេបើកមុង រួចចេញពីមុង ដើរទៅកាន់ទ្វារ បើកគន្លឹះ ហើយដើរចេញទៅ ដោយចំហទ្វារ។ 

ព្រឹកព្រលឹមស្រាងៗ ដួងឮសំឡេងអ៊ូអែ។ គេក្រោកចេញទៅក្រៅកុដិ ឃើញព្រះសង្ឃជាច្រើនអង្គកំពុងរោមមើលដើមស្វាយ ហើយអង្គខ្លះឈរនៅមុខកុដិ កំពុងជជែកគ្នា និងចង្អុលទៅដើមស្វាយ។ ដួងសម្លឹងពីកុដិទៅដើមស្វាយ ស្រាប់តែគេបើកភ្នែកធំៗ ស្ទុះរត់ទៅ ព្រមទាំងស្រែកភ្លាត់សំឡេង។ ដួងរន្ធត់ចិត្តណាស់។ សុផុនចងកនៅនឹងមែកស្វាយ។ ខ្លួនរបស់គេយោលយោក ជើងផុតពីដី ហើយភ្នែកទាំងគូបើក និងមានអណ្តាតលៀនចេញមកប្រមាណកន្លះចង្អុលដៃ។

សមត្ថកិច្ចបានស៊ើបអង្កេតដោយហ្មត់ចត់ សន្មតថា សុផុនសម្លាប់ខ្លួន។ គ្មាននរណាដឹងពីមូលហេតុទេ។ សូមី្បតែដួងក៏មិនច្បាស់ដែរ ដូច្នេះមានតែប្រាប់ថា អត់ដឹង។ សពសុផុនត្រូវបានគ្រួសារមកទទួលយកទៅបូជានៅឯស្រុក។ ដួង បានទៅចូលរួមបុណ្យរហូតដល់ចប់បុណ្យ៧ថ្ងៃ ទើបគេត្រឡប់មកភ្នំពេញ។

ពេលដួងជិះឡានក្រុងមកវិញ ដួងដេកលក់លីវៗលើឡាន។ ពេលនោះ គេហាក់ឃើញសុផុនកំពុងអង្គុយលើឡានក្បែរគេ។ ដួងបើកភ្នែកភ្ញាក់កន្ត្រាក់។ គេសម្លឹងមើលអ្នកអង្គុយក្បែរ គឺជាអ៊ំប្រុសម្នាក់ គាត់កំពុងនិយាយទូរស័ព្ទ។ ដួងរាងព្រឺៗ។ គេអង្គុយស្ងៀម សម្លឹងមើលទិដ្ឋភាពតាមផ្លូវ។ ទៅដល់កន្លែងឈប់ ដួងទិញទឹកប៉ូវកម្លាំងពីរបីកំប៉ុង។ គេផឹក ដើមី្បកុំឲ្យងងុយដេក។ 

ម៉ោង៣រសៀល ដួងទៅដល់វត្ត។ គេគាល់បម្រើព្រះសង្ឃ ដូចធម្មតា។ ប៉ុន្តែដួងចេះតែមានអារម្មណ៍​ចម្លែកណាស់។ គេយល់ថា ដូចមានមនុស្សម្នាក់នៅក្បែរគេ។ មួយទៀត ដួងសម្លឹងមើលទៅដើមស្វាយ។ ដួងនៅចាំពាក្យរបស់សុផុន ដែលថា ឃើញខ្សែពួរមួយនៅលើនោះ។

សុផុនគ្មានបញ្ហាអីទេសូមី្បតែផ្លូវចិត្ត ឬវិបត្តិស្នេហាក៏គ្មានដែរ ហេតុដូច្នេះ គេគ្មានមូលហេតុត្រូវទៅសម្លាប់ខ្លួនទេ។ ពេលគិតសុផុន ស្រាប់តែដួងរាងត្រជាក់ៗនៅក្រោយខ្នង។ គេងាកមើលក្រោយ គ្មានឃើញអ្វីទេ។ ដួងរាងព្រឺចម្លែក។ គេក៏ឈប់គិត ហើយប្រញាប់ទៅចង្ក្រានហូបបាយល្ងាច រួចចូលដេក។ កំពុងតែលក់ ស្រាប់តែមានខ្យល់ត្រជាក់បក់មក... ដួងដឹងខ្លួន។

គេរងា។ គេចង់ទៅយកអាវមកពាក់មួយជាន់ទៀត។ គេក៏ក្រោកអង្គុយ បម្រុងនឹងបើកមុង ស្រាប់តែឃើញសុផុនអង្គុយនៅលើ​កៅអី​ផ្តៅទល់មុខមុងរបស់គេ។ ដួងភ្ញាក់ព្រើត ស្រែកវ៉ាស៖
- អាផុន! ឯងមកធ្វើអី? ឯងកុំធ្វើបាបយើងណា៎!
ដួងវារទៅកៀនមុង។ សុផុនអង្គុយលើផ្តៅសម្លឹងមកដួង។ ភ្នែករបស់គេរាងធំជាងមុន មុខរបស់គេសស្លេក។ សុផុនស្លៀកពាក់ខោអាវរបស់ដួង ដែលឲ្យគេខ្ចីផ្លាស់នៅយប់នោះ។ ដួងមើលទៅឃើញខោរបស់សុផុន តែមិនឃើញជើងទេ។ សុផុននិយាយមកកាន់ដួងដោយសំឡេងបង្អូសៗ៖
- យើងមកនេះចង់សួរឯង។
ដួងតបទៅសុផុនទាំងសំឡេងញ័រ៖
- ចង់សួរអី សួរមក។
- ហេតុអីឯងមិនប្រាប់យើងថា នៅលើដើមស្វាយនេះមានខ្មោច។ គេស្លាប់ដោយចងក។ ឯងមិនព្រមប្រាប់យើងទេ ធ្វើឲ្យយើងក្លាយទៅជាអ្នកជំនួសគេ។
ដួងស្តាប់ឮហើយក៏និយាយ៖
- យើងធ្លាប់ប្រាប់ឯងហើយ ថាកុំឲ្យមកវត្តចាប់ពីម៉ោង៤ល្ងាច តែឯងមិនព្រមស្តាប់យើង។ យើងប្រាប់ឲ្យឯងយកម៉ូតូមកទុក នៅមុខកុដិ តែឯងនៅតែរឹង។
- ទេ! ឯងមិនបានប្រាប់យើងឲ្យច្បាស់ទេ។ បើឯងបកស្រាយប្រាប់យើង យើងមុខជាមិនឆ្ងល់។ បើយើងមិនឆ្ងល់ យើងមុខជាមិនចង់ដឹង។ បើយើងមិនចង់ដឹង យើងមុខជាមិនមកទីនេះ។ បើយើងមិនមកទីនេះ យើងក៏មិនស្លាប់ដែរ។
- ឲ្យយើងប្រាប់ឲ្យច្បាស់ម៉េចទៀត! ប្រាប់ប៉ុណ្ណេះ ឯងគួរតែកាត់យល់បានហើយ! នៅលើដើមស្វាយនេះ មានខ្មោចមែន តែយើងមិនដឹងថា គេស្លាប់ដោយសារអីទេ។ ពេលយើងចូលមកទីនេះ ព្រះតេជគុណក៏មានបន្ទូលប្រាប់យើង ហើយថែមទាំងប្រាប់ទៀតថា កុំនិយាយពាក្យអីផ្តេសផ្តាស ហើយកុំចូលវត្តពេលម៉ោង៤។
- គេស្លាប់ដោយសារចងក។ យើងឃើញខ្សែពួរនោះ។ យើងប្រាប់ឯង តែឯងមិនព្រមជឿយើងទេ។
- យើងអត់ឃើញខ្សែពួរទេ។ អត់ឃើញមែន! យើងពិតអត់ឃើញមានអីសោះលើដើមនោះ។
- ពិតមែនអ្ហ៊ែៈ?
- ពិតមែន!
- ជួយយើងផង! គេមកហៅយើងឲ្យទៅទីនោះ ហើយគេក៏ឲ្យយើងស្លាប់ ដើមី្បចាំដើម ចំណែកគេ គេទៅចាប់ជាតិបាត់ហើយ។
និយាយតែប៉ុណ្ណេះ សុផុនក៏រលាយខ្លួនបាត់។ ដួងឮសំឡេងបើកទ្វារក្រាក។ ដួងក្រឡេកមើលទៅឃើញព្រះសង្ឃយាងចេញពីបន្ទប់។ លោកមកសួរនាំដួង ដួងក៏ប្រាប់ការពិតគ្រប់យ៉ាងដល់ព្រះអង្គ។ លោកស្តាប់រួច ក៏ឲ្យដួងដេកវិញទៅ ចាំស្អែកចាំលោកចាត់ចែង។ 

ស្អែកព្រឹក ព្រះសង្ឃប្រមាណជាង១០អង្គបានមកសូត្រធម៌ជុំវិញដើមស្វាយ។ បន្ទាប់មក លោកក៏ឲ្យគេកាប់ដើមស្វាយនោះចោលទៅ។ ព្រលឹងរបស់សុផុនបានរួចខ្លួនហើយទៅកាន់សុគតិភព។

អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

0 Comments