លង់ស្នេហ៍អ្នកនិពន្ធ 2

លង់ស្នេហ៍អ្នកនិពន្ធ 2
©អត្ថបទដោយ ហេង ដារី 
©រូបភាពដោយ អាច្រូច
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

២- ខ្ចាយទឹកមាត់ 

ខ្ញុំយួរថង់សៀវភៅ ដើរទៅស្តាតអូឡាំពិកដែលជាកន្លែងផ្ញើឡាន។ ពីផ្ទះជួលទៅកន្លែងចតឡានមិនឆ្ងាយប៉ុន្មានទេ ដើរប្រហែលបួនដប់នាទីដល់ហើយ ប៉ុន្តែដើរពេលថ្ងៃត្រង់ដូច្នេះ ខ្ញុំបែកញើសច្រមុះតិចៗ នៅក្នុងម៉ាស។ 
ប្រហែលម៉ោងជិត១រសៀល ទើបខ្ញុំទៅដល់កន្លែងណាត់។ គ្រាន់តែឃើញមុខខ្ញុំភ្លាម ស៊ីថានិយាយស្វាគមន៍រ៉ាវ៖ 
- ម៉េចអ្ហ៎ា មកសាតុមែន អាលីស? 

លង់ស្នេហ៍អ្នកនិពន្ធ 2
លង់ស្នេហ៍អ្នកនិពន្ធ 2

- អាលីសមកចេញលុយហើយ ពួកយើង! (សំណាងប្រកាស) 
- ណាត់ម៉ោង១២ មកដល់ម៉ោង១ អញអើយអញ។ (នីតនីតនិយាយ) 
- ចុះអាណាផ្តាំយើងឱ្យចូលទិញអានេះអ្ហះ? (ខ្ញុំតបទាំងបោះសៀវភៅទៅឱ្យវាព្រូស។) 
- អាណាអត់ផ្តាំទេ តែមីណាជាអ្នកឱ្យទិញវុឺយ! (នីតនីតនិយាយទាំងញាក់ចិញ្ចើមម្ខាងព្រើតៗ) 
- ហាងសៀវភៅនៅក្រោមផ្ទះវាសោះ ម៉េចក៏រអ៊ូច្រើនម្ល៉េះវុឺយ! (ណាណានិយាយ) 
ខ្ញុំនៅស្ងៀម រួចកៀសនីតនីតចេញយកកន្លែងវាអង្គុយ។ នីតនីតទះខ្នងខ្ញុំមួយដៃលាន់សូរឌឹប។ 
ខ្ញុំស្រែកភ្លាត់៖ 
- អូយ ឡើងអួល អាប្រកាច់។ (ខ្ញុំស្រែកភ្លាត់មាត់) 
- ហាស ហាស ហាស... 
ពួកម៉ាកខ្ញុំគ្រប់គ្នាសើចគឹលឡើង។ ពិតជាគ្មានចិត្តគ្មានថ្លើមមែន ពួកអស់នេះ ឃើញឯងជិតដកចង្ការមាន់ហើយ នៅសើចហ៊ោចេញទៅកើត។ 
- Sorry ពួកម៉ាក យើងរាងជ្រុលដៃបន្តិច។ (នីតនីតនិយាយទាំងអង្អែលខ្នងខ្ញុំ) 
- នីតអ្ហះ? អាលីសទិញបានហត្ថលេខារបស់បង វាយោ ទៀត។ អូ៎យ! យើងឡើងរំភើបនេះ។ (ស៊ីថានិយាយឮៗដូចត្រូវឆ្នោត) 
- ឯណា? នៅណា? សុំឃើញបន្តិចមក។ គេដាក់ជូនឈ្មោះគ្នាមែន? (ណាណានិយាយទាំងដណ្តើមសៀវភៅមើលដែរ) 
- ឈប់! យើងមើលសិន... មានឈ្មោះនាងនីត... ចាំយើងអានឱ្យស្តាប់ «អរគុណនីតនីតសម្រាប់ការគាំទ្រស្នាដៃរបស់ខ្ញុំ! ដោយក្តីស្រលាញ់! ខែ វាយោ» (ណាណាអានឮៗ) 
- អូយ! វាយោ ម្ចាស់ថ្លើមថ្លៃរបស់នាងនីត ជប់ ជប់... (នីតនិយាយទាំងថើបអក្សរនៅលើសៀវភៅខ្សឺតៗ) 
ខ្ញុំពេបមាត់ជ្រេញ ជាមួយពួកម៉ាកប្រុសៗប៉ុន្មាននាក់។ 
- អៃ៎! អាលីស! អ្ហែងទិញសៀវភៅនេះដែរហ្អី? (ណាណាសួរទាំងបើកភ្នែកធំៗមករកខ្ញុំ) 
ខ្ញុំជ្រួញចិញ្ចើម រួចសួរតបវិញ៖ 
- ទិញស្អី? 
- សុម៉ាលីស រូបស្ទិកគ័របេះដូង វាយោ!... (ណាណាអានរួច ងាកមកស្រែកចាចៗ ឡើងផ្អើលតុនៅហាងលក់សាច់អាំង) អៃ៎! ចុះឯណាសៀវភៅរបស់យើងអ្ហៈ អាគ្លីស? 
ខ្ញុំភាន់ភាំង ពេលឮសម្តីណាណា។ ខ្ញុំដណ្តើមសៀវភៅពីដៃណាណាមកបើកអានដែរ។ មែន! គឺដូចអ្វីដែលវា និយាយមែន។ 
- ស្អីហ្នឹង? (ខ្ញុំឧទាន) ម៉េចក៏ទៅជាអ៊ីចឹង? ណាណា យើងអត់ដឹងទេ។ ហើយយើងក៏អត់បានទិញសៀវភៅនេះដែរ។ អា៎! យើងនឹកឃើញហើយ... អ៊ីចឹងមានតែអ្នកលក់នោះជាអ្នកនិពន្ធ? 
- អៃ៎! អ្ហែងបានចួបអាយដលយើងទៀត មែនទេ? (ស៊ីថាសួរទាំងបើកភ្នែកធំៗ ដូចឃើញខ្មោច) 
- អ្ហែងចួបបង វាយោ មែន? (ពិសី និងនីតាសួរបញ្ជាក់ព្រមគ្នា) 
- ប្រាប់ភ្លាមមកថាពិតមែន? (នីតនីត និងណាណាតាមឈ្លេចសួរចម្លើយពីខ្ញុំដែរ) 
- ថីហ្នឹង? ពួកឯងកើតឆ្កួតអីហ្នឹង? គ្រាន់តែយើងចួបមនុស្សធម្មតាៗសោះ ម៉េចក៏ផ្អើលដូចជាន់មីនអ៊ីចឹង? (ខ្ញុំគ្រវីក្បាលហួសចិត្ត រួចនិយាយបន្ត) ស្តាប់ឱ្យច្បាស់ យើងចួបអ្នកលក់ ហើយក៏មិនដឹងថាមនុស្សត្រប៉ែនោះជាអ្នកនិពន្ធសំណព្វចិត្តរបស់ពួកឯងដែរ។ ឯណាម្ហូប ហៅហើយនៅ យើងឃ្លានចង់ដាច់ពោះហើយនេះ។ 
- អឺ... ឯងស៊ីចន្ទីបំពងនេះសិនទៅ។ ហើយឯងជួយរៀបរាប់រឿងហត្ថលេខានិងពាក្យស្វ៊ីតៗរបស់បងវាយោ នៅលើសៀវភៅនេះឱ្យយើងស្តាប់ឱ្យអស់មក។ (នីតនីតនិយាយអង្វរករ) 
ដោយមិនចង់ទុកយូរ ខ្ញុំដោះម៉ាស មកបាញ់អាល់កុលរួចបោះចោលក្នុងធុងសំរាម។ បន្ទាប់មក ខ្ញុំក៏បូរបាច់រឿងរ៉ាវមួយៗប្រាប់ពួកម៉ាកស្រីៗទាំងប្រាំនាក់ឱ្យបានយល់គ្រប់គ្នា។ 
ពេលរឿងនិទានចប់ ពួកគេក៏ឧទានឡើងព្រមគ្នា៖ 
- និស្ស័យឱ្យច្បាស់ក្រឡែត ឯងនេះ! 
- និស្ស័យនិសួយស្អីអ្ហៈ! (ខ្ញុំតបទាំងធុញទ្រាន់) 
- ហេតុអីក៏មិនមែនជាគ្នា អ្ហ៊ឺះ អ្ហ៊ឺះ... (ណាណាពោលទាំងពេបច្បែបៗ រួចបោះសៀវភៅរឿងស្រីក្បាលរឹងមកខ្ញុំ) ឯងយកចុះ។ 
- តែឯងអ្នកផ្តាំឱ្យទិញ ឆាប់យកភ្លាម ហើយសងលុយយើងវិញផង។ (ខ្ញុំនិយាយទាំងមួម៉ៅ) 
- អត់! (ណាណាតបធ្វើហី) 
- យាយឯងហ៊ានអ្ហ៎ៈ? (ខ្ញុំលោទៅទះក្បាលណាណា) 
- អត់ខ្លាច! (ណាណានិយាយទាំងគេចទៅម្ខាង) 
- យាយនីតមើលពួកម៉ាករបស់ឯងទៅ! លើកក្រោយ កុំផ្តាំយើងទៀតវុី! (ខ្ញុំនិយាយឡូឡា) 
- ឥឡូវអ៊ីចេះចុះ អាគ្លីសឯងទៅសុំប្តូរឈ្មោះយាយប៉ិឯងមកដាក់ឈ្មោះយើងវិញមក បានទេ? (ណាណានិយាយទាំងញាក់មុខដាក់ខ្ញុំ) 
- បាន តែឱ្យលុយថ្លៃសៀវភៅនេះសិនមក។ (ខ្ញុំយល់ព្រម ទាំងហុចដៃទារ) 
- ឯងច្បាស់ហើយ ថាធ្វើរឿងនេះឱ្យយើង? (ណាណាសួរទាំងបើកភ្នែកធំម្ខាងតូចម្ខាង) 
- អឺ ឱ្យតែលុយយើងសិនមក! (ខ្ញុំតប ទាំងនៅចាំយកលុយ) ណាណាហុចលុយសងខ្ញុំវិញគ្រប់ចំនួន ទាំងសម្លក់ខ្ញុំមិនដាក់ភ្នែក។ ខ្ញុំនិយាយ៖ 
- ចេញពីនេះ ទៅហាងសៀវភៅនោះជាមួយយើង យាយ។ 
- អត់! (ណាណាគំហក) 
- ហើយឈ្លោះគ្នាចប់នៅ យាយៗ? (សំណាងសួរ) 
- នៅ! (ណាណា និងខ្ញុំឆ្លើយព្រមគ្នា) 
- អើ អ៊ីចឹងឈ្លោះគ្នាតទៀតទៅ។ (សំណាងនិយាយធ្វើហី) 
- និយាយដូចអត់និយាយ។ (សីហាថាឱ្យសំណាង) 
- ណាណា បើមានលុបទឹកស លើឈ្មោះយើង ហើយប្តូរដាក់ឈ្មោះឯងវិញ ឯងគិតម៉េច? (ខ្ញុំសួរ) 
- អត់ទេ យើងមិនព្រម! (ណាណាស្រែក) 
- មិនព្រមក៏ហីទៅ។ ខ្ញុំតប រួចងាកមកញ៉ាំគ្រាប់ស្វាយចន្ទីធ្វើព្រងើយ។ 
ណាណាមិនព្រមចាញ់ឡើយ នាងនិយាយ៖ 
- ពេលចេញទៅវិញ យើងទៅដូរសៀវភៅជាមួយឯងដែរ។ តែឯងត្រូវជូនយើងដាក់ផ្ទះវិញ។ 
- ស្អីដល់កាំជណ្តើរផ្ទះយើងហើយ ឱ្យយើងជិះត្រលប់ទៅផ្ទះឯងវិញ ម៉េចកើត ពៅមាស? (ខ្ញុំបដិសេធ) 
- យើងក៏ទៅដែរ ចាំយើងឌុបឯងដាក់ផ្ទះ ណាណា។ (នីតនីតអះអាង) 
- នែ៎ នៅក្រៅសង្ហាទេ អាលីស? (ពិសីសួរ) 
- អ្នកណាគេ? យើងមែន? (ខ្ញុំសួរទាំងទំពាឡុលៗ) 
- គឺ វាយោ អ្នកនិពន្ធនៅក្នុងដួងចិត្តយើងហ្នឹង។ (ពិសីនិយាយ) 
- អូ៎!... (ខ្ញុំលាន់មាត់ ទាំងចាប់សាច់អាំងញ៉ាំបន្ត) 
- អូ៎... ឡើងវែងហ្នឹងមានន័យម៉េច? (ពិសីតាមសួរ) 
- អូ៎... ហ្នឹង គឹយើងមិនដឹង មិនចាប់អារម្មណ៍ស្អីទេ! ឈប់សួរយើង ពីCrushរបស់ពួកឯងទៀត ទាន់? (ខ្ញុំគំរាមពួកម៉ាកស្រីៗរបស់ខ្ញុំ) 
- ឆ្ងល់ស្រីៗនៅក្នុងក្រុមរបស់ពួកយើង មើលឃើញតែគេ មិនដែលឃើញពួកយើងម្នាក់សោះ មែនអត់? (ទីតូនិយាយទាំងតូចចិត្ត) 
- មែនហ្នឹង! (ខ្ញុំយល់ស្រប) 
- អាលីស! អ្ហែងល្អជាងគេ ដែលនៅមើលឃើញពួកយើង ពួកម៉ាក។ (ទីតូសរសើរ) 
- ហើយពួកយើងមានទាន់ខ្វាក់ភ្នែកឯណា ដែលមិនឃើញប្រុសៗពួកម៉ាកឯងហ្នឹង! (នីតានិយាយ) 
- មែនហ្នឹង! (ខ្ញុំងក់ក្បាលយល់ស្រប) 
- ហើយម៉េចមិនដែលឃើញសរសើរពួកយើងអ៊ីចឹង? (បុត្រសួរ) 
- មែនហ្នឹង! (ខ្ញុំបន្ទរ) 
- ចុម! ពួកយើង អាលីសស្រវឹងសាច់អាំងហើយ ខាងណាក៏វាចាក់ខ្សែដែរនេះ។ (សុខម៉េងនិយាយឮៗ) 
- មែនហ្នឹង! អា៎ច្រឡំ... សាច់អាំងជិតអស់ហើយ ម៉េង ហៅថែមទៀតមក។ (ខ្ញុំប្រាប់សុខម៉េង រួចយកដៃខ្ទប់មាត់) 
គ្រប់គ្នាងាកមកសម្លឹងខ្ញុំថ្មែ ទាំងគ្រវីក្បាល។ 
- នែ៎ពួកយើង ចេញលុយស្មើគ្នា ប្រយ័ត្នស៊ីចាញ់អាគ្លីសវុី! (សីហាប្រកាសអាសន្ន) 
- តោះ! ចាប់ផ្តើមពួកយើង។ (ពួកម៉ាកខ្ញុំទាំង១០នាក់ពោលឡើងព្រមគ្នា) 

ដោយខ្លាចចាញ់ខ្ញុំ ក្រុមយើងចាប់ផ្តើមស្ងាត់មាត់ ហើយឮសូរតែសំឡេងសម ស្លាបព្រាទង្គិចចាន កាំបិតហាន់សាច់ កែវទឹកCheerគ្នា... យូរៗម្តង ទើបយើងងាកនិយាយរកគ្នាម្តង... 
មិនប្រឹងម៉េចបាន ពួកម៉ាក... 
ពេលរាងកាងពោះបន្តិចហើយ ខ្ញុំងាកសួរក្រុម៖ 
- ចួបគ្នាស៊ីសាច់អាំងនេះ ក្នុងឱកាសអីដែរ ពួកឯង? 
- គឺជប់លៀងអាលីសឯងហ្នឹង! (សីហាតប) 
- អឺត្រូវហើយ។ (អ្នកផ្សេងទៀតឆ្លើយស្រុះគ្នា) 
- ជប់លៀងយើង? រឿងអីគេ? (ខ្ញុំឆ្ងល់) 
- រឿងដែលឯងចេញពីផ្ទះ ហើយមានសេរីភាពហ្នឹងណា៎។ (នីតនីតនិយាយ) 
- អឺពួកឯងពិតជាមានចិត្តមហិមាមែន ហៅមកជប់លៀង ពេលឃើញយើងវេទនាអ៊ីចឹង។ (ខ្ញុំនិយាយទាំងមុខស្ងួតចែស) 
- អ្ហែងហ្នឹង វេទនា អាលីស? (ពិសីសួរទាំងខ្សឹកខ្សួល) 
ខ្ញុំងក់ក្បាល។ ពេលនោះសំណាងនិយាយ៖ 
- ចូររៀបរាប់ពីទុក្ខលំបាកមហាវេទនារបស់ឯងបន្តិចមក អាលីស! 
- យើងទុក្ខធំហួសភ្នំ នៅឱ្យយើងធ្វើតែងសេចក្តីទៀត។ (ខ្ញុំតបទាំងមុខស្រពោន) 
- អើ បើអ្ហែងនិយាយមិនចេញក៏ហ៊ីទៅ ពួកម៉ាក។ (សំណាងប្រាប់) 
- ហើយថ្ងៃណា ហៅយើងឡើងផ្ទះថ្មីរបស់អ្ហែង? (បុត្រសួរ) 
- អឺមែន ពេលនោះ ពួកយើងទិញចំណីចំណុកយកទៅស៊ីចុកនៅផ្ទះអ្ហែង ឱ្យណាណីម្តង។ (ស៊ីថានិយាយ) 
- ឆាប់ប្រាប់ឱ្យលឿនថា ថ្ងៃណា? (ទីតូ និងនីតាសួរឡើងព្រមគ្នាដែរ) 
- ឡើងផ្ទះ ឡើងផ្ទួយស្អី រកតែលុយបង់ថ្លៃឈ្នួលផ្ទះឱ្យគេមិនចង់បានផង។ (ខ្ញុំតប) ហើយមួយទៀត យើងមិនចង់ចួបជុំគ្នានៅផ្ទះជួលគេទេ។ ចង់ស៊ីចង់ចុក ចេញមកក្រៅមិនខ្វះទេកន្លែង។ 
- អ៊ីចឹងចាំអាលីសឯងមានផ្ទះខ្លួនឯងមែន? (សំណាងសួរ) 
- ពេលនោះ ប្រហែលពួកយើងបាក់ធ្មេញអស់បាត់ហើយ មែនទេពួកយើង? (ពិសីនិយាយ) 
- ហាស ហាស ហាស... 
ពួកយើងសើចឡើងព្រមគ្នា ហើយក៏នាំគ្នាបង្ហើយម្ហូបនៅលើតុ ទាល់តែអស់។ 

ពេលចប់កម្មវិធីស៊ីផឹក អា៎ច្រឡំ កម្មវិធីសាច់អាំងចួបជុំគ្នាហើយ ពួកយើងក៏ត្រូវត្រលប់ទៅកន្លែងដើមវិញរៀងៗខ្លួន។ មានតែនីតនីត ណាណា និងខ្ញុំទេ ដែលត្រូវទៅកន្លែងជាមួយគ្នា។ 
មុននឹងចេញទៅ នីតនីត ណាណា និងខ្ញុំនឹងណាត់ចួបគ្នានៅមុខហាងសៀវភៅ ក្បែរផ្ទះជួលរបស់ខ្ញុំ។ ដោយសារពួកយើងមិនអាចបើកឡានបណ្តើរម៉ូតូបាន ណាមួយ ខ្ញុំត្រូវយកឡានទៅផ្ញើនៅស្តាតអូឡាំពិកផង។ ណាណាសម្រេចចិត្តជិះឡានជាមួយខ្ញុំ។ 
- ចាំមើលពេលយើងទៅដល់មុន យើងនឹងញ៉ែ Crush យើងឱ្យបានមុន ហេសហេ... (នីតនីតនិយាយទាំងញញឹមខ្ជឹប) 
- ឯងហ៊ាន? (ណាណាគំរាម) 
- ហើយម៉េច យាយ? (នីតនីតនិយាយទាំងញាក់មុខ) 
- សាកទៅ យើងនឹងដាក់ទំនាយឯង ឱ្យឯងស៊ីអីក៏ធាត់ដែរ។ (ណាណានិយាយទាំងមុខក្រញូវ) 
- អឺស៊ីទៅធាត់ គ្មានបញ្ហាទេ យើងខ្លាចតែអត់ស៊ីអីហើយធាត់ទេ។ (នីតនីតតប) 
- ហើយឯងទៅជាមួយយើង ឬទៅជាមួយនីតនីត នេះ? (ខ្ញុំងាកសួរណាណា) 
- ទៅជាមួយឯង! (ណាណាឆ្លើយ) 

នៅតាមផ្លូវ ណាណានិយាយរអ៊ូរទាំហូរហែពីរឿងចរាចរណ៍ រឿងមេឃក្តៅ រឿងសំរាម រឿងអាចម៍ឆ្កែ... 
ខ្ញុំស្តាប់វាទាំងធុញទ្រាន់។ 
មិនយូរប៉ុន្មាន ពួកយើងក៏មកដល់ហាងលក់សៀវភៅ។ មុននឹងចូលទៅក្នុងហាង ណាណាកេះខ្ញុំ រួចសួរ៖
- អាលីស ជួយមើលមុខយើងបន្តិចមក ម៉េចដែរ? 
ខ្ញុំងាកទៅសម្លឹងវា ទាំងឆ្ងល់ រួចបើកទ្វារហាងសៀវភៅ។ ពេលនោះ ស្រាប់តែណាណា ស្រែកយ៉ៃ ដូចឆ្កែត្រូវឡានកិនកន្ទុយ៖ 
- អៃ៎! អាយដល ជម្រាបសួរ! 
- បាទ ជម្រាបសួរ! (អ្នកលក់ត្រប៉ែតប ទាំងញញឹមញែម)
- អាលីស ឯណាសៀវភៅ ឆាប់យកមកឱ្យយើងភ្លាម។ 
ណាណានិយាយបណ្តើរ ទាញថង់សៀវភៅពីដៃខ្ញុំបណ្តើរ។ វាដើរតម្រង់ទៅតុគិតលុយ ដោយមាននីតនីតនៅឈរទីនោះស្រាប់។ 

ដោយខ្ជិលនៅរំខានពួកម៉ាករបស់ខ្ញុំទាំងពីរ ខ្ញុំក៏ដើរទៅមើលតុសៀវភៅ ដែលមានតាំងលក់សៀវភៅដែលចេញថ្មីៗ និងស្នៀតសៀវភៅស្អាតៗ។ 
- ហាច់ឈីស! ហាច់... ឈីស... (ខ្ញុំកណ្តាស់បណ្តើរ យកដើមដៃខ្ទប់មាត់បណ្តើរ) 
- អាលីស មកនេះ! (នីតនីតហៅ) 
- ហាច់ឈីស... មានការអី? (ខ្ញុំងាកសួរ ទាំងរមាស់ឆួលៗនៅច្រមុះ) 
- មកនេះមក! (នីតនីតបក់ដៃហៅខ្ញុំម្តងទៀត) 
ខ្ញុំដើរទៅរកពួកម៉ាកខ្ញុំ នឹងអាលចេញទៅវិញ ព្រោះច្រមុះខ្ញុំកាន់តែធ្វើទុក្ខ។ 
- មើលនែ៎ សៀវភៅថ្មីរបស់យើង! ណាណាលើកសៀវភៅរឿងបង្ហាញ ពេលខ្ញុំដើរទៅជិតវា។ 
- នេះ សៀវភៅរបស់អ៊ី។ (អ្នកលក់ហុចសៀវភៅឱ្យខ្ញុំមួយក្បាលដែរ) 
- អ៊ី ហ្អ៎? នេះឯងឡើង អ៊ី ពីអង្កាល់ អាលីស? (ណាណា និងនីតនីតឧទានឮៗព្រមគ្នា ទាំងងាកមុខសម្លឹងខ្ញុំ) 
- ហាច់ឈីស! ហាច់... ឈីស... ខ្ញុំមិនបានទិញសៀវភៅនេះទេ។ (ខ្ញុំប្រកែក ទាំងមួហ្មង) 
- ជ្រុលជាបានសរសេរឈ្មោះអ៊ីនៅលើសៀវភៅនេះទៅហើយ អ៊ីចឹងខ្ញុំជូនអ៊ីតែម្តងទៅ! (អ្នកលក់និយាយទាំងហុចសៀវភៅដៃពីរឱ្យខ្ញុំ) 
ខ្ញុំហាក់ដូចជាអេះអុះ មិនដឹងថាត្រូវគិតយ៉ាងម៉េច... 
ពេលនោះ នីតនីត និងណាណាពោលឡើងព្រមគ្នា៖ 
- អរគុណហើយ អាយដល! អាលីស នេះយកសៀវភៅទុកទៅ ឯង។ 
ខ្ញុំទទួលយកសៀវភៅ ទាំងងាកមុខចេញ រកកលកណ្តាស់ទៀត។
- អេ៎ អ៊ី! កណ្តាស់ញឹកអ៊ីចឹង តិចកើតកូវីដទេដឹង?
អ្នកលក់សួរ ដោយយកដៃក្តោបមាត់ច្រមុះ ដែលគ្មានពាក់មាសការពារទាល់តែសោះ។ ឃើញដូចនោះ ខ្ញុំក៏ឆ្លើយទាំងលោមុខខិតទៅក្បែរ៖
- ហ្នឹងហើយអាក្អូ​ន គឺអូមីក្រុងបំប្លែងថ្មី!
អ្នកលក់ត្រប៉ែភ្ញាក់ថយក្រោយមួយជំហ៊ាន។ ខ្ញុំលួចញញឹមក្នុងម៉ាស រួចដើរចេញយ៉ាងលឿន។
រួចដើរចេញយ៉ាងលឿន។ 
- អេ៎ ឈប់ចាំយើងផង អាលីស លាហើយអាដល! (សំឡេងនីតនីត និងណាណាស្រែកហៅខ្ញុំ)
- ពួកម៉ាកខ្ញុំគ្មានកូវីដទេ បងវាយោ វាអាលែកហ្ស៊ីនឹងក្លិនសៀវភៅទេ។ (ណាណាបញ្ជាក់)
ខ្ញុំរុញទ្វារកញ្ចក់ ហើយមកឈប់ចាំពួកម៉ាកខ្ញុំ នៅពីមុខហាងសៀវភៅ។ នីតនីត និងណាណាដើរមករកខ្ញុំទាំងត្រហេបត្រហប។ 
- នេះឯងកើតឆ្កួតអី ម៉េចក៏មិនអរគុណបងវោយោមួយម៉ាត់អ៊ីចឹង។ (ណាណាបន្ទោស) 
- គេឡើងចិត្តល្អ ឱ្យសៀវភៅហ្រ្វីហើយថែមទាំងចុះហត្ថលេខាទៀត។ (នីតនីតបូរបាច់) 
- ឯងទាំងពីរហ្នឹងបានឆ្កួត ដឹងហើយថាយើងមិនចូលចិត្តសៀវភៅ សៀវភួយស្អីទេ។ (ខ្ញុំតបទាំងជ្រួញចិញ្ចើម) 
- ទោះយ៉ាងណា ក៏ឯងទុកមុខឱ្យគេបន្តិចដែរ។ (ណាណានិយាយ) 
- អឺមែនហើយ។ (នីតនីតយល់ស្រប) 
- អឺ យើងខុស អ៊ីចឹងយើងឡើងផ្ទះហើយ ហើយឯងត្រលប់ទៅផ្ទះពួកឯងវិញចុះ បាយ! 
និយាយរួច ខ្ញុំដើររ៉ុយតម្រង់ជណ្តើរ ដោយមិនខ្វល់ពីយាយប៉ិពីរនាក់ហ្នឹងទៀត។

អានវគ្គផ្សេងៗទៀត៖

Post a Comment

0 Comments