Crushដំបូង

Crushដំបូង 
©អត្ថបទ ដោយ ហេង ដារី 
©រូបថត ដោយ អាច្រូច
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់ 

មួយថ្ងៃពីរដងរាល់ថ្ងៃ។ ពេលព្រឹក និងពេលបាយថ្ងៃត្រង់ ខ្ញុំតែងតែណាត់ចួបជាមួយCrush មិនដែលខកខានមួយថ្ងៃណាឡើយ។ គិតទៅ អ្វីក៏ដោយឱ្យតែយើងព្យាយាម គង់តែបានសម្រេចដូចបំណង។ ឥឡូវ ខ្ញុំបានចួបCrush គ្មានថ្ងៃព្រាត់ឡើយ។ 

ខ្ញុំបានលួចCrushគេ តាំងពីខ្ញុំនៅតូចម្ល៉េះ។ កាលនោះ ម៉ែបានប្រើខ្ញុំឱ្យទៅនាំគេដើម្បីមកចួបគាត់រាល់ថ្ងៃ។ Crushរបស់ខ្ញុំនៅតូបចឹកម៉ៅ ក្នុងផ្សារអូរឫស្សី។ ថ្ងៃដំបូង ខ្ញុំចាំបានថា ខ្ញុំបានឈ្លក់វង្វេងនឹងក្លិនរបស់គេយ៉ាងខ្លាំង។ ក្លិនCrushនៅតូបចឹកម៉ៅឡើងឈ្ងុយជាប់ដិតនឹងច្រមុះ។

Crushដំបូង
Crushដំបូង
ខ្ញុំបានឱបគេជាប់នឹងទ្រូង។ ជារឿយៗ ខ្ញុំលួចស្រូបក្លិនរបស់គេចូលក្នុងច្រមុះរបស់ខ្ញុំដោយស្ងាត់ៗ។ ក្លិនCrushទាក់ទាញអីម្ល៉េះទេ! ខ្ញុំស្ទើរតែយកមាត់ខ្ញុំទៅប៉ះនឹងគេម្តងៗទៅហើយ តែខ្ញុំខ្លាចអ្នកផ្សេងឃើញ។ ខ្ញុំដើរយឺតៗ ទាំងភ្នែកលួចដៀងមើលគេឯង។ ប៉ុន្តែអ៊ីៗ ពូៗ និងអ៊ំៗនៅតាមតូបក៏សម្លឹងមើលខ្ញុំវិញដែរ។
- អាញាញ់ មកពីទិញកាហ្វេឱ្យម៉ែអ្ហែង? (អ៊ីគាំងសួរ) 
- ចាស អ៊ី! 
ខ្ញុំតប ទាំងអស់សង្ឃឹម រួចដើរញាប់ជើងស្មេទៅកាន់តូបលក់ផ្លែឈើរបស់ម៉ែខ្ញុំ ដែលនៅហួសតូបអ៊ីគាំងបួនប្រាំតូប។ មាត់ដែលចង់លួចបឺតCrushក៏លែងហ៊ាន តែចិត្តវិញនៅតែប៉ងជានិច្ច។ មកដល់តូប ខ្ញុំហុចធុងទឹកកកតូចពណ៌លឿងឱ្យម៉ែ។ ម៉ែបឺតឮសូរគ្រូកៗ ដោយគ្មានហុចឱ្យខ្ញុំមួយក្អឹកឡើយ។ ខ្ញុំសម្លឹងម៉ែទាំងលេបទឹកមាត់។ 

ស្អែកឡើង ម៉ែបានប្រើខ្ញុំឱ្យទៅយកCrushនៅតូបកាហ្វេចឹកម៉ៅទៀត។ ខ្ញុំឈរមើលចឹកម៉ៅចាក់Crushចូលក្នុងកូនធុងទឹកកកពណ៌លឿងរបស់ម៉ែ មិនប៉ប្រិចភ្នែកសោះ។ ខ្ញុំឈរលេបទឹកមាត់ និងលួចដកដង្ហើមស្រូបក្លិនCrushចូលក្នុងពោះលឿនៗ ដើម្បីកុំឱ្យចឹកម៉ៅដឹង។ 
- នេះ កាន់ឱ្យស្រួលបួល ប្រយ័ត្នកំពប់កាហ្វេរបស់ម៉ែអ្ហែងអស់ អាក្រញាញ់! (ចឹកម៉ៅនិយាយស្អកៗឮៗ) 
- ចាសចឹកម៉ៅ។ (ខ្ញុំតប) 
- ឱ្យហៅអញថាកុងៗ ឬតា មិនមែនចឹកទេ អាក្រញាញ់! (ចឹកម៉ៅប្រាប់) 
- ឈ្មោះចឹកម៉ៅៗ... តាំងឱ្យគេហៅកុង យ៉ាប់ម៉ង! (ខ្ញុំរអ៊ូឮៗ) 
- យ៉ាហ៊ី អាក្រញាញ់ក្មេងអាចម៍ខ្មៅនេះ! ទៅឆាប់ចេញទៅ តិចរលាយទឹកកកកាហ្វេម៉ែអ្ហែងអស់! (ចឹកម៉ៅបណ្តេញខ្ញុំចេញពីតូបគាត់) 
កាលនោះ ខ្ញុំមិនទាន់យល់ពាក្យ«ចឹក»មានន័យថាម៉េចទេ ឮតែគេឯងហៅគាត់ថា ចឹកៗ ពេញក្នុងផ្សារ ហើយខ្ញុំក៏ហៅគាត់ចឹកៗដូចគេដូចឯងដែរទៅ។

ខ្ញុំដើរយឺតៗសំដៅតូបម៉ែ។ ខ្ញុំលើកធុង​Crush​ដាក់ហួសទ្រូង។ ដៃខ្ញុំរាវមួលបើកគម្របធុងទឹកកក។ ភ្នែកខ្ញុំសម្លឹងមើលគេឯង... ហ៊ីៗ... ម្នាក់ៗហាក់គ្មាននណាចាប់អារម្មណ៍នឹងខ្ញុំឡើយ។ ខ្ញុំមួលឆ្កឹះគម្របធុងកាហ្វេ។ ហ៊ឹម! ច្រមុះខ្ញុំស្រូបយកក្លិនដ៏សែនឈ្ងុយរបស់Crushយ៉ាងមានក្តីសុខ។ 
ហិតបណ្តើរ ខ្ញុំលូកម្រាមដៃរាវរកបំពង់ទុយោបឺតបណ្តើរ។ ខ្ញុំឆ្កឹះទាញទុយោឱ្យហើបចេញពីធុងទឹកកក។ ភ្នែកខ្ញុំងាកឆ្វេង ងាកស្តាំលួចមើលអ៊ីៗ។ ពេលឃើញវេលាល្អ ខ្ញុំក៏ចាប់បឺតCrushលាន់សូរគ្រូកចូលទៅក្នុងមាត់។ 
- អៃ៎!!! 
ខ្ញុំភ្ញាក់ស្រែកឮៗនឹងរសជាតិល្វីងខ្លាំងរបស់Crush។ ពេលឃើញអ៊ីគាំងក្រឡេកមើលមុខខ្ញុំ ខ្ញុំខំបិទមាត់ជិតវិញ។ ខ្ញុំរៀបហាមាត់នឹងខ្ជាក់Crushចេញ តែនឹកស្តាយក្លិនឈ្ងុយ រួចក៏ប្រឹងបិទភ្នែកលេបចូលក្នុងមាត់ ទាំងគ្រញែងស្មាជាច្រើនដង។ 
CrushអើយCrush រសជាតិមិនសមនឹងក្លិនទាល់តែសោះ! ខ្ញុំខកចិត្ត រួចមួលបិទគម្របធុងកាហ្វេវិញភ្លាម។ ខ្ញុំដើរយ៉ាងលឿនសំដៅទៅម៉ែនៅឯតូប។ 
- ហើយអ្ហែងទៅយូរម៉្លេះ អាញាញ់! (ម៉ែបន្ទោស) 
- មកពីចឹកម៉ៅលក់ដាច់ពេក។ (ខ្ញុំដោះសា ដោយលួចមើលមុខម៉ែ) 
ម៉ែទទួលCrushពីដៃខ្ញុំទៅបឺតគ្រូកគ្រូក... 
ខ្ញុំសួរម៉ែ ទាំងឆ្ងល់៖ 
- ល្វីងអត់ ម៉ែ? 
ម៉ែគ្រវីក្បាល រួចបឺតកាហ្វេខ្មៅទឹកកកបន្ត។ ខ្ញុំលួចសម្លឹងមុខម៉ែ ដែលកំពុងតែរីករាយជាមួយ​Crush​របស់ខ្ញុំ។ នេះសំណាងហើយដែលគាត់មិនដឹងថាខ្ញុំលួចផឹកមួយក្អឹក។ 

ពីមួយថ្ងៃទៅមួយថ្ងៃ ក្លិនឈ្ងុយរបស់Crushកាន់តែទាក់ទាញខ្ញុំខ្លាំងឡើងៗ។ ពីតូបកាហ្វេ​ចឹកម៉ៅ​មកតូបផ្លែឈើម៉ែខ្ញុំ គឺត្រូវដើរមួយកុងផ្លូវ រួចបត់ឆ្វេងបត់ស្តាំទៀត ទើបដល់តូបម៉ែ។ 
តាមផ្លូវ ខ្ញុំគ្មានខ្វល់នឹងអ្នកដំណើរផ្សេងៗឡើយ ចិត្តខ្ញុំនៅជាប់តែនឹងក្លិនCrushបុណ្ណោះ។ ទោះបីរសជាតិល្វីងក៏ដោយ ក៏ខ្ញុំនៅតែលួចឆ្លៀតក្រេបមួយក្អឹកចូលក្នុងមាត់ដែរ។ 
ខ្ញុំបៀមកាហ្វេនៅក្នុងមាត់ហើយទុកវានៅក្នុងថ្ពាល់ទាំងសងសងខាងរហូតដល់ជិតតូបម៉ែ ទើបខ្ញុំប្រឹងលេបសន្សឹមៗ ចូលក្នុងបំពង់ក។ ទម្រាំតែអស់មួយក្អឹក ខ្ញុំគ្រញែងស្មាជាច្រើនដង។ 
ខ្ញុំធ្វើដូច្នេះ រាល់ពេលដែលម៉ែប្រើខ្ញុំឱ្យទៅទិញCrushនៅតូបចឹកម៉ៅ។ 

បន្តិចម្តងៗ ខ្ញុំចាប់ផ្តើមស៊ាំនឹងរសជាតិរបស់Crush។ 
ដំបូង មួយក្អឹក បន្ទាប់មក ពីរក្អឹក រួច បីក្អឹក... រហូតដល់ពេលមួយ នាខែក្តៅ ខ្ញុំក៏បឺតគ្រូក គ្រូក គ្រូក... នៅតាមផ្លូវ។ 
ពេលដល់ជិតតូបម៉ែ ខ្ញុំហុចធុងកាហ្វេទឹកកកឱ្យគាត់។ គាត់ទទួលយកCrushពីដៃខ្ញុំ រួចក៏ទាញទុយោបឺតកាហ្វេលាន់សូរគ្រូក គ្រូក... ប៉ុន្តែបានតែប៉ុន្មានគ្រូកប៉ុណ្ណោះ គាត់ក៏លើកធុងកាហ្វេគ្រលុក ហើយបឺតម្តងទៀត។ 
សំឡេងបឺតកាហ្វេរបស់ម៉ែលើកនេះលាន់សូរខ្លាំងៗ រហូតដល់ខ្ញុំឡើងត្រជាក់ចុងដៃស្រេង។ ខ្ញុំឈ្ងោកមុខចុះ រួចយកមេដៃកេះក្រចកចង្អុលដៃបន្លប់។ 
- ម៉េចក៏ចឹកម៉ៅលក់កាហ្វេតិចម៉្លេះ ថ្ងៃនេះ? (ម៉ែលាន់មាត់ ទាំងប្រឹងបឺតទឹកកកខ្លាំងៗ) 
ខ្ញុំដៀងភ្នែកលួចសម្លឹងមុខម៉ែ តែខ្ញុំធ្លាក់ទឹកមុខវិញ នៅពេលឮអ៊ីគាំងសើច ហើយនិយាយទៅកាន់ម៉ែ៖ 
- បងវីឯង ម៉េចមិនសួរអាញាញ់មើល ហាស ហាស ហាស...? 
សំឡេងសើចអ៊ីគាំងកាន់តែធ្វើឱ្យខ្ញុំត្រជាក់ចុងដៃខ្លាំងឡើងៗ។ ពេលនោះសំឡេងម៉ែលាន់ឡើង៖ 
- ម៉េចអាញាញ់ អ្ហែងកាន់កំពប់កាហ្វេម៉ែមែន? 
- អឺ...គឺ... (ខ្ញុំតបទាំងរដិបរដុប) 
- គឺកំពប់ចូលក្នុងពោះរបស់អាញាញ់ហ្នឹង បងវី! (អ៊ីគាំងនិយាយ ទាំងងាកមើលមុខខ្ញុំ) 

ខ្ញុំលួចខឹងអ៊ីគាំង ដែលចេះដឹងរឿងខ្ញុំខុសទំនង។ ខ្ញុំនៅតែបន្តឈ្ងោកមុខជ្រប់។ ពេលនោះ ម៉ែសួរដោយសំឡេងធ្ងន់ៗថា៖ 
- អ្ហែងលួចផឹកកាហ្វេម៉ែ តាមផ្លូវ អាញាញ់? 
- ចាស។ 
ខ្ញុំឆ្លើយតិចៗ ទាំងសម្លឹងមុខម៉ែ ដោយក្រសែភ្នែកអង្វរករ។ ម៉ែនៅស្ងៀម។ ពេលនោះ អ៊ីគាំងនិយាយ៖ 
- អាញាញ់បឺតកាហ្វេបងវីឯងរាល់តែដងហ្នឹង។ 
ទៀត!... អ៊ីគាំងចេះដឹងរឿងគេនេះ! ខ្ញុំចង់តែស្ទុះទៅខ្ទប់មាត់គាត់ ហើយនាំគាត់ទៅតូបគាត់ទេ។ 
អ៊ីគាំងមាត់អេចអូច! 
- អ៊ីចឹងតើ បានឯងចេះតែឆ្ងល់ថា ចឹកម៉ៅឥឡូវ ម៉េចក៏លក់កាហ្វេថ្លៃម្ល៉េះ? ឯងថានឹងទៅរកសួរនាំគាត់ម្តង តែចេះតែឃ្វាងមិនបានចួបគាត់សោះ។ (ម៉ែនិយាយ) 
- ហាស ហាស ហាស... 
អ៊ីគាំងសើច រួចដើរបង្ហួសទៅតូបគាត់បាត់ទៅ។ អ៊ីគាំងមាត់វែង! ខ្ញុំជេរគាត់ក្នុងចិត្ត។ 

- អាញាញ់ ទៅទិញកាហ្វេខ្មៅទឹកកកឱ្យម៉ែម្តងទៀត! តែហាមលួចបឺតតាមផ្លូវ ឮទេ? (ម៉ែបញ្ជាម៉ាត់ៗ)
ខ្ញុំនៅស្ងៀម មិនហ៊ានសន្យាជាមួយម៉ែទេ។ ម៉ែនិយាយបន្ត៖ 
- ហើយ បើអ្ហែងចង់ផឹកដែរ ឱ្យចឹកម៉ៅដាក់ស៊ីរ៉ូទឹកដោះគោទឹកកក១ថង់ដែរទៅ! 
- ខ្ញុំចង់ផឹកកាហ្វេដូចម៉ែវិញ។ (ខ្ញុំតវ៉ា ទាំងទទួលធុងទឹកកកពណ៌លឿងពីដៃម៉ែ) 
- ផឹកកាហ្វេខ្មៅទឹកកក ខ្លាចអ្ហែងដេកមិនលក់។ (ម៉ែប្រាប់) 
- ខ្ញុំផឹករបស់ម៉ែរាល់តែដង មិនឃើញអីផង។ (ខ្ញុំនិយាយសារភាព) 
- អ៊ីចឹង អ្ហែងលួចបឺតកាហ្វេម៉ែ យូរហើយ។ (ម៉ែឈ្លេចសួរ) 
ខ្ញុំងក់ក្បាល ទាំងអឹមអៀន។ ពេលនោះ ម៉ែក៏ប្រាប់៖ 
- អត់ទេ អ្ហែងយកកាហ្វេទឹកដោះគោទឹកកកទៅអ៊ីចឹង កុំផឹកកាហ្វេចាស់ដូចម៉ែអី! 
និយាយរួច ម៉ែហុចលុយឱ្យខ្ញុំ។ ខ្ញុំដើរកាន់ធុងកាហ្វេទាំងលោតអញ្ឆើលៗសំដៅទៅតូបចឹកម៉ៅ។ 
- កាហ្វេខ្មៅចាស់ទឹកកក១ ចឹកម៉ៅ! (ខ្ញុំនិយាយឮៗ) 
- ចុម! ម៉ែអ្ហែងផឹកច្រើនម្ល៉េះ ថ្ងៃនេះ អាញាញ់? (ចឹកម៉ៅសួរខ្ញុំទាំងបើកភ្នែកធំៗ) 
- ហើយថែមកាហ្វេទឹកដោះគោទឹកកកឱ្យ១ថង់ទៀតផង។ (ខ្ញុំនិយាយទាំងហុចលុយឱ្យចឹកម៉ៅ) 
- អាថង់នេះសម្រាប់អ្នកណាគេ? (ចឹកម៉ៅឈ្លេចសួរបន្ត) 
ខ្ញុំចង្អុលមកខ្លួនខ្ញុំទាំងញញឹមញញែម។ 

បន្តិចក្រោយមក ខ្ញុំទទួលធុងកាហ្វេខ្មៅទឹកកក និងថង់កាហ្វេទឺកដោះគោទឹកកក ពីចឹកម៉ៅ។ ខ្ញុំដើរបណ្តើរ បឺតថង់Crushខ្ញុំបណ្តើរ។ 
គ្រូក!... ងាប់! ផ្អែមម្ល៉េះ! ហើយក្លិនវិញរាងឆ្អាបៗទៀត! 
ខ្ញុំចាប់ផ្តើមឆ្កឹះគម្របធុងកាហ្វេរបស់ម៉ែ រួចបឺតមួយគ្រូកចូលក្នុងមាត់។ អ្ហឹម! ជាតិណាស់ ទោះបីល្វីងក៏ដោយ។ 
ខ្ញុំស៊ាំនឹងរសជាតិកាហ្វេខ្មៅចាស់ទឹកកករបស់ម៉ែបាត់ទៅហើយ។ កាហ្វេទឹកដោះគោទឹកកកអែបកៀនមួយឡែក។ 

តាំងពីពេលនោះមក ខ្ញុំផឹកកាហ្វេខ្មៅចាស់ដូចម៉ែដែរ។ ប៉ុន្តែ ម៉ែឱ្យខ្ញុំទិញមួយថង់ផ្សេងពីរបស់គាត់។ មុនដំបូង ម៉ែដើរមកលួចខ្សឹបចឹកម៉ៅឱ្យដាក់កាហ្វេរាងស្រាលៗឱ្យខ្ញុំ។ 
ប៉ុន្តែបន្តិចម្តងៗ ចឹកម៉ៅខ្ជិលឆុងពីរដង គាត់ឆុងតែមួយដង បានទាំងរបស់ម៉ែ និងរបស់ខ្ញុំ។ 

អរគុណចឹកម៉ៅ ដែលមិនធ្វើឱ្យខ្ញុំបែកពីCrushរបស់ខ្ញុំ រហូតមកទល់នឹងពេលនេះ! 
អរគុណម៉ែដែលផ្តល់ឱកាសឱ្យខ្ញុំបានស្គាល់រសជាតិCrushរហូតមក! 

កាលនៅពីតូច ខ្ញុំផឹកកាហ្វេ ព្រោះតែក្លិនឈ្ងុយរបស់វា។ ពេលធំឡើង ខ្ញុំផឹកកាហ្វេ ព្រោះតែចង់បានអារម្មណ៍ភ្លឺស្វាង និងរីករាយ ពិសេសគឺខ្ញុំអាចផ្តោតអារម្មណ៍បានល្អ អំឡុងពេលបំពេញការងារប្រចាំថ្ងៃ។ ឥឡូវនេះ ខ្ញុំផឹកកាហ្វេ ព្រោះតែមិនចង់ញ៉ាំអីចឹបចុបផ្សេងៗ ក្រៅពីអាហារបីពេល។ កាហ្វេគឺជួយឱ្យខ្ញុំឆ្អែតបានយូរ និងមានអារម្មណ៍ស្រស់ស្រាយជានិច្ច។ 

សម្រាប់ខ្ញុំ ខ្ញុំតែងតែតឹងតែងជានិច្ចពីរឿងរសជាតិ និងក្លិនដ៏ឈ្ងុយរបស់កាហ្វេ។ ថ្លៃឬថោកមិនសំខាន់ សំខាន់ ខ្ញុំចង់ផឹកាហ្វេសុទ្ធធម្មជាតិ ប៉ុន្តែប្រសិនបើបានកាហ្វេសរីរាង្គទៀត កាន់តែអ៊ែមម៉ង! 

រាល់ថ្ងៃនេះ ខ្ញុំកាន់តែងប់ងល់នឹងCrushរបស់ខ្ញុំខ្លាំងឡើងៗ។ 
ពេលសប្បាយចិត្តក៏ផឹក ពេលកើតទុក្ខក៏ផឹក កាហ្វេ! 

កាហ្វេជាCrushដំបូង និងជារៀងរហូតទៅ! សម្រាប់ខ្ញុំ អត់ថ្លៃមិនបានទេ ជាតិនេះ!

Post a Comment

0 Comments