ក្រែមខ្មោច

ក្រែមខ្មោច 
©អត្ថបទដោយ ភូ ចរិយា
©រូបភាពដោយ អាច្រូច
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ក្រែមខ្មោច
ក្រែមខ្មោច
ម៉ោង១១ និង១នាទីយប់។
មេឃងងឹត។
ណាវីចាកចេញពីការិយាល័យ។ នាងធ្វើដំណើរលើផ្លូវដ៏សែនស្ងាត់ ដើមី្បទៅផ្ទះរបស់នាង ដែលស្ថិតនៅចម្ងាយ៥០០ម៉ែត្រពីអគារការិយាល័យ។ យប់នេះត្រជាក់ណាស់។
តាមផ្លូវបំភ្លឺដោយចង្កៀងដែលស្ថិតលើបង្គោលថ្មដ៏សែនខ្ពស់។ ដើរបាន១០នាទី ណាវីឈប់ង៉ក់ ហើយសម្លឹងមើលជុំវិញខ្លួន។ នាងនឹកក្នុងចិត្ត «ហេតុអីបានជាខ្ញុំមកដល់ទីនេះ?» វាមិនមែនជាផ្លូវទៅកាន់ផ្ទះរបស់នាងទេ។ 
ណាវីគិតក្នុងចិត្ត «តើមានរឿងអ្វីកើតឡើង? ខ្ញុំវង្វេងផ្លូវឬ? មិនអាចទេ។»
នាងមើលទីតាំង។
នាងមិនស្គាល់កន្លែងនេះទេ។
ទីនេះជាផ្លូវទ័ល។
ជុំវិញនាងជាជញ្ជាំងថ្ម មានផ្លូវតែមួយគត់ គឺស្ថិតនៅស្តាំដៃរបស់នាង។ ណាវីដើរទៅតាមផ្លូវនោះ។
នាងចេះតែដើរទៅ។ យូរទៅ ផ្លូវនោះដូចជាផ្លូវក្នុងរូងភ្នំអ៊ីចឹង។ នាងត្រូវដើរឱនៗ។

ប្រមាណជា៥នាទី ទើបនាងចេញផុតពីផ្លូវនោះ។ នាងមើលឃើញមេឃ មើលឃើញអគារការិយាល័យរបស់នាងនៅមុខ។ ណាវីសប្បាយចិត្តណាស់។
នាងដើរសំដៅទៅអគារ ស្រាប់តែប្រទះឃើញហាងមួយ។ ហាងនោះមើលទៅដូចជាទើបបើកថ្មី។

តាមពិតនាងចង់ទៅផ្ទះ តែមានអ្វីមួយមកបណ្តាលឲ្យជើងរបស់នាងដើរទៅរកហាងនោះ។ 
ទៅដល់មុខហាង ណាវីបើកទ្វារចូលទៅ។
- សូមស្វាគមន៍។ (នារីចំណាស់ម្នាក់ពោលមកកាន់នាង)
ណាវីញញឹមតប។ ណាវីដើរមើលក្នុងហាង។ ហាងនេះតូច។
ក្នុងហាងលក់តែក្រែមលាបបបូរមាត់។ ក្រែមទាំងនោះគ្មានម៉ាកទេ ប៉ុន្តែពណ៌វាស្អាតៗណាស់។
- តើខ្ញុំអាចសាកបានទេ? (ណាវីសួរទៅអ្នកលក់)
- បាន។ 
អ្នកលក់ញញឹមតប ព្រមទាំងបង្ហាញកញ្ចក់ដែលដាក់នៅតុ។ ណាវីយកក្រែមមកលាបលើបបូរមាត់ រួចឆ្លុះកញ្ចក់មើល។
ក្រែមនេះពណ៌ក្រហមស្រស់ដូចជាឈាម។ ណាវីស្រលាញ់ក្រែមពណ៌ក្រហម។
នាងសួរទៅកាន់អ្នកលក់៖
- ថ្លៃប៉ុន្មានដែរ?
- ២០ ០០០ រៀល។
- ធូរថ្លៃម៉្លេះ។
នាងមិនគិតច្រើន លូកដៃចូលកាបូបរួចយកលុយហុចទៅឲ្យអ្នកលក់។
អ្នកលក់ទទួលប្រាក់ ព្រមទាំងញញឹមនិយាយអរគុណ។
រួចហើយ ណាវីចាកចេញពីហាង។
នាងបានទៅដល់ផ្ទះ។ នាងចូលដេកភ្លាម ដោយមិនបង្អង់។
ព្រឹកថ្ងៃបន្ទាប់ នាងក្រោកពីដេក រៀបចំខ្លួនទៅធ្វើការ។
នាងបានលាបក្រែមដែលនាងទិញពីយប់មិញ។ 
ពេលនាងទៅដល់ការិយាល័យ មិត្តរួមការងារនារីៗបានសរសើរពណ៌ក្រែមរបស់នាងថាស្អាត និងជាប់បានល្អ។
ពិតប្រាកដណាស់។ មិនថានាងញ៉ាំអាហារ នាងផឹកទឹកក៏ដោយ ក៏ពណ៌ក្រែមមិនរលុបដែរ។
ពេលល្ងាច នាងចេញពីធ្វើការ។ ដោយសារតែជាថ្ងៃសុក្រ ដូច្នេះនាងក៏សម្រេចចិត្តទៅមើលកុន។
នាងទៅម្នាក់ឯង។ នេះជាទម្លាប់របស់នាង។ ទៅដល់រោងកុន នាងទៅទិញសំបុត្រ។
រួចហើយនាងទិញពោតលីង និងកូកា។
ដល់ម៉ោងបញ្ចាំងហើយ ណាវីចូលទៅកាន់សាល។ អ្នកហែកសំបុត្រនិយាយមកកាន់នាង៖
- មានតែបងម្នាក់ប៉ុណ្ណោះថ្ងៃនេះ។ 
ណាវីមិនមាត់ ដើរចូលទៅក្នុងសាល។ នៅក្នុងនោះមានមនុស្សច្រើនណាស់។ នាងនឹកក្នុងចិត្ត «មានតែខ្ញុំអ្ហ៊ែៈ? បុគ្គលិកហ្នឹងឆ្កួតហើយ។»

រួចនាងទៅរកកៅអីរបស់នាងដែលស្ថិតនៅជួរទី៣ ម្តុំកណ្តាល។ នាងបិទទូរស័ព្ទ។ កុនចាក់បញ្ចាំងហើយ។ គ្រប់គ្នាមើលដោយស្ងៀមស្ងាត់។
ពេលដែលកុនកំពុងបញ្ចាំង ណាវីដូចជាមានអារម្មណ៍ត្រជាក់។ មួយទៀត នាងចេះតែមានអារម្មណ៍ថាក្នុងសាលនេះដូចចម្លែកៗ ជាពិសេសគឺអ្នកមើល។ ណាវីងាកទៅអ្នកអង្គុយខាងស្តាំនាង។ នាងភ្ញាក់ព្រើត..
គេជានារី ហើយនាងលាបក្រែមពណ៌ដូចនាងបេះបិទ។
ណាវីងាកទៅមើលអ្នកអង្គុយខាងឆ្វេងវិញម្តង។ គេជាបុរស គេលាបក្រែមពណ៌ដូចនាងដែរ។ បន្ទាប់មក អ្នកដែលអង្គុយនៅជួរមុខនាង។
ពួកគេមានប្រុសមានស្រី។ ពួកគេងាកមុខមករកនាងព្រមៗគ្នា។
ណាវីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញពួកគេលាបក្រែមពណ៌ក្រហមដូចនាង ជាពណ៌តែមួយ។
នាងស្ទុះក្រោកឈរឡើង ហើយក្រឡេកមើលជុំវិញ។ អ្នកដែលអង្គុយនៅក្នុងសាលបានងាកមករកនាង។ ពួកគេញញឹម។ ណាវីភ័យខ្លាចណាស់។ បបូរមាត់របស់ពួកគេលាបក្រែមក្រហមដូចក្រែមលើមាត់របស់នាង។

ណាវីញ័រអស់ទាំងខ្លួន។ នាងប្រឹងទប់អារម្មណ៍ ដើរកាត់មនុស្សមួយជួរកៅអី ទៅរកផ្លូវចេញ។
ចេញផុតហើយ នាងដើរយ៉ាងលឿនតម្រង់ទៅរកផ្លូវចេញពីសាល។
អ្នកហែកសំបុត្រឃើញនាង។ គេហាក់ភ្ញាក់ផ្អើល ព្រោះកុនទើបចាក់បញ្ចាំងបានបន្តិចប៉ុណ្ណោះ។
ណាវីមិនមាត់អ្វីទេ។ នាងប្រញាប់ប្រញាល់ចេញផុតពីសាល រួចដើរទៅរកបន្ទប់ទឹកភ្លាម។
ទៅដល់បន្ទប់ទឹក នាងឈរមុខកញ្ចក់ ដោយយកដៃជូតក្រែមពីមាត់។ មិនចេញទេ។ ក្រែមនៅតែជាប់ សូម្បីតែបន្តិចក៏មិនចេញដែរ។ នាងយកទឹកមកលាបលើបបូរមាត់ ហើយជូតម្តងទៀត។ ក្រែមជាប់នឹងដៃនាង។ ប៉ុន្តែក្រែមលើបបូរមាត់នៅតែដដែល។ ណាវីលាងដៃនឹងទឹក។ ពណ៌ក្រែមបានក្លាយជាឈាម ហូរទៅតាមទឹកចូលទៅក្នុងបំពង់បង្ហូរទឹកកន្លែងលាងដៃ។ ឃើញដូច្នេះ ណាវីខ្លាចជាខ្លាំង។

នាងប្រញាប់ចាកចេញពីរោងកុន ធ្វើដំណើរទៅរកហាងលក់ក្រែម តែរកមិនឃើញសោះ។ ទីតាំងដែលនាងសម្គាល់ថាជាទីតាំងរបស់ហាង គឺជាដីទំនេរស្អាត មានតែស្មៅដុះ អត់មានឃើញហាងទេ។
ណាវីរន្ធត់ក្នុងចិត្ត។ បែបនេះ នាងរឹតតែភ័យខ្លាច។ នាងប្រឹងដើររកជុំវិញអគារ ក្រែងលោនាងចាំច្រឡំ។ នាងដើររកតាំងពីល្ងាច រហូតដល់ម៉ោង ១១ យប់។ នាងបានមកដល់ទីតាំងដីទំនេរនោះវិញ។

ម៉ោង១១ និង១នាទី ហាងលក់ក្រែមក៏ប្រាកដខ្លួនឡើង។ គ្រាន់តែឃើញហាង ណាវីសម្រុកចូលទៅភ្លាម។ នារីចំណាស់ដែលជាអ្នកលក់ញញឹមដាក់នាង។
- ខ្ញុំត្រូវការជម្រះក្រែមពីបបូរមាត់ខ្ញុំ។ (ណាវីពោល)
- សុំទោស។ ក្រែមនេះលាងមិនជ្រះទេ។ (អ្នកលក់និយាយ)
- ហេតុអី? (ណាវីសង្ខើញសួរ) តើអ្នកឯងលក់ក្រែមស្អីមកឲ្យខ្ញុំ បានជាមិនអាចលាងជ្រះ?
- នេះជាក្រែមខ្មោច។ (អ្នកលក់ពោល)
- ថាម៉េច?
- នេះជាក្រែមខ្មោចផលិត សម្រាប់ឲ្យខ្មោចប្រើ។
- អ្នកឯងលក់ក្រែមរបស់ខ្មោច?
- ចាស៎។ ហើយក្រែមនេះមិនអាចលាងជ្រះទេ។ 

ឮសម្តីរបស់អ្នកលក់ ណាវីសែនរន្ធត់ក្នុងចិត្ត។ នាងដើរថយក្រោយដោយតក់ស្លុត។
ពេលនោះ មានស្រមោលខ្មៅមួយលេចឡើងនៅពីក្រោយនាង។ ណាវីបែរមើល ឃើញស្រមោលនោះលាបក្រែមពណ៌ក្រហមដូចនាងដែរ។

អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

0 Comments