ទេវបុត្រសេះស 2

ទេវបុត្រសេះស 2
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ទេវបុត្រសេះស ដោយ ហេង ដារី
ទេវបុត្រសេះស ដោយ ហេង ដារី
-2- 

 មុននឹងចូលចូលបន្ទប់ទឹក ខ្ញុំឆ្លៀតមើលមុខខ្លួនឯងនៅក្នុងកញ្ចក់បន្តិច ហើយក៏លាន់មាត់៖
- ងាប់! មុខខ្ញុំ ឬមិនមែនហ្នឹង? មើលរង្វង់ភ្នែកទាំងសងខាងឡើងជាំខ្មៅ ដូចខ្មោច។ មិនបានទេ ទៅជួបសិលាផង។
ខ្ញុំប្រញ៉ាប់ទៅយកកញ្ចប់តែដែលឆុងរួចហើយនៅក្នុងទូទឹកកក យកមកបិទភ្នែកមួយសន្ទុះសិន។ ដេកទម្រេតនៅលើគ្រែបណ្តើរ នឹកគិតពីការចេញទៅក្រៅជាមួយសិលាបណ្តើរ។ ចុះលើកនេះ ហេតុអ្វីក៏ខ្ញុំយកចិត្តទុកដាក់ជាពិសេសម៉្លេះ ហើយខ្ញុំ និងសិលាធ្លាប់ចេញទៅណាមកណាជាមួយគ្នារាប់មិនអស់។ នឹកទៅដូចជាចង់សើច ខំបិទតែថែមុខអីណា ...

ទើបតែបិទមិនទាន់បាន១០នាទីផង ស្រាប់តែ«តឹង តឹង»...

ស្នូរកណ្តឹងលាន់ឡើង ប្រហែលជាសិលាមកដល់ហើយមើលទៅ។ មែន! ឮសូរសម្លេងសុមាតី និងសិលាកំពុងនិយាយជាមួយគ្នានៅខាងក្រោម។ ខ្ញុំដកកញ្ចប់តែចេញពីភ្នែក រួចលួចទៅអើតមើលខាងក្រោមតាមចន្លោះបង្អួចកញ្ចក់ ឃើញសិលាអង្គុយលើកៅអី ហើយរេភ្នែកមើលទិដ្ឋភាពក្នុងផ្ទះរបស់ខ្ញុំ។ អុះ ភ្លេចប្រាប់ ខ្ញុំនៅផ្ទះនេះជាមួយសុមាតី ដែលជាសម្លាញ់ស្លាប់រស់របស់ខ្ញុំ តាំងពីហៀរសម្បោរមកម្ល៉េះ។

- វីតា! សិលាមកដល់ហើយវ៉ឺយ (សម្លេងសុមាតីស្រែកឮៗ ពីខាងក្រោមមក)។
- អឺ! ឱ្យគេចាំមួយសិនទៅ ទម្រាំគ្នាងូតទឹកហើយ។ (ខ្ញុំឆ្លើយ ទាំងភ្នែកកំពុងសម្លឹងមើលអ្នកទាំងពីរនៅខាងក្រោមនៅឡើយ)
- ឮអត់ ព្រះនាងមិនទាន់រៀបចំខ្លួននៅឡើយទេ។ អ៊ីចឹងសិលាឯងចង់ញ៉ាំទឹក ឬក៏កាហ្វេ? (សុមាតីសួរ)
- សុំទឹកធម្មតា១កែវ បានហើយអាតី! (សិលាតបវិញ)


ខ្ញុំរៀបចំតែងខ្លួនបណ្តើរ គិតបណ្តើរថា តើសិលាបបួលខ្ញុំទៅធ្វើអីព្រឹកនេះ? តិចលោគេសារភាពស្នេហ៍ចំពោះខ្ញុំទៅ? ហើយបើមែន តើខ្ញុំត្រូវលេងឫកម៉េចទៅ... អូយ! ងាប់បណ្តោយ! គ្រាន់តែគិតសោះ ក៏បេះដូងខ្ញុំដើរញាប់ទៅហើយ នេះមុខខ្ញុំនៅឡើងកំដៅខុសធម្មតាទៀត...

ខ្ញុំបើកទូខោអាវ រួចវែកចុះវែកឡើងយ៉ាងយូរ តែនៅមិនដឹងថាត្រូវស្លៀកស្អី «តើស្លៀកសំពត់ ឬខោហ្ន៎! ទៅក្នុងន័យមានចិត្តស្នហ៍បែបនេះ ខ្ញុំគួរតែស្លៀកសំពត់ទើបទន់ភ្លន់បែបនារី។ ខ្ញុំទាញសំពត់ស៊ែរ៉េពណ៌គគីរក្រោមជង្គង់ចេញពីប្រដាប់ថ្ពក់មកដាក់លើគ្រែ រួចទាញអាវពណ៌លឿងស្រាល ដៃខ្លីមកដាក់ក្បែរសំពត់។ យីម៉េចក៏ត្រូវស្លៀកសុភាពដូចថ្ងៃទៅធ្វើការអ៊ីចឹង។ ចុះបើស្លៀករ៉ូបវិញម្តង តើយ៉ាងម៉េចដែរ? ខ្ញុំក៏រើរ៉ូបវ៉ាល់ខ្លីត្រឹមជង្គង់ពណ៌ស្វាយ ដែលមានលាយផ្កាល្អិតៗពណ៌សចេញមកដាក់លើខ្លួន។ មើលទៅដូចជាសមគ្រាន់បើតើនេះ! អូ៎! ងាប់បណ្តោយ ជិះម៉ូតូធំជាមួយសិលាផង ពេលឡើងច្បាស់ជាប៉ើងសំពត់អន្តរធានហើយ។ មិនបានទេ ខ្ញុំត្រូវស្លៀកខោវិញ ទើបបាន! ខ្ញុំក៏រើសយកខោបារាំងពណ៌ទឹកដោះគោ និងអាវពណ៌កាហ្វេចេញមក រួចក៏យក...

កំពុងតែឈរស្យង់ថា តើគួរស្លៀកឬមិនស្លៀក ស្រាប់តែទ្វារបន្ទប់របើកខ្វាក ហើយក៏លេចមុខក្រម៉ូវរបស់សុមាតី ជាមួយនឹងសម្លេងបែបគ្រាតគ្រោត ៖

- ស្អីគេ!!! នៅមិនទាន់ស្លៀកពាក់ទៀត មើលសិលាផឹកទឹកឡើងអស់២ធុងស្ពេត្រូទៅហើយ។
- យកថែម១ធុងឱ្យគេទៀតទៅ! (ខ្ញុំតបធ្វើព្រងើយ)
- ទៅយកឱ្យគេខ្លួនឯងទៅ! នេះពួកម៉ាកអាណាគេវ៉ី?
ថាហើយ សុមាតីប្រាស់ខ្លួនភីងក្បែរសំពត់អាវរបស់ខ្ញុំ រួចសួរ៖
- ហើយនេះរើខោអាវមកតាំងលក់មែន?
- គឺថាមិនដឹងត្រូវស្លៀកអាមួយណាហ្នឹង? (ខ្ញុំនិយាយទាំងអេះក្បាលញាប់ស្អេក)
- អើអ៊ីចឹងស្រាតទៅវ៉ី! មើលសិលាមិនដឹងជាលក់ដាច់អស់ប៉ុន្មានហើយទេ!(សុមាតីតប)
ខ្ញុំក៏ស្ទុះអើតមើល មែនឃើញសិលាកំពុងដេកបិទភ្នែកឱបដៃនៅលើកៅអីឈើភ្នាក់ដៃវែង។ អូ៎! មិនបានទេ តិចលោគេអន់ចិត្តនឹងខ្ញុំទៅ។ ខ្ញុំប្រញ៉ាប់វែកខោអាវក្នុងទូម្តងទៀត តែនៅតែមិនដឹងយកឈុតណាមកស្លៀកទៀត។
ទីបំផុត ខ្ញុំធ្មេចភ្នែករួចក៏ទាញខោរួចទើបទាញយកអាវ។ ទោះយ៉ាងណាក៏ខ្ញុំត្រូវគោរពយកការជ្រើស​រើសចុងក្រោយនេះដែរ គឺខោខូវប៊យពណ៌ផ្ទៃមេឃ និងអាវយឺតពណ៌ប្រផះមកស៊ក។
- ឡូយអត់វ៉ី? (ខ្ញុំងាកទៅសួរសុមាតី)
- រើសរាប់ម៉ោង ទីបំផុតស្លៀកតែអាដែលៗហ្នឹង! (សុមាតីនិយាយទាំងពេបមាត់)
មែនដូចពួកម៉ាកខ្ញុំនិយាយអ៊ីចឹង តាមពិតរវល់តែរើសសម្លៀកបំពាក់ចុះឡើងៗ ទីបំផុតមុខមាត់ក៏មិនបានផាត់ម្សៅ គឺបានត្រឹមតែលាបក្រែបរលោងប៉ុណ្ណោះ ហើយលើកសក់ចងឡើងខ្វាច់ៗ រួចងាកប្រាប់សុមាតី ៖
- យើងទៅហើយវ៉ី! នែ៎ផ្ញើជួយយកខោអាវទុកក្នុងទូឱ្យផងណា៎ សម្លាញ់ចិត្ត!
- ទាល់តែយូរ! (សុមាតីតបទាំងពេបមាត់ ដូចត្រីសណ្តាយ) ចុះថ្មើរណាមកវិញ?
ខ្ញុំគ្រវីក្បាល រួចចុះទៅស្រែកដាស់សិលា។ សិលាក្រោកឡើងមីងម៉ាំង មិនដឹងថាខ្លួនឯងនៅទីណាឱ្យប្រាកដ។ ខ្ញុំសើចហួសចិត្ត ព្រោះស្មានថាគេធ្វើពុតជាដេកលក់។
- អាតី ខ្ញុំទៅវិញហើយ!
- ច៎ាស (អាតីឆ្លើយពីលើឡៅតឿមក)
សិលាដើរទៅបញ្ឈេះម៉ូតូចាំ ខ្ញុំទៅយកមួកកាស់នៅក្នុងកន្ត្រកម៉ូតូរបស់ខ្ញុំ រួចវាត់ជើងអស់មួយទំហឹង ដើម្បីឡើងទៅទុំពីក្រោយខ្នងសិលា។ ខ្ញុំមានអារម្មណ៍តានតឹងពេលជិះម៉ូតូធំ ហើយខ្ពស់បែបនេះណាស់ ពិបាកអីពិបាកម៉្លេះ រកតែតែងខ្លួនឱ្យcuteអីអត់បានហ្មង! សិិលាងាកមកសួរ៖
- រួចនៅ?
ខ្ញុំលូកដៃតោងអាវសិលា ដូចរាល់ដង រួចឆ្លើយ៖
- ហើយហើយ!
នៅពេលឈប់ភ្លើងស្តុប សិលាងាកមកសួរខ្ញុំទៀត ៖
- យើងទៅណា?
ខ្ញុំគ្រវីក្បាល។ សិលាមើលនាឡិកានៅលើកដៃរបស់ខ្លួន។ រួចងាកមកប្រាប់ខ្ញុំ ៖
- ម៉ោងជិត១២ហើយ ទៅញ៉ាំបាយថ្ងៃត្រង់ម៉ងទៅ!
ខ្ញុំងក់ក្បាលយល់ស្របតាម។ សិលាក៏ឆ្ពោះទៅរកហាងកាហ្វេមួយ ដែលទីនោះមានលក់អាហារផងដែរ។ បន្ទាប់ពីញ៉ាំរួចរាល់ហើយ ពួកយើងបន្តជជែកគ្នាពីនេះពីនោះ ហើយក៏រំលឹកពីអនុ​ស្សាវរីយ៍ខ្លះនៃការស្គាល់គ្នា​... ពីដំបូង ខ្ញុំខំរៀប​ឫក​រៀបពារតាមបែបកុលស្រ្តី ព្រោះនឹកសង្ឃឹមក្រែងលោសិលាមកនិយាយ​ពាក្យរំភើបៗដាក់ខ្ញុំ។ តែគ្មានឃើញសិលាប្តូរអាកប្បកិរិយាអីផង គឺឫកគេដូចរាល់តែដង... ខ្ជិលទ្រាំចាំយូរ ខ្ញុំក៏សួរប្រាវ ៖
- សិលា?
- ម៉េច? (សិលាសួរទាំងសម្លឹងភ្នែកខ្ញុំចំៗ)
ខ្ញុំក៏មិនណយវិញដែរ ខ្ញុំប្រឹងសម្លឹងចំប្រស្រីភ្នែកខ្មៅៗទាំងគូររបស់សិលា ហាក់រាវរកចម្ងល់ឱ្យអស់ពីក្នុងខួរអន់ៗរបស់ខ្ញុំ រួចនិយាយតិចៗ ៖
- ខំណាត់ខ្ញុំព្រឹកនេះ គឺដើម្បីតែអាហារ១ពេលហ្នឹងទេ?
- ហ្នឹងហើយ! (សិលានិយាយធម្មតា)
- ដឹងអ៊ីចឹង មិនម៉ោទេ! (ខ្ញុំនិយាយទាំងអន់ចិត្តមែនទែន)
- ហើយចុះវីតាឯងគិតថា ខ្ញុំណាត់ម៉ោសុំរៀបការមែន? (សិលាសួរចំចំណុចរសើបរបស់ខ្ញុំ ទាំងញាក់​ចញ្ចើមព្រើតៗ)
- ហ្នឹងហើយ! (ខ្ញុំតម្លើងសម្លេង បន្លប់ការអៀនប្រៀន)
- អេ៎ៗ ស្អីគេនេះ? ទើបដឹងថាវីតាឯងចង់មានស្នេហា? ហាស់ហា ហាស់ហា... (សិលានិយាយបញ្ឈឺ ទាំងសើចរលាក់យ៉ាងស្រួល)
- មែនស្នេហាស្អីទេ គឺចង់បានប្តីតែម្តង!
«ប្រុសចង្រៃ!» ខ្ញុំជេរសិលាក្នុងចិត្ត។ តាមពិតទៅ ខ្ញុំខឹងសិលាឡើងញ័រមាត់ តែខំចាក់បណ្តោយតាមគេ ដើម្បីកុំឱ្យគេចាប់ចំណុចខ្សោយរបស់ខ្ញុំបាន។
- នែ៎មីង! ពួកម៉ាកខ្ញុំម្នាក់ កំពុងតែពឹងខ្ញុំឱ្យជួយរកប្រពន្ធផង។ (សិលាប្រាប់)
- អ៊ីចឹងរកអុសប្រទះចង្រ្កានហ្គាស់ហើយ! គេជាអ្នកណា? អ្នកខេត្តឬអ្នកក្រុង? អាយុប៉ុន្មាន? ហើយសង្ហារឬអត់? ធ្វើការនៅឯណា? មានលុយច្រើនទេ? មានឡានជិះឬអត់? មានវិឡានៅទេ? ហើយតើខ្ញុំធ្លាប់ស្គាល់គេពីមុនមកដែរទេ? ហើយ...
- អេ៎ អេ៎... សួរម្តងមួយៗបានទេ ខ្ញុំចាំសំណួរមីងមិនអស់ទេ... សួរដូចគេចាំមេរៀនដែលខំទន្ទេញអស់រាប់ខែមកហើយ (សិលានិយាយកាត់ ទាំងលើកដៃឃាត់)
- ព្រោះរាន់ហ្នឹងណា!
- អូ៎! ឥលូវចេះពាក្យនេះទៀត! (សិលានិយាយទាំងញញឹមពព្រាយ)
- គឺចេះពីសិលាឯងហ្នឹង!
- បង្រៀនឆាប់ចេះណាស់ហ្ន៎!
- ឆាប់ប្រាប់ភ្លាមមក ថាអ្នកណាគេ?
- អីក៏រហន់ម៉េះ? នេះខ្ញុំគ្រាន់តែដឹងថា គេចង់រកប្រពន្ធ តែមិនប្រាកដថាគេពេញចិត្តនឹងវីតាឯងដែរឬអត់ទេ?
- សិលាឯងជួយទាក់ទងឱ្យខ្ញុំផងទៅ ចាំបានសម្រេច ខ្ញុំឱ្យកុមមីស្យុងចាយខ្លះ។
- អូ៎ហូ៎!... ដល់ថ្នាក់នេះផង... ចក់ ចក់...
- កុំធ្វើជីងចក់... មិនចង់បានលុយចាយវាយក្រៅខ្លះទេអី?
- គេឈ្មោះលីឆុង គេជាប៉ូលីសធំម្នាក់ នៅតាខ្មៅ... 
សិលារៀបរាប់មួយៗ ទាំងសម្លឹងមុខខ្ញុំមិនដាក់ភ្នែកសោះ មើលទៅគេហាក់ដូចជាប្រហែលស្ទាបស្ទង់ចិត្តខ្ញុំ ឬក៏កំពុងឆ្លុះមើលប្រព័ន្ធប្រសាទខ្ញុំផងក៏មិនដឹង... ខ្ញុំធ្វើដូចជាប្រឹងយកចិត្តទុកដាក់ស្តាប់គេ ហើយពេលខ្លះ ខំងក់ក្បាលផ្ងក់ៗទៀតផង។ ខ្ញុំសួរ ៖
- លីឆុង ឈ្មោះហ្នឹងមិនទំនងធ្វើប៉ូលីសសោះ បើជាអ្នកដូរលុយប្រហែលសមជាង!
- តែគេមានមិនចាញ់លីហួរប៉ុន្មានទេ! ហើយជាកូនប្រុសទោលទៀត។
- មានខ្លាំង អ៊ីចឹងមានតែលក់គ្រឿងញៀន?
- ផ្តេសផ្តាស់ គេមានពីកំណើត!
- ឆ្លាតមែន!!! កើតមកចេះយកមាសពេជ្រមកតាមខ្លួនឱ្យហើយ!
- ឆ្កួត! គឺឪពុកម្តាយគេអ្នកមាន!
- អូ៎ អ៊ីចឹងទេ! ម៉េចមិនប្រាប់ឱ្យច្បាស់។
ខ្ញុំងក់ក្បាលផ្ងក់ៗ ហួសចិត្តនឹងការពន្យល់របស់សិលា ដែលគិតថា ខ្ញុំល្ងង់ដល់ថ្នាក់ត្រូវបកស្រាយឱ្យស្តាប់ទៀត។
- យ៉ាងម៉េចហើយ ចាប់អារម្មណ៍ទេ មីង?
- ចាប់ខ្លាំងណាស់! តែសុំសួរតិច តើកំពុងរៀបរាប់ពីបុរសក្នុងព្រេងនិទានមែន?
- បុរសពិត!
- ហើយចុះសង្ហាដែរទេ?
- មើលតែខ្លួនឯងហ្នឹងតារា? (សិលានិយាយទាំងមុខស្មើ) ហើយមិនសួរពីគេមានចរិកបែបណាទេអី?
- ព្រោះតែខ្លួនឯងមិនតារាហ្នឹងហើយ បានប្រឹងរើសប្រុសស្អាត! គ្មានដឹងស្អីម៉ង! (ខ្ញុំស្តីឱ្យ រួចសួរបន្ត)៖
- កាឆុងហ្នឹងមានអាខោនហ្វេសប៊ុកអត់?
- ណាគេ កាឆុង?
- អឺ ក្រែងកំពុងតែនិយាយពីគេ ហេតុអីក៏មិនស្គាល់?
សិលាសម្លឹងមុខខ្ញុំត្មែរ ហើយជ្រួញចិញ្ចើម។ គេមិនឆ្លើយ បែរជាចុចទូរសព្ទធ្វើមិនដឹង...

Post a Comment

1 Comments