ចង្កៀងផ្ទះអ្នកណា ឆេះផ្ទះអ្នកនោះ លេខ១

ចង្កៀងផ្ទះអ្នកណា ឆេះផ្ទះអ្នកនោះ លេខ១
©អត្ថបទដោយ ហេង ដារី ​
©រូបចង្កៀងដោយ សៀត សុភាព
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ចង្កៀងផ្ទះអ្នកណា ឆេះផ្ទះអ្នកនោះ 1
ចង្កៀងផ្ទះអ្នកណា ឆេះផ្ទះអ្នកនោះ 1
យប់មួយ ឆ្អឹងរបស់ខ្ញុំត្រូវបានគេលួច។ ខ្ញុំសោកសៅខ្លាំងណាស់ដែលត្រូវបានគេធ្វើស៊ីដូច្នេះ។ ខ្ញុំប្រឹងព្រុសផង លូផងយ៉ាងគ្រលួចម្នាក់ឯងទាំងមេឃងងឹតស្លុប ក្នុងបំណងឱ្យគេឯងជួយ។ ប៉ុន្តែ ឆ្កែដែលជាពួកម៉ាកខ្ញុំពីមុនៗភាគតិចណាស់ដែលចូលមកសួរនាំ ក្រៅពីនោះពួកវាធ្វើមិនដឹងមិនឮសោះឡើយ។
ដំបូង ខ្ញុំរាងស្លន់ស្លោបន្តិច ដែលបាត់ឆ្អឹងដោយឥតដឹងរឿង។ ខ្ញុំអង្គុយផ្អែកក្បាលនឹងគល់ឈើ ឈឺចិត្តតែម្នាក់ឯង ពេលនោះក៏លេចក្បាលអាពាលរត់មករកខ្ញុំទាំងដង្ហើមដង្ហក់៖
- អាខ្មៅ អាណាគេលួចឆ្អឹងអ្ហែង?
- បើដឹង អញទៅខាំវាងាប់បាត់ហើយ។
- អើចឹង ចាំអញជួយព្រុស ជួយលូអ្ហែងក្រែងរកឆ្អឹងឃើញ។


ខ្ញុំនៅស្ងៀម សម្លឹងអាពាល ដែលប្រឹងចំទាលព្រុស រត់ចុះ រត់ឡើងជុំវិញខ្ញុំ។ ខ្ញុំនឹកអរគុណដល់សន្តានចិត្តអាឆ្កែព្រៃមួយនេះ ដែលមានចិត្តជួយឈឺឆ្អាលខ្ញុំ ទាំងយប់ព្រលប់។ អាពាល និងខ្ញុំទើបស្គាល់គ្នាមិនបានប៉ុន្មានខែផង តែវាហាក់មានទឹកចិត្តឱ្យខ្ញុំច្រើន មិនដូចអាឆ្កែសម្លាញ់ពីមុនៗសោះ ពេលឯងមានទុក្ខ សួរឯងមួយម៉ាត់ក៏មិនសួរផង។ ឃើញខ្ញុំអង្គុយសំកុក អាពាលសួរ៖
- ហើយអ្ហែងកំពុងគិតស្អី ម៉េចមិនជួយលូ អញ?
ឮសម្តីអាពាល ខ្ញុំក៏ស្ទុះក្រោកចំទាលលូកងរំពងព្រៃជាមួយវា។ អាពាលបបួល៖
- តោះ អាខ្មៅយើងចូលភូមិ។
- ចូលធ្វើស្អី?
- ទៅស៊ើបមើល ក្រែងបានពន្លឺខ្លះៗ អានេះ។

តាមផ្លូវ ពួកយើងលូបណ្តើរ ព្រុសបណ្តើរ។ ពេលទៅដល់ភូមិ ក៏បានឮអាឆ្កែស្រុកមួយកំពុងនិយាយជាមួយសម្លាញ់វា៖
- នែ បើចង់ដឹងថាពួកអាឆ្កែព្រៃ វាខាំគ្នាប៉ុណ្ណា អ្ហែងស្តាប់តែសំឡេងចំទាលលូរបស់វាទៅដឹងហើយ។
- តិចលោមានអាណាគេលួចឆ្អឹងរបស់វាទៅ។ (អាឆ្កែមួយទៀតនិយាយ)
- សុទ្ធតែអាពួកមិនចេះចែករំលែក គ្រាន់តែគេយកឆ្អឹងតិចតួច ក៏ស្រែកព្រុសផ្អើលគេពេញភូមិដែរ។
- អ្ហែងលួចឆ្អឹងពួកវាមែន?
- មុខអញហ្នឹងទៅលួចរបស់ពួកអាឆ្កែព្រៃហ្នឹង ឆ្អឹងអញមួយគំនរគរទុកចោល អាណាយក៤-១០ក៏អញមិនខ្វល់ដែរ។
- អើមកពីអ្ហែងលួចរបស់គេដែរ បានអ្ហែងចិត្តល្អហ្នឹង។
- យីអាខ្មោចនេះ អ្ហែងពួកម៉ាកអញ ឬក៏បក្ខពួកអាឆ្កែព្រៃចិត្តកំណាញ់អស់ហ្នឹង!

នឹកក្តៅនឹងសម្តីដៀលរបស់ពួកអាឆ្កែចិត្តល្អមួយនេះ ខ្ញុំស្ទុះហេររត់ចូលទៅ តែត្រូវអាពាលលើកជើងទាក់ ធ្វើឱ្យខ្ញុំប៊ិះនឹងផ្កា់មុខ។ ខ្ញុំងាកឆ្វាច់ រួចនិយាយទាំងក្រេវក្រោធ៖
- ម៉េចបានអ្ហែងមកទាក់ជើងអញ អាប្រកាច់?
- អញដឹងថាអ្ហែងទៅរករឿងពួកអាឆ្កែស្រុកអស់នោះ។
- ហើយម៉េចចុះ? 
និយាយហើយ ខ្ញុំក៏ព្រុសយ៉ាងសន្ធាប់ជាប់គ្នាឥតដាច់សូរ ទាល់តែអាឆ្កែពីរក្បាលនោះបោលចូលទៅក្រោមផ្ទះម្ចាស់វាបាត់អស់ទៅ។ អន់កំហឹងបន្តិច ខ្ញុំក៏ដាក់ខ្លួនអង្គុយជើងពីរ សម្លឹងមើលអាពាលដែលឈរក្បែរ។ អាពាលនិយាយមួយៗ៖
- អ្ហែងទៅរករឿងពួកវាធើស្អី?
- ចុះវាដៀលថា ពួកឆ្កែព្រៃដូចយើងវាខាំគ្នាប៉ុណ្ណានោះ។
- បើវាមានមាត់ឱ្យវាព្រុសទៅ។ (អាពាលនិយាយធ្វើហី)
- អើបើចង្កៀងមិនឆេះផ្ទះវាផង ធើម៉េចវាក្តៅ អ្ហា។ (ខ្ញុំនិយាយ ទាំងខឹង)
- អញចង់ឃើញចង្កៀងឆេះរោមវាវិញ តើវាធើម៉េចដែរ អ្ហា? (អាពាលសួរ)
- ពួកអាឆ្កែចែករំលែកអ៊ីចឹង វាច្បាស់ជាសំងំដេកឱ្យឆេះរោមវាខ្លោចហើយ ព្រោះវាអាណិតចង្កៀង។
- ហាសហា...

ស្ទើតែពេញមួយយប់ ទាំងអាពាល ទាំងខ្ញុំមិនបានដេកពួនសោះឡើយ ព្រោះត្រូវដើររកឆ្អឹងនៅតាមភូមិ។ ពេលមេឃជិតភ្លឺ ពួកយើងក៏វិលត្រលប់មកព្រៃវិញ។ មកដល់ក្រោមដើមឈើដែលជាជម្រកដ៏សែនកក់ក្តៅ ខ្ញុំក៏នឹកឃើញគំនិតមួយ៖
- យើងគិតថា ថ្ងៃនេះ យើងនឹងដាក់ឆ្អឹងមួយទៀត ដើម្បីចាំមើលថា តើអាឆ្កែមួយណាដែលហ៊ានលួចរបស់យើង?
- អឺល្អ អាក្អូន ពេលឃើញក្បាលវាលេចមកពេលណា ចាំអញចាត់ការវា។ (អាពាលនិយាយអះអាង)

ពេញមួយថ្ងៃ ពួកយើងពួនរង់ចាំមើលមុខអាចោរដែលលួចឆ្អឹង។ ប៉ុន្តែគ្មានបានផលឡើយ គ្មានឃើញអាឆ្កែណា អើតក្បាលមកមួយសោះ។ ខ្ញុំនិយាយទាំងអស់សង្ឃឹម៖
- ហ៊ឺយ ឆ្អឹងអញប្រហែលបាត់ទាំងអយុត្តិធម៌ហើយ អាពាល។
- អ្ហែងអត់ទ្រាំតិចទៅ អាខ្មៅ ភ្លាមៗចឹង ពួកអាចោរមិនហ៊ានលេចមុខមកទេ ព្រោះវាដឹងយើងតាមចាប់វា។
- អញឈឺចិត្តណាស់ ឆ្អឹងត្រូវគេលួចហើយ ត្រូវពួកអាឆ្កែស្រុកចោទថាមិនចេះចែករំលែកទៀត។

អាពាលប្រឹងលើកហេតុផលផ្សេងៗមករម្ងាប់ចិត្តខ្ញុំ។ ខ្ញុំស្តាប់ពាក្យវាចេញខ្លះ ចូលខ្លះ ប៉ុន្តែទោះយ៉ាងណាក៏ល្អដែរដែលមានវានៅក្បែរ ពេលខ្ញុំមានទុក្ខដូច្នេះ។ «អាពាល ពេលអ្ហែងមានទុក្ខវិញ អញនឹងតាមជួយអ្ហែងងាប់ចោលអ្ហា» ខ្ញុំគិតម្នាក់ឯង។

សម័យនេះ ពិបាករកពួកម៉ាកដែលមកជួយឈឺឆ្អាលរឿងចង្កៀងឆេះនៅផ្ទះខ្ញុំណាស់។
បើអាពាលល្អជាមួយខ្ញុំដូច្នេះ ខ្ញុំនឹងល្អដាក់វាវិញដែរ។
ទោះបីខ្ញុំជាឆ្កែមិនចេះចែករំលែកក៏ដោយ ក៏ខ្ញុំប្រកាន់យកភាពស្មោះត្រង់ដាក់ក្នុងខ្លួនជានិច្ច។
ហើយភាពស្មោះត្រង់ដែលខ្ញុំមាននេះហើយ ដែលឆ្កែខ្លះបានដៀលខ្ញុំថាជា«ឆ្កែល្ងង់»។

Post a Comment

0 Comments