ទេវបុត្រសេះស វគ្គស្រោចផ្កា

ទេវបុត្រសេះស វគ្គស្រោចផ្កា
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ទេវបុត្រសេះស វគ្គស្រោចផ្កា
ទេវបុត្រសេះស វគ្គស្រោចផ្កា
[...]
ខ្ញុំបិទទ្វាររបង រួចបើកទឹកស្រោចផ្កា។ ពេលនោះ សិលាចេញមកដើរតាមខ្ញុំតត្រុក។ គេសួរនាំខ្ញុំរហូត៖
- អុំទូកនេះ មីងទៅស្រុកមែនទេ?
ខ្ញុំងក់ក្បាល ទាំងមិនមើលមុខគេ។
- អ៊ីចឹងខ្ញុំទៅជាមួយមីងដែរ។ (សិលានិយាយបន្ត)
ឮប្រយោគនេះ ខ្ញុំជ្រួញចិញ្ចើម រួចទច់ដំណើរ។ សិលាចាប់បង្វិលស្មាខ្ញុំឱ្យបែររកគេ។ គេទាញចិញ្ចើមខ្ញុំឱ្យលាត្រង់ រួចយកចង្អុលដៃទាំងសងខាងរបស់គេមករុញគែមសងខាងមាត់របស់ខ្ញុំឱ្យឡើងលើ។
ខ្ញុំយកដៃទៅគ្រវាសដៃគេចេញទាំងមុខស្មើធេង រួចសួរកំបុត៖
- អ្នកណាឱ្យទៅ?
- ខ្ញុំខ្លួនឯង។ (គេតប)


ខ្ញុំសើចហួសចិត្តនឹងចរិតមុខក្រាស់របស់គេ។ ខ្ញុំទៅស្រោចផ្កាបន្ត។ សិលានៅឈរពីក្រោយខ្នង។
- កុំភ្លេចប្រាប់ម៉ាក់ប៉ារបស់មីងផងថាខ្ញុំទៅលេងពួកគាត់ដែរ។
- ហេតុអីបានចែឯងត្រូវទៅជាមួយខ្ញុំ?
- ចង់ទៅណែនាំខ្លួនបណ្តើរៗឱ្យហើយ... 
- ប៉ាម៉ាក់ខ្ញុំស្គាល់ចែឯងច្បាស់ហើយ មិនចាំបាច់ប្រូតូកូលស្អីទេ។
- ពិតមែន?
- ហើយថ្មើរម៉ានទៅវិញ? (ខ្ញុំសួគេវិញ)
- ទៅណា? គឺខ្ញុំនៅមើលមីងពេញមួយថ្ងៃ រហូតដល់អាតីមកវិញ បានអស់តួនាទីខ្ញុំ។ 
- ខ្ញុំអត់បានឈឺអីទេ។
- អត់ក៏នៅដែរ។
មុខក្រាស់ ខ្ញុំរអ៊ូក្នុងចិត្ត។ សិលានិយាយ ទាំងដណ្តើមទុយោចេញពីខ្ញុំ៖
- មកចាំខ្ញុំជួយស្រោច។
- មិនបាច់ទេ។
- ថាខ្ញុំជួយ។
- ថាមិនបាច់ទេ។ 

ខ្ញុំប្រកែកឡើងញ៉ាញ ហើយប្រញាប់ដើរគេចចេញពីគេ។ ស្រាប់តែរអិលជើង ហើយក៏បែរទុយោទឹកបាញ់ចំប៉ិដុំថ្មហ្នឹងដូចគេងូតទឹក។ ខ្ញុំទាញទុយោទឹកចេញពីខ្លួនគេទាំងភាន់ភាំង។
សិលាដើរយ៉ាងលឿនទៅមួលបិទក្បាលរ៉ូប៊ីណេ។ ខ្ញុំនិយាយតិចៗ ទាំងចង់សើច ពេលឃើញគេដូចមាន់ឈ្លក់ទឹក៖
- សុំទោស ចែ!
- ហើយគិតអាម៉េចនេះ? (គេនិយាយមុខមាំ ទាំងចង្អុលខ្លួនឯង)
ឃើញខ្ញុំធ្វើមុខស្លឺ គេដើរចូលក្នុងផ្ទះត្រុយ។ ខ្ញុំរត់តាមគេពីក្រោយ ស្រាប់តែគេងាកផាំងស្ទើរតែនឹងប៉ះខ្លួនខ្ញុំ។ ខ្ញុំភ្ញាក់ រួចថយក្រោយមួយជំហាន។ គេនិយាយ៖
- ខ្ចីកន្សែងប្រើសិន!
- អត់ទេ!
- អូខេ អ៊ីចឹងខ្ញុំស្រាត ទម្រាំខោអាវខ្ញុំស្ងួត។ (ចប់សម្តី គេដើរវឹងតម្រង់ទៅបន្ទប់ទឹក) 
- ស្រាតអត់បានទេ ចែ! (ខ្ញុំស្រែក ហើយដើរតាមគេទៀត)
- អ៊ីចឹង ទៅយកកន្សែងឱ្យខ្ញុំ ខ្ញុំចូលបន្ទប់ទឹកហើយ។

ខ្ញុំទច់ង៉ក់ រួចប្រញាប់ទៅរកកន្សែងឱ្យគេ។ ខ្ញុំយកកន្សែងរបស់ខ្ញុំដែលទើបបោក ហើយមកអង្គុយចាំគេ នៅលើសាឡុង។ ចែដុំថ្មស្រែកចំទាលពីក្នុងបន្ទប់ទឹកមក៖
- មីង! យកកន្សែងឱ្យខ្ញុំ។
- យកហើយហើយ។
- ឯណា? ម៉េចអត់ឃើញ? លឿនឡើង ខ្ញុំចេញដើរស្រាតពេញផ្ទះឥឡូវ។
- អឺ ទៅហើយ។
ខ្ញុំដើររលះរលាំងទៅកាន់បន្ទប់ទឹក។ ខ្ញុំគោះទ្វារ។ គេបង្ហើបទ្វារ រួចហុចដៃមកយកកន្សែង។
ពេលគេទាញកន្សែង ខ្ញុំខំសម្លឹងមើលគេ ស្រាប់តែគេស្រែក៖
- ទៅវិញទៅ ម៉េចចង់នៅមើលខ្ញុំមែន?
- ឆ្កួត!

ខ្ញុំតប រួចដើរទៅអង្គុយចាំគេនៅបន្ទប់ទទួលភ្ញៀវវិញ។ មិនទាន់អង្គុយស្រួលបួលផង ក៏ឮតាប៉ិដុំថ្ម​ស្រែកឡើងទៀត៖
- ឯណាកូនកន្សែងសម្រាប់ជូតមុខ?
- ស្អីគេ? ហើយម៉េចមិនជូតជាមួយគ្នាទៅ។ (ខ្ញុំតបទាំងខឹង)
- ខ្ញុំមិនចេះស្លៀកកន្សែងសើមទេ។ (គេតវ៉ា) 
- អ៊ីចឹងស្រាតតាមចិត្តចែឯងទៅ ខ្ញុំគ្មានកន្សែងឱ្យទៀតទេ។
- អូខេ ក៏បាន!
តិចលោ ចែហ្នឹងស្រាតទៅ អាក្រក់មើលងាប់ហើយ ខ្ញុំបិទភ្នែកគ្រញែងខ្លួន។
- ហើយកំពុងគិតស្អីហ្នឹង? (គេដើរមកឈរទល់មុខខ្ញុំ រួចរលាស់សក់សើមពេញហ្នឹងឯង)
- អឺ... ក្រែងថា...
- ហើយចង់មើលមែន? (គេនៅឈរចំទែងបង្ហាញរាងអត់អាវនៅហ្នឹង)
- អាសអាភាស! 
មាត់ខ្ញុំនិយាយ តែភ្នែកខ្ញុំវិញគយគន់ដងខ្លួនគេគ្មានព្រិច។ ឆ្ងល់ដែរ ហេតុអីបានខ្ញុំមិនយកដៃខ្ទប់មុខ ហើយស្រែកថា Aww.. ដូចតួស្រីក្នុងរឿងទៅ។
ខ្ញុំសម្លឹងដើមទ្រូងធំទូលាយ និងហាប់ណែនរបស់គេ រួចបង្ហួសមករកសាច់ដុំពោះរបស់គេ។ ខ្ញុំចាប់​ផ្តើមរាប់១ ២ ៣ ៤... អ៎ា.. ហើយចុះបាត់២កង់ទៅណា ម៉េចបានអត់ឃើញ៦អ៊ីចឹង។

កំពុងតែឆ្ងល់ ស្រាប់តែសិលាយកដៃមកជន្លភ្នែកខ្ញុំ។ ខ្ញុំភ្ញាក់បន្តិច រួចសម្លឹងមុខគេវិញ។ គេនិយាយ៖
- ហើយគិតដល់ណាហ្នឹង?
- គ្មានស្អីទេ ហើយថ្មើណាទៅវិញនេះ?
- ចាំខោអាវស្ងួតសិន។
គេទម្លាក់ខ្លួននៅក្បែរខ្ញុំ។ ខ្ញុំខិតចេញពីគេបន្តិច រួចស្រែកគម្រាម៖
- អង្គុយឱ្យស្ងៀមចែ កុំខិតតាមខ្ញុំទៀត!
- ស្មានតែខ្លាំងតើ។ 

ថារួច គេក៏ដើរទៅយកខោអាវសើមរបស់គេ ទៅហាលនៅស្នួមុខផ្ទះ។ ពេលគេត្រលប់មកក្នុងផ្ទះវិញ ខ្ញុំប្រាប់៖
- អ៊ុតទៅឆាប់ស្ងូតជាង ហាលមិនដឹងពេលណាបានពាក់ទេ។
- ល្អ! អ៊ីចឹងមីងអ៊ុតខោអាវឱ្យខ្ញុំទៅ។ (សិលានិយាយ)
- ស្អីគេ? (ខ្ញុំសួរ)
- ស្អីគេ? (សិលាថាតាមខ្ញុំ) ហើយអ្នកណាធ្វើឱ្យខោអាវខ្ញុំទទឹកនោះអ្ហះ?
- ហើយចុះ អ្នកណាទៅរញ៉េរញ៉ៃដណ្តើមទុយោពីខ្ញុំនោះ? (ខ្ញុំសម្លុត)
- ហើយចង់ជួយអត់បានទេ អ៊ីចឹង?
- ជួយខុសរឿង!
- ចុះជួយម៉េចបានត្រូវរឿង? 

ខ្ញុំបិទមាត់ ហើយសម្លក់គេថ្មែ។ គេអង្គុយរលាស់សក់ធ្វើហី ដូចគ្មានរឿងអីកើតឡើង។ ខឹងតាប៉ិហ្នឹងខ្លាំងណាស់។ ខ្ញុំងើបដើរទៅយកខោអាវគេនៅមុខផ្ទះ រួចនិយាយ៖ 
- ជួយលាប្រដាប់អ៊ុតខោអាវឱ្យខ្ញុំបន្តិច។
ខ្ញុំឡើងទៅយកឆ្នាំងអ៊ុតពីក្នុងបន្ទប់របស់ខ្ញុំចុះមកក្រោម រួចចាប់ផ្តើមលាអាវរបស់គេអ៊ុត។
ជាអាវយឺត ពណ៌ផ្ទៃមេឃ។ ខ្ញុំបើកលេខតិច ព្រោះខ្លាចក្តៅជ្រុលឆេះអាវគេខ្ទេច។ ខ្ញុំដាក់ឆ្នាំងអ៊ុតពី​លើ​អាវ រួចរុញចុះឡើងសើៗ។ បន្តិចក្រោយមកក៏អ៊ុតអាវរួច។
ខ្ញុំចាប់ផ្តើមអ៊ុតខោទៀត។ ម៉ែ! ខោខូវប៊យ សាច់ឱ្យក្រាស់ឃ្មឹកដូចមុខម្ចាស់អ៊ីចឹង។ គ្រាន់តែព្រលាត់ពីខាងខុសមកខាងត្រូវ ក៏ចង់បាក់ដៃដែរ។ ខ្ញុំរៀបខោឱ្យត្រង់ដាក់នៅលើប្រដាប់អ៊ុត។ ទាញខាងនេះ ខុសខាងនោះ... ហ៊ឺយ ធុញ! ឈប់ឥឡូវហើយអញ...

កំពុងតែប្រមូលអារម្មណ៍ឱ្យមូល ស្រាប់តែភ្ញាក់ព្រើតនឹងសិលា មិនដឹងជាគេមកឈរពីក្រោយខ្ញុំ តាំង​ពី​អង្កាល់ទេ។ គេសួរ៖
- ហើយចេះអ៊ុតខោឬអត់នេះ?
- ខ្ញុំអត់ដែលអ៊ុតខោទេ។ (ខ្ញុំប្រាប់)
- អ៊ីចឹង ចាំខ្ញុំបង្រៀន... (គេនិយាយបណ្តើរ លូកដៃមកកាន់ដៃខ្ញុំដែលកំពុងទាញខោ)
- អ៊ុតខោខ្លួនឯងទៅ។ (ខ្ញុំប្រាប់គេ ទាំងរកផ្លូវគេចចេញពីការក្រសោបឱបខ្លួនខ្ញុំ)
- មីង រៀនអ៊ុតខោឱ្យហើយទៅ ក្រែងបន្តិចទៀតត្រូវការអ៊ុតខោឱ្យប្តីរបស់មីង វាមិនពិបាក។
- ប្តីស្អី?
ខ្ញុំនិយាយ ទាំងងាកមុខមករកគេផាំង ម៉ែ! ថ្ពាល់ខ្ញុំបុកនឹងច្រមុះគេម៉ាំង... ខ្ញុំយកដៃខ្ទប់ថ្ពាល់ រួចសម្លឹងមុខគេទាំងភាន់ភាំង។ គេនិយាយធម្មតា៖ 
- បែរទៅមុខទៅ បើមិនចង់ត្រូវមួយច្រមុះទៀត?
ខឹងខ្លាំងណាស់ ខ្ញុំរុញគេមួយទំហឹង រួចនិយាយ៖
- ចៀសចេញ ចែឯងកុំចង់លូកលាន់ខ្ញុំ អត់បានទេ។ 
- អេ៎មីង! ហើយអ្នកណាលូកអ្នកណា គឺថ្ពាល់មីងមកបុកប៉ះច្រមុះខ្ញុំឡើងស្រៀវអស់ហើយនេះ។ (គេវ៉ៃចិញ្ចើមដាក់ខ្ញុំ រួចនិយាយបន្ត) ខ្ញុំមិនមាត់មួយម៉ាត់ផង ហើយនៅមកស្រែកឡូងៗដាក់ខ្ញុំទៀត។ 

ខ្ញុំដើរមកអង្គុយលើសាឡុងវិញ ទាំងមួហ្មង។ សិលាក៏បន្តឈរអ៊ុតខោរបស់គេខ្លួនឯង។ រួចរាល់ហើយ គេចូលផ្លាស់ខោអាវនៅក្នុងបន្ទប់ទឹក។ ខ្ញុំរៀបចំទុកដាក់ជើងអ៊ុតខោអាវ នៅកន្លែងដើមវិញ។ ពេលចេញមកវិញ គេបោះកន្សែងដែលស្លៀកហើយមកឱ្យខ្ញុំ រួចសួរ៖
- ថ្ងៃនេះបានអីញ៉ាំ?
ខ្ញុំមិនឆ្លើយ រួចដើរទៅហាលកន្សែងនៅមុខផ្ទះ។
ខ្ញុំដើរចូលមកក្នុងផ្ទះវិញ ហើយអង្គុយនៅចុងសាឡុង។
គេដើរសំដៅមករកខ្ញុំដោយសម្លឹងមើលខ្ញុំឥត​មានព្រិចភ្នែក។
ខ្ញុំអង្គុយធ្វើមុខធម្មតា រួចនឹកក្នុងចិត្ត ឱ្យតែហ៊ានស្តីឱ្យ ដឹងតែស្តីឱ្យវិញហើយ។ 
ពេលមកដល់ទល់មុខខ្ញុំ សិលានៅតែសម្លឹងមុខខ្ញុំមិនដាក់ភ្នែកដដែល។ អញដាក់ជាំភ្នែកឥឡូវហើយ! ភ្នែកគេនៅតែអត់ព្រិចសោះ។ ខ្ញុំខំប្រឹងអត់ហ៊ានព្រិចភ្នែកដែរ ខ្លាចចាញ់គេ។
គេឱនមកយឺតៗ។ មុខរបស់គេកាន់តែខិតមករកមុខខ្ញុំ។ គេសម្លឹងមើលចំភ្នែករបស់ខ្ញុំ។ ប៉ះមុខខ្ញុំឥឡូវហើយ ខ្ញុំប្រឹងឡើងរឹងខ្លួន។ ចិត្តខ្ញុំច្របូកច្របល់។ តើត្រូវធ្វើម៉េច? ត្រូវគេចមុខចេញ? ត្រូវទះកំផ្លៀង? ត្រូវរុញខ្លួនគេចេញ? ឬត្រូវខ្វាចមុខគេ? 

នៅសល់តែមួយចង្អុលដៃទៀតទេ ច្រមុះគេនឹងប៉ះច្រមុះខ្ញុំហើយ។ គិតម៉េចទៅ? គិតម៉េចទៅ?
ស្រាប់តែសិលាឈប់ទ្រឹងត្រឹមហ្នឹង... ហើយនិយាយតិចៗ៖
- ខិតបន្តិច ខ្ញុំយកមួក។
ខ្ញុំក្រឡេកទៅឃើញមួកកាសរបស់គេនៅក្រោយខ្នងខ្ញុំ។
ចុម! ដាក់ហ្នឹងតាំងពីអង្កាល់? ម៉េចឯងអត់ឃើញសោះ? ខ្ញុំយកដៃទះថ្ងាសខ្លួនឯង.. 

[...]
សាច់រឿងពេញមាននៅក្នុងសៀវភៅ តម្លែ ៦ ដុល្លារ
ទេវបុត្រសេះស
ទេវបុត្រសេះស
វគ្គមួយចំនួន ក្នុងរឿងទេវបុត្រសេះស ដែលមិនទាន់កែសម្រួល៖

Post a Comment

0 Comments