លង់ស្នេហ៍អ្នកនិពន្ធ 4

លង់ស្នេហ៍អ្នកនិពន្ធ 4 
©អត្ថបទដោយ ហេង ដារី 
©រូបភាពដោយ អាច្រូច 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
 
៤- សាច់ដុំពោះ៦កង់ 
ព្រឹកថ្ងៃអាទិត្យនេះ គ្រាន់តែដឹងខ្លួនឡើង គឺថាត្រជាក់ស្រេងតែម្តង។ នៅខាងក្រៅផ្ទះ ឮសូរសំឡេងខ្យល់បក់ប្រាវៗ ប៉ះនឹងដំបូលសំយាបស័ង្កសី និងដើមឈើនៅខាងមុខផ្ទះ។ ខ្ញុំក្រោកឡើងរាវរកអាវ​រងាមកស៊ក។ 
ខ្ញុំមិនបានដេកននាលចុះននាលឡើងលើពូកដូចរាល់ដងទេ ដោយសារតែត្រូវក្រោកទៅប្រមូលខោអាវបោក តាំងពីមុនម៉ោង៦ព្រឹក។ បើមិនអ៊ីចឹង ថ្ងៃស្អែក មុខតែគ្មានអីវ័ណ្តទៅធ្វើការទេ។ ក្នុងពេលដែលរង់ចាំខោអាវបោករួច ខ្ញុំក៏បោសផ្ទះជូតផ្ទះ ក្នុងពេលនោះដែរ។

លង់ស្នេហ៍អ្នកនិពន្ធ4 ដោយ ហេង ដារី
លង់ស្នេហ៍អ្នកនិពន្ធ​ 4 ដោយ ហេង ដារី

ព្រឹកនេះ ខ្ញុំមិនចង់ទៅជាមួយណារ៉ូ តាមការណាត់ទេ។ ណារ៉ូ ជាពួកម៉ាកមហាជិតដិតជាងគេរបស់ខ្ញុំ។ អញអ្ហែង អញអ្ហែង… ទាំងដែលវាអាយុបងខ្ញុំពីរបីឆ្នាំ។ 
ខ្ញុំ និងវាលើសពីមិត្តភក្តិធម្មតា គឺថាជាងបងប្អូនបង្កើតទៅទៀត។ ខ្ញុំសង្ស័យតែពួកយើងជាបងប្អូន តាំងពីរាប់រយលានជាតិមុនមកក៏មិនដឹង បានជាពួកយើងយល់ចិត្តគ្នានោះយល់។ 
ជាទូទៅ រឿងរបស់វា ហើយនិងខ្ញុំតែងតែលាតត្រដាងប្រាប់គ្នាទៅវិញទៅមកគ្មានសល់។ 
ការពិត ណារ៉ូជាមនុស្សប្រុស។ វាមានរូបរាងខ្ពស់សង្ហា ហើយមានមុខមាត់ស្អាតបាតគួរឱ្យលង់។ 
ប៉ុន្តែគួរឱ្យស្តាយ ដែលពួកម៉ាកខ្ញុំម្នាក់នេះយកប្រុស។ 
ណារ៉ូមិនបង្ហាញអត្តសញ្ញាណជាសាធារណៈថា វាស្រលាញ់ភេទដូចគ្នាឡើយ។ 
នៅមុខគេ មុខឯង គឺថាប្រុសចំតែម្តង។ វាធ្វើចរិតញ៉ិកញ៉ក់ ដាក់តែអ្នកជិតដិតប៉ុណ្ណោះ។ បើនៅជាមួយខ្ញុំវិញ វានិយាយស្តីឆៅឆៅ... 
ប៉ុន្តែវាស្មោះត្រង់ និងចិត្តបានណាស់ ជាមួយអ្នកដែលវារាប់អាន។ 

បោកខោអាវរួច ខ្ញុំយកខោអាវទៅហាលនៅរានហាលមុខផ្ទះ ដោយប្រយ័ត្នប្រយែងបំផុត។ 
បើមិនអ៊ីចឹងទេ មុខតែខោអាវខ្ញុំប៉ើងខ្ទេចប៉ើងខ្ទីអស់ហើយ បើខ្យល់បោកបក់ម្ល៉ឹងៗនោះ។ 

ហ៊ឹម! រួចការងារផ្ទះពីរមុខនេះ គឺថាខ្ញុំធូរមែនទែន។ ខ្ញុំផ្លុំខ្យល់ក្តៅឧណ្ហៗចេញពីក្នុងទ្រូង ដោយរីករាយ។ ខ្ញុំអង្គុយសម្រាក ដោយចុចទូរស័ព្ទមើលម៉ោងមួយភ្លែត។ 
ឃើញម៉ោងទើបតែ៧ព្រឹកជាង ខ្ញុំក៏ទម្រេតខ្លួននៅលើសាឡុង ដើម្បីធ្វើចម្ការ នៅក្នុងហ្គេមរបស់ខ្ញុំបន្តិចសិន។ និយាយពីថាញៀននោះញៀន ហ្គេមមួយហ្នឹង តាមឆ្លៀតលេងនោះលេង នៅពេលទំនេរ។ គ្រាន់តែចូលក្នុង Golden Farm ភ្លាម ខ្ញុំក៏ចាប់ផ្តើមចុចនេះចុចនោះ តាមតម្រូវការរបស់ហ្គេម ដែលដាក់ឱ្យខ្ញុំធ្វើ។ 
យ៉ាហ៊ី! មែនទែនទៅ ខ្ញុំប្រៀបដូចមនុស្សយន្តអ៊ីចឹង ហ្គេមដាក់អី ខ្ញុំធ្វើហ្នឹង ហើយធ្វើតាមដោយសប្បាយចិត្តទៀតផង។ 
ចំណែកការលេងវិញ វាហាក់ដូចជាដដែលៗ គ្មានឃើញអីប្លែកសោះ តែមិនដឹងយ៉ាងម៉េច បានជាខ្ញុំវក់នឹង Golden Farm អីចឹង អត់យល់... ប្រហែល១៥នាទីកន្លងផុត ខ្ញុំបិទហ្គេម។ 

ខ្ញុំអង្គុយសញ្ជឹងគិតថា តើគួរទៅមើលគេហែលទឹកជាមួយណារ៉ូ​ឬក៏អត់? 
ជាទូទៅ ខ្ញុំតែងមិនច្បាស់លាស់នឹងខ្លួនឯង ម្តងចង់ ម្តងមិនចង់។ 
មិនបានទេ ខ្ញុំត្រូវតែចេញទៅក្រៅជាមួយណារ៉ូឱ្យទាល់តែបាន។ 
ខ្ញុំក្រោកដើរទាំងខ្ជិលច្រអូស ទៅក្បែរបង្អួច រួចលាត់វាំងននន អើតមើលទៅក្រៅ។ មេឃនៅតែអួអាប់ ផ្តុំដោយពពកពណ៌ប្រផេះស្ទើគ្រប់កន្លែង ហើយខ្យល់នៅតែបក់បោកស្លឹកឈើប្រាវៗ។ 
ឃើញអាកាសធាតុត្រជាក់បែបនេះ ធ្វើឱ្យខ្ញុំកាន់តែខ្ជិល ហើយមិនចង់ចេញទៅក្រៅសោះ។ 
អត់ទេ យាយ! ឆាប់ទៅរៀបចំខ្លួនភ្លាម ណារ៉ូមកដល់ឥឡូវហើយ! ខ្ញុំនិយាយតិចៗតឿនខ្លួនឯង។ 
ខ្ញុំដើរទៅបន្ទប់ទឹក ប៉ុន្តែខ្ញុំមកឈប់ង៉ក់នៅចង្រ្កានបាយ។ ខ្ញុំចាប់យកកំសៀវ រួចបើកទឹកដាក់ប្រហែលមួយកែវធំ រួចដាក់វាដាំនៅលើចង្រ្កាន។ ខ្ញុំបើកទូយកពែង រួចក៏ឈរធ្មឹងវិញ។ ខ្ញុំទុកពែងវិញ ហើយលើកកំសៀវទឹកចេញ ដោយជំនួសឆ្នាំងខដាក់កម្តៅវិញ។ ខ្ញុំកម្តៅខ និងបបរសទុកខ្លាចផ្អូម។ 
មុននឹង ខ្ញុំបម្រុងនឹងដាំទឹក ផឹកកាហ្វេក្តៅៗ១ពែង ដើម្បីបំបាត់ភាពត្រជាក់។ តែដល់នឹកឃើញ ណារ៉ូដែលជិតមកដល់ ក៏អាក់វិញ។ 
គ្រាន់តែនឹកដល់ ស្រាប់តែណារ៉ូទូរស័ព្ទមកភ្លាម។ ខ្ញុំលើកទទួល៖ 
«អាឡួ!» 
«នែ៎ យើងនៅមុខជណ្តើរផ្ទះវា ឆាប់ចុះមក!» (សំឡេងណារ៉ូនិយាយ) 
«ស្អីគេ?» (ខ្ញុំឧទានទាំងបើកភ្នែកធំៗ) ចាំបន្តិចទៅ គឺថាយើងមិនទាន់រៀបចំខ្លួនហើយទេ។»
«ឱ្យលឿន ហើយឱ្យយើងឡើងលើផ្ទះវាឬអត់?» 
«បើចង់ឡើងមក» 
«អ៊ីចឹង ម៉ូតូយើងទុកនៅណា?» 
«បើវាលីរួច លីឡើងមក ព្រោះផ្ទះយើងនៅជាន់ទី១ទេ។» 
«ស្រីឆ្កួត!» 
ខ្ញុំបិទទូរស័ព្ទ ទាំងយកដៃខ្ទប់ត្រចៀក ដោយសារសំឡេង ណារ៉ូ។ 
មិនបង្អង់យូរ ខ្ញុំប្រញាប់ចូលបន្ទប់ទឹក ដើម្បីលុបលាងមុខ និងដុសធ្មេញ។ 
មេឃត្រជាក់ដូច្នេះ ខ្ញុំរើសយកខោខូវប៊យ និងអាវរងារដៃវែងមកស្លៀកពាក់។ ដោយខ្លាចណារ៉ូចាំយូរ ខ្ញុំទាញយកគ្រីមផ្តល់សំណើមមកប៉ាតមុខ និងកថ្នមៗ... 
ពេលនោះសំឡេងគោះទ្វារក៏លាន់ឡើង។ ខ្ញុំស្ទុះក្រោកទៅរកទ្វារ។ 
- ម៉េចនាងលីស ក្រោកចេញពីគ្រែបានហើយ? (ណារ៉ូសួរទាំងមុខមាំ) 
- ចូលសិនមក។ ហើយម៉េចមិនលីម៉ូតូមកជាមួយ? 
ណារ៉ូយារដៃប្រុងនឹងខោកក្បាលខ្ញុំ តែខ្ញុំគេចប្រុយចូលក្នុងផ្ទះ ទាំងស្រែកប្រាប់ឱ្យវាបិទទ្វារផង។ 
ខ្ញុំរត់ទៅ លាបឡេការពារកម្តៅថ្ងៃបន្តទៀត។ 
- ងាប់ហើយនាង មេឃត្រជាក់ស្រេង ប្រឹងលាបSunscreenទៀត! (ណារ៉ូស្តីឱ្យខ្ញុំ) 
- កុំចេះ យើងលាបមុខយើងតើ មានលាបមុខវាណា។ (ខ្ញុំតប) 
- អើ កុំបានតែលាប ហើយមិន Reapply នោះ ខូចមុខដដែលហ្នឹង។ 
- ទោះយ៉ាងណាក៏គ្រាន់បើជាងអត់ដែរ។ 
- ចុម! ផ្ទះជួលវា ឡូយជាងខុនដូទៀត! 
- ឡូយ លួយស្អី រកតែលុយបង់មិនចង់បានផង។ 
ណារ៉ូនិយាយបណ្តើរ ដើរមើលផ្ទះជួលខ្ញុំបណ្តើរ។ វានេះហើយជាភ្ញៀវទីមួយ ដែលបានមកជាន់ទីនេះមុនគេ។ កន្លងមកខ្ញុំមិនដែលហៅអ្នកណាម្នាក់សោះឱ្យមកស្គាល់ផ្ទះនេះ សូម្បីតែប្អូនស្រីខ្ញុំ ក៏មិនទាន់ស្គាល់ដែរ។ 
- ស៊ីអីហើយឬនៅ នាងលីស? 
- យើង Fasting។ 
- សុទ្ធតែឆ្អឹង ប្រឹង Fast ទៀតនាង។ 
- ចុះវា ស្ទើរឡើង១០គីឡូមិនថា។ 
- នែ៎រាងគេឡើង Miss grand មកថាគេស្ទើរគីឡូ។ 
- តស់ រួចហើយ! 
ខ្ញុំនិយាយទាំងលើកម្រាមដៃបក់មុខរវិចៗ ដើម្បីឱ្យឡេកម្តៅថ្ងៃឆាប់ជ្រាបចូលស្បែកមុខលឿនៗ។ 

ខ្ញុំដើរទៅរកម៉ាស់ និងអាល់កុល។ 
- ហើយនៅពាក់ម៉ាស់ធ្វើស្អីទៀត នាង! (ណារ៉ូនិយាយ) 
- កូវីដមិនទាន់ផុតពូជឯណា យើងចេះតែការពារទៅ បើឈឺ គ្មានអ្នកណាមើលទេ នៅម្នាក់ឯងផង។ (ខ្ញុំតប) 
- រកប្រុស១ទៅ! 
- មិនយកទេ។ 
- ថី? 
- ខ្លាចវាដណ្តើម។ 
- ចែកគ្នាប្រើខ្លះទៅហ្រ្វែន ហេសហេ... (ណារ៉ូនិយាយទាំងផ្ទាត់ក្បាលខ្ញុំប៉ិកៗ) 
- អត់។ 
ខ្ញុំកៀសដៃវាចេញ រួចនាំគ្នាចេញទៅ។ មកដល់ម៉ូតូ ខ្ញុំសួរ៖ 
- ឯណាកាហ្វេ យើង? 
- ខ្ជិលទិញ ចាំចូលផឹកនៅហាងម៉ងទៅ។ 
- ហ៊ឺយ បើមនុស្សឃ្លានវិញ ច្បាស់ជាដាច់ខ្យល់ងាប់មិនខាន។ (ខ្ញុំរអ៊ូ ទាំងមុខក្រមូវ) 
- តស់ឡើងម៉ូតូទៅ ជិតដល់ម៉ោងហើយ។ 
ណារ៉ូតឿន ទាំងហុចមួកសុវត្ថិភាពឱ្យខ្ញុំ។ រៀបនឹងឡើងម៉ូតូហើយ ស្រាប់តែក្រឡកឃើញម៉េងហុង អ្នកនិពន្ធ ដើរចេញពីផ្ទះកាត់មុខខ្ញុំ។ ខ្ញុំរៀបញញឹមពីក្នុងម៉ាស់ដាក់គេ ជាការគួរសម ស្រាប់តែគេដើរឆ្កុយ ធ្វើដូចជាមិនឃើញខ្ញុំ។ 
ស្អីគេ? ល្ងាចមិញ និយាយរកគ្នាសោះ។ 
- ហើយនៅ? (ណារ៉ូងាកក្រោយសួរ) 
ខ្ញុំងក់ក្បាលបណ្តើរ ឡើងជិះពីក្រោយណារ៉ូបណ្តើរ។ ណារ៉ូនិយាយបន្តឮៗ ប្រជែងនឹងសំឡេងម៉ាស៊ីនម៉ូតូ៖ 
- យើងទៅក្លឹបម៉ងទៅ។ 
ខ្ញុំនៅស្ងៀម រួចតោងចង្កេះវា។ ពេលនោះ ណារ៉ូងាកមកសួរខ្ញុំ ដោយធ្វើមាត់ម្ហបៗម្តងទៀត។ 
- អីគេ? ថាម៉េច? 
ខ្ញុំសួរតបឮៗវិញ ព្រោះហ៊ឹងនឹងសំឡេងម៉ូតូ។ ណារ៉ូទាញក្បាលខ្ញុំទៅផ្អឹបនឹងមាត់វា រួចនិយាយ ទាំងបូញមាត់៖ 
- អ្នកណាគេនោះ? 
- អ្នកណា? (ខ្ញុំឆ្ងល់ ទាំងងាកមើលតាមមាត់ទារបស់វា) អូ៎... ម៉េងហួយ កូនប្រុសម្ចាស់ផ្ទះ។ 
- សង្ហាឡើងឈាមស្អីៗ... (ណារ៉ូពោលទាំងរំភើប) 
- ឈាមស្អី? (ខ្ញុំឆ្ងល់) 
ណារ៉ូទាញក្បាលខ្ញុំទៅកៀកនឹងវាម្តងទៀត រួចនិយាយជីបអូចៗ ទាំងភ្នែកតាមសម្លឺងកូនប្រុសអ៊ីទូចមិនដាក់ភ្នែក។ 
- ហាស ហាស ហាស... ថ្មីរហូតនាងនេះ! 
ខ្ញុំផ្ទុះសំណើចឮៗ នឹងពាក្យខ្សឹបចំអាសចំអូងរបស់ណារ៉ូ។ 
- ឈ្មោះអីគេ? ម៉េងហួយ? រូបស្អាតសន្លប់ ហើយឈ្មោះដូចឡប់អ៊ីចឹង។ (ណារ៉ូនិយាយ) 
- គេឈ្មោះ ម៉េងហុង ទេ តែយើងហៅ ម៉េងហួយ។ 
- នាងឡប់នេះ! ម្នាក់នេះ អញសុំ។ 
- អញមិនមែនអាណាព្យាបាលគេទេ។ 
- តែវាស្គាល់គេ ជួយៗអញផងទៅ ហ្រ្វែន។ 
- អត់។ ចង់បានទាក់ទងខ្លួនឯងទៅ។ 
ដោយសារតែជិតដល់ម៉ោងបង្រៀន ណារ៉ូមិនបាននាំខ្ញុំទៅផឹកកាហ្វេទេ។ វានាំខ្ញុំទៅក្លឹបហាត់ប្រាណតែម្តង។ 
មកដល់កន្លែងគ្រូបង្វឹកប្តូរខោអាវ ខ្ញុំសួរ៖ 
- នៅអាងហែលទឹក មានស្រីៗមករៀនដែរទេ? 
- នែ៎! កុំថា វាចង់មើលស្រីវ៉ឺវិញ! 
- ចុះមើលទាំង២ បានអត់? 
- អឺ មើលៗទៅ តែហាមដណ្តើម វ៉ឺយ! 
- អ្ហះ? មានរបស់វានៅហ្នឹងដែរ? 
- ឱ្យតែប្រុសសង្ហា របស់យើងតែទាំងអស់ហ្នឹង។ តស់ ទៅ ហ្រ្វែន! 
ណារ៉ូនិយាយទាំងអូសដៃខ្ញុំឱ្យដើរតាមវា សំដៅទៅកន្លែងហែលទឹក។ 
ខ្ញុំដើរតាមវាដោយគ្មានភាពជឿជាក់សោះ ព្រោះនៅទីនេះ គេស្លៀកពាក់ឈុតហែលទឹក។ 
- អេ៎! ឈប់សិន ហើយគេឱ្យយើងចូលដែរ បើយើងស្លៀកពាក់ជិតលើជិតក្រោមអ៊ីចឹងនោះ? 
- មិនអីទេ! អ្ហែងទៅអង្គុយលើកៅអី នៅជ្រុងនោះទៅ! (ណារ៉ូប្រាប់) 
ខ្ញុំតោងដៃណារ៉ូជាប់ រួចនិយាយទាំងមុខជូរ៖ 
- មើលម្នាក់ឯង ម៉េចសប្បាយ អត់មានអ្នកជួយវែកញែកផង។ 
- យីវែកញែក វែកញួយអី អញទៅបង្រៀនគេហើយ។ 
ណារ៉ូនិយាយបណ្តើរ ទាញដៃខ្ញុំចេញពីដៃវាបណ្តើរ រួចដើរទៅជ្រុងម្ខាងបាត់។ ខ្ញុំនៅងីងើម្នាក់ឯង ដូចនៅកណ្តាលមហាសមុទ្ទអ៊ីចឹង... 
ហ៊ឺយ មិនគួរណាលង់មកជាមួយវាសោះ។ 
ដោយអត់ជម្រើស ខ្ញុំដើរតយង៉យតម្រង់ទៅប៉ៅអ៊ីបត់ដែលណារ៉ូបានប្រាប់។ 
នេះបើបាននីតនីត និងណាណាមកជាមួយមិនដឹងល្អយ៉ាងម៉េចទេ។ ខ្ញុំនេះប៉ប៉ាច់ប៉ប៉ោចបានតែជាមួយអ្នកដែលស្គាល់គ្នាទេ តែបើនៅទីសាធារណៈវិញ គឺឫកទុយមុយមាំជាងសំណង់អង្គរទៀត កុំជោរ។ 

នេះមេឃចាប់ផ្តើមមានពន្លឺខ្លះៗ មិនសូវស្រទំអាប់ ដូចកាលពីព្រឹកទេ។ ប្រហែលមេឃអាណិតអ្នកមកមើលគេហែលទឹកដូចខ្ញុំហើយមើលទៅ។ 
អូ៎! នោះ ណារ៉ូបណ្តើរប្រុសខ្ពស់ៗមាំៗពីរនាក់មកកាន់អាងហែលទឹក ដែលនៅ ជ្រុងម្ខាងពីកន្លែងខ្ញុំអង្គុយ។ 
ហ៊ឺយ! យាយគ្រូនេះ វាឱ្យខ្ញុំមកអង្គុយឡើងឆ្ងាយពីសិស្សវា ហើយឱ្យខ្ញុំមើលម្តេចនឹងឃើញ គឺឃើញតែស្ទុងៗប៉ុណ្ណោះ។ ខ្ញុំគ្រវីក្បាលមួហ្មង អង្គុយមើលអាងទឹកដែលគ្មានមនុស្សហែលសោះនៅក្បែរខ្ញុំ។ 

ប៉ុន្តែមេឃដីមិនអាក្រក់នឹងខ្ញុំពេកទេ ពេលនោះ ខ្ញុំឃើញបុរសម្នាក់ដើរតម្រង់មកអាងទឹក ដែលនៅពីមុខខ្ញុំ។ ហេសហេ អ៊ីចឹងបានថា ភ្នែកខ្ញុំនៅមានភាគរយទទួលបានសំណាងខ្លះដែរ។ 
កំពុងតែអត់មានអីមើលផង ខ្ញុំប្រឹងបើកភ្នែកមើលយកៗ គឺថាមើលមួយទំហឹងពេញភ្នែកតែម្តង នៅពេលដែលគេដើរមកកាន់តែជិត។ 
ដំបូង ខ្ញុំសម្លឹងមើលជើងដែលមានសាច់ដុំធំៗ ណែនតាន់ដូចដុំឥដ្ឋ និងគ្មានដុំខ្លាញ់បន្តិចណាសោះ។ របស់កម្រអ៊ីចឹង ខ្ញុំគយគន់យឺតៗ ហ៊ឹម! ខ្ញុំនៅតែនឹកដល់នីតនីត និងណាណា មែនទែន។ ប្រសិនបើមានពួកវាពីរនាក់ហ្នឹង មិនដឹងថា ពួកយើងវែកញែកដល់ណាដល់ណីទេនេះ។ 
កុំឱ្យបែកព្រលឹង ខ្ញុំអូសភ្នែកមកហួសដល់ក្បាលពោះ។
ងាប់! មើលពោះគេ មិនប្រាប់ក៏ដឹងថា៦កង់ដែរ បើឡើងដូចចង្អើរអាំងសាច់ទៅហើយ។ 
បើទ្រូង និងស្មាវិញ ឡើងហាប់រឹងច្រឺះ ដូចផ្លូវដែលគេបង្ហាប់ហើយពីរបីឆ្នាំមុន។ 
និយាយមែន រាងម្នាក់នេះ មើលហើយ ពណ៌នាដូចទូកងអ៊ីចឹង។ 
រាងឡើង Grade A ប៉ុណ្ណឹងហើយ ចុះទម្រាំមុខវិញសម្បើមប៉ុណ្ណាទៅព្រះអង្គ? 
ខ្ញុំប្រឹងបើកភ្នែកតូចៗរបស់ខ្ញុំ ដើម្បីគយគន់វង់ភក្រ្តបុរសហែលទឹកម្នាក់នេះ...
ប៉ុន្តែ ព្រះអង្គជួយ! គឺ...?!?!

នៅមានត...
ជួយFollow ប្លក់នេះផង ដើម្បីទទួលបានរឿងថ្មីៗទៀត អរគុណ!

អានវគ្គផ្សេងៗទៀត៖

Post a Comment

0 Comments