©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អាច្រូច
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
- ឈុតនេះ ម៉េចដែរ?
- មានអី។ (ខ្ញុំតបទាំងឈ្ងោកមុខ មើលស្រ្គីនទូរស័ព្ទ។)
- ផស់គេយាយ! អ៊ូយ ប្តី! ប្តីទៅណាហ្នឹង?
ខ្ញុំងើបមុខ ហើយងាករកមើលតាមសំឡេងសៅហេ៖
- ណា នៅណា?
- អើ បើអញមិននិយាយអ៊ីចឹង ស្មានតែអ្ហែងដកភ្នែកចេញមកមើលពិភពលោកអ្ហី។
ខ្ញុំតប់ស្មាវាមួយដៃប៉ាំង។ សៅហេស្រែករំអួយ ផ្អើលតូបកាហ្វេរបស់វា។
- ស្រីស្អី ដៃមើលតែកីឡាកាស។
សៅហេនិយាយទាំងសម្លក់ខ្ញុំភ្នែកឡើងលានត្លែ។
ខ្ញុំអស់សំណើចនឹងចរិតញ៉ិកញ៉ក់របស់វា ដែលកំពុងតែអង្គុយស្តាយ Miss Grand ក្នុងសម្លៀកបំពាក់ឈុតកីឡាពណ៌ក្រហម ឆ្នូតស។
សៅហេ ជាឈ្មោះដែលខ្ញុំតែងហៅលេងសើចជាមួយវា តាំងពីយូរលង់ណាស់មកហើយ។
ឥឡូវនេះ អ្នកណាៗដែលស្គាល់វាលើសពី១០០ថ្ងៃ ក៏ហៅវាថា សៅហេ សៅហេ ដូចជាខ្ញុំអ៊ីចឹងដែរ។
តាមពិត សៅហេ មានឈ្មោះផ្លូវការថា ផានូ។
ខ្ញុំឆ្លងពេលវេលា ១ |
សព្វថ្ងៃនេះ ខ្ញុំប្រឹងធ្វើខ្លួនឯងឱ្យរីករាយបំផុត ទាំងដែលខ្លួនឯងជាស្រីមេម៉ាយ ទើបនឹងលែងលះប្តីរួចកាលពីម្សិលមិញ។
ប៉ុន្មានឆ្នាំនេះ ខ្ញុំធុញថប់នឹងជីវិតខ្លួនឯងមែនទែន។ ខ្ញុំចង់សម្រាក តែមិនអាច ដោយសារតែតួនាទីជាម៉ែរបស់ក្មេងប្រុសតូចៗពីរនាក់នៅក្នុងបន្ទុក។
រាល់ថ្ងៃនេះ ខ្ញុំមិនចង់ដឹង ហើយថែមទាំងមិនចង់ឮរឿងរ៉ាវទាក់ទងនឹងជីវិតខ្លួនឯងបន្តទៀតទេ។
ខ្ញុំចង់រស់នៅស្ងប់សុខ។ ប៉ុន្តែអ្វីៗមិនអាចទេ ខ្ញុំមិនចង់ឱ្យម្តាយរបស់ខ្ញុំដែលមានវ័យ៦០ឆ្នាំប្លាយហើយ ជាអ្នកពុនរែកបន្ទុកគ្រួសារជំនួសខ្ញុំទេ។
នៅពេលខ្ញុំស្រ្តេសតិច ឬខ្លាំង ខ្ញុំពិតជាមិនអាចទៅណាបានមែន ក្រៅពីទៅផឹកកាហ្វេ នៅតូបរបស់សៅហេ។
សព្វថ្ងៃនេះ សៅហេ លើសពីពួកម៉ាកទៀត គឺពួកយើងបានក្លាយជាSister នឹងគ្នាហើយ។
គ្រាន់តែដឹងថា ខ្ញុំលែងលះភ្លាម សៅហេហ្រ្វីកាហ្វេឱ្យខ្ញុំផឹកមិនដឹងប៉ុន្មានលីត្រទេ តាំងពីម៉ោង៨ព្រឹកមក។
ខ្ញុំផឹកកាហ្វេដូចគេងូតទឹក គឺថាលើកដាច់ៗ មិនដឹងជាអស់ប៉ុន្មានពែងមកហើយទេ។
សំណាងល្អហើយ ដែលខ្ញុំផឹកមិនដាក់ស្ករ កុំអី៣ឆ្នាំក្រោយ ពេទ្យនឹងហៅខ្ញុំឱ្យទៅកាត់ជើងចោល ដោយសារតែខ្ញុំកើតទឹកនោមផ្អែមនោះអី។
ប៉ុន្តែបើគិតឱ្យដល់បន្តិច ទឹកនោមផ្អែមក៏ល្អម្យ៉ាងដែរ ព្រោះជីវិតខ្ញុំរាល់ថ្ងៃវាប្រៃហួស។
ហ៊ឹម! ទោះជាយ៉ាងណាឱ្យជីវិតប្រៃតែឯងចុះ មិនបាច់យកទឹកនោមផ្អែមមកលួងទេ។
- ហ៎នេះ ផឹក១ប៊ីដុងនេះទៀតទៅ នាងដា យើងខ្ជិលឆុងដាក់ពែង ឬកែវអីទៀតហើយ។
ខ្ញុំងក់ក្បាលអរគុណវា ទាំងស្រូបយកក្លិនឈ្ងុយ ដែលហើរចេញតាមផ្សែងហុយហុយ...
ខ្ញុំខំលាក់ក្លិនឈ្ងុយកាហ្វេ ទុកក្នុងសួតជាសម្ងាត់។
- ផ្អែមអត់? (សៅហេសួរ ទាំងដាក់ខ្លួនអង្គុយទល់មុខខ្ញុំ)
ខ្ញុំងក់ក្បាល។ សៅហេ និយាយទាំងទះក្បាលខ្ញុំមួយដៃ៖
- អ្ហូយ ប៉ិនណាស់នាង ផ្អែមឡើងដូចទឹកស្តៅមែន? នេះយើងឆុងឡើងចង់៥០ Shot អត់ដាក់ស្ករ១គ្រាប់ហើយនៅផ្អែមល្មួតទៀតអ្ហ៊ៃ?
ខ្ញុំនៅស្ងៀម រួចឈ្ងោកសម្លឹងមើលកាហ្វេដែលមានពពុះពណ៌ត្នោតភ្លឺចែងចាំងពណ៌ផ្លេកៗក្នុងកែវអ៊ីណុកភ្លឹះៗ...
ក្បាលខ្ញុំចាប់ផ្តើមធ្ងន់ឡើងៗ ដូចទូលពាងដែលមានទឹកពេញ។ ភ្នែកខ្ញុំចាប់ផ្តើមស្រិមៗ ដូចទើបលេបថ្នាំងងុយគេងរួច ខ្លួនខ្ញុំចាប់ផ្តើមទន់ រកកលនឹងប្រះគេង...
- ផាដា ផាដា អ្ហែងកើតអីហ្នឹង ហ្រ្វែន?
ត្រចៀកខ្ញុំចាប់ផ្តើមហ៊ឹង ឮសំឡេងសៅហេស្រែកហៅខ្ញុំល្វើយៗ។ ខ្ញុំតបតិចៗទាំងអស់កម្លាំង៖
- អញងងុយដេកណាស់ កុំរំខានអញ សៅហេ...
- នាងដា នាងដា! អញអត់ឱ្យអ្ហែងដេកចោលអញទេ ឆាប់ភ្ញាក់ឡើងមកឈ្លោះជាមួយអញភ្លាម ស្រីឡប់...
ត្របកភ្នែកខ្ញុំទាំងគូចាប់ផ្តើមទន់ល្មើយដូចកំប៉េះគូទកូនប្រុសពៅខ្ញុំ។
ខ្ញុំប្រឹងហើបមាត់ម្ហបៗជេរ សៅហេ ដែលរំខានដំណេករបស់ខ្ញុំ។ ខ្ញុំមិនយល់សោះពីវា ឯណាទៅពាក្យដែលវាថា យល់ពីខ្ញុំគ្រប់យាងនោះ សូម្បីតែដេក ក៏វាមិនឱ្យខ្ញុំបានដេកដែរ ស្រីចាស់សៅហេម្នាក់នេះ។
ខ្ញុំរៀបនឹងបិទភ្នែកទៅហើយ ស្រាប់តែសៅហេទះកំភ្លៀងខ្ញុំមួយដៃយ៉ាងដំណំ។ ខ្ញុំប្រឹងបើកភ្នែកព្រឹមៗ បំណងនឹងធាក់វាមួយទំហឹងវិញ...
ប៉ុន្តែរំពេចនោះ ខ្ញុំស្រាប់តែឃើញក្មេងប្រុសម្នាក់ខ្ទង់អាយុប្រហែល១២ឆ្នាំរត់មកសួរខ្ញុំទាំងដង្ហើមដង្ហក់ញាប់ៗ៖
- មីងអើយមីង! ក្តា ដឹងខ្លួនហើយ...
ខ្ញុំខំប្រឹងក្រោកចេញពីគ្រែរនាបឈើទាំងឈឺស្រគាលពេញខ្លួន។ ខ្ញុំយកដៃស្ទាបថ្ពាល់ខាងស្តាំ ដែលនៅឈឺខ្ទោកៗនៅឡើយ។
ខ្ញុំងាកឆ្វេង ងាកស្តាំរកមើលសៅហេ នឹងអាលទៅធាក់វាឱ្យគ្រេចចង្កេះម្តងវិញ ដែលវាហ៊ានទះកំភ្លៀងខ្ញុំអម្បាញ់មិញ។
- នែ៎! អ្ហែងយ៉ាងម៉េចហើយហ្នឹង ក្តា ឮអញសួរអត់?
ក្មេងប្រុសដដែលនៅមកតាមសួរខ្ញុំច្រែតៗស្ទើរតែបែកក្រដាសត្រចៀក។ គេស្លៀកខោខ្លីអាវវាលក្លៀកពណ៌ក្រហមឡើងចែងចាំង ទាស់តែសក់ចងកំប៉ោយទៅក្រោយ ដូចឆ្កួត។
- អ្ហែងពីណាគេ? ម៉េចក៏ត្រប៉ែម៉េះ? (ខ្ញុំសួរតបវិញ)
- អញ... អញគឺ សៅហេ អ្ហា! (ក្មេងប្រុសនោះតបទាំងចង្អុលខ្លួនវា)
- សៅហេ សៅហេ សេ... (ខ្ញុំរកនឹក)
- កុំគន្លាស់! (ក្មេងប្រុសនោះរត់មកខ្ទប់មាត់ខ្ញុំ)
- ផាដា ម៉េចហើយកូន ដេកសិនទៅ កុំទាន់ក្រោកអី។
ខ្ញុំងាកទៅរកសំឡេង ទាំងកៀសដៃក្មេងប្រុសនោះចេញពីមាត់ខ្ញុំ។
អ្ហា៎! គឺមីងវ៉ាន់ណយ មីងអី គឺចែណយ ម៉ែរបស់ខ្ញុំ។
ចុម! ម៉េចក៏ចែណយក្មេងជាងខ្ញុំឥឡូវម៉្លេះ?
ហើយចុះក្មេងប្រុសត្រប៉ែនោះគឺ សៅហេ មែន? ខ្ញុំងាកមើលពួកគេ។ ម្តងមើលចែណយ ម្តងមើល សៅហេ។ ពេលនេះ ខ្ញុំឃើញផ្កាយព្រោងព្រាតជាច្រើនបែកព្រាកៗ នៅចំពីមុខខ្ញុំ។
ខ្ញុំអង្គុយស្ងៀមធ្មឹង សម្លឹងមើលមនុស្សទាំងពីរនាក់ទាំងចម្លែក រួចខ្ញុំងាកមើលទិដ្ឋភាពជុំវិញខ្ញុំទាំងឆ្ងល់ជាខ្លាំង...
កាលពីព្រឹកមិញ ខ្ញុំចាំបានច្បាស់ថា ខ្ញុំបានដើរទៅផឹកកាហ្វេ នៅតូបសៅហេ ប៉ុន្តែពេលនេះ...
ខ្ញុំអត់ឃើញកែវកាហ្វេ អត់ឃើញតូបកាហ្វេ អត់ឃើញយាយប៉ិសៅហេ...
តែបែរជាឃើញនាងតូចសៅហេច្រមិចនេះទៅវិញ? ច្រមិចស្អី? រាងវាដូចគ្រោងដាយណូស័រ។
ហើយនៅឃើញចែវ៉ាន់ណយនៅក្មេងល្ហក់ទៀត?
នេះ! តិចលោខ្ញុំច្រឡំឆ្លងពេលវេលាមកទេដឹង ហេហេ... គេឆ្លងភព ក្នុងរឿង ចំណែកខ្ញុំឆ្លងពេលវេលា ក្រៅរឿង។
អេ៎ឬមួយក៏ខ្ញុំកំពុងយល់សប្តិ?
ខ្ញុំងាកចុះងាកឡើង មើលជុំវិញខ្លួនខ្ញុំម្តងហើយម្តងទៀត ទាំងមិនប៉ប្រិចភ្នែកសោះ។ ខ្ញុំចង់ក្តិចខ្លួនឯងមួយ តែខ្លាចឈឺ។
ពេលនោះ សំឡេងស្រាលស្រទន់មួយបន្លឺឡើង៖
- នេះទឹកដូង ផឹកទៅ ចៅ!
ចុម! អ្នកណាទៀតហើយ ខ្ញុំស្រែកទាំងភាន់ភាំង៖
- យាយ!
- អឺ ផឹកទៅ ចៅ ឆាប់ជា!
ខ្ញុំទទួលផ្លែដូងពីយាយទាំងញ័រដៃទទ្រើក។ នេះខ្ញុំនៅតែបន្តយល់សប្តិមែន?
ខ្ញុំដាក់ផ្លែដូងនៅលើគ្រែ រួចសម្លឹងមើលយាយរបស់ខ្ញុំមិនប៉ប្រិចភ្នែកសោះ។
យាយអង្គុយចុះក្បែរខ្ញុំទាំងញញឹមពព្រាយ។ ខ្ញុំខិតចេញពីគាត់បន្តិច រួចសួរទាំងញ័រមាត់៖
- យាយមែន?
យាយងក់ក្បាល ទាំងយកដៃមកអង្អែលក្បាលខ្ញុំវិញ។
យាយនៅរស់មែន? ខ្ញុំសួរក្នុងចិត្ត ទាំងដែលការពិត យាយខ្ញុំបានស្លាប់ តាំងពី៩ឆ្នាំមុនម្ល៉េះ។
អត់ទេ តើខ្ញុំកើតអីនេះ? ហើយឯណាកូនប្រុសតូចទាំង២របស់ខ្ញុំនោះ? ក្បាលខ្ញុំចាប់ផ្តើមឈឺខ្ទោកៗ ដូចគេដំពីលើដូច្នោះដែរ។
ខ្ញុំប្រះខ្លួនដេកវិញ ហើយប្រឹងធ្មេចភ្នែកឱ្យជិតកុំឱ្យឃើញរូបភាពកាលពីអតីតរបស់ខ្ញុំ។
0 Comments