ម៉ែខ្ញុំ
©អត្ថបទ&រូបថតដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់

ខ្ញុំសួររឿងរ៉ាវរបស់ម៉ែរាល់ថ្ងៃ ម៉ែក៏និយាយឱ្យស្តាប់រាល់ថ្ងៃ។
ព្រឹកនេះ ខ្ញុំផឹកកាហ្វេបណ្តើរ សួររឿងម៉ែបន្តបណ្តើរ។ ម៉ែឆ្លើយបណ្តើរ សួរតបវិញបណ្តើរ៖
-​ តិចវាយករឿងអញទៅសរសេរចុះ?
- មានឯណាម៉ែ។
ខ្ញុំឆ្លើយទាំងសើចហេសហេ...
ហេងហើយដែលម៉ែខ្ញុំអត់ចេះលេងហ្វេសប៊ុក កុំអីគាត់ជេរខ្ញុំដាក់ខែបាត់។
កុំចង្អៀតចង្អល់ពេកម៉ែ ខ្ញុំគ្រាន់តែខ្ចីរឿងម៉ែយកមកសរសេរលេងសិនទេ។
សាច់ញាតិនៅក្នុងហ្វេសប៊ុក បើជួបម៉ែខ្ញុំ ហាមនិយាយរឿងនេះ។

គេសរសេររឿងប្រលោមលោកពីម៉ែ ឯខ្ញុំសរសេរប្រលោមយក្សពីម៉ែ...
មិនហ៊ានថា ខ្ញុំសរសេរពីប្រវត្តិរបស់ម៉ែខ្ញុំទេ!
ខ្លាចគេសួរថា អីគេម៉ែវាហ្នឹងជាមនុស្សល្បី ឬក៏អ្នកជោគជ័យមែន?
តាមពិត គ្មានស្អីទេ ម៉ែខ្ញុំគ្រាន់តែអាចជេរខ្ញុំ និងកូនខ្ញុំបានគ្រប់ពេលប៉ុណ្ណោះ។
មួយទៀត គឺគាត់អាចធ្វើម្ហូប បំប៉នប្តីខ្ញុំ និងខ្ញុំឱ្យឡើងធំជាងជ្រូកទៀត។

ខ្ញុំចាប់ផ្តើមសរសេររឿងម៉ែនៅសម័យកូវីដ១៩។ មួយរយៈហ្នឹង ខ្ញុំនៅជាមួយម៉ែស្ទើរតែ២៤ម៉ោង ដែលពីមុនមកមិនធ្លាប់ទេ តាំងពីខ្ញុំបានចេញពីពោះគាត់មក។

បើឧស្សាហ៍ ខ្ញុំនឹងសរសេររឿងម៉ែខ្ញុំដល់ចប់។ ខ្ញុំនឹងឱ្យគេគូររូបម៉ែកូនយើង២នាក់ទុកបោះពុម្ពជាសៀវភៅសម្រាប់លក់ ដើម្បីសងលុយថ្លៃរោងពុម្ព។
ហើយខ្ញុំចាំស្តាប់គេថា មើលចុះក្របសៀវភៅដាក់តែរូបម៉ែនិងខ្លួនឯង។ ហើយអត្ថបទវិញចេះតែសរសេរៗ។ អានេះតិច អានោះតិច។ រួចក៏ធ្វើជាសៀវភៅ ហើយលក់យកលុយ លក់យកលុយ... មិនបាច់ស្រាវជ្រាវនាំតែយូរស្អីទេ...
អឺថាហ្នឹងត្រូវម៉ាច់ហើយ ព្រោះខ្ញុំមិនមែនអ្នកសរសេរលំដាប់ISOស្អីនោះទេ។

ម៉ែខ្ញុំ
ម៉ែខ្ញុំ
ម៉ែជាស្រ្តីដំបូងដែលខ្ញុំបានស្គាល់គាត់។
ម៉ែតែងអួតថា គាត់ស្គាល់ខ្ញុំច្បាស់ជាងគេ តាំងពីពោះវៀនពោះតាំងខ្ញុំ។
ប៉ុន្តែ ខ្ញុំទេដែលជាអ្នកស្គាល់គាត់ច្បាស់នោះ ព្រោះខ្ញុំនៅក្នុងពោះគាត់ តាំងពីវិនាទីដំបូងនៃជីវិតខ្ញុំម្ល៉េះ។
កុំចង់មកបោក ម៉ែ!
ចង់ដាក់រូបថតម៉ែ និងខ្ញុំតាំងពីតូចដែរ តែរករូប១សន្លឹកគ្មានសោះ។ ចាំខ្ញុំឱ្យគេគូររូបរួច ចាំបង្ហោះ២នាក់ ណស់ម៉ែណស់។
តែចាំគិតតិចសិនម៉ែ ដាក់រូបយើង២នាក់ ខ្លាចតែគេច្រឡំរឿង​GLទៅ... តាមពិតរឿង៦០+សោះ!
សរសេរលេងទេ តិចលោគេចោទប្រកាន់អីចុះ។

ឱ្យមានរូបមកពីណា បើខ្ញុំកាត់ទៅម៉ែ មិនដែលចូលចិត្តថតរូបខ្លួនឯងទេ សុខចិត្តថតឆ្កែថតឆ្មាវិញ ស្អាតជាង។
ណ្ហើយម៉ែ មិនបាច់មានរូបថតម៉ែ ក៏ម៉ែនៅក្នុងខ្លួនខ្ញុំលើសពី៣៦៥ថ្ងៃដែរ។ ខ្ញុំសរសេរមែន សរសេរមុខស្ងួតចែស។

ម៉ែមានឈ្មោះជាច្រើនដែលខ្ញុំហៅគាត់ ម៉ែ ម៉ាក់ ចែ អាម៉ាប់អីជាដើម ស្រេចលើចិត្ត្តខ្ញុំ។
សួរថាម៉ែត្រូវអ្វីនឹងខ្ញុំឱ្យប្រាកដ?
ម៉ែជាម៉ែ ជាប៉ា ជាពួកម៉ាក និងជាសត្រូវរបស់ខ្ញុំផងដែរ។

ខ្ញុំមិនមែនជាកូនល្អរបស់ម៉ែទេ។ ខ្ញុំតមាត់ជាមួយម៉ែ។ ខ្ញុំឈ្លោះជាមួយម៉ែ ។ ខ្ញុំរករឿងម៉ែ។ ខ្ញុំតវ៉ារកខុសត្រូវជាមួយម៉ែ។ ខ្ញុំធ្វើបដិវត្តជាមួយម៉ែ។ ហ្នឹង ខ្ញុំធ្វើរឿងទាំងអស់នេះជាមួយម៉ែ តាំងពីខ្ញុំមាន​ជីវិតនៅក្នុងពោះរបស់ម៉ែមកម្ល៉េះ។

សរុបទៅ ម៉ែ និងខ្ញុំ ធ្លាប់ធ្វើសង្រ្គាមនឹងគ្នា។ ម៉ែនិងខ្ញុំធ្លាប់ច្បាំងនឹងគ្នារាប់មិនអស់។ តែមិនដែលឃើញម៉ែឬខ្ញុំឈ្នះសង្រ្គាមម្តងណាឡើយ។

សួរថាខ្ញុំស្រលាញ់ម៉ែទេ? ស្រលាញ់។
សួរថាខ្ញុំស្អប់ម៉ែទេ? ស្អប់។
ស្រលាញ់ និង ស្អប់ នេះហើយដែលធ្វើឱ្យខ្ញុំមិនអាចអត់ម៉ែបាន។

ម៉ែខ្ញុំរវល់ណាស់ រវល់តាំងខ្លួនជាមែ៉ផង ជាឪផង ជាពួកម៉ាកផង និងជាសត្រូវរបស់ខ្ញុំផង។
ម៉ែខ្ញុំកាចណាស់។ គាត់ស្តីឱ្យខ្ញុំតាំងពីដឹងក្តីមក។ ហើយស្តីឱ្យខ្ញុំជាងគេគឺរឿងរៀនហ្នឹងម៉ង។ គាត់ហត់នឿយនឹងចិញ្ចឹមខ្ញុំឱ្យក្លាយជាមនុស្សម្នា​ដូចរាល់ថ្ងៃនេះ។
ម៉ែថា បបូរមាត់គាត់ស្តីជេរឱ្យខ្ញុំរាល់ថ្ងៃ ឡើងស្តើងរហៀរ សព្វថ្ងៃនេះ។ ឮសម្តីមាសម៉ែហើយ ខ្ញុំញញឹម​ខ្ជឹប ដោយសារខ្លួនឯងបានធ្វើរឿងមានប្រយោជន៍ដល់ម៉ែ។ កុំអី ម៉ែខ្ញុំមានបបូរមាត់ក្រាស់ហើយស្ទីក​ដូចអាព្រិកមិនខាន។

ជាទូទៅ ម៉ែនិងខ្ញុំនិយាយគ្នាចាប់ពី៥នាទីឡើង គឺតឹងសរសៃកដាក់គ្នាហើយ។
ធាតុម៉ែ និងខ្ញុំត្រូវគ្នាអ្វីម្ល៉េះទេ។ ម៉ែថា គាត់ធាតុភ្លើង។ ឯខ្ញុំវិញគិតថា ខ្លួនឯងធាតុមីន។ ឱ្យតែនៅ​ជិតគ្នាដឹងតែផ្ទុះមិនខាន។
ម៉ែខ្ញុំប្រៀបដូចនាងមេខលា រីឯខ្ញុំ​ប្រៀបដូចបិសាចរាមាសូរដូច្នោះដែរ។
ឱ្យតែរាមាសូរបានជួបនាងមេខលា ដឹងតែឮសូររន្ទះកើតឡើងពេញអាកាស។

ម៉ែកាន់តែអាយុច្រើន ការអន់ចិត្តក៏កាន់តែច្រើនដែរ។
ពេលខ្លះ ខ្ញុំមិនទាំងដឹងថាគាត់ខឹងនឹងខ្ញុំរឿងអីផង។ ម៉ែខ្ញុំមិនចូលចិត្តលេងសើចញ៉េះញ៉ោះអីទេ ខុសពីខ្ញុំចូលចិត្តបេះបោចគាត់មិនឈប់។

មួយទៀត ម៉ែកាន់តែចាស់ ម៉ែកាន់តែធ្វើនេះធ្វើនោះគ្មានសម្រាកសោះ។
ការងារផ្ទះ និងម៉ែ​ខ្ញុំជាគូពីបុពេ្វ។
ម៉ែមានកំហុសយ៉ាងធំ១សម្រាប់ខ្ញុំ និងចៅរបស់គាត់ គឺគាត់ចូលចិត្តរ៉ាប់រងការងារទាំងអស់ជំនួសពួកយើង។
ពេលខ្លះ ខ្ញុំថាឱ្យគាត់ ម៉ែឯងដូចមនុស្សយន្តអ៊ីចឹង ធ្វើការផ្ទះរហូតមិនចេះខ្ជិល និងមិន​ចេះ​ហត់​សោះ។
ប៉ុន្តែ និយាយដើមម៉ែបន្តិចចុះ កុំថាឱ្យគាត់មិនចេះនោះ គឺគាត់ចេះរអ៊ូរ និងរករឿងពួកខ្ញុំមិនដែលខ្ជិលឡើយ។
កាន់តែធ្វើការ កាន់តែហត់ កាន់តែរអ៊ូ! នេះហើយជាការងារប្រចាំថ្ងៃរបស់ម៉ែខ្ញុំ។
ម៉ែខ្ញុំមិនចេះហត់ មិនដែលប្រចាំនឹងខ្ញុំឡើយ។ គឺគ្រាន់តែរអ៊ូរទាំថា ខ្ញុំខ្ជិលប៉ុណ្ណោះ។

ចំណុចមួយទៀតដែលម៉ែខ្ញុំលេចធ្លោ គឺថា ខ្ញុំសួរអីគាត់លើសតែ២ដង គឺគាត់ស្តីឱ្យភ្លាម។
គាត់អត់ដែលខ្វល់ថា ខ្ញុំអត់ឮ ឬក៏មិនយល់ទេ។ ពេលខ្ញុំតមាត់ គាត់ថា ខ្ញុំក៏អ៊ីចឹងដែរ។ ឆាប់ខឹងដូចតែគាត់ដែរ។
មិនឱ្យខ្ញុំដូចគាត់យ៉ាងម៉េច បើខ្ញុំធំធាត់ឡើងនៅក្នុងផ្ទះគាត់ ពិសេសគឺក្រោមការគ្រប់គ្រងផ្ទាល់របស់គាត់ទៀត។

ក្រៅពីកិច្ចការផ្ទះ ម៉ែខ្ញុំនៅធ្វើកិច្ចការក្រៅផ្ទះជាច្រើនទៀត រួមមានជួយមើល និងប្រដែប្រដៅចៅប្រុសគាត់ទាំងពីរនាក់ផងដែរ។

បទចម្រៀងមួយរបស់អ៊ីវ៉ាបានច្រៀងថា «មានអ្វីៗមិនស្មើមានបង...»
ខ្ញុំច្បាស់ជាប្តូរវិញថា «មានអ្វីៗមិនស្មើមានម៉ែ»បានត្រូវបរិបទខ្ញុំ។
បងនិងម៉ែជារឿងពីរខុសគ្នា។ ហើយគ្មានអ្នកណាអាចជំនួសគ្នាបានឡើយ។
បានត្រឹមតែដឹងថា មានម៉ែគឺមានអ្វីៗទាំងអស់សម្រាប់ខ្ញុំ និងគ្រួសារខ្ញុំ។

១- កាលម៉ែខ្ញុំជាកូន

ម៉ែខ្ញុំមានឈ្មោះថា ស៊ីវី។ គាត់កើតនៅឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំង។
ខ្ញុំមិនហ៊ានដាក់ឆ្នាំកំណើតពិតប្រាកដ​របស់ម៉ែទេ ខ្លាចគេធើ។

ឮយាយប្រាប់ថា នៅឆ្នាំនោះ គេធ្វើបុណ្យឯករាជ្យធំណាស់។ គេរៀបពិធីបុណ្យតាំងតុ៣យប់៣ថ្ងៃ ហើយ​ថែមទាំងមានបាញ់កាំជ្រួចទាំង៣យប់ទៀតផង។
កាលនោះ យាយដែលត្រូវជាម្តាយម៉ែខ្ញុំទើបមានអាយុ១៨ឆ្នាំ។ គាត់បានពកូនស្រីដំបូងរបស់គាត់ដែលមាន​មាឌប៉ុនថ្លាងទៅមើលគេបាញ់កាំជ្រួច នៅមុខវាំងដែរ។
កាលយាយនៅរស់ យាយបានថ្ងូរជាញឹកញាប់ថា យាយបានឈឺថ្លោះដៃម្ខាង ដែលបានបីម៉ែខ្ញុំតាំងពីពេល​នោះមក។
ហើយខ្ញុំក៏មិនដែលបានសួរជីកឫសជីកគល់ថា ហេតុអីក៏យាយមិនឱ្យប្តីគាត់ជួយបីជួយពម៉ែខ្ញុំទៅ។
ប្តីយាយត្រូវជាប៉ារបស់ម៉ែខ្ញុំ និងជាថៅកែមក្លឿ ដែលខ្ញុំត្រៀមនឹងសរសេរសៀវភៅរឿង១ក្បាលដែរ។  រឿង ស្នេហាថៅកែមក្លឿ ជារឿងប្រវត្តិស្នេហារបស់តាយាយខ្ញុំ នៅសម័យបារាំង។

ម៉ែជាកូនស្រីទី១ ហើយជាអ្នកមានជាងគេក្នុងចំណោមបងប្អូនទាំងអស់ គឺអ្នកមានសាច់។
ប៉ា និង​ម៉ែរបស់ម៉ែខ្ញុំមានកូនស្រី៤នាក់ និងកូនប្រុស៤នាក់។ បើសិនកុំស្លាប់អស់៦នាក់ នៅជំនាន់ខ្មែរក្រហម ច្បាស់ជាមួយកងពលតូចហើយ បើនៅដល់ឥឡូវនេះ។

កាលនៅពីតូច ឮយាយប្រាប់ថា ម៉ែជាក្មេងស្រីក្រម៉ាប់។ តែក្រម៉ាប់ម៉ែគឺក្រម៉ាប់Cute ដូចបទគេច្រៀងថា ក្រម៉ាប់ឡើងCute។
កុំជឿអីម៉ែ! តែក្រម៉ាប់ គឺជ្រូកហើយ។

ម៉ែខ្ញុំមិនសស្លេកដល់ថ្នាក់ឃើញសរសៃសសូងនោះទេ គឺគ្រាន់តែសលើសកាហ្វេទឹកដោះគោទឹកកក។ សបែបកាហ្វេ១ញឹប ហើយទឹកដោះគោ១កំប៉ុងកូរលាយចូលគ្នាឱ្យសព្វ។

ម៉ែខ្ញុំថ្លោសតាំងពីនៅក្នុងពោះយាយមក។ ពេលកើតមក ម៉ែមានទម្ងន់ជាង៤គ.ឡ។ យាយថា កាល​កំណើតម៉ែ យាយឃ្លានអំពៅណាស់។ មិនមែនអំពៅសាង ហើយក៏មិនមែនទឹកអំពៅដែរ។ គឺអំពៅ ដែលកាប់ថ្មីៗពីចម្ការ។ យាយខាំបកសម្បកអំពៅនឹងមាត់ខ្វោកៗ រួចខាំទំពាលាន់សូរក្រួបក្រួប... ថ្ងៃណាក៏​យាយចង់អំពៅដែរ។ អ៊ីចឹងហើយបានម៉ែខ្ញុំសាច់ឡើងកន្ធួកៗ។

យាយរបស់ម៉ែ ដែលត្រូវជាយាយទួតខ្ញុំជាអ្នកច្នៃម៉ូតខោអាវ និងសក់របស់គាត់។ យាយរបស់គាត់ចូលចិត្តដេរអៀមដៃតូច ឱ្យគាត់ពាក់។
ចំណែកសក់វិញ កាលជំនាន់ម៉ែនៅតូច កូនស្រី គេមិននិយមចងសក់ ឬដាក់បូសក់ ឬថ្កៀបតង្កៀប​សក់អីទេ។ យាយរបស់គាត់តែងកាត់រះសក់ឡុងសក់ឱ្យម៉ែខ្ញុំរហូត។ ខ្ញុំសួរម៉ែ៖
- សក់ឡុងសុងហ្នឹងស្អាតអត់ ម៉ែ?
- ស្អាតអី គឺដូចសក់ទាហានអ៊ីចឹង។ យាយទួតអ្ហែងរះយកជើងសក់ខាងក្រោមអញអស់រលីង ហើយទុកសក់ខ្លីនៅខាងលើរ៉ុយៗ។ (ម៉ែនិយាយ)
ខ្ញុំខំបិទភ្នែកស្រមៃរករូបភាពម៉ែមិនចេញទេ។ ជាក្មេងដែលមានសាច់ម៉ាប់ៗ ស្លៀកអៀម ហើយមានសក់ខ្លី​ស្ទើរនឹងត្រងោល តើអាក្រក់យ៉ាងម៉េចទៅលោកព្រះ? 
ខ្ញុំគ្រញែងខ្លួន នៅពេលឮម៉ែអួតទៀតថា ប៉ារបស់គាត់ស្រលាញ់គាត់ណាស់ កាលពីគាត់មិនទាន់មានប្អូន។

មិនយូរប៉ុន្មាន ម៉ែខ្ញុំក៏មានប្អូនស្រីទី២ នៅពេលគាត់មានអាយុជាង២ឆ្នាំ។
មីងទី២នេះហើយ ដែលរស់នៅម៉ង់ៗពីរនាក់នឹងម៉ែខ្ញុំ ដល់សព្វថ្ងៃនេះ។
ប្អូនទី២ម៉ែមានឈ្មោះថា វណ្ណី។ ម៉ែថា មីងម្នាក់នេះកំពូលកាច ហើយមហាឆ្នាសជាងគេក្នុងចំណោម​បងប្អូន។ យាយថា មីងទី២នេះដាក់ចុះពីដៃមិនបានទេ គឺយំតាមយាយរហូត សម្បីតែចូលបង្គន់។
បើមិនឱ្យចូលទេ គឺមីងយំបោកខ្លួនប្រកាច់ចាប់មិនឈ្នះឡើយ។
ក្រៅពីពូកែរករឿងហើយ មីងទី២នៅឈឺច្រើនទៀត។ ប្អូនស្រីទី២របស់ម៉ែក៏ជាអ្នកមានម្នាក់ដែរ។ គឺអ្នកមានឆ្អឹង។ គាត់ស្គមឡើងឃើញសរសៃពោះរវាម។

ខុសពីម៉ែខ្ញុំដែលស្លូត មិនសូវចេះរករឿង ឬយំស្រែកអីទេ។ ឱ្យតែឆ្អែត ម៉ែលេងរហូត។ ចំណីអីក៏ម៉ែអត់​ចេះតម និងអត់ចេះទាស់ដែរ។ ពិសេសអាហារផ្អែមៗ ម៉ែខ្ញុំចូលចិត្តណាស។
ពេលបាយ មិនចាំបាច់មានម្ហូបអីក៏បាន ឱ្យតែមានចេក ឬស្វាយទុំ ឬទឹកត្នោត ឬស្ករផែន ក៏ម៉ែខ្ញុំអាចដាក់មួយប្រេះពោះបានដែរ។
ដូចឥឡូវនេះដែរ ថ្ងៃខ្លះ ម៉ែខ្ញុំតែងសួរ នៅពេលដែលចានលាងហើយមិនទាន់ស្ងួតនៅឡើយ៖
- អញដូចអត់ទាន់បានស៊ីបាយព្រឹកទេ កូន!
- អ៊ឹស មើលចែ។

ម៉ែខ្ញុំមិនសូវត្រូវរំពាត់ ដូចប្អូនស្រីទីពីររបស់គាត់ទេ។ មីងទាំងឈឺ ទាំងស្គម ទាំងកាច ដូច្នេះហើយ​បាន​ត្រូវយាយទុកចោលឱ្យវារធ្លាក់ពីលើគ្រែជាញឹកញាប់។ ពេលខ្លះ យាយខឹង យាយបានទះមីងផាច់ៗដែរ។
និយាយពីរូបសម្ផស្សមីងទីពីរវិញ ខ្ញុំសួរម៉ែ៖
- ចុះមីងស្អាតទេ កាលពីតូច?
- ស្អាតស្អី អាក្រក់ជាងអញទៀត ក្បាលត្រងោល ឃើញតែឆ្អឹងគ្រប់កន្លែង។ (ម៉ែនិយាយដោយមោទនភាព)
- អ្ហាក ម៉េចបានក្បាលគាត់អត់សក់អ៊ីចឹង?
- គឺយាយទួតអ្ហែងចាប់វាកោរត្រងោល ដោយសារតែវាពូកែឈឺពេក។
ងាប់! លេងម៉ូតសក់សាហាវណាស់ សម័យម៉ែ សម័យមីង។ ម៉ែនិយាយបន្ត៖
- មីងអ្ហែងគ្មានអៀមស្លៀកដូចអញទេ?
- ហេតុអី?
- យាយទួតអ្ហែងដេរសំពត់កៅស៊ូ ដែលសល់ពីជាយកី ទុកឱ្យមីងអ្ហែងស្លៀក។
- សំពត់ជាយកីយ៉ាងម៉េចទៅម៉ែ?
- ឧទាហរណ៍ថាសំពត់១ក្បិនប្រវែង១,៨ម៉ែត្រ តែយើងត្បាញលើសដល់ទៅ២ម៉ែត្រ ឬលើសហ្នឹង។ អ៊ីចឹង​យើងកាត់អាខ្នាតត្រឹមត្រូវទុកលក់។ ហើយអានៅសល់ទុកដេរឱ្យក្មេងស្លៀក។

អូ៎ ខ្ញុំយល់ហើយ។ យាយទួត ដែលត្រូវជាម្តាយក្មេកយាយខ្ញុំបានទិញកំណាត់សំពត់ជាយកីពីអ្នកភូមិ ដើម្បីទុកដេរខោអាវឱ្យចៅៗ។ អៀមរបស់ម៉ែខ្ញុំក៏ច្នៃពីជាយសំពត់ ឬក្រមាដែរ។

យាយរបស់ម៉ែក៏ជាអ្នកត្បាញម្នាក់ដែរ។ តែគាត់មិនត្បាញសំពត់ផាមួង ឬហូលទេ។ គាត់ត្បាញក្រមា និងមុង។ នៅខាងក្រោមផ្ទះឈើរបស់គាត់ មានកីតម្បាញចំនួន៥។
អៀមម៉ែខ្ញុំស្លៀកក៏ត្រូវបានច្នៃពីជាយសំពត់ ឬក្រមាដែរ។ ម៉ែប្រាប់៖
- មីងអ្ហែងស្លៀកសំពត់កៅស៊ូជាមួយអាវចងខ្សែពីក្រោយ មិនដូចអញទេ ស្លៀកសុទ្ធតែអៀម ដៃត្រចៀកដំរីក៏មាន ដៃតូចក៏មាន។
ទៅគេដឹងហើយថា រាងហ្នឹងស្លៀកអ៊ីចឹងដូចធុងកៅស៊ូហើយ។ ខ្ញុំនឹកក្នុងចិត្ត។ 
ប៉ុន្តែនៅពេលមីងទីពីរធំពេញ​រូបរាង ម៉ែប្រាប់ថា៖
មីងទី២អ្ហែងពេលធំឡើងស្អាតណាស់ រាងខ្ពស់ស្រឡះ ស្គម សក់វែង ហើយសស្អាត។ មិនដូចអញទេ។

ម៉ែខ្ញុំមានកម្ពស់១,៥៣ម៉ែត្រ។ រាងទាបស្រឡះស្អាត ហើយម៉ាប់។ ស្រមៃរាងគាត់ នឹកឃើញដល់​បទ​ចម្រៀង១ ដែលគេបានច្រៀងថា ស្រីតូចទ្រមែ ដើរកាត់វាលស្រែ ស្រងែបាំងបាត់ អ្ហា៎អើយ...

ម៉ែថាមួយបងប្អូន គាត់ទាបជាងគេ ហើយខ្មៅជាងគេ។ ប៉ុន្តែបានមាឌថ្លោសយោង កុំអីខូចពូជគាត់​បាត់។
ម៉េចចាំបាច់ដៀមដាមឱ្យខ្ញុំ ម៉ែ! សម្បុរប៉ុនគាត់ហើយ នៅថាខ្មៅទៀត។ ចុះទម្រាំសម្បុរខ្ញុំវិញ មិនឈើ​គ្រញូងហើយ! ឆឹះ!

ចំណែកមីងវិញ គាត់ក៏ខំរក្សាភាពកាចរបស់គាត់ប្រចាំត្រកូលដែរ។ ម្យ៉ាងម្នាក់ទេ បងប្អូនរបស់ម៉ែខ្ញុំ។

ប៉ា និងម៉ែរបស់ម៉ែខ្ញុំជាអ្នកចម្ការ។ ពួកគាត់រស់នៅជាប់នឹងដងទន្លេមេគង្គ ដែលស្ថិតនៅត្រើយម្ខាងជ្រោយចង្វារ។ ជាដីកេរតែមួយ ដែលម៉ែ និងមីងទីពីររស់នៅសព្វថ្ងៃនេះ។

កាលជំនាន់ម៉ែនៅតូច ដីរបស់ដូនតាគាត់វែងណាស់។ ក្បាលដីមានទំហំតែ១៥ម៉ែត្រទេ។ ប៉ុន្តែបណ្តោយ​​ដីវិញ តាំងពីបាតអូរក្រោយផ្ទះ រហូតដល់មាត់ទន្លេឯណោះ។ ពីផ្ទះមកបាតអូរខាងក្រោយផ្ទះ​មានប្រវែងប្រមាណជាង១០០ម៉ែត្រ។ ហើយពីមុខផ្ទះទៅដល់ច្រាំងទន្លេគឺមានប្រវែងប្រមាណ៦០០ ទៅ៧០០ម៉ែត្រឯណោះ។
- កាលនោះ ពួកគេអាចហៅគ្នាឮពីត្រើយខាងលិច(ជ្រោយចង្វារ) មកត្រើយខាងកើត។ (ម៉ែនិយាយ)
- ទន្លេតូចមែនទេ ម៉ែ?
- អឺ គេហែលលេងឆ្លងទៅឆ្លងមកពីត្រើយខាងលិចមកត្រើយខាងកើត ដោយគ្មានហត់ទេ។
- ចុះឥឡូវ ម៉េចក៏ទន្លេធំម្ល៉េះ ម៉ែ?
- ដោយសារដីបាក់ច្រាំងរាល់ឆ្នាំ នៅរដូវទឹកឡើង។ មិនមែនបាក់តិចតួចទេ គឺដីបាក់ចោលក្នុងទន្លេ​១០ម៉ែត្រយ៉ាងតិច។
មែន! ជាង៦០ឆ្នាំប្លាយមកនេះ ដីនៅមាត់ទន្លេបាក់នៅសល់ប្រមាណ១០០ម៉ែត្រ ដល់ផ្លូវមុខផ្ទះហើយ សព្វថ្ងៃនេះ។

ក្រៅពីការងារតម្បាញ យាយ និងតានៅដាំដំណាំតាមរដូវទៀត ដូចជា ប៉េងប៉ោះ ត្រឡាច ល្ពៅ ពោត អំពៅជាដើម។ នៅពេលប្រមូលផលដំណាំ ឬផ្លែឈើ ម្តាយ និងប៉ារបស់ម៉ែខ្ញុំបានដឹកតាមកាណូតមកលក់បោះដុំ​នៅផ្សារចាស់ ឬផ្សារកណ្តាល។

ក្រៅពីដំណាំ តាទួតបានដាំដើមឈើហូបផ្លែ មានដូចជាស្វាយ ចេក ត្របែក និងទឹកដោះគោ...
- តែអត់មានស្វាយកែវចិន ឬកែវរមៀតអីទេ។ ភាគច្រើនជាស្វាយកែវយក្ស កែវស្រួច ឬស្វាយល្ហុង។ (ម៉ែប្រាប់)
- ឆ្ងាញ់អត់ ស្វាយអស់ហ្នុង ម៉ែ?
- មិនសូវឆ្ងាញ់ទេ។ ហើយបើចេកវិញ តាចូលចិត្តដាំចេកទឹក។ (ម៉ែនិយាយ)
- រាងវាយ៉ាងម៉េចទៅចេកទឹកនោះ?
- ផ្លែវាស្រដៀងនឹងចេកនួនដែរ ទោះបីស៊ីច្រើនក៏មិនក្តៅកដែរ ពិសេស វាអាចធន់នឹងទឹក មិនងាយ​ងាប់ដូចចេកផ្សេងៗទៀត។

ភូមិដែលនៅជាប់នឹងដងទន្លេមេគង្គ តែងត្រូវទទួលរងទឹកជំនន់លិច រាល់ឆ្នាំ។ ដីដែលនៅខាងលិច​ផ្លូវវែងរប់រយម៉ែត្រមែន តែមិនអាចដាំដើមឈើហូបផ្លែបានទេ។ ព្រោះពេលរដូវទឹកឡើង ទឹកទន្លេឡើងជន់ហៀរលិចងាប់អស់ដំណាំទាំងឡាយ។
រដូវទឹកឡើងមានរយៈពេលយូរគួរសម គឺប្រមាណជា៣ខែ អ៊ីចឹងដើមឈើណាដែលមិនអាចធន់នឹងទឹកលិចបាន គេមិនសូវដាំទេ។
- ចុះទឹកមានដែលលិចភូមិទេ ម៉ែ? (ខ្ញុំសួរ)
- ៥ឆ្នាំ បានទឹកធំម្តង ពេលនោះគឺទឹកលិចល្ហាចល្ហឹម ពេញហ្នឹងទាំងអស់។ (ម៉ែប្រាប់)
- ប្រហែលជាសម្បូរត្រីហើយ ម៉ែ កាលនោះ។
- មិនខ្វះទេត្រីនោះ។ ពេលទឹកចូលភូមិម្តងៗ សម្បូរត្រីសណ្តាយធំៗណាស់។ យាយទួតអ្ហែង​យកវាប្រឡាក់គ្រឿង រួចចៀន អញបាយម្តង២ចានគោម។
- ងាប់! កោតតែម៉ែលេបចូលដែរ បាយម្តង១ឆ្នាំងម្នាក់ឯង។
- អើ កាលនោះ គ្មានចំណីចំណុកស្អីស៊ីច្រើនដូចឥឡូវ បើម្ងៃៗមានតែបាយនោះ។
- ចុះក្រែងថាមានផ្លែឈើនោះ?
- ផ្លែស្អី លិចទឹកងាប់អស់ហើយ។ បើមាន មានតែពោតកំបោរហ្នឹង។

មុនរដូវទឹកឡើង គេត្រៀមអង្ករ ពោត ប្រហុក ផ្អក ត្រីប្រឡាក់ទុកពេញៗក្រឡក្នុងផ្ទះ។ បើមិនអ៊ីចឹង ច្បាស់ជាដាច់ពោះងាប់ បើផ្ទះណាមានគ្នាច្រើន។
ពិសេស អ្នកល្មោភញ៉ាំ ដូចម៉ែ! ឃើញមុខខ្ញុំ ម៉ែនិយាយ៖
- អើ ពេលទឹកឡើង ស៊ីអីក៏ឆ្ងាញ់ដែរ។ អញចូលចិត្តអង្គុយស៊ីបាយ នៅមាត់ជណ្តើរណាស់។
ចុម ដឹងឯងគិតអីទៀត ចែ! ខ្ញុំនិយាយ៖
- ដឹងហើយថាម៉ែអង្គុយលេងទឹក។
       
សរសេររាងវ៉ល់ តែមិនអីទេ សរសេរចោលសិនទៅ ចាំចប់ ចាំកែ...
នៅមានត...

អាចអានសាករឿងផ្សេងទៀត តាមLinkខាងក្រោម៖