ជំនាងកន្លែងធ្វើការ

ជំនាងកន្លែងធ្វើការ
©អត្ថបទដោយ ភូ ចរិយា
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់


ខ្ញុំសុំនិយាយរឿងជំនាង តែមិនមែនជំនាងផ្ទះទេ គឺជំនាងកន្លែងធ្វើការ។ កន្លែងធ្វើការខ្ញុំមានអគារ២។ អគារ១បែរមុខមកផ្លូវចូលហៅថា អគារធំ។
អគារ១នៅខាងស្តាំដៃ ពេលចូល ទៅហៅថា អគារតូច។ អគារធំមាន៣ជាន់ គឺផ្ទាល់ដី ជាន់ទី១ និងជាន់ទី២។
ខ្ញុំនៅជាន់ទី២ បន្ទប់ទល់មុខជណ្តើរ។ ឡើងទៅដល់ ឃើញទ្វារបន្ទប់ខ្ញុំហ្នឹងតែម្តង។ ជាន់នីមួយៗ មានជំនាងប្រចាំ។ សុទ្ធតែស្រី។

ជំនាងកន្លែងធ្វើការ
ជំនាងកន្លែងធ្វើការ
ខ្ញុំសូមនិយាយពីជំនាងជាន់ទី២មកមុន។ គាត់ចំណាស់ តែមិនមែនចាស់ទេ។ ស្លៀកពាក់រាងបុរាណ អាវដៃបំពង់វែង ស្លៀកក្បិន ជួនកាលស្លៀកសំពត់បត់។ មហាកំពូលរបៀបរបប ចូលចិត្តស្អាត។

ក្រោយពេលអ្នកអនាម័យបោសហើយ ខ្ញុំត្រូវសម្អាតមួយតង់ទៀត លើទូ លើតុ តាមគែមបង្អួច-ទ្វារជាដើម។
ដោយសារតែបែបនេះ ទើបគាត់ចូលចិត្តខ្ញុំ។ បន្ទប់នេះអង្គុយ៣នាក់ តែគាត់មករកតែខ្ញុំហ្នឹង។ ម៉្យាងគ្នាខ្ញុំ២នាក់ទៀតនោះឧស្សាហ៍ចុះខេត្ត។ គាត់មិនមែនមកអាក្រក់ទេ គាត់មកល្អ ហើយតែងជួយខ្ញុំជានិច្ច។
ពេលគាត់មកម្តងៗ មិនដែលឱ្យខ្ញុំព្រឺសម្បុរ ខ្លាចអីនោះទេ។

ពេលមួយនោះ ខ្ញុំត្រូវគេទម្លាក់កំហុស។ ខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំអង្គុយក្នុងបន្ទប់រហូត។ រាល់ដង ខ្ញុំញ៉ាំទឹកច្រើន។ ថ្ងៃនោះsadពេក អត់បានញ៉ាំ ដល់ថ្ងៃត្រង់រាងក្តៅខ្លួនស្ទិញៗ ក៏ដាក់កៅអីបន្តគ្នា បិទចាក់សោទ្វារបន្ទប់ ហើយដេកលើកៅអី ដោយយកកាបូបធ្វើខ្នើយ។
ពេលនោះ ខ្ញុំបានឃើញគាត់ មកឈរនៅខាងក្បាលខ្ញុំ ហើយយកដៃអង្អែលក្បាលខ្ញុំថ្នមៗ។
បន្ទាប់មក ខ្ញុំក៏ដេកលក់ស្កប់ស្កល់។

ពេលក្រោកវិញ ខ្លួនមានកម្តៅធម្មតា។ ថ្ងៃមួយទៀត ជាថ្ងៃសុក្រ។ ខ្ញុំអង្គុយធ្វើការក្នុងបន្ទប់។
ខ្ញុំធ្វើការរហូតដល់ភ្លេចម៉ោង ជ្រុលដល់ម៉ោងជិត៦ល្ងាច។
ខ្ញុំប្រញាប់ប្រញាល់រៀបចំកាបូប រួចចេញពីបន្ទប់។ អ្នកនៅកន្លែងចេញស្ងាត់អស់រលីង មិនដឹងចេញតាំងពីថ្មើរណា។

រាល់ដង មានប្រុសៗនៅបន្ទប់ផ្សេងៗ គេនៅដល់យប់ តែថ្ងៃនោះមិនដឹងម៉េចចេញទៅអស់។ ខ្ញុំចាក់សោបន្ទប់ បម្រុងនឹងចុះមកក្រោម តែពេលមកដល់កាំជណ្តើរ ខ្ញុំឮសំឡេងមនុស្សប្រុសសើច និងឡូឡា។ គឺជាងជួលជុលទ្វារ។
មេឱ្យមកជួសជុលទ្វារចូលអគារធំ។ ខ្ញុំរាងខ្លាច គឺខ្លាចមនុស្ស មិនមែនខ្លាចខ្មោចទេ ដោយសារតែធ្លាប់ឮព័ត៌មាននោះអី។

ខ្ញុំរារែក មិនដឹងគួរចុះឬមិនចុះ។ ពេលនោះ ខ្ញុំស្រាប់តែមានអារម្មណ៍ថា មានដៃមួយមកចាប់កដៃរបស់ខ្ញុំ ព្រមទាំងនិយាយ៖ - កុំខ្លាច។ ចុះមក។ 
បន្ទាប់មក ដៃនោះក៏អូសខ្ញុំចុះ។ ប្រហែលជាអ្នកមិនជឿទេ ខ្ញុំក៏សឹងតែមិនជឿដែរ។ ជើងរបស់ខ្ញុំចុះយ៉ាងលឿនញាប់ស្មេញ។
ហើយខ្ញុំហាក់មិនអាចគ្រប់គ្រងខ្លួនឯងបាន គឺបណ្តោយឱ្យគេអូសចុះមក។
ត្រឹម២វិនាទីប៉ុណ្ណោះ ខ្ញុំចុះជណ្តើរជាង៥០កាំ និងមកដល់មាត់ទ្វារអគារតែម្តង។ ខ្ញុំដឹងខ្លួន ពេលខ្ញុំមកដល់ទ្វារនោះឯង។

ខ្ញុំរាងដូចភាំងៗ ក្រឡេកមើលជុំវិញ។ ខ្ញុំអត់ឃើញជាងណាម្នាក់សោះ តែសំឡេងសើច និងឡូឡាឮ។ រំពេចនោះ ខ្ញុំបានឮសំឡេងល្វើយៗក្នុងត្រចៀកខ្ញុំ ដឹងថាជាសំឡេងរបស់ជំនាង។
គាត់ប្រាប់ថា គាត់បានដេញជាងទៅកន្លែងផ្សេងហើយ ឈប់ខ្លាចទៅ ហើយប្រញាប់ទៅផ្ទះចុះ។
មិនបាច់គិតច្រើនទេ ខ្ញុំដើរយ៉ាងលឿនចេញពីអគារ ទៅរកចំណតឡាន។
ពេលខ្ញុំចាក់សោទ្វារឡាន ខ្ញុំក៏ឃើញជាង ៣-៤ នាក់ កំពុងអង្គុយផឹកស៊ីនៅរបៀងអគារតូច។
«អូ! តាមពិត គាត់ធ្វើឱ្យជាងទាំងនោះប្តូរមកកន្លែងនេះទេតើ។»

ព្រឹកថ្ងៃសៅរ៍ ខ្ញុំទៅវត្ត ប្រគេនបាយសាច់ជ្រូក និងទឹកក្រូចដល់ព្រះសង្ឃ ដោយឧទ្ទិសឱ្យជំនាង។ តាំងពីថ្ងៃនោះ ខ្ញុំ និងគាត់រាងជិតដិត។
គាត់តែងមកប្រាប់ខ្ញុំ បើសិនជាមានគេចង់រករឿង។ និយាយទៅ រាងបានសុខច្រើន បន្ទាប់ពីរាប់អានជាមួយគាត់។
គាត់ចិត្តបាន និងមិនចេះទាមទារទេ។ ខ្ញុំចង់សែនក៏បាន ចង់ទៅវត្តឧទ្ទិសឱ្យគាត់ក៏បាន។ និយាយពីសែនវិញ ចង់អុជធូបក៏បាន មិនអុជក៏បាន។ គាត់អត់ប្រកាន់ទេរឿងហ្នឹង។ ប៉ុន្តែខ្ញុំធុញនឹងគាត់ម៉្យាង។ គឺរឿងមើលវីដេអូយូធ្យូប។
ការងាររបស់ខ្ញុំ គឺទទួលឯកសារមកស្កេន និងរៀបចំទុកដាក់ឯកសារ។ យូរៗទើបមានឯកសារមក។ ការងារប្រចាំ ធ្វើរាល់ថ្ងៃ គឺលេងហ្គេម និងមើលយូធ្យូប។
យូធ្យូបគឺបើកជាប្រចាំ ជាពិសេសពេលបាយថ្ងៃត្រង់។ ញ៉ាំបណ្តើរ មើលបណ្តើរ។ ដូចដឹងស្រាប់ហើយ គាត់អ្នកបុរាណ ហើយប្រពៃណីទៀត។

មួយថ្ងៃៗ គាត់មកឱ្យខ្ញុំចាក់តែល្ខោនបាសាក់ យីកេ និងអាយ៉ៃ។ បើចាក់អាយ៉ៃ គ្រាន់ខ្លះ តែល្ខោនអី.. និយាយត្រង់ចុះ មិនមែនមិនចូលចិត្តមើលទេ តែមិនអាចមើលរាល់ថ្ងៃឡើយ។
គាត់វិញអត់ទេ ចូលចិត្តណាស់ល្ខោន។ មើលមិនចេះធុញ។ សុំប្តូរចាក់ចម្រៀងស៊ិន ស៊ីសាមុត ក៏អត់បានដែរ។ បើមិនល្ខោន យីកេ។ បើមិនយីកេ អាយ៉ៃ។
បើមិនអ៊ីចឹង បែកទៅចាប៉ីដងវែង។ ហើយមិនមែនឱ្យដាក់កាសទេ គឺបើក speakers។ អ្នកដែលចូលបន្ទប់ខ្ញុំ គេសើចគ្រប់គ្នា។ គេឌឺថា៖
- ស្អីអ្ហៈ!
នៅក្មេងសោះ ស្តាប់ចាប៉ី។ ខ្ញុំគ្មានអីតបទៅគេទេ បានត្រឹមតែញឹមៗ។ ទោះយ៉ាងណា គាត់យល់ពីយើងដែរ។
បើខ្ញុំមានការងារត្រូវធ្វើ គាត់អត់មករំខានទេ។ ទាល់តែទំនេរ ជាពិសេសពេលម៉ោងបាយថ្ងៃត្រង់ ហ្នឹងបានគាត់មក។
ទៀងម៉ោងតែម៉ង។ គ្រាន់តែបិទទ្វារចាក់សោឆាច់ ងាកមក ឈរចាំហើយស្រេច។ គិតសភាពមើលទៅ គាត់សុខចិត្តឈរ ធ្វើម៉េចឱ្យតែបានមើល។ យូរទៅ អាណិតគាត់ ខ្ញុំក៏យកកៅអីមួយមកដាក់ក្បែរកៅអីខ្ញុំ ឱ្យគាត់អង្គុយ កុំឱ្យចុកជើង។ បានប៉ុណ្ណេះ អរនោះអរ។ មុខញញឹមពព្រាយ។ ហើយឱ្យតែបានមើល ពឹងអីក៏ព្រមដែរ។ 

ថ្ងៃមួយសាកល្បង ពឹងគាត់ឱ្យជួយរឿងលុយ ព្រោះប្រាក់ខែបើកយឺត។ ពឹងលេងហ្នឹងណា៎ តែគាត់​ជួយ​មែន។ នៅសុខៗ មេខាងហិរញ្ញវត្ថុឡើងមកប្រជុំជាមួយមេធំ ស្រាប់តែគោះទ្វារបន្ទប់ខ្ញុំ ហើយហុច​លុយ​ឱ្យខ្ញុំ១០ ម៉ឺនរៀល។ ខ្ញុំស្ទើរតែមិនជឿទេ។ អរចង់ប្រកាច់។ ទិញទឹកក្រូចយកមកសែនគាត់ដែរ។

តាំងពីហ្នឹងមក ខ្ញុំឧស្សាហ៍សុំណាស់ តែកុំយល់ច្រឡំ ពេលសុំហ្នឹង អត់ដាក់កំណត់ទឹកលុយទេ ហើយក៏អត់កំណត់កាលបរិច្ឆេទដែរ។
ភាគច្រើនលឿន សុំព្រឹកល្ងាចបាន ហើយមិនបានច្រើនទេ ១០ម៉ឺន គឺចំនួនច្រើនជាងគេបំផុត។ បើអាទិត្យណាសុំញឹកពេក ម្តងបាន១ម៉ឺន ជួនកាលបាន៥ពាន់។ 
មានល្ងាចមួយ គាត់បានមកប្រាប់ខ្ញុំទាំងមុខស្រងូតថា ខ្ញុំមានគេច្រណែនច្រើនណាស់ ដូច្នេះ​តោង​ប្រយ័ត្នខ្លួន ព្រោះគាត់ជួយខ្ញុំមិនទាន់ទេ។
ខ្ញុំនិយាយនឹងគាត់ថា៖
- ខ្ញុំអត់មានតំណែង ហើយអត់បានប្រយោជន៍អីទេ ស៊ីតែប្រាក់ខែសុទ្ធ ហេតុអីបានជាគេមកច្រណែន​ខ្ញុំ។ 

គាត់និយាយថា មនុស្សគឺបែបនេះ។ ពួកគេមិនទុកចិត្តខ្លួនពួកគេ មិនទុកចិត្តសមត្ថភាពខ្លួនគេ ដូច្នេះចេះតែភ័យខ្លាច ខ្ញុំហ្នឹងថ្ងៃក្រោយឡើងខ្ពស់ជាងគេ ឬបានល្បីជាង។
គាត់ថា គាត់បានតែមកប្រាប់ទេ គាត់មិនអាចជួយអីផ្សេងទៀតឡើយ។ គាត់ក៏ធ្លាប់បង្ហើបប្រាប់ ពីភិនភាគអ្នកដែលប៉ុនប៉ងឈ្នានីសខ្ញុំដែរ។ គាត់ប្រាប់ឱ្យខ្ញុំប្រយ័ត្នអ្នកនោះ។ 

តាំងពីថ្ងៃនោះ ពិតជាសម្បូររឿងមែន។ ដោយសារតែខ្ញុំជាអ្នកទុកឯកសារ ដូច្នេះរឿងភាគច្រើនទាក់​ទងនឹងឯកសារ។
បើនិយាយឱ្យចំ ខ្ញុំគឺអ្នកយាមទូឯកសារ មិនមែនអ្នករៀបចំទុកដាក់ ឬគ្រប់គ្រងឯកសារទេ។ ឯកសារ​ណាដែលគេយកមកឱ្យខ្ញុំ ទើបខ្ញុំស្កេន ថតចម្លង និងដាក់ក្នុង folder។
ខ្ញុំគ្មានសិទ្ធទៅទារឯកសារពីនរណាទេ។ ឯកសារគឺតាមបន្ទប់នីមួយៗជាអ្នកទុកដាក់។

ប៉ុន្តែមានអ្នកយកលេសថា ខ្ញុំធ្វើឱ្យបាត់ឯកសារ។ ពួកគេអត់យកឯកសារមកឱ្យខ្ញុំ តែថាយកមកឱ្យហើយ។ ប្រធានខ្ញុំមិនដឹងជឿខាងណាទេ គាត់មានតែបន្ទោសខ្ញុំ ឱ្យធ្វើការប្រយ័ត្នប្រយែង។
ច្រើនដងពេក ខ្ញុំមួម៉ៅក៏ធ្វើបញ្ជីកត់ត្រាឯកសារចេញចូល។ អ្នកណាយកឯកសារមកឱ្យខ្ញុំ ខ្ញុំឱ្យកត់ឈ្មោះឯកសារ ថ្ងៃខែយកមក ហើយឱ្យស៊ីញ៉េទៀត។
ឱ្យតែហ៊ានថាបាត់ ដឹងតែទាញបញ្ជីយកមកបង្ហាញ។ ធ្វើបែបនេះ គេចផុតពីគេចោទថា ធ្វើឱ្យបាត់ឯកសារ តែត្រូវថ្មោងមួយទៀត គឺគេថា ខ្ញុំឈ្លើយ ព្រហើន និងធ្វើឱ្យរាំងស្ទះដល់ការងារគេ។ ព្រោះអ្វី?
ព្រោះសូមី្បតែឋានៈប្រធានក៏ដោយ ឱ្យតែឯកសារមក ខ្ញុំដឹងតែឱ្យចុះបញ្ជី ខ្លាំងណាស់ ខ្ញុំសម្រួលឱ្យគាត់ស៊ីញ៉េ ហើយខ្ញុំជាអ្នកកត់ឯកសារដោយខ្លួនឯង។
នេះជាអ្វីដែលគេចោទថា ខ្ញុំឈ្លើយ និងព្រហើន។ ឯករណីធ្វើឱ្យរាំងស្ទះដល់ការងារគេនោះ គឺគេថា ដោយសារតែខ្ញុំឱ្យគេចុះបញ្ជី ដូច្នេះគេត្រូវខាតពេល មិនបានធ្វើការងាររបស់ខ្លួនគេ ជួនកាលការងារគេប្រញាប់ ហើយគេរវល់តែកត់តាមខ្ញុំបង្ខំ ធ្វើឱ្យគេមិនអាចសម្រេចការងារ ទាន់ពេលកំណត់។

មានគេប្តឹងខ្ញុំច្រើនណាស់។ បងប្រធានខ្ញុំក៏សម្រេចលែងឱ្យយកឯកសារមកដាក់បន្ទប់ខ្ញុំ។ គាត់រៀប​ចំនៅបន្ទប់គាត់ អ្នកទទួល រៀបចំ និងគ្រប់គ្រងឯកសារ។ នេះមានន័យថា គេបញ្ឈរជើងយើង។
ខ្ញុំដែលខ្វល់ស្អីខ្ញុំ! បញ្ឈរអីបញ្ឈរទៅ! ឱ្យតែមានប្រាក់ខែបានហើយ!
អត់ការងារធ្វើក៏អត់ទៅ! ស្រួល​ផង។ រាល់ថ្ងៃ ទៅមើលយូធ្យូប បន្ទប់មានម៉ាស៊ីនត្រជាក់ អត់អស់ថ្លៃភ្លើង-ថ្លៃអ៊ិនធើណេត។ ប៉ុណ្ណឹងមានន័យណាស់ហើយសម្រាប់ខ្ញុំ។ 

តាំងពីពេលនោះ ខ្ញុំម៉ៅបន្ទប់ហ្នឹងដាច់តែឯង។ ថ្ងៃណាក៏សោយរាជ្យដែរ។ មើលយូធ្យូប ជាមួយជំនាងសប្បាយសឹងអី។ ក្រោយមក ខ្ញុំក៏ទទួលជួយបកប្រែឱ្យមិត្តភក្តិ។ គ្រាន់បានលុយចាយខ្លះ។ ចំពោះរឿង​សុំជំនាងជួយរឿងលុយ ខ្ញុំឈប់ ព្រោះគាត់បានប្រាប់ថា គេនឹងរករឿងខ្ញុំ បើសិនជាខ្ញុំបានលុយ ដោយការយកលេសថា ខ្ញុំអត់ធ្វើការអីផង រឿងអីត្រូវបានលុយ។ ដល់អ៊ីចឹង ខ្ជិល។
អង្គុយស៊ីតែប្រាក់ខែទៅបានហើយ។ ប៉ុន្តែគេមិនឱ្យបានសុខទៀត ដែលខ្ញុំព្រមលះបង់ដល់ថ្នាក់នេះហើយ។

ជំនាងបានមកខ្សឹបថា មានគេប្តឹងខ្ញុំទៅមេទៀតហើយ ពីរឿងយកការងារក្រៅមកធ្វើនៅកន្លែង។ 
មួម៉ៅតិចអីខ្ញុំ! បើថាខ្ញុំបានលុយពីអ្នកក្នុងកន្លែង ហ្នឹងច្រណែនរករឿង ដូចត្រូវបន្តិច តែនេះខ្ញុំរក​លុយពីខាងក្រៅ ក៏ពួកវាមិនព្រមដែរ។
ចង់តែបោកក្បាលនឹងខ្នើយឱ្យក្ស័យទេលោក! អីក៏យ៉ាងនេះ! បងប្រធានហៅខ្ញុំទៅប្រាប់ ឱ្យខ្ញុំឈប់​យកការងារបកប្រែមកធ្វើ។
ខ្ញុំខឹងណាស់ណា៎! ខ្ញុំខឹងមែនទែន! និយាយទៅ ខ្ញុំត្រូវបានតម្រូវឱ្យទៅសំកុកក្នុងបន្ទប់ តាំងពីព្រឹកដល់ល្ងាច គ្រប់៨ម៉ោង ដោយគ្មានការងារធ្វើ អង្គុយតែមុខកុំព្យូទ័រ។ 

ប៉ុណ្ណឹងហើយ នៅមិនត្រូវចិត្តទៀត។ ឮសូរថា ពួកវានិយាយដើមខ្ញុំ ថាខ្ញុំជាមនុស្សអសមត្ថភាព មកមើលតែយូធ្យូប ខាតប្រាក់ខែកន្លែង។ល។ និង។ល។
ក្តៅក្រហាយពេក ខ្ញុំក៏ទៅលេងសៀមរាបជាមួយមិត្តភក្តិ ដោយមិនសុំច្បាប់ ហើយក៏មិនប្រាប់អ្នកណាដែរ។ ខ្ញុំទៅដើរលេង៣ថ្ងៃ។ ឮថាដូចព្យុះសង្ឃរានៅកន្លែង។
មួយណាក៏លើកពីឈ្មោះខ្ញុំ។ ពេលខ្ញុំមកកន្លែងវិញ បងប្រធានហៅខ្ញុំទៅសុតប៉េណាំងទី។
ខ្ញុំទ្រាំអត់បាន ពេលមកដល់បន្ទប់វិញ ខ្ញុំសុំជំនាងឱ្យជួយប្តូរផ្នែកឱ្យខ្ញុំ ហើយទៅនៅផ្នែកណាដែលមានការងារច្បាស់លាស់។ បានដូចចិត្ត។

ប៉ុន្មានថ្ងៃក្រោយមក បងប្រធានហៅខ្ញុំទៅប្រាប់ថា ផ្នែកខ្ញុំ និងផ្នែកនៅជាន់ទី១ ប្តូរមនុស្ស ដោយខ្ញុំត្រូវទៅនៅជាន់ទី១ ហើយខាងជាន់ទី១ ឡើងមកជំនួសខ្ញុំ។
អូខេ! គ្មានបញ្ហា! មកដល់បន្ទប់ ខ្ញុំសែនលាន់ទឹកលាន់ដីជូនជំនាង អុជធូបហុយទ្រលោមពេញបន្ទប់ ហិតផ្សែង២នាក់ជំនាងយ៉ាងគគ្រឹកគគ្រេង។ ខ្ញុំចុះមកនៅបន្ទប់ជាន់ទី១។

ជំនាងជាន់នេះ ជាស្រីក្មេងអាយុ២០ស្តើង សម្បុរស្រអែម តែងងឹតជាងជំនាងលើបន្តិច។ ជំនាងជាន់លើសម្បុរស្រអែមជ្រះ។
ជំនាងលើរមទម ជំនាងក្រោមនេះមិនសុភាពទេ រាងហាច់តិចតួច។ ធ្វើម៉េចគ្នាក្មេង។ គាត់មកបង្ហាញខ្លួនឱ្យខ្ញុំឃើញនៅពេលថ្ងៃត្រង់។
ខ្ញុំឃើញរូបគាត់ នៅក្នុងកញ្ចក់ទ្វារបន្ទប់ប្រធានខ្ញុំ។ ឃើញតែពាក់កណ្តាលខ្លួនខាងលើទេ។ គាត់ពាក់អាវសឺមី មិនដឹងថាស្លៀកខោឬសំពត់ទេ ព្រោះមិនដែលបង្ហាញឱ្យឃើញផង។ ដឹងតែគាត់សក់វែងដល់គូទ និងមុខពងក្រពើ។
ជំនាងក្មេងនេះមិនកាចទេ ហើយក៏មិនខ្វល់អីច្រើនឡើយ។ គាត់ដូចជំនាងលើ២ចំណុច គឺ​បើ​សុំ​ឱ្យ​ជួយ គាត់នឹងជួយ ហើយនិងចូលចិត្តមើលយូធ្យូបដែរ គ្រាន់តែគាត់នេះចំណូលចិត្តរាងប្រហាក់ប្រហែលខ្ញុំ គឺមើលវីដេអូសម័យ ហើយមើលតែរឿង១ភាគចប់។
ឱ្យតែថ្ងៃត្រង់ ម៉ោងបាយ ដឹងតែមកឈរក្បែរខ្ញុំ ហើយឱ្យខ្ញុំបើកវីដេអូឱ្យមើល។ ជំនាងលើសុខចិត្ត​ឈរ ទាល់តែខ្ញុំទៅយកកៅអីមកឱ្យអង្គុយ ទើបអង្គុយ។ ជំនាងនេះប្រាប់តែម្តង។
- យកកៅអីមកបន្តិចមក។ ឈរចុកជើងណាស់។ 
ខ្ញុំត្រូវក្រោកទៅយកកៅអីមកជូន។
- ខិតចូលក្នុងបន្តិចទៅ។ 
ខ្ញុំក៏ខិតកៅអីខ្ញុំទៅកៀកនឹងតុមិត្តរួមបន្ទប់ ហើយដាក់កៅអីគាត់ឱ្យចំពីមុខកុំព្យូទ័រ។
និយាយទៅ មិនដឹងអ្នកណាម្ចាស់កុំព្យូទ័រទេ។ ជំនាងខាងលើដឹងខុសដឹងត្រូវណាស់។
គាត់អត់មករំខានពេលរវល់ ហើយបើបន្ទប់មានមនុស្ស ក៏គាត់អត់មករញ៉េរញ៉ៃដែរ។ ប៉ុន្តែជំនាងក្មេងនេះ គ្រប់ម៉ោង។

ជួនកាលខ្ញុំកំពុងធ្វើការ មករំអុកខ្ញុំឱ្យបើកយូធ្យូបឱ្យមើល។ ហើយនៅគំរាមមិនឱ្យយកកៅអីចេញទេ ទុកនៅហ្នឹង ដើមី្បឱ្យគាត់បានមកអង្គុយមើលវីដេអូ។
និយាយទៅ គាត់ស្ទាវ ដូច្នេះយកតែចិត្តខ្លួនឯង។ ខ្ញុំត្រូវរត់រកកៅអីសល់ មកដាក់ឱ្យ ហើយយកកៅអីទៅសងម្ចាស់គេវិញ។

ថ្ងៃមួយនោះ ខ្ញុំខឹងខ្លាំង។ ខ្ញុំត្រូវបញ្ចប់ការងារឱ្យប្រធាន។ មនុស្សកំពុងនៅពេញបន្ទប់ គាត់បែរ​ជា​មកបង្ខំឱ្យខ្ញុំបើកយូធ្យូបឱ្យគាត់ ហើយចាក់រឿងអីមិនចាក់ ឱ្យខ្ញុំចាក់រឿង១៨បូក ហើយឱ្យ​បើក​speaker​ទៀត។
ខ្ញុំខឹងណាស់។ ខ្ញុំអត់ព្រម។ គាត់អង្គុយនៅកៅអី ហើយគាត់ថា គាត់នឹងអង្គុយឃាំងខ្ញុំមិនឱ្យចេញ លុះណាខ្ញុំព្រមបើករឿងឱ្យគាត់មើល។ ខ្ញុំថា ចង់ធ្វើស្អីធ្វើទៅ ខ្ញុំមិនខ្វល់មិនឱ្យខ្ញុំចេញ ក៏ខ្ញុំមានវិធីយកឯកសារឱ្យប្រធានខ្ញុំដែរ។
ខ្ញុំធ្វើឯកសាររួច ខ្ញុំផ្ញើតាមអ៊ីមែលទៅប្រធាន។ ដល់ឃើញខ្ញុំខ្លាំង អត់ហ៊ានដែរតើ។ សុខចិត្តមកអង្វរវិញ។ ខ្ញុំប្រាប់ថា ខ្ញុំនឹងបើកឱ្យមើល តែចាំម៉ោងសម្រាក និងអត់មានមនុស្ស ទើបបើកឱ្យបាន។ គាត់យល់ព្រម។
ថ្ងៃត្រង់ ម៉ោងបាយ ខ្ញុំរក្សាពាក្យសន្យា បើករឿង១៨បូកឱ្យគាត់មើល។ ខ្ញុំបើកspeaker តែបើកតិចៗ។ ខ្ញុំចាក់សោបន្ទប់ ព្រោះខ្លាចគេបើកចូលមក ជាលក្ខណៈយថាហេតុ ប្រាកដជាស៊យមិនខាន។ 
ជំនាងហ្នឹងអាក្រក់អាក្រីណាស់។ ងប់តែរឿងប្រភេទហ្នឹង។ ឱ្យខ្ញុំបើកឱ្យមើលរាល់ថ្ងៃ។
ហើយខ្ញុំឆ្ងល់ ចេះស្គាល់ចំណងជើងទៀតណា៎! ហើយសុទ្ធតែរឿងអាមេរិក និងកូរ៉េ។ រឿងខ្លះរកអត់មាននៅលើយូធ្យូបទេ។ រកបាននៅវេបសាយផ្សេងៗ។ ដល់អ៊ីចឹង ខ្ញុំដាច់ចិត្តសួរ ទើបបានដឹងរឿង។ 

នៅទល់មុខបន្ទប់ខ្ញុំ ជាន់ជាមួយគ្នា ក្នុងនោះសុទ្ធតែប្រុសៗ។ ពួកគាត់អស់ហ្នឹងទម្លាប់ពេលល្ងាច ផុត​ម៉ោងធ្វើការ ពួកគាត់ផឹកស៊ី មានស្រាមានសាច់ក្លែម ហើយចាក់រឿងអស់ហ្នឹងមើល។
ជំនាងត្រូវដើរតាមគ្រប់បន្ទប់នៅជាន់គាត់កាន់កាប់ ហេតុនេះគាត់ចូលបន្ទប់ទល់មុខហ្នឹង ហើយមើលជាមួយពួកប្រុសៗហ្នឹងដែរ តែគាត់ប្រាប់ខ្ញុំថា គាត់មើលមិនបានពេញរឿង ព្រោះត្រូវដើរត្រួតបន្ទប់ផ្សេងៗ។
ដូច្នេះហើយទើបគាត់មករកខ្ញុំ ឱ្យជួយរករឿងឱ្យគាត់មើល ជាពិសេសគាត់ចង់មើលវគ្គពិសេស។ ខ្ញុំគ្រវីក្បាល។ មិនជឿសោះម៉ងថាជំនាងក៏អ៊ីចឹងដែរ។ 
ដោយសារតែចំណុចមួយហ្នឹង ទើបខ្ញុំអាចពឹងគាត់ជួយរឿងផ្សេងៗ។ ពឹងរឿងលុយ គាត់ជួយមិនសូវបានទេ។ គាត់ក៏ប្រាប់ដែរ គាត់មិនសូវចេះទេ។
ប៉ុន្តែបើពឹងគាត់ទៅស៊ើបការ ហ្នឹងគាត់ជំនាញ។ ភាគច្រើន ខ្ញុំពឹងគាត់ឱ្យស៊ើប តើមានអ្នកណាចង់រករឿងខ្ញុំឬអត់។ ហើយគាត់តែងតែមកប្រាប់មុនពេលរឿងកើតឡើង។ 
និយាយទៅ ពួកអស់លោកអស់អ្នកហ្នឹងមិនព្រមឱ្យខ្ញុំរួចខ្លួនទេ។ ពួកគេនៅតែតាមរករឿងខ្ញុំឥតឈប់ឥតឈរ។ ដូចខ្ញុំប្រាប់ថា ខ្ញុំបានសុំមកនៅផ្នែក ដែលមានការងារច្បាស់លាស់។
ចុះមកនៅជាន់ទី១នេះ ខ្ញុំបានការងារច្បាស់ គឺធ្វើជា MC និងសរសេររបាយការណ៍អង្គប្រជុំ ឬសិក្ខាសាលាជាដើម។
ពេលមានកម្មវិធីផ្ទៃក្នុងតូចតាច គេឱ្យខ្ញុំធ្វើ MC។ ខ្ញុំបានចូលរួមប្រជុំច្រើន សូមី្បតែប្រជុំនៅខេត្ត ព្រោះប្រធានឃើញខ្ញុំចេះសរសេររបាយការណ៍។
ធ្វើ MC ឬចុះខេត្ត គឺបានលុយ មិនច្រើនទេ តែគួរសមដែរ។ ដោយសារតែរឿងលុយ និងខ្លាចខ្ញុំឡើងខ្ពស់ ទើបបានជាពួកគេរកវិធីបំបាក់ខ្ញុំឱ្យហើយ។ 

នៅសុខៗ ខ្ញុំលែងបានចុះខេត្ត។ ប្រជុំផ្សេងៗមិនសូវបានចូលដែរ។ ដល់អ៊ីចឹង ខ្ញុំក៏សុំ សូមី្បតែ MC ក៏ខ្ញុំសុំអត់ធ្វើ។ ខ្ញុំត្រលប់មកកាន់ការងារដើម គឺលេងហ្គេម និងមើលយូធ្យូប។ 
ជំនាងបានមកលួចប្រាប់ថា ពួកគេនោះបានផ្សព្វផ្សាយពាក្យមិនល្អអំពីខ្ញុំ ថាខ្ញុំបោកប្រាស់លុយកាក់គេ នៅមានថា ខ្ញុំមានរោគផ្លូវចិត្ត និងមិនសូវគ្រប់ទឹកទៀត។
មានអី! អស់អារម្មណ៍! ខ្ញុំសុំជំនាងឱ្យប្តូរខ្ញុំទៅផ្នែកផ្សេង ខ្ញុំថា ខ្ញុំមិនចង់នៅអគារនេះទៀតទេ។ លឿនទាន់ចិត្ត..

ខ្ញុំត្រូវបំលាស់ទីទៅកាន់អគារតូច។ ស្តាយដែរ អត់បានជួបជំនាងជាន់ផ្ទាល់ដីរបស់អគារធំ។ ឮថាជាកូនក្មេង អាយុជាង១០ឆ្នាំ។ ធ្វើម៉េចខ្ញុំគ្មាននិស្ស័យ។
ខ្ញុំមកនៅជាន់ទី១ នៃអគារតូច។ ជំនាងបន្ទប់ហ្នឹងប្រុស។ អាយុខ្ទង់៣០ប្លាយ កម្ពស់ប្រហែល១ម៉ែត្រ៧០ សម្បុរស្រអែម រាងមានសាច់បន្តិច។
ខ្ញុំសូមហៅថាប្រុសយ៉ាប់។ គ្មានចិត្តគ្មានថ្លើមទេ លោកអឺយ! មិនដូចស្រីៗគ្នាយើង ជួយគ្នាទៅវិញទៅមក។

ខ្ញុំដឹងរឿង ដែលពួកចាបពួកព្រាបតាមឈ្នានីសខ្ញុំ ដោយសារតែជំនាងស្រីៗនៅអគារចាស់។
តាប៉ិនៅបន្ទប់ថ្មីនេះ គ្មានដែលមកប្រាប់អីទេ។ ខ្ញុំរក្សាទម្លាប់។ ថ្ងៃត្រង់ ញ៉ាំបាយនៅបន្ទប់ មើល​យូធ្យូប។ ជំនាងប្រុសហ្នឹងអត់មកប្រាប់ទេ គឺស្រែកពីហ៊ឹងមកតែម្តង ថាថ្លង់ គាត់ត្រូវការស្ងប់ស្ងាត់។ ដូច្នេះខ្ញុំត្រូវពាក់កាស បើខ្ញុំចង់មើលយូធ្យូប។ ពាក់កាសហើយហ្នឹងណា នៅស្រែកថាថ្លង់ទៀត។

និយាយទៅ គេត្រូវការស្ងប់ស្ងាត់។ ឆ្ងល់ដែរ មិនព្រមទៅធ្វើជំនាងនៅព្រៃទៅ បើចង់ស្ងាត់។
ថ្ងៃត្រង់ បើមិនមើលយូធ្យូប មានអីធ្វើ។ ដូច្នេះមានតែដេក។ ខ្ញុំដាក់កៅអីបត់ពីផ្ទះ មានខ្នើយទៀតផង។
ពេលបាយរួច បើកវានៅចំកណ្តាលបន្ទប់។ ហ៊ឹងជំនាងនៅលើទូឯកសារ កម្ពស់ប្រមាណ១ម៉ែត្រ នៅខាងស្តាំដៃ។ កន្លែងខ្ញុំដេកគឺចំមុខទូឯកសារនោះ តែមានសល់ចន្លោះធំណាស់ អាចដើរបាន។
ប៉ុន្តែតាប៉ិហ្នឹងមិនដឹងម៉េច ស្រាប់តែមកស្តីឱ្យខ្ញុំ ថាខ្ញុំដេកទើសផ្លូវគាត់ដើរ។ ខ្ញុំខិតទៅឆ្វេង គាត់នៅតែមករករឿង។

មួម៉ៅ! ខ្ញុំក៏ទៅដកកៅអីពីតុខ្ញុំដាក់ចេញក្រៅ ហើយដាក់កៅអីបត់នៅក្នុង រួចដេក។ ទាល់តែធ្វើអ៊ីចឹង បានឈប់មករអ៊ូ។ ប៉ុន្តែឈប់រអ៊ូរឿងទើសផ្លូវ មករអ៊ូរឿងបិទភ្លើង។
ពេលដេក គឺបិទភ្លើងហើយ។ គាត់ស្រែកស្តីឱ្យខ្ញុំបើកភ្លើងវិញ។ គាត់ថា៖
- បិទអ៊ីចឹង មើលផ្លូវម៉េចឃើញ។
ខ្ញុំមួម៉ៅ។ រកដេកមិនបានសោះ! ខ្ញុំធ្វើមិនដឹង។ គាត់ខឹងខ្ញុំ គាត់គប់ពីហ៊ឹងគាត់មកតុខ្ញុំ។ មិនដឹងយកស្អីគប់ទេ ឮសូរតែប៉ាំង។
ខ្ញុំអត់ខ្វល់។ គាត់ទ្រាំមិនបាន ក៏ចុះពីហ៊ឹង។ ល្អសើចដល់ហើយ។ គាត់ដាក់ជើងចុះយឺតៗ រាវទម្រាំដាក់ជើងដល់ឥដ្ឋ។

បន្ទាប់មក គាត់យកដៃរាវរកផ្លូវដើរមករកតុខ្ញុំ។ និយាយពីឮសូរតែប៉ាំងនេះប៉ាំងនោះ។ គាត់ដើរបុកជ្រុងតុ។ ដល់ឃើញអ៊ីចឹង ខ្ញុំអាណិត ក៏ចុចកុងតាក់បើកភ្លើងឱ្យទៅ។ បានដូចចិត្តប៉ង ទើបគាត់ព្រមទៅសំងំក្នុងហ៊ឹង។ 
ខ្ញុំក៏ធ្លាប់សែនឱ្យគាត់ដែរ តែសែនហើយ ក៏គ្មានអ្វីប្រសើរ។ និយាយទៅ ពឹងគាត់អត់បានទេ។ គាត់មិនព្រមចេញពីហ៊ឹងទេ។ នៅធ្វើប្រុសគ្រប់លក្ខណ៍នៅហ្នឹង។
ទៅណាបន្ទប់ណាក៏មិនបានសុខដែរខ្ញុំ។ មិនមែនមិនសុខដោយសារខ្មោចទេ គឺមិនសុខដោយសារមនុស្ស។
កាយមិនហត់ទេ តែចិត្តហត់ផងនឿយផង។ ចុងក្រោយ មានតែសុំជំនាងស្រីៗទាំង២ នៅអគារធំ ឱ្យខ្ញុំបានចេញពីកន្លែងហ្នឹង។ គឺឈប់ធ្វើការតែម្តង អត់ប្តូរផ្នែកទៀតទេ។ ហើយបានមែន។ ពួកគាត់​២​នាក់ហ្នឹងជួយខ្ញុំ។
ខ្ញុំដាក់ពាក្យសុំឈប់ ហើយមេក៏អនុម័ត។ 

មុនពេលចេញ ខ្ញុំបានទៅសែននៅជាន់ទាំង២ឱ្យជំនាង។ ខ្ញុំបានអរគុណពួកគាត់ និងលាពួកគាត់។
ពួកគាត់ដូចជាមិនដាច់ចិត្តពីខ្ញុំសោះ តែពួកគាត់នៅតែញញឹមមករកខ្ញុំ។
និយាយទៅ ខ្ញុំមានអារម្មណ៍ថា ពួកគាត់ដូចរស់នៅភពជាមួយខ្ញុំអ៊ីចឹង។
ចំពោះជំនាងប្រុស ខ្ញុំអត់ខ្វល់ទេ។ ខ្ញុំអត់លាអត់អីទាំងអស់។ 

មកដល់ពេលនេះ ទោះបីខ្ញុំឈប់ពីកន្លែងនោះហើយក៏ដោយ ក៏ខ្ញុំនៅតែឆ្លៀតទៅវត្ត ឧទ្ទិសផលបុណ្យទៅឱ្យជំនាងស្រីៗទាំងពីរនោះដែរ។


អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

0 Comments