ថូឬខ្មោច?

ថូឬខ្មោច? 
©អត្ថបទដោយ ភូ ចរិយា
©រូបភាពដោយ អាច្រូច
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់

នេះជាបទពិសោធផ្ទាល់របស់ខ្ញុំទាក់ទងនឹងខ្មោចលង។ 
កាលនោះ ខ្ញុំធ្វើជាអ្នកយកព័ត៌មាន ហើយត្រូវចុះទៅយកព័ត៌មាននៅតាមខេត្ត។ 
ខ្ញុំទៅតែម្នាក់ឯងទេ។ ខ្ញុំជិះឡានក្រុង។ ពេលទៅដល់ ខ្ញុំបានទៅជួលបន្ទប់សណ្ខាគារសម្រាប់ស្នាក់នៅមួយយប់។ ពេលថ្ងៃ ខ្ញុំដើរយកព័ត៌មាន ពេលល្ងាចខ្ញុំត្រលប់មកសណ្ឋាគារវិញ។ 
ខ្ញុំញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងសណ្ឋាគារ រួចទើបឡើងទៅបន្ទប់ ដើម្បីវាយអត្ថបទ។ 
ខ្ញុំធ្វើចប់ប្រមាណជាម៉ោង១០យប់។ បន្ទាប់មក ខ្ញុំងូតទឹកផ្លាស់ខោអាវ រួចឡើងលើគ្រែ។
Ghost or Vase
Ghost or Vase

និយាយពីបន្ទប់សណ្ឋាគារ មានការតុបតែងយ៉ាងសាមញ្ញ។ គ្រែដាក់នៅជាប់នឹងជញ្ជាំង។ 
នៅក្បាលគ្រែមានតុតូចសម្រាប់ដាក់អំពូល។ បន្តមកគឺជញ្ជាំងបន្ទប់ទឹកដែលឃ្លាតពីគ្រែប្រមាណជាមួយម៉ែត្រកន្លះ។ នៅនឹងជញ្ជាំងបន្ទប់ទឹកមានដាក់តុទាបមួយ នៅលើនោះមានថូមួយសម្រាប់តាំងលម្អ។
ពេលខ្ញុំឡើងគ្រែរួច ខ្ញុំក៏បិទភ្លើង។ ក្នុងបន្ទប់មានតែពន្លឺភ្លើងចេញពីម៉ាស៊ីនត្រជាក់។ 
ពេលខ្ញុំរៀបបិទភ្នែក ស្រាប់តែឃើញនៅលើតុទាបមានក្បាលមនុស្ស។ 
ខ្ញុំភ្ញាក់ព្រើត ស្ទុះបើកភ្លើងនៅក្បាលគ្រែ។ អត់មានទេ មានតែថូ។ 
ខ្ញុំនឹកក្នុងចិត្ត «សង្ស័យប្រើកំព្យូទ័រច្រើនពេក ទើបស្រវាំងភ្នែក មើលច្រឡំ។» ដូច្នេះខ្ញុំក៏ហី ហើយបិទភ្លើង បម្រុងដេកទៅវិញ ស្រាប់តែឃើញក្បាលមនុស្សដដែល។ ខ្ញុំស្ទុះបើកភ្លើងម្តងទៀត។ ឃើញតែថូផ្កា។ 

ខ្ញុំចាប់ផ្តើមឆ្ងល់។ ខ្ញុំចង់ដឹងឲ្យច្បាស់ ក៏សាកបិទបើកភ្លើងទៀត។ ពេលបិទ ឃើញនៅលើតុនោះជាក្បាលមនុស្ស។ ពេលបើក ឃើញនៅលើតុជាថូ។ 
យី ម៉េចអ៊ីចេះ! 
តិចលោខ្មោចលង។ គ្រាន់តែនឹកដូច្នេះ ស្រាប់តែមានខ្យល់ត្រជាក់ស្រេងបក់មក ហើយរោមដៃរបស់ខ្ញុំស្រាប់តែបះច្រូង។ ខ្នង និងក្បាលខ្ញុំរាងព្រឺៗ។ 
ខ្ញុំប្រញាប់ប្រះខ្លួនទៅលើគ្រែ ហើយគ្រលំភួយជិត។ ខ្ញុំដេកបើកភ្លើងរហូតទល់ភ្លឺ។ 

ពេលព្រឹកឡើង ខ្ញុំបង់លុយបន្ទប់ រួចឡើងឡានក្រុងមកភ្នំពេញវិញ។ 
ខ្ញុំមិនបានប្រាប់នរណាម្នាក់ឡើយ អំពីរឿងយប់នោះ។ 
ចាប់ពីពេលនោះមក រាល់ពេលខ្ញុំចុះខេត្ត ខ្ញុំតែងតែដេកបើកភ្លើង មិនថាពេលថ្ងៃឬក៏ពេលយប់ឡើយ៕

Post a Comment

0 Comments