គាំងឌីស

គាំងឌីស
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

គាំងឌីស
គាំងឌីស
គ្រាន់តែបើកភ្នែកឡើង ស្រាប់តែឃើញអាពាល អង្គុយធ្វើមុខក្រញូវនៅពីមុខខ្ញុំ។ មិនទាន់ហើបមាត់សួរផង អាពាលបូរបាច់ប្រាប់៖
- អ្ហែងមើល ពេលអញត្រូវការជំនួយ គ្មានឃើញក្បាលអាណា១មកខ្វល់នឹងអញសោះ។
- ហើយម៉េចទៅ?
- អញឈឺចិត្ត ឡើងស្អិតស្អីៗហ្នឹងអ្ហា៎។
- អ្ហែងរាងនៅ?
- ចាំមើលសិន។
- អាប្រកាច់។
- អាខ្មៅ អ្ហែងគ្មានចិត្តចង់លួង ចង់លើកទឹកចិត្តអញអីតិចសោះ អានេះ។ 
- លើកទឹកចិត្តអ្ហែងឱ្យអ្ហែងបន្តការភ្លើរបស់អ្ហែងទៀតមែន អាពាល? នេះសំណាងហើយ ដែលអញមិនធាក់អ្ហែងថែម។
- ពេលអញឈឺចិត្ត អ្ហែងកុំមកព្រុសជេរអញថែមទៀតអ៊ីចឹង អាខ្មៅ តិចអញទៅចងកងាប់ឥឡូវ ។
- ម៉េចអ្ហែងមិនទៅ អាភ្លើ! (ខ្ញុំបញ្ជោះវា)

អាពាលដេកបើកភ្នែកភ្លឹះៗនៅក្បែរខ្ញុំ។ វានៅសំងំស្ងៀម។
រាល់ថ្ងៃនេះ ថាខ្ញុំទៅវាភ្លើ វាល្ងង់។
ដល់មកជួបអាពាល វាចង់យ៉ាប់ជាងខ្ញុំទៅទៀត។ អាពាលប្រឹងជួយក្លើៗវាណាស់។ មួយម៉ាត់ណាក៏វាពោលថា «អើជាពួកម៉ាកនឹងគ្នា អញមិនដាច់ចិត្តទេអ្ហា អញធ្វើដូចអ្ហែងមិនកើតទេ អាខ្មៅ!» ។
ឱ្យស្រឡះទៅចុះអ្ហែង អាពាល! កុំមករៀបរាប់ភាពល្ងីល្ងើរបស់អ្ហែង នាំតែឱ្យអញក្តៅ ហើយអញតាមស្អប់ដល់ក្លើម្រាក់អ្ហែងដែរ។
- អាខ្មៅ មួយរយៈនេះ អញដូចឃើញបក្ខពួកអ្ហែងចាស់ៗចូលមកលងអ្ហែង មែនអត់? (អាពាលសួរ)
- អឺ ប្រហែលពួកវាមកស៊ើបមើលថា អញងាប់នៅ?
- អ្ហែងគិតម៉េច អាខ្មៅ?
- អញគិតដូចអ្ហែងអ៊ីចឹង។
- ចុម អញគិតម៉េចអ្ហះ? 
- អើបើអ្ហែងអត់ដឹងផង តើឱ្យអញដឹងយ៉ាងម៉េច បើអញមិននៅក្នុងខ្លួនពួកអស់ហ្នុងផង។ (ខ្ញុំតបធ្វើហី)

អាពាលនៅចង់មកឌឺដងដៀមដាមឱ្យខ្ញុំទៀត។ អ្ហែងចង់ឱ្យពួកម៉ាកអ្ហែងបោកមួយជីវិតក៏បោកទៅ អាពាល!
អញឈប់ខ្វល់រឿងអ្ហែងទៀតហើយ។ កុំថាឱ្យអញអត់ចិត្ត អត់ថ្លើមមិនជួយប្រាប់។ ត្រឹមឆ្កែអង្គែស៊ីដូចអញតាមពួកអាឆ្កែឆ្លាតៗអស់ហ្នឹងមិនទាន់ទេ។ ឈប់ពិតទូលអញទៀតទៅ។
អ្ហែងនៅបន្តឱ្យគេបោកពេញមួយជីវិតទៅ អាខ្មោច!
អញលែងចង់ដឹងចង់ឮរឿងក្លើរបស់អ្ហែងទៀតហើយ! អញចង់សោយសុខលើផ្លូវជីវិតរបស់អញ នៅក្រោមម្លប់ឈើនេះ!
- អ្ហែងនៅសុខមិនបានទេ អាខ្មៅ! (អាពាលប្រាប់)
- ហេតុអី? (ខ្ញុំសួរ)
- ដោយសារតែអ្ហែងនៅមានកិលេសជាមួយអញ អាខ្មៅ?
- អាឆ្កួត!
- ហាស ហាស ហាស...

ខ្ញុំព្រុសជេរវាអស់ជិតមួយព្រឹក។ ហើយនេះរឿងអាពាលសោះ ខ្ញុំចេះក្តៅក្រហាយទៅកើតដែរ ចំមែនអាខ្មៅក្រិប! 
ខ្ញុំជាឆ្កែយ៉ាប់។ ខឹងនឹងរឿងរបស់គេមិនអស់ហើយ ខ្ញុំក៏នឹកឃើញរឿងរ៉ាវចាស់ៗរបស់ខ្លួនឯង។
ខ្ញុំចាក់ឌីស សាចុះឡើងៗ រួចហើយក៏គាំងឌីសជាប់ស្ញេញយ៉ាងតិចក៏មួយអាទិត្យដែរ។

ចាក់ឌីស ឬគាំងឌីសនៅទីនេះ មានតែសណ្តានឆ្កែដូចខ្ញុំទេដែលយល់។
«ចាក់ឌីស»គឺពេលខ្ញុំ Alert រោគចាស់ម្តងៗ។
ហើយ «គាំងឌីស» វិញ គឺថាខ្ញុំនៅព្រុសបញ្ចេញជាតិពុលពីក្នុងខ្លួនខ្ញុំឱ្យធូរចិត្ត។

រាល់ថ្ងៃនេះ វិធីព្យាបាលរោគចាស់របស់ខ្ញុំ គឺខ្ញុំចូលចិត្តសំងំនៅម្នាក់ឯង ក្រោមម្លប់ឈើ។ ខ្ញុំមិនចង់ឃើញឆ្កែដទៃទៀត សូម្បីតែអាពាល...

កាលពីមុន ខ្ញុំត្រឹមតែជាឆ្កែអង្គែស៊ីមួយក្បាល ហើយឥឡូវបន្តុបឋានៈមួយទៀត គឺឆ្កែឯកា។ ហេតុអីក៏ខ្ញុំជ្រើសរើសអ៊ីចឹង? មកពីខ្ញុំឫក ហើយឈ្លើយនោះអី! លេងសើចម៉េចបាន បើប្រវត្តិរបស់ខ្ញុំស្ថិតនៅក្នុងអម្បូរមួយដ៏ខ្ពង់ខ្ពស់ គឺអម្បូរអង្គែស៊ី!


អានក្រុមរឿង «ឆ្កែអង្គែស៊ី»៖
- សួរឆ្លើយតែឯង

Post a Comment

0 Comments