ច្រណែន

ច្រណែន
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់


Written by Dary Heng
ច្រណែន
តាំងពីក្លាយជាឆ្កែព្រៃពេញលេញមក ខ្ញុំមានសេចក្តីស្ងប់ស្ងាត់ច្រើនក្នុងការរស់នៅ។
ក្រៅពីចេញទៅរកឆ្អឹងដើម្បីចម្អែតក្រពះ ខ្ញុំចូលចិត្តហ្វឹកហាត់ជំនាញឆ្មាំដែលខ្ញុំបានរៀនចេះពីអតីតម្ចាស់ខ្ញុំរាល់ពេល។ ខ្ញុំខានខ្វាយខ្វល់រឿងរ៉ាវដែលកើតឡើងនៅក្នុងភូមិហើយ។ ពេលល្ងាច ខ្ញុំតែងទៅ​ងូតទឹកស្ទឹងជាមួយអាពាល នៅជាយព្រៃ។


អាពាលបង្ហាត់ខ្ញុំឱ្យចេះចាប់ត្រីក្នុងស្ទឹង ប៉ុន្តែខ្ញុំចូលចិត្តដេញប្រលែងត្រីច្រើនជាង។ ពីដំបូង ពពួកត្រីខ្លាចខ្ញុំហែលគេចឡើងបះកន្ទុយឆ្កឺត ខ្ញុំសើចក្អាកក្អាយ ដោយបានធ្វើបាបពួកវា។ អាពាលនិយាយ៖
- ម៉េចក៏អ្ហែងមិនរៀនចាប់ត្រីស៊ីអ្ហា?
- ដើរតែរើសឆ្អឹង ដែលគេចោលក្នុងព្រៃស៊ីមិនអស់។ (ខ្ញុំតបធ្វើហី)
- អើ ប្រយ័ត្នតិចទៀត រកឆ្អឹងស៊ីលែងបាន។
- ចាំពេលនោះ ចាំគិតទៀត។
- ឆ្កែដូចអ្ហែង អញកោតតែមានគេច្រណែនដែរអ្ហា។ (អាពាលនិយាយ)
- អាឆ្កួតណាមកច្រណែនអញនោះ អាពាល?
- អើគ្មានអាណាក្រៅពីសន្តានឆ្កែដូចអ្ហែងទេ។
- ងាប់ហើយអ្ហា ស្តាប់ទៅចង់តែសើចឱ្យជ្រុះអាចម៍ទេនេះ។
- អាខ្មៅ អ្ហែងមិនចេះខ្វល់ទេអី?
- ខ្វល់?
- អើ?
- អញទាំងក្រ ទាំងល្ងង់ ហើយអ្ហែងមកបបួលឱ្យអញខ្វល់ទៀត តិចអញឆ្កួតងាប់បាត់។ (ខ្ញុំតបទាំងខឹង)
- អាខ្មៅ ចុះអ្ហែងគិតម៉េចនឹងរឿងគេច្រណែននេះ?
- អើចាំអញចែកអាក្រ អាល្ងង់ទាំងអស់ហ្នឹងឱ្យ មិនបាច់មកប្រឹងច្រណែនអញទៀតទេ។
- ច្រណែនហ្នឹងអ្ហែងមានក្តីសុខនោះអី។
- អ្ហែងឈប់និយាយរឿងអាណាច្រណែនអញទៀតទៅ តែជួយប្រាប់អញតិចមក តើអាឆ្កែមួយណាច្រណែនអញនោះ? 
- មិនបាច់ចង់ដឹងទេ អាខ្មៅ។
- អ្ហែងនេះ បើបង្ហើបមុខទូកគូទ លើកក្រោយកុំមកប្រាប់អញទៀត។
- គឺអញខ្លាចអ្ហែងក្តៅក្រហាយក្នុងចិត្ត។
- ហើយចុះអ្ហែងគិតថា អ្ហែងនិយាយឱ្យអញដឹងប៉ុណ្ណឹង អញស្ងប់ចិត្តមែន?

អាពាលនៅស្ងៀម។ ខ្ញុំចាប់ផ្តើមអន់ចិត្តដែលវាមិនប្រាប់រឿងអាឆ្កែណាច្រណែននឹងខ្ញុំ។ ត្រូវហើយ វាមិន​មែនមានពួកម៉ាកអីតែខ្ញុំទេ វាមានឆ្កែដទៃទៀត ដូច្នេះវាត្រូវរក្សាការសម្ងាត់ដូច្នេះហើយ។
ទោះបីមិនសប្បាយចិត្ត ក៏ខ្ញុំលួចសរសើរនឹងវាដែលមានមាត់ជិតដែរ។

គិតទៅត្រឹមមួយរស់ៗដូចខ្ញុំ នៅមានគេច្រណែនដែរហ្ន៎។ មិនចាំបាច់ច្រណែននឹងខ្ញុំ នាំតែក្រញាញ់ខួរទេ ចាំខ្ញុំមានលោកខែ មានអារថក្រោះជិះ ចាំគិតច្រណែននឹងខ្ញុំចុះ។ ថារស់នៅក្នុងភូមិចុះត្រូវធ្វើខ្លួនបំពេញភ្នែកគេ ហើយចុះរស់នៅក្នុងព្រៃ ស៊ីឆ្អឹង ស៊ីអាចម៍ក្រៀមហើយ នៅមានគេទើស នៅមានគេច្រណែនទៀត អ៊ីចឹងបានថាលើដីនេះមិនមែនរបស់ម៉ែខ្ញុំមែន។

ខ្ញុំហែលបណ្តែតខ្លួនលើទឹក ក្បែរហ្វូងត្រីច្រវ៉ា ទាំងអារម្មណ៍រញ៉េរញ៉ៃ។ ឃើញខ្ញុំនៅស្ងៀម អាពាលក៏​ហែល​មកក្បែរខ្ញុំ រួចសួរ៖
- អ្ហែងកំពុងគិតអី?
ខ្ញុំងាកមើលមុខវាយ៉ាងយូរ រួចក៏នៅស្ងៀមដដែល។ អាពាលសួរខ្ញុំម្តងទៀត៖
- អ្ហែងខឹងអញមែន?
ខ្ញុំងក់ក្បាល។ អាពាលនិយាយបង្វែររឿងផ្សេង៖
- ម្សិលមិញ ខាងសមាគមឆ្កែក្នុងភូមិគេបោះឆ្នោតរើសមេឆ្កែថ្មី។
- ហើយថី?
- គេហៅអញឱ្យចូលរួមបោះឆ្នោតរើសមេនឹងគេដែរ។
- ចុះអ្ហែងទៅអត់?
- អត់។
- អ្ហែងរវល់?
- អត់។
- ហើយអ្ហែងចេះតែពាក្យអត់ហ្នឹងទេ?
- អើ!
ខ្ញុំឈប់ហែល ហើយក្រោកធាក់វាមួយជើង ប៉ុន្តែអាពាលមិនខឹង បែរជាសើចរលាក់ទៅវិញ។ អាពាលសួរ៖
- ចុះគេហៅអ្ហែងចូលរួមទេ?
- អត់់។
- អ្ហែងដឹងថាហេតុអីគេហៅអញទៅប្រជុំទេ?
- អត់។
- គឺគេហៅអញឱ្យទៅធ្វើលេខាកត់ត្រាពេលប្រជុំ។ (អាពាលប្រាប់)
- ហាស ហាស ហាស...
- ហើយអ្ហែងសើចស្អី អាខ្មៅ?
- អញចេះតែសើចទៅ...
- អាឆ្កួត! (អាពាលជេរខ្ញុំ) អញកំពុងតែខឹងពួកអាឆ្កែអស់នោះផង នៅមកសើចឌឺអញទៀត។
- ហើយម៉េចក៏អ្ហែងមិនទៅជេរពួកវាទៅ? មកខឹងអីជាមួយអញ អាប្រកាច់នេះវ៉ី!
- ពេលមានស៊ុប មានឆ្អឹង មានរង្វាន់ គ្មានដែលមានមុខអញទេ តែបើហៅអញទៅប្រើ គឺឈ្មោះអញនៅលើគេ... 
ឃើញខ្ញុំនៅស្ងៀម អាពាលពោលបន្ថែម៖
- ពេលនេះ អ្ហែងយល់ពីអញច្បាស់ហើយមែនទេ? ចុះអ្ហែងគិតម៉េចពីអញ?
- អ្ហែងកាង!
- ស្អីអ្ហា អាខ្មៅ? ហើយចុះអ៊ីចឹង អ្ហែងនៅរាប់អញទៀតអត់? (អាពាលសួរបញ្ជាក់)
- អញឥតដឹងទេ។ អញគ្រាន់តែជាស្រមោលក្នុងកញ្ចក់ទេ បើអ្ហែងបង្ហាញកាយវិការអី អញចាំតែត្រាប់ទេ។ ហើយអញជាឆ្កែពូកែ​គុំបំផុតនូវរឿងរ៉ាវអាក្រក់ៗដែលអញបានជួប។ អញប្រាប់អ្ហែង អញគុំទាល់តែអញងាប់អ្ហា!
- អើ ហើយអញវិញក៏មិនដឹងថា អញនៅតែល្អជាមួយអ្ហែងរហូតដែរ អ្ហា អាខ្មៅ? ចាំពេលណាពេលហ្នុងទៅ! តោះ ឥឡូវ ចូលព្រៃក្រែងបានឆ្អឹងខ្លះទុកលិឍ អ្ហា៎...

ព្រូសចប់ ពួកយើងឈប់លេងទឹក រួចនាំគ្នាចូលក្នុងព្រៃដើម្បីស្វែងរកឆ្អឹង...


អានក្រុមរឿង «ឆ្កែអង្គែស៊ី»៖
- សួរឆ្លើយតែឯង

Post a Comment

0 Comments