ទេវបុត្រសេះស 4

ទេវបុត្រសេះស 4
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ទេវបុត្រសេះស ដោយ ហេង ដារី
ទេវបុត្រសេះស ដោយ ហេង ដារី
-4- 

ខ្ញុំងាកមើលមុខសិលាទាំងជ្រួញចិញ្ចើម។ គេនិយាយធ្វើហី ទាំងមិនព្រមលែងដៃខ្ញុំ៖ 
- ស្មានតែពោត 
- យ៉ាប់! 
ខ្ញុំស្តីឱ្យ ទាំងកញ្ឆក់ដៃចេញពីដៃគេ។ សិលាឈ្ងោកមកជិត ហើយនិយាយតិចៗក្បែរត្រចៀកខ្ញុំ៖ 
-សុំទោស ខឹងមែន? 
ខ្ញុំនៅស្ងៀម ព្រោះមិនដឹងថាត្រូវឆ្លើយតបយ៉ាងម៉េចវិញ ប៉ុន្តែខ្ញុំហាក់មានអារម្មណ៍ក្តៅត្រជាក់យ៉ាងម៉េចមិនដឹងទេ។ រាល់ដងដូចមិនដែលដូច្នេះសោះ។


ខ្ញុំងាកមកមើលរឿងវិញ។ មិនយូរប៉ុន្មាននាទីផង ខ្ញុំក៏ចាប់ផ្តើមចូលតួតាមCrushរបស់ខ្ញុំ។ ខ្ញុំចូលចិត្តសាច់រឿងនេះណាស់ គឺតាមដានតាំងពី Mission impossible 1 មកម្ល៉េះ។ ហើយវគ្គ6នេះ ទាំងសាច់រឿង ទាំងការសំដែង ទាំងទីតាំងថតពិតជាទាក់ចិត្តខ្លាំងណាស់។ សម្រាប់ខ្ញុំគឺឱ្យពិន្ទុរហូតដល់9.5/10 ឯណោះ។ និយាយទៅគឺល្អជាងវគ្គណាៗទាំងអស់។ សិលាប្រហែលជាជក់ចិត្តដែរហើយបានជាលែងរករឿងខ្ញុំ។ ពួកយើងនៅស្ងៀមស្ងាត់ រហូតដល់រោងកុនទាំងមូលបើកភ្លើងឡើងវិញ។

ខ្ញុំក្រោកកាន់កញ្ចប់ពោត និងដបទឹកយកទៅចោលនៅធុងសំរាមខាងក្រៅ តែសិលាចាប់ទាញខ្សែកាបបូបស្ពាយខ្ញុំឱ្យឈប់ រួចគេទទួលយកសំរាមពីដៃខ្ញុំទៅកាន់វិញ។ គេដើរមកទន្ទឹមខ្ញុំ រួចនិយាយ៖
- ពួកយើងទៅណាទៀត?
- ល្ងាចហើយ ខ្ញុំចង់ទៅផ្ទះវិញ។
ខ្ញុំប្រាប់សិលា ទាំងទាញទូរស័ព្ទចេញពីកាបូបស្ពាយមកមើលម៉ោង។
- អត់ទៅញ៉ាំបាយល្ងាចជាមួយគ្នាទៀតទេ? (សិលាស្នើ)
- អត់ទេ
- នៅផ្ទះបានម្ហូបអីញ៉ាំ? (សិលាសួរ)
ខ្ញុំបញ្ឈរភ្នែករកនឹកមួយសន្ទុះ ទើបឆ្លើយ៖
- បើមិនមីឆុង ពងទាចៀនទឹកស៊ីអ៊ីវអីហ្នឹង។
- ញ៉ាំអ៊ីចឹងរាល់ថ្ងៃ?
- ញឹកញាប់
- ហើយអត់ធ្វើម្ហូបញ៉ាំទេ?
- អ្នកណាថា មីឆុង ឬពងចៀន គឺខ្ញុំធ្វើខ្លួនឯង អត់បានទិញពីផ្សារទេ។
- ចង់សួរថា ធ្វើម្ហូបបែបឆា បែបស្ងោរអីហ្នឹង?
- ចុះហ្នឹងមិនស្ងោរ មិនឆា មីគឺលក្ខណៈស៊ុប ហើយពងទាចៀន ជាលក្ខណៈឆាហើយ។
ខ្ញុំពន្យល់សិលា។ គេគ្រវីក្បាលហួសចិត្ត។ ខ្ញុំនិយាយអួត៖
- ដឹងអត់ថាខ្ញុំឆុងមី ឬចៀនពងឆ្ងាញ់បំផុត។
- អ្នកណាថា? (សិលាសួរ)
- យាយតីសរសើរខ្ញុំរាល់ដងហ្នឹង។
- អ៊ីចឹង ល្ងាចនេះសាកធ្វើឱ្យខ្ញុំញ៉ាំម្តងទៅ (សិលានិយាយ)
- អឺ ហើយចុះអត់ទៅញ៉ាំបាយផ្ទះខ្លួនឯងទេ? (ខ្ញុំសួរទាំងឆ្ងល់)
- អត់ទេ ចង់សាកស្នាដៃមីឆុង ដែលមីងអួត។
- ខ្ញុំមិនបានអួតទេ តិចថាញ៉ាមចុះ។
- បើអ៊ីចឹងមែន ល្អហើយ មីងធ្វើឱ្យខ្ញុំញ៉ាំរាល់ថ្ងៃទៅ។
- ទាល់តែយូរ។ (ខ្ញុំតបទាំងពេបមាត់)
- ត្រូវការចូលផ្សារទិញអីបន្ថែមទេ? (សិលាសួរ)
- មិនបាច់ទេ បើគ្រាន់តែចង់ញ៉ាំមីឆុងនោះ នៅផ្ទះខ្ញុំមានគ្រប់គ្រាន់ហើយ។

ពេលត្រលប់មកដល់ផ្ទះវិញ ស្រាប់តែឃើញទ្វាររបងចាក់សោ។ តើសុមាតីទៅណាអ៊ីចេះ? ខ្ញុំរើយក​កូន​សោចាក់ចូលផ្ទះ។ សិលាដឹកបណ្តើរម៉ូតូចូលទៅចតនៅពីមុខផ្ទះ ឯខ្ញុំចាក់សោទ្វារផ្ទះមួយតង់ទៀត ទើបបានចូលផ្ទះ។

ខ្ញុំប្រញាប់ទូរស័ព្ទរកសុមាតី។ វាប្រាប់ថាកំពុងដើរលេងនៅអ៊ីអន២ជាមួយអ្នកកន្លែងធ្វើការ។ ឱ្យតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យគឺបែបនេះឯង។ សុមាតីទៅផ្សេង ខ្ញុំទៅផ្សឹង។ ខ្ញុំឃើញសិលាដើរទៅបើកទូរទឹកកក ខ្ញុំស្រែកសួរ៖
- រកអីហ្នឹង?
-មានអីញ៉ាំទេ? ឃ្លានណាស់
- ចាំមួយភ្លែតសិនទៅ
ខ្ញុំដើរទៅបើកទូរចាន ដើម្បីយកផ្លែឈើក្រៀមហុចឱ្យសិលា។ គេឈរក្បែរខ្ញុំ រួចសួរ៖
- ស្អីគេហ្នឹង?
- ចង់ញ៉ាំមួយណា? នេះអាល់ម៉ុន ហើយនេះទំពាំងបាយជូរក្រៀម។
- អាល់ម៉ុនអីក៏ធំម៉េះ? អ្ហះ ញ៉ាំទាំងសម្បកហ្នឹង?
- ហើយមិនចេះបកទេអី? យ៉ាប់! (ខ្ញុំស្តីឱ្យ)
- មីងអើយមីង ម៉េចក៏មិនទិញអាគេបកហើយទៅ?
- ទិញអាហ្នឹងហើយ ញ៉ាំបានយូរ។ នេះចាន ញ៉ាំប៉ុណ្ណា ចាក់ប៉ុណ្ណឹងទៅ។ ហើយបើខ្ជិលបក ញ៉ាំទំពាំងបាយជូរទៅ។
ខ្ញុំនិយាយ ទាំងហុចកូនចានឱ្យសិលា។ គេចាក់ផ្លែឈើមួយមុខបន្តិច រួចកាន់ចានមកឈរញ៉ាំក្បែរខ្ញុំ។ ខ្ញុំសួរ៖
- ហើយចុះ ម៉េចមិនចេញទៅញ៉ាំខាងក្រៅ មកឈរជំទែងអីនៅទីនេះ។
- មីងនៅណា ខ្ញុំនៅហ្នឹង។ (សិលាឆ្លើយធ្វើហី)
- អ៊ីចឹងខ្ញុំចូលបង្គន់ ចូលតាមខ្ញុំដែរ អ្ហះ។
- ឱ្យតែមីងឱ្យចូល។ (សិលានិយាយទាំងសើច)
ខ្ញុំសម្លក់សិលា តែឃើញគេនៅស្ញេញដាក់ខ្ញុំ។ ខ្ញុំបើកទូចាន រួចសួរសិលា៖
- ចង់ញ៉ាំមីទឹក ឬមីគោក?
- មីទឹក
- ចង់ដាក់សាច់ ឬប្រហិតអីបន្ថែមទេ?
- អូ មានសាច់ទៀត?
- មានតើ
- ដាក់សាច់ តែអត់យកប្រហិតទេ។
- អូខេ ទៅចាំនៅខាងមុខទៅ បន្តិចទៀតឆ្អិនហើយ។
ខ្ញុំប្រាប់សិលា ហើយគេក៏ដើរចេញទៅ ដោយទុកចានផ្លែឈើចោលនៅលើទូរទឹកកក។ ខ្ញុំយកសាច់គោចេញពីកន្លែងកក រួចដាក់ប្រអប់សាច់ត្រាំក្នុងទឹកឱ្យឆាប់រលាយ។ កំពុងតែរៀបហែកកញ្ចប់មីដាក់ក្នុងចាន ស្រាប់តែឃើញសិលាកាន់កៅអីយកមកអង្គុយនៅក្នុងផ្ទះបាយក្បែរខ្ញុំ។
- ហើយចុះម៉េចមិនទៅមុខទៅ។ (ខ្ញុំនិយាយទាំងខឹង)
- ខ្ញុំចង់នៅមើលមីងធ្វើម្ហូប។
- មើលធ្វើស្អី?
- ចេះតែមើលទៅ បើគ្មានស្អីឱ្យមើលក្រៅពីហ្នឹង។
- ទៅមើលទូរទស្សន៍ទៅ! (ខ្ញុំដេញ)
- ថាខ្ញុំចង់មើលមីង។
- ហើយមិនដែលឃើញខ្ញុំទេ អី?
- មិនដែលឃើញមីងធ្វើម្ហូបឱ្យខ្ញុំញ៉ាំហ្នឹង។
- យ៉ាប់! (ខ្ញុំស្រែកឱ្យទាំងចងចិញ្ចើម)

ខ្ញុំឈរសម្លក់សិលាដែលកំពុងតែអង្គុយបោះផ្លែទំពាំងបាយជូរចូលមាត់ធ្វើមិនដឹង។ បន្ទាប់មក គេងាកមើលខ្ញុំ រួចធ្វើដៃឱ្យខ្ញុំទៅចម្អិនម្ហូប ទើបខ្ញុំទៅរៀបចំមីដាក់ចាន។ ខ្ញុំចាប់ផ្តើមកាត់សាច់គោដែលនៅកកខ្លះរលាយខ្លះជាដុំតូចៗល្មមយកទៅត្រាំទឹកបន្ថែម។ រួចទើបហាន់ជាបន្ទះស្តើងៗដាក់ក្នុងចាន ហើយរោយស្ករស និងអំបិលលើសាច់គោដើម្បីឱ្យចូលជាតិគ្នា។

ខ្ញុំបើកចង្រ្កានហ្គាស់ដាំទឹក ហើយក៏ទៅបើកទូរយកប្រហិតសាច់គោ និងជីររណា រួចសួរសិលា៖
- ញ៉ាំទឹកAquariusទេ?
- យក
ខ្ញុំហុចទឹកឱ្យសិលា រួចចាប់ផ្តើមលាងប្រហិត និងលាងជីរទុកឱ្យស្រស់ទឹក។ សិលានិយាយ៖
- ម៉េចក៏ចូលចិត្តញ៉ាំប្រហិតហ្នឹងម៉េះ? ដឹងថាធ្វើពីអីអត់?
- ដឹងហើយ មិនបាច់ប្រាប់ទេ។ (ខ្ញុំកាត់សំដីសិលា)
- ចុះនៅញ៉ាំវាធ្វើអីទៀត?
- មកពីចូលចិត្ត។
- កាត់បន្ថយវាខ្លះទៅ ទាំងមីអីហ្នឹង។
- កំពុងកាត់ហើយ។
- កាត់ហើយហ្នឹង ឃើញក្នុងទូរសុទ្ធតែកញ្ចប់មី និងកំប៉ុងមី។ (សិលានិយាយទាំងមុខស្មើ)

ខ្ញុំខ្ជិលតបវិញ ព្រោះការពិតវាអ៊ីចឹងមែន។ ពេលទឹកពុះ ខ្ញុំបង់ប្រហិតចូលក្នុងឆ្នាំង ហើយទុកមួយសន្ទុះ ទើបដួសទឹកក្តៅនោះដាក់ក្នុងចានមី រួចសួរសិលា៖
- ដាក់ជីររណារទេ?
- ដាក់

ខ្ញុំរៀបចំមីសាច់គោឱ្យសិលាមុន រួចទើបឆុងមីខ្លួនឯង។ ពេលរួចរាល់ហើយ សិលាជួយកាន់ចានមីទៅញ៉ាំនៅតុទទួលភ្ញៀវខាងមុខ។ ខ្ញុំកាន់កែវ និងទឹកទៅតាមក្រោយ ហើយបើកទូរទស្សន៍មើល។ ខ្ញុំអង្គុយក្បែរសិលា ឃើញគេឈ្ងោកដួសទឹកមីញ៉ាំ។ ខ្ញុំសួរ៖
- ម៉េចដែរ?

សិលាលើកមេដៃមួយបង្ហាញខ្ញុំ។ ខ្ញុំញញឹម។ ពួកយើងញ៉ាំបណ្តើរ មើលទូរទរស្សន៍បណ្តើរ។ តាមពិត នេះមិនមែនលើកទីមួយទេ ដែលសិលាមកញ៉ាំអីនៅផ្ទះខ្ញុំ។ និយាយទៅគឺរាប់សិបដងហើយ តែភាគច្រើន គឺទិញអាហារពីក្រៅមកញ៉ាំជាមួយគ្នា មានតែលើកនេះទេដែលខ្ញុំធ្វើម្ហូបឱ្យសិលាញ៉ាំនោះ។ បន្តិចក្រោយមក ក៏ឃើញសិលាលើកចានហុតទឹកមីអស់មុនខ្ញុំ ហើយគេសួរខ្ញុំ៖
- អាតី ថ្មើរម៉ានមកវិញ?
- មិនហួសពីម៉ោង៩ទេ។
- ឥលូវម៉ោង៧ជាងហើយ(សិលានិយាយទាំងមើលនាឡិកានៅលើកដៃរបស់គេ)ហើយនៅម្នាក់ឯងអត់ខ្លាចទេ?
- ខ្លាចស្អី? បើទ្វារចាក់សោរជាប់ហើយនោះ។
- ខ្លាចខ្ញុំ? (សិលាសួរទាំងលើកដៃចង្អុលខ្លួនគេ)
ខ្ញុំសើច។ សិលាសួរទាំងឆ្ងល់៖
- ម៉េចបានសើច?
- សិលាឯងយក្សមែន? ហើយចេញចូលផ្ទះខ្ញុំប៉ុន្មានដងហើយ?
- ទុកចិត្តខ្ញុំណាស់ន៎ (សិលានិយាយទាំងញញឹម)

ខ្ញុំសម្លឹងមុខសិលា ហើយគេក៏សម្លឹងមុខខ្ញុំវិញ។ ឃើញគេមិនព្រមដកភ្នែកចេញពីមុខខ្ញុំ ខ្ញុំស្តីឱ្យគេ៖
- មើលមុខខ្ញុំធ្វើស្អី?
- ហើយមើលមុខមីងអត់បានទេអ៊ីចឹង។
- មើលចម្លែកៗ...(ខ្ញុំរអ៊ូតិចៗ)
- មីងថាម៉េច?
- គ្មានថាស្អីទេ

និយាយរួច ខ្ញុំប្រមូលចានទៅលាងទុកដាក់ឱ្យហើយ។ សិលាជួយកាន់ចានគេ និងកែវយកឱ្យខ្ញុំទៅលាងដែរ។ ឃើញគេឈរយូរក្បែរខ្ញុំ ខ្ញុំសួរ៖
- ទៅវិញឥលូវមែន?
- ចាំអាតីមកវិញ បានទៅ។
- បើប្រញាប់ទៅចុះ មិនអីទេ។
- គ្មានអីប្រញាប់ទេ អាចនៅទីនេះ២-៣ខែក៏បាន។
- ម៉េចមិននៅរហូតទៅអ៊ីចឹង។ (ខ្ញុំនិយាយឌឺឱ្យគេ)
- មីងប្រាកដហើយ? (សិលានិយាយទាំងចាប់ស្មាខ្ញុំបង្វិលឱ្យបែរទៅរកគេ)
- ប្រាកដស្អី? (ខ្ញុំសួរទាំងឆ្ងល់ ហើយសម្លឹងមុខគេថ្មែ)
- អ៊ីចឹងស្អែកខ្ញុំទៅយកខោអាវមកទីនេះ (គេនិយាយ ទាំងលែងដៃពីស្មាខ្ញុំ)
- ហាសហា ប្រយ័ត្នម៉ាក់ប៉ាសិលាឯងមកជេរបញ្ចោរខ្ញុំ និងអាតីទៅ។
- ហេតុអីពួកគាត់ត្រូវជេរមីង?
- គឺជំរត់កូនប្រុសគាត់នោះអី។
- ហាសហា ហើយចុះខាងមីង អត់មានអ្នកជេរខ្ញុំទេ?
- មិនត្រឹមតែជេរទេ តែប្រហែលជាកាត់កាល់ខ្ញុំចោលទៀតផងមិនដឹង ហាសហា។ (ខ្ញុំសើច)
- មីង? (សិលាហៅតិចៗ)
- ស្អីគេ? ខ្ញុំសួរ ទាំងជូតសម្អាតកន្លែងលាងចានឱ្យស្ងួត រួចនាំសិលាចេញមកអង្គុយនៅបន្ទប់ទទួលភ្ញៀវវិញ។
- យើងជំរត់គ្នាទៅ ល្អទេ? (សិលាសួរ)
- ឆ្កួត! (ខ្ញុំសើច រួចចុចប្តូរប៉ុស្តិ៍ទូរទស្សន៍)
- ស្គាល់គ្នាយូរប៉ុណ្ណឹងហើយជំរត់គ្នាអត់បានទៀតអ្ហីមីង?
- ទៅជំរត់អ្នកណាបានទៅទៅ ចែ។ (ខ្ញុំប្រាប់សិលា)
- យប់នេះ សុំគេងនៅហ្នឹងបានអត់?
- ហើយចុះរាល់ថ្ងៃអត់មានផ្ទះសំបែងនៅទេ? (ខ្ញុំសួរបកទៅវិញ)
- មាន តែចង់មកនៅជាមួយមីង។
-​ ហេតុអី?
...

Post a Comment

2 Comments