លង់ស្នេហ៍អ្នកនិពន្ធ 3

លង់ស្នេហ៍អ្នកនិពន្ធ 3 
©អត្ថបទដោយ ហេង ដារី 
©រូបភាពដោយ អាច្រូច 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

៣- ត្រជាក់ 

ពេលទៅដល់លើផ្ទះ ខ្ញុំបោះថង់សៀវភៅព្រូសនៅលើសាឡុង។ 
ខ្ញុំដើរទៅចាក់ទឹកត្រជាក់ៗផឹកអស់ពីរកែវធំៗ។ រួចទើបមកអង្គុយទម្រេតខ្លួននៅលើកៅអីពូក។ ក្បាលខ្ញុំរាងធ្ងន់ៗ ខ្ញុំបិទភ្នែកសន្សឹមៗ ដើម្បីឱ្យខួរខ្ញុំបានសម្រាក... 

លង់ស្នេហ៍អ្នកនិពន្ធ 3
លង់ស្នេហ៍អ្នកនិពន្ធ 3
មិនដឹងជាអស់ពេលប៉ុន្មានម៉ោងទេ ទើបខ្ញុំភ្ញាក់ដឹងខ្លួនឡើងវិញ។ ក្នុងផ្ទះឡើងងងឹតឈឹង ហើយស្ងាត់ច្រៀប។ ខ្ញុំបើកភ្នែកព្រឹមៗសម្លឹងមើលបន្ទប់ទទួលភ្ញៀវ នៃផ្ទះជួលភ្លឹះៗ។ 
នេះបើនៅផ្ទះម៉ាក់ខ្ញុំវិញ ប្រាកដជាឮសំឡេងក្មួយស្រីអាយុ៥ឆ្នាំរបស់ខ្ញុំស្រែកទ្រហឹងមិនខាន។ 
ពេលមកនៅទីនេះដំបូង ខ្ញុំហាក់ដូចជាស្រងេះស្រងោច កណ្តោចកណ្តែង ដូចកណ្តុរនៅកណ្តាលលូ។ ប៉ុន្តែឥឡូវ ខ្ញុំហាក់ដូចជាស៊ាំបន្តិចហើយ ដែលនៅតែម្នាក់ឯងបែបនេះ។ 
ខ្ញុំក្រោកពត់ខ្លួនទាំងខ្ជិលច្រអូស រួចដើរបង្ហួសទៅបើកភ្លើងបំភ្លឺផ្ទះ។ 
ខ្ញុំត្រលប់មកអង្គុយសំកុកនៅលើកៅអីសាឡុងវិញ។ ខ្ញុំយកដៃស្ទាបមុខថ្នមៗ។ មុខខ្ញុំរាងស្អិតៗ ដោយសារតែលាបឡេកាពារកម្តៅថ្ងៃ ពេលចេញក្រៅផ្ទះ។ 
ខ្ញុំក៏ក្រោកទៅយក Cleansing Balm មកលាងមុខចេញ។ ខ្ញុំឆ្កឹះក្រមួនដាក់លើមុខ រួចឈ្លីម៉ាស្សាសើៗពេញផ្ទៃមុខ ពីរបីនាទី ទើបហួសទៅបន្ទប់ទឹក ដើម្បីលាងសម្អាតមុខ។ 
បន្ទាប់មក ខ្ញុំក៏លាងសម្អាតមុខនឹង Foam មួយតង់ទៀត។ លាងសម្អាតមុខពីរតង់ ជារូបមន្តសម្រាប់ស្បែកជ្រះស្អាត មុនពេលចូលគេងរបស់ខ្ញុំ។ 
ដោយសារតែសើមមុខ និងដៃ ខ្ញុំក៏សម្រេចចិត្តងូតទឹកពេលល្ងាចឱ្យហើយតែម្តង។ ល្ងាចនេះ ទឹកឡើងត្រជាក់ខុសធម្មតា ស្បែកខ្ញុំឡើងព្រឺកន្ទួល។ 
ខ្ញុំចាប់ផ្តើមប្តូរទឹកក្តៅ រួចបាញ់ស្រោចសព្វលើខ្លួនរបស់ខ្ញុំ។ មិនទាន់ទាំងជោកសក់ស្រួលបួលផង ស្រាប់តែភ្លើងរលត់ភ្លឹប។ 
អៃ៎! ដាច់ភ្លើងបាត់! ចប់បណ្តោយ ទឹកដែលក្តៅឧណ្ហៗមុននេះក៏ប្រែមកជាត្រជាក់ស្រេង។ គ្រាន់តែទឹកប៉ះស្បែកខ្លួនភ្លាម ខ្ញុំស្រែកយ៉ៃ៖ 
- អូយ! ត្រជាក់ណាស់! 
ចង្រៃយក៍! ដាច់ភ្លើងពេលណា មិនដាច់ទេ មកដាច់ចំពេលងូតទឹក។ 
ខ្ញុំបិទភ្នែក រួចចាប់ផ្តើមបើកទឹកស្រោចឈូៗលើដងខ្លួនទាំងរងាញ័រមាត់។ 
ណាងងឹតផង ណាត្រជាក់ផង ខ្ញុំបាញ់ទឹកបណ្តើរ ស្រែកចាចៗបណ្តើរ ឡើងខ្ទរពេញបន្ទប់ទឹក។ 
ខ្ញុំលាងជម្រះសាប៊ូលឿនៗ បើមិនអ៊ីចឹងទេ ខ្ញុំច្បាស់ជាត្រជាក់រឹងពោះមិនខាន។ 

ងូតទឹករួចរាល់ ខ្ញុំដើរទៅបើកទូ រកអាវរងាមកពាក់។ ពាក់ប៉ុណ្ណឹងហើយ នៅតែមិនបាត់ត្រជាក់ ខ្ញុំក៏យកភួយមកឃ្លុំថែមមួយជាន់ទៀត។ 
ឱ្យតែមេឃត្រជាក់ ច្រមុះខ្ញុំចាប់ផ្តើមរមាស់ ហើយក៏ ហាច់ឈីស ហាច់ឈីស ហាច់... ឈីស... រាប់សិបដង អ៊ីចឹងអីទៅ។ 
ហាច់ឈីស ហាច់ឈីស... ខ្ញុំកណ្តាស់បណ្តើរ ដើរទៅបើកពិលទូរស័ព្ទដៃ បំភ្លឺផ្ទះបណ្តើរ។ 
ហ៊ឺយ! ភ្លើងនេះម៉េចក៏ដាច់យូរម៉្លេះ? ខ្ញុំដើរទៅបើកទ្វារមុខ ដើម្បីអើតមើលផ្ទះអ៊ីទូច។ គាត់ជាម្ចាស់ផ្ទះជួលផង និងជាអ្នកជិតខាងខ្ញុំផង។ 
នៅខាងក្រៅមានខ្យល់បក់ខ្លាំង ខ្ញុំស្ទើរតែជ្រុះកន្សែងទទូរពីលើក្បាល។ គ្រាន់តែប៉ះខ្យល់ភ្លាម ច្រមុះខ្ញុំចាប់ផ្តើមហូរទឹកសម្បោរថ្លាៗឥតដាច់។ 
ហាច់ឈីស ហាច់ឈីស... ខ្ញុំទប់កន្សែងបណ្តើរ អើតមើលផ្ទះដែលនៅក្បែរបណ្តើរ។ 
អ៎ា! ផ្ទះគេមានភ្លើងតើ។ ចំណែកឯផ្ទះនៅម្ខាងផ្លូវក៏មានភ្លើងដែរ។ ចុះ ម៉េចក៏ងងឹតតែផ្ទះខ្ញុំមួយអ៊ីចឹង? ឬមួយក៏ដាច់ខ្សែតែផ្ទះខ្ញុំ? ធ្វើម៉េចទៅនេះ? 
ហាច់ឈីស ហាច់ឈីស... ខ្ញុំប្រញាប់បិទទ្វារវិញ។ ខ្ញុំដើរទៅយកក្រដាសជូតច្រមុះ រួចយកទូរស័ព្ទនៅលើតុ ដើម្បីចុចខលទៅរកអ៊ីទូច។ 
«អាឡូ អ៊ី ផ្ទះខ្ញុំដាច់ភ្លើង។» 
«អូ៎ ដាច់យូរហើយ អាមួយ?» 
សំឡេងអ៊ីទូច ម្ចាស់ផ្ទះសួរ។ គាត់ហៅខ្ញុំ អាមួយ អាមួយ តាំងពីថ្ងៃដំបូង ដែលខ្ញុំបានចួបគាត់។ 
«ចាស អ៊ី ប្រហែលមុនហ្នឹងកន្លះម៉ោង ហាច់.. ឈីស...» (ខ្ញុំតប) 
«អឺ អ៊ីចឹងចាំមួយភ្លែត ចាំអ៊ីឱ្យគេទៅមើលឱ្យ។» 
«ចាស អរគុណអ៊ី។» 
ហាច់ឈីស ហាច់ឈីស... ខ្ញុំទៅរកលេបថ្នាំអាលែកហ្ស៊ី១គ្រាប់ ដើម្បីកុំឱ្យច្រមុះខ្ញុំធ្វើទុក្ខខ្លាំងជាងនេះ។ 
ហាច់ឈីស ហាច់ឈីស... ខ្ញុំដើរទៅអង្គុយចាំអ៊ីទូច ទាំងអន្ទះសារ។ 
មួយសន្ទុះក្រោយមក សំឡេងកណ្តឹងទ្វារលាន់ឡើង តឹង តឹង... 
ខ្ញុំស្ទុះទៅបើកទ្វារ។ ខ្ញុំរាងភាំងបន្តិច ដោយសារអ្នកចុចកណ្តឹងគឺជាអ្នកលក់សៀវភៅត្រប៉ែ ដែលខ្ញុំបានចួបកាលពីថ្ងៃមិញ។ ខ្ញុំប្រុងទាញទ្វារបិទវិញ ប៉ុន្តែ អ៊ីទូចដែលនៅឈរពីក្រោយនិយាយ៖ 
- អាមួយ នេះអាម៉េងហុង កូនប្រុសធំរបស់អ៊ី ស្គាល់គ្នាហើយនៅ? 
- ម៉េងហុង ហ្អ៎! ក្រែងឈ្មោះ... ហាច់ឈីស... (ខ្ញុំឧទានតិចៗ ទាំងសម្លឹងមើលមុខកូនប្រុសរបស់អ៊ីទូច) 
- ហ្អ៎ាក អ៊ីម្នាក់នេះ ជួលផ្ទះយើងឬ ម៉ាក់? (អ្នកលក់សៀវភៅត្រប៉ែសួរកាត់ ទាំងញញឹមសម្លឹងមុខខ្ញុំ) 
- អឺ អាមួយនៅផ្ទះយើងបាន២ខែជាងហើយ។ (អ៊ីទូចប្រាប់) តោះ ឆាប់ចូលទៅក្នុងមើលមើល៍ អាហុង! 
- ជាង២ខែហើយ? ហេតុអីក៏ខ្ញុំមិនដែលឃើញ? 
កូនប្រុសអ៊ីទូចពោលហើយ ក៏ដើរចូលក្នុងផ្ទះខ្ញុំលឿនរ៉ុយ ធ្វើមើលតែផ្ទះខ្លួនឯង។ 
យើ! មិនដែលឃើញ ឃួយផងហ្អ៎ ទើបចួបមុខគ្នាហើយថ្ងៃនេះ។ ខ្ញុំនឹកក្នុងចិត្ត ទាំងជ្រេញ។ 
ខ្ញុំមើលមុខអ៊ីទូច និងកូនប្រុសគាត់។ ពួកគេមានមុខមាត់ស្ទើរតែដូចគ្នាបេះបិទ។ ខុសគ្នាតែបីចំណុចគត់។ ទីមួយ គឺម្នាក់ស្រី ហើយម្នាក់ទៀតប្រុស។ ទីពីរ គឺម្នាក់ចាស់ ហើយម្នាក់ទៀតក្មេង។ និងទីបី គឺម្នាក់ទាប ហើយម្នាក់ទៀតខ្ពស់។ 
អ៊ីម្ចាស់ផ្ទះ និងកូនប្រុសរបស់គាត់បញ្ចាំងពិលឆ្វេចឆ្វាចពេញផ្ទះ។ សំណាងហើយ ដែលខ្ញុំបិទទ្វារបន្ទប់គេងជិត។ ខ្ញុំដើរទៅឈរក្បែរៗពួកគេ ដើម្បីចាំស្តាប់ថាតើមកពីហេតុអ្វីបានជាដាច់ភ្លើងតែផ្ទះខ្ញុំ។
ប្រអប់កុងតាក់ភ្លើងនៅកម្ពស់ប្រហែលស្មើនឹងភ្នែករបស់ខ្ញុំទេ តែក្បាលខ្ញុំម៉េចក៏ប្រឹងងើយម្ល៉េះ! 
តាមពិត ខ្ញុំខំងើយតាមមើលមុខកូនប្រុសអ៊ីទូច ដែលកំពុងតែបើកប្រអប់ភ្លើង ដែលនៅជាប់នឹងជញ្ជាំង ក្បែរទ្វារមុខ។ 
ថ្ងៃមិញ ខ្ញុំឃើញសក់គេរ៉ុយៗទេតើ ចុះម៉េចក៏ពេលនេះប្រែទៅជាវែង ហើយចងកំប៉ោយវិញអ៊ីចឹង? ហើយខំមើលសក់គេធ្វើអី? ខ្ញុំគិត តែភ្នែកខ្ញុំនៅតែសង្កេតមើលមុខកូនប្រុសអ៊ីទូចដដែល... 
គេមានរាងស្គមខ្ពស់។ ភ្នែកពណ៌ខ្មៅហើយតឹងផ្អឹះ ដូចភ្នែករបស់អ៊ីទូចអ៊ីចឹង។ ចិញ្ចើមក្រាស់ ខ្ទង់ច្រមុះខ្ពស់ បបូរមាត់ខាងលើស្តើង ខាងក្រោមក្រាស់ កវែងបន្តិច... 
ខ្ញុំបន្តមើលរហូតដល់ដៃមាំរបស់គេ ដែលកំពុងតែទាញឆ្កឹះកុងតាក់ឡើងលើ រំពេចនោះភ្លើងក្នុងផ្ទះក៏ភ្លឺឡើង។ ខ្ញុំសួរ៖ 
- ហេតុអីបានជាភ្លើងដាច់អ៊ីចឹង? 
- គឺឌីសុងទ័រលោត។ (ម៉េងហុងតប រួចចង្អុលមកខ្ញុំទាំងទាំងសើច) ហើយអ៊ីកើតអីហ្នឹង បានជាឃ្លុំភួយផង កន្សែងផង? 
ខ្ញុំមិនតប។ ពេលនោះ អ៊ីទូចងាកមកសម្លឹងខ្ញុំទាំងឆ្ងល់ដែរ៖ 
- អឺ អាមួយឯងកើតអីហ្នឹង? អ៊ីរកសួរឯង តាំងពីឃើញដំបូងដែរ តែភ្លេច។ 
- គឺខ្ញុំងូតទឹកត្រជាក់មុនហ្នឹង ហើយរងាស្ទើរតែកកខ្លួនទៅហើយ អ៊ី។ (ខ្ញុំតប) 
- ហាស ហាស ហាស... 
អ៊ីទូច និងកូនប្រុសច្បងគាត់សើចឡើងព្រមគ្នា។ បន្ទាប់មក អ៊ីទូចងាកមកនិយាយរកខ្ញុំ៖ 
- រួចរាល់ហើយ អ៊ីចឹង អ៊ីទៅវិញហើយ។ 
- ចាស អរគុណអ៊ី។ (ខ្ញុំតប) 
- អឺ អឺ... មិនអីទេ អាមួយ។ (អ៊ីម្ចាស់ផ្ទះតប រួចងាកទៅនិយាយជាមួយកូនប្រុសគាត់) នែ៎ អាហុងជួយប្រាប់អាមួយផង ថាពេលអាឌីសុងទ័រហ្នឹងលោត ត្រូវកាច់វាយ៉ាងម៉េច។ 
- អម្បាញ់មិញអ៊ីឃើញខ្ញុំធ្វើហើយតើ មែនទេ? (ម៉េងហុងសួរ) 
ខ្ញុំងក់ក្បាល រួចនិយាយ៖ 
- អ៊ីចឹងពេលភ្លើងលោត ត្រូវមកកាច់នៅទីនេះ? 
- ឆ្លាតណាស់អ៊ី! (គេសរសើរខ្ញុំ រួចនិយាយបន្ត) តោះ ទៅបន្ទប់ទឹក ខ្ញុំប្រាប់ពីរបៀបបើកទឹកក្តៅ។ ពេលងូតទឹកក្តៅ អ៊ីកុំមួលកុងតាក់ហួសពីចំណុចពណ៌បៃតងនេះ តែចូលពណ៌ក្រហម ឌីសង់ទ័រលោតហើយ។ 
ខ្ញុំងក់ក្បាលស្តាប់បង្គាប់ ម៉េងហុង។ 
រួចរាល់ហើយ អ៊ីទូច និងកូនប្រុសគាត់ត្រលប់ទៅវិញ។ ពេលដល់មាត់ទ្វារ អ៊ីទូចក៏ឈប់ង៉ក់ រួចងាកមកសួរ៖ 
- អឺ អ្ហែងញ៉ាំបាយហើយនៅ អាមួយ? 
- នៅទេ អ៊ី។ (ខ្ញុំឆ្លើយ) 
- បានម្ហូបអីដែរ? (អ៊ីទូចសួរបន្ត) 
- អឺ... គឺ... អត់... 
ខ្ញុំចង់ប្រាប់គាត់ថា ខ្ញុំអត់ញ៉ាំអីទេ ពេលល្ងាចនេះ ប៉ុន្តែអ៊ីទូចនិយាយកាត់៖ 
- អ៊ីចឹង ទៅយកបបរស និងខជើងជ្រូក១ចាន ពីផ្ទះអ៊ីមកហូបទៅ មិនចាច់ធ្វើម្ហូបអីទេ យប់ហើយ។ (អ៊ីទូចប្រាប់) 
- មិនបាច់ទេអ៊ី។ អរគុណហើយ។ (ខ្ញុំតបទាំងខ្លាចចិត្តគាត់) 
- អ៊ីដាំបបរច្រើន ហើយមានខជើងជ្រូក១ឆ្នាំងធំទៀត។ ចាំអ៊ីឱ្យគេយកមកឱ្យ។ អ៊ីចឹង អ៊ីទៅវិញហើយ។

និយាយរួច អ៊ីទូច និងកូនប្រុសរបស់គាត់ដើរឆ្លងទៅផ្ទះម្ខាងទៀតបាត់ទៅ។ 
ខ្ញុំបិទទ្វារស្រួលបួល រួចដើរចូលទៅក្នុងផ្ទះ។ ហ៊ឺយ! ពេលមានភ្លើងវិញ ជីវិតក៏វាភ្លឺចិញ្ចាចទៅតាមហ្នឹងដែរ។ ខ្ញុំទាញភួយចេញពីខ្លួន រួចឈោងយកទូរស័ព្ទនៅលើតុ មកចុច។ កំពុងតែវាសស្រ្គីនចុះឡើងៗ ស្រាប់តែឮកណ្តឹងទ្វារលាន់ តឹង តឹង... 
ពេលទ្វាររបើកឡើង ក៏លេចមុខម៉េងហុង ដែលមានយួរចានស្រាក់ធំៗនៅនឹងដៃ។ គេហុចឱ្យខ្ញុំ រួចនិយាយ៖ 
- នេះអ៊ី ម៉ាក់ខ្ញុំយកម្ហូបមកឱ្យ។ 
ខ្ញុំឈរភាំង។ ខ្ញុំស្មានតែអ៊ីទូចនិយាយគួរសមនឹងខ្ញុំប៉ុណ្ណោះ ដឹងអីគាត់ឱ្យអាហារពេលល្ងាចមកខ្ញុំមែនទែន។ សម័យនេះទៅហើយ នៅមានចាស់ទុំចិត្តល្អជាមួយមនុស្សខ្ចាត់ព្រាត់ដូចខ្ញុំអ៊ីចឹងដែរឬ?... 
- អ៊ីកើតអីហ្នឹង បានជាចំហមាត់ធ្លុង? (ម៉េងហុងសួរឮៗ) 
ខ្ញុំភ្ញាក់ព្រើត រួចក៏និយាយទាំងស្ទាក់ស្ទើរ៖ 
- ផ្តាំអរគុណអ៊ីទូចផង! 
- ហើយមិនអរគុណខ្ញុំផងទេ អ៊ី? (ម៉េងហុងសួរទាំងញញឹម) 
- អរគុណអាក្អូន។ 
- អេ៎! អាក្អូនឬ?... (ម៉េងហុងសួរ ទាំងភ្នែកសម្លក់ខ្ញុំ តឹងផ្អឹះ) 
ខ្ញុំមិនតប រួចបែរខ្នងទាញទ្វារបិទវិញ។ 
ខ្ញុំយកស្រាក់ទៅបន្ទប់បាយ ដើម្បីផ្ទេរម្ហូបទុក។ អ្ហឹម! គ្រាន់តែបើកស្រាក់ភ្លាម ក្លិនខឈ្ងុយពេញច្រមុះ។ គឺជាខជើងជ្រូក ដែលមានលាយស្ពៃជ្រក់ និងពងទា២គ្រាប់។ 
- ឱ្យបបរ និងខ ឡើងច្រើន អ៊ីទូច។ 
ខ្ញុំពោលតិចៗម្នាក់ឯង។ អ៊ីទូចមិនត្រឹមតែរួសរាយ ដាក់អ្នកនៅជុំវិញខ្លួនទេ គាត់ថែមទាំងចិត្តល្អ និងជួយឈឺឆ្អាលគេទៀត។ ខ្ញុំមានអារម្មណ៍ថាកក់ក្តៅ ដែលបានជួលផ្ទះគាត់។ 
ខ្ញុំចាក់ម្ហូប និងបបរទុកក្នុងកូនឆ្នាំងដាច់ដោយឡែកពីគ្នា។ ខ្ញុំបើកភ្លើងកម្តៅទាំងបបរ ទាំងខជើងជ្រូក ដើម្បីទុកញ៉ាំថ្ងៃស្អែក។ 
ល្ងាចនេះ ខ្ញុំមិនញ៉ាំទេ ដោយសារតែឆ្អែតសាច់អាំងកាលពីថ្ងៃម៉ិញ។ ពេលរង់ចាំបបរពុះ ខ្ញុំក៏លាងចានស្រាក់ទុកដាក់។ អ៊ឹស! មុននេះ ខ្ញុំភ្លេចប្រាប់ម៉េងហុងឱ្យចាំយកស្រាក់ទៅវិញ។ ចាំស្អែក ខ្ញុំនឹងយកស្រាក់ទៅសងអ៊ីទូចក៏បាន។ 
ទុកដាក់ម្ហូបរួចស្រេចបាច់ ខ្ញុំក៏ទៅលាយទឹកខ្មេះប៉ោមឆៅពីរស្លាបព្រាបាយជាមួយទឹកមួយកែវ ថែមអំបិលមួយចឹប និងច្របាច់ក្រូចឆ្មារមួយផ្លែចូល រួចទើបយកបំពង់បឺតកូរឱ្យសព្វ។ នេះជាអាហារពេលល្ងាចដ៏ជូរជ្រះរបស់ខ្ញុំ។ ខ្ញុំទម្លាប់ផឹកបែបនេះ ជិតពីរឆ្នាំមកហើយ។ សួរថាទឹកខ្មេះប៉ោមឆៅនេះឆ្ងាញ់ទេ? ចម្លើយគឺអត់! ចុះហេតុអី ក៏ខ្ញុំប្រឹងផឹកវាធ្វើអី? គឺថាដើម្បីថែទាំសុខភាពរបស់ខ្ញុំ។ 
ផឹករួច ខ្ញុំខ្ពុរមាត់ ហើយដុសធ្មេញឱ្យហើយ បើមិនដូច្នោះទេជាតិអាស៊ីត ដែលមានក្នុងទឹកខ្មេះប៉ោមឆៅ និងក្រូចឆ្មារ នឹងបំផ្លាញធ្មេញ និងអញ្ចាញរបស់ខ្ញុំខ្ទេចមិនខាន។ 

ខ្ញុំដើរមកអង្គុយលើសាឡុងវិញ។ ពេលនោះ ប្អូនស្រីខ្ញុំក៏ទូរស័ព្ទមក។ 
«បាយហើយនៅក្មេងធំ?» 
«ហើយពេលថ្ងៃ តែពេលល្ងាចនៅ។ មានការអីក្មេងតូច?» 
ខ្ញុំសួរសុមាលា ដែលត្រូវជាប្អូនស្រីខ្ញុំ។ ក្មេងធំក្មេងតូចនេះ ជាពាក្យដែលខ្ញុំ និងប្អូនស្រីដែលតែងតែហៅគ្នា តាំងពីតូចមកម៉្លេះ។ សុមាលាអាយុប្អូនខ្ញុំមួយឆ្នាំ។ ប្អូនស្រីខ្ញុំរៀននៅមហាវិទ្យាល័យបណ្តើរ ធ្វើការបណ្តើរ។ នាងក៏មានគំនាបផ្លូវចិត្តមិនចាញ់ខ្ញុំប៉ុន្មានដែរ តែវានៅទ្រាំបាន ដោយសារតែចិត្តទន់អាណិតម៉ាក់។ 
ចំណែកខ្ញុំវិញ ខ្ញុំលែងនឹកស្រណោះម៉ាក់ទៀតហើយ។ ព្រោះម៉ាក់មិនដែលអាណិតខ្លួនគាត់ផង។ ម្ង៉ៃៗ គាត់អាណិតតែកូនប្រុសច្បងរបស់គាត់ប៉ុណ្ណោះ។ ដោយសារតែខ្ញុំមិនចង់បន្តឈ្លោះជាមួយបងប្រុសធំដែលជាព្រះចៅអធិរាជនៅក្នុងផ្ទះ ទើបខ្ញុំរសាត់អណ្តែតមកនៅទីនេះដូច្នេះ។ 
«យ៉ាងម៉េចហើយជីវិតនៅផ្ទះជួល?» (សំឡេងប្អូនស្រីខ្ញុំសួរ) 
«ក្តីសុខធំៗជាងនៅផ្ទះរបស់ម៉ាក់ក្មេងតូចឯង។» 
«ថែខ្លួនផង ប្រយ័ត្នច្រមុះធ្វើទុក្ខ ប៉ុន្មានថ្ងៃនេះឧតុនិយមប្រកាសថាមានភ្លៀងជាប់១អាទិត្យ ហើយអាកាសធាតុចុះត្រជាក់ខុសធម្មតាទៀត» 
សំឡេងប្អូនស្រីខ្ញុំផ្តាំ ព្រោះដឹងថាខ្ញុំអាលែកហ្ស៊ីនឹងអាកាសធាតុត្រជាក់ និងធូលី។ 
«អឺ អ៊ីចឹងបានល្ងាចនេះត្រជាក់ប្លែក។ មុនហ្នឹង យើងងូតទឹកត្រជាក់ រងាឡើងចង់គ្រុន» 
«ក្រែងមានទឹកក្តៅតើហ្អី ម៉េចក៏ក្មេងធំឯងមិនងូត?» 
«ពេលបើកទឹកក្តៅ ភ្លើងវាលោត យើងស្មានតែដាច់ភ្លើង។» 
«ហើយចុះឥឡូវមានភ្លើងវិញនៅ?» 
«មានហើយ។» 
«ចូលឆ្នាំសាកលនេះ ក្មេងធំឯងមកផ្ទះអត់?» 
«ម៉ាក់ផ្តាំឱ្យសួរយើងមែន?» 
«យើងសួរខ្លួនឯងទេ ថាមកឬអត់?» 
«អត់។» 
«ប្រយ័ត្នប៉ាខឹង។» 
«ក្រែងគាត់ខឹងយើងស្រាប់ហើយតើ។» 
«អឺ យ៉ាងណាកុំឱ្យគាត់ខឹងក្មេងធំឯងជាងនេះទៀត។» 
«ជារឿងរបស់គាត់។ ចង់ខឹង ចង់ខួយ I don’t care» 
«កុំប្រកាន់ច្រើនពេក យ៉ាងណាក៏អ្នកផ្ទះរបស់យើងដែរ។» 
«អឺ ក្មេងតូចឯងនិយាយដូចម៉ាក់អ៊ីចឹង។ នេះយើងលែងប្រកាន់ ប្រកួយអីហើយ។» 
«ហើយរត់រួចដែរ ចំណាយគ្រប់សព្វហ្នឹង?» 
«មិនរួច ក៏ចេះតែទ្រាំដែរ។» 
«បងធំថាឱ្យក្មេងធំឯងរើមកនៅក្រៅហ្នឹងបានប៉ុន្មានថ្ងៃ មុខតែត្រលប់ទៅផ្ទះវិញមិនខាន។» 
«ងាប់ទៀត ក៏យើងមិនខ្ចីចូលផ្ទះ ចួបមុខវាដែរ។» 
«ចុះម៉ាក់ប៉ានោះ?» 
«ពួកគាត់នៅតែជាពួកគាត់តើ ហើយពួកគាត់នៅបន្តលើកតម្កើងឬក៏ជ្រើសរើសវាឱ្យនៅសោយរាជ្យក្នុងផ្ទះ ស្រេចតែពួកគាត់ទៅ។» 
«ទោះយ៉ាងណា ក៏ម៉ាក់ពិបាកចិត្តរឿងក្មេងធំឯងដែរ។» 
«ក្មេងតូចឯងកុំជឿគាត់ពេក! យើងលែងចាញ់បោកម៉ាក់ទៀតហើយ។ បើគាត់មើលឃើញតម្លៃពួកយើងដែលជាកូនស្រីតែបន្តិច ក៏យើងមិនថាអីដែរ តែនេះអ្ហា៎ ពេលកូនប្រុសសំណព្វចិត្តគាត់ជេរពួកយើងពេញៗមាត់ ម៉ាក់និងប៉ាមិនដែលឃាត់វាទេ មានតែឱ្យពួកយើងទ្រាំ ទ្រាំ...» 
«អឺ ពិតមែនហើយ។» 
«យើងនិយាយនេះមិនមែននាំក្មេងតូចឯងឱ្យរត់ចេញពីផ្ទះដូចយើងទេ តែយើងចង់ឱ្យក្មេងតូចឯងរៀនមើលពីទង្វើរបស់អ្នកផ្ទះរបស់យើង។ បើយើងខុស មិនចាំបាច់ស្តាប់យើងទេ។» 
«អឺ យើងដឹងហើយ។ ហើយចុះឡានកេ្មងធំឯង យកទៅឆៀក និងបង់ពន្ធហើយនៅ? ប៉ាផ្តាំឱ្យសួរ។»
«ហើយហើយ។» 
«អ៊ីចឹងប៉ុណ្ណឹងសិនចុះ ក្មេងធំ បាយ។» 
«បាយ។» 

ខ្ញុំបិទទូរស័ព្ទ ទាំងអារម្មណ៍នៅនឹកខឹងប៉ាមាក់ និងកូនប្រុសច្បងសំណព្វចិត្តរបស់ពួកគាត់។ 
ទីត ទីត... 
សំឡេងសារក្នុងហ្វេសប៊ុកលាន់ឡើង។ ខ្ញុំបើកមើល។ មានគេ Add friend មកខ្ញុំ តាំងពីមួយម៉ោងមុន។ អូ៎! គឺសុវណ្ណហុង អា៎ច្រឡំគឺ ម៉េងហុង អ្នកនិពន្ធល្បីរបស់ពួកម៉ាកខ្ញុំសោះ។ គេដាក់ឈ្មោះពិតរបស់គេគឺ លី  ម៉េងហុង មិនមែន ខែ វាយោទេ។ ហេតុអីចាំបាច់ប្រើឈ្មោះពីរបី? ហើយម៉េចក៏គេមក Add friend ខ្ញុំធ្វើអី?... រំពចនោះ គេក៏ផ្ញើសារមកខ្ញុំ។ 
- អ៊ីអ្ហ៎ា! ជួយ Confirm ខ្ញុំផង។ 
ខនហ្វឺម ខនហ្វួយស្អី។ ហៅឯងសុទ្ធតែអ៊ី ទាល់តែយូរបាន Confirm អាក្អូន។ កុំចង់ហក់! ទុកអ៊ីហក់តែឯង! 
ពេលនោះ ទូរស័ព្ទរបស់ខ្ញុំក៏រោទ៍ឡើង។ គឺលេខថ្មី ដែលខ្ញុំមិនស្គាល់ទាល់តែសោះ។ ខ្ញុំចុចទទួល។ 
«អាឡូ!» 
«អាឡូអ៊ី!» (សំឡេងម្ខាងទៀតតប) 
«អ្នកណាគេហ្នឹង?» (ខ្ញុំសួរបញ្ជាក់ ព្រោះសំឡេងដូចប្រហែលៗ) 
«ខ្ញុំ កូនអ៊ីទូច។» 
ចុម! បានលេខឯងមកពីណា? ខ្ញុំនឹកឆ្ងល់ រួចសួរបន្ត៖ 
«អូ៎... ហើយមានការអី?» 
«ហេតុអីក៏អ៊ីមិន Confirm ខ្ញុំ។» 
«អត់ចង់។» 
«ប្រយ័ត្នតែមានបញ្ហាអី ពិបាកទៅ!» 
«ខ្ញុំមានលេខអ៊ីទូចទាក់ទងហើយ។» 
«តែទូរស័ព្ទម៉ាក់របស់ខ្ញុំ ភាគច្រើនបិទសំឡេង»។ 
«ល្អហើយអ៊ីចឹង ព្រោះខ្ញុំមិនបានទូរស័ព្ទទៅរកគាត់គ្រប់ពេលនោះទេ។» 
«អ៊ី?» 
ខ្ញុំនៅស្ងៀម ចាំស្តាប់។ សំឡេងម៉េងហុងសួរបន្ត៖ 
«អ៊ី ម៉េចក៏មិននិយាយ?» 
«ឱ្យខ្ញុំនិយាយពីអី?» 
«អ៊ីចឹង ចាំខ្ញុំនិយាយឱ្យអ៊ីស្តាប់វិញ។» 
ឮដូច្នេះ ខ្ញុំក៏បិទទូរស័ព្ទ។ 
និយាយ និយួយស្អី កំពុងតែមិនសប្បាយចិត្តផង។ 
ខ្ញុំប្រាស់ខ្លួនទម្រេតនឹងសាឡុងពូកទន់ៗ រួចផ្លុំខ្យល់ចេញឃូរៗ... ដើម្បីបន្ថយភាពតានតឹងខ្លះៗពីក្នុងខ្លួន។ ខ្ញុំសម្លឹងមើលទូរទស្សន៍ដែលនៅជាប់នឹងជញ្ជាំងផ្ទះ។ 
តាំងពីមកនៅទីនេះ ខ្ញុំមិនដែលមើលទូរទស្សន៍ទេ។ ខ្ញុំមើលតែទូរស័ព្ទប៉ុណ្ណោះ។ 
ពេលនេះ ខ្ញុំដូចជាចង់ប្តូរបរិយាកាសម្តង។ ខ្ញុំក៏ក្រោកទៅដោតភ្លើង និងយកតេឡេមកចុចរាវរកប៉ុស្តិដែលត្រូវចិត្ត។ ខ្ញុំចុចយកៗរហូតដល់ជាង៧០ប្លាយប៉ុស្តិជាង ហើយទើបចុចសាដើមវិញ បន្ទាប់មក ខ្ញុំក៏បិទទូរទស្សន៍វិញ។ 
ខ្ញុំដើរទៅដកឌុយភ្លើងចេញ បង្ការក្រែងប្រើភ្លើងអស់ច្រើន។ 
នេះនៅតែម្នាក់ឯងផង ខ្ញុំត្រូវបង់ថ្លៃភ្លើងដល់ទៅជិតដប់ម៉ឺនរៀលឯណោះ។ តាំងពីមកនៅទីនេះ ខ្ញុំមិនដែលបើកម៉ាស៊ីនត្រជាក់ទេ។ ខ្ញុំប្រើតែកង្ហារ។ ក្រៅពីនោះ នៅមានទូទឹកកក ម៉ាស៊ីនបោកខោអាវ បញ្ចូលថ្មទូរស័ព្ទ ឡេបថប ម៉ាស៊ីនងូតទឹកក្តៅ ដាំបាយ ដាំទឹក អ៊ុតខោអាវ... 
និយាយទៅ ខ្ញុំហាក់មានសំណាងដែរ ដែលបានជួលផ្ទះអ៊ីទូច ដោយសារតែគាត់មានសម្ភារក្នុងផ្ទះឱ្យប្រើប្រាស់ដូចជានៅផ្ទះរបស់ខ្លួនឯងអ៊ីចឹង មិនថា ចានឆ្នាំង ឬពែងកាហ្វេទេ គឺថាមានសព្វមានគ្រប់តែម្តង។ 
តឹង តឺង សំឡេងសារតេលេក្រាមលាន់ឡើង។ ខ្ញុំយកទូរស័ព្ទមកចុចមើល។ 
- សួស្តីអ៊ី! 
ស៊ូណាស់តើ អាក្អូន សុវណ្ណហុង! អ៊ឹស ហៅសុវណ្ណហុង សុវណ្ណហួយ,,, អ៊ីចឹងទៅ ស្រួល មិនបាច់ម៉េងហុងអីទេ។ នេះតាមរកតេលេក្រាមខ្ញុំឃើញទៀត។ ខ្ញុំនឹកក្នុងចិត្ត។ ខ្ញុំបិទសារតេលេក្រាមរបស់កូនប្រុសអ៊ីទូចចោល។ 
យប់នេះ ខ្ញុំ Log out គ្រប់បណ្តាញសង្គមដែលខ្ញុំធ្លាប់លេង។ ខ្ញុំបើកតែឡេបថបដើម្បីចូលលេង Golden Farm របស់ខ្ញុំ។ មុននឹងលេង ខ្ញុំតែងតែបើកស្តាប់ចម្រៀងរងំតិចៗ ដើម្បីកំដរចិត្តខ្ញុំឱ្យស្រស់ស្រាយ មុនពេលចូលដេក។ 
ពេលទំនេនៅផ្ទះដូច្នេះ ខ្ញុំចូលលេងហ្គេមពីរ-បីដងក្នុងមួយថ្ងៃ។ ខ្ញុំលេងតែ Golden Farm មួយទេ 
ប៉ុន្តែខ្ញុំលេងតាមទូរស័ពផង និងតាមឡេបថបផង។ 
ហេតុអីបានខ្ញុំលេងហ្គេមដដែលៗ ដល់ទៅពីរដង ដោយសារតែទុកជួយគ្នា ដូចជាសម្ភារ សម្រាប់ពង្រីកស្តុក ឬជង្រុក ឬរបស់របរផ្សេងៗ... 
ប្រមាណជាកន្លះម៉ោងក្រោយមក ខ្ញុំបានបិទហ្គេម រួចចូលទៅសំងំគេងក្នុងបន្ទប់។ ខ្ញុំទម្លាប់ចូលដេកយ៉ាងយូរបំផុតត្រឹមម៉ោង១០យប់។ 
មិនទាន់ទាំងប្រះក្បាលដល់ខ្នើយផង ស្រាប់តែទូរស័ព្ទរោទ៍ក្រឺងឡើង... 
គឺណារ៉ូ ពួកម៉ាកបង្កើតរបស់ខ្ញុំ។ 
«អាលីសអ្ហា៎! ស្អែកព្រឹកទៅក្លឹបជាមួយយើងទេ?» 
សំឡេងណារ៉ូសួរ។ ណារ៉ូជាគ្រូបង្ហាត់ហែលទឹក នៅក្លឹបមួយ។ 
«ទៅធ្វើអី?» (ខ្ញុំសួរវិញទាំងឆ្ងល់) 
«ក្រែងវាផ្តាំថា ចង់ទៅមើលប្រុសៗស្អាតហែលទឹកនោះអី!» (ណារ៉ូប្រាប់) 
«អូ៎...» 
«នែ៎! មានសិស្សប្រុសថ្មី២នាក់ទើបចុះឈ្មោះហែលទឹក កាលពីម្សិលមិញ ពួកគេហាត់នៅម៉ោង៩-១០ព្រឹក រាល់ថ្ងៃអាទិត្យ។» 
«អូ៎...» 
«ហើយ អូ៎ ហ្នឹងទៅអត់ អ្ហ៎ាះ!» 
«ស្អែកព្រឹក ឮថាអាកាសធាតុត្រជាក់ ហើយឱ្យយើងទៅអង្គុយមើលគេត្រាំទឹកម៉េចទេវ៉ី!» 
«មើលអ៊ីចឹង បាន hot ឯង!។» 
«មិនដឹងហត ហួយស្អីទេ!» 
«ទៅទៅ មាន់ថ្មីសង្ហាណាស់ឯង តិចមកខឹងយើងថាមិនបានប្រាប់អី។» (ណារ៉ូបញ្ជាក់) 
«ឯងបានចួបសិស្សថ្មីហ្នឹងហើយមែន?» 
«ឃើញរូបនៅក្នុងហ្វេសប៊ុក។» 
«ជឿជាក់លើរូប Profile ណាស់ហ្ន៎!» 
«យើងជឿលើអារម្មណ៍តើ។» 
«ហើយត្រូវប្រុសបោកប៉ុន្មានដងហើយឯង?» 
«រាប់ភ្លេច ហេសហេ... ឆ្លើយមកថា ស្អែកទៅអត់?» 
«មិនទាន់ដឹងទេ។» (ខ្ញុំតបទាំងមិនប្រាកដចិត្ត) 
«នៅច្រិមច្រុមហ្នឹងហើយ នាង... អ៊ីចឹងម៉ោង៨ព្រឹក ដល់ជណ្តើរផ្ទះវា។» 
«បើមេឃស្រឡះ យើងទៅ តែបើត្រជាក់ដូចល្ងាចនេះ អត់ទៅទេ។» 
«ស្អែក ផឹកកាហ្វេទេ យើងទិញផ្ញើ?» 
«ផឹក យកឡាតេស្មូតធី អត់ស្ករ ហើយថែម Bubbles ផង។» 
«អូខេ អ៊ីចឹងប៉ុណ្ណឹងចុះ ហាន់នី។» 
«អឺ បាយ បាយ ណព្វ។»
...

Post a Comment

0 Comments