ស្លឹកឈើទុំ

ស្លឹកឈើទុំ 
©អត្ថបទ និងរូបថតដោយ ហេង ដារី 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់ 

នៅរសៀលថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ក្រោយពីទទួលទូរស័ព្ទរបស់បងថ្លៃប្រុសទី៥រួច 
ប្តីខ្ញុំបាននាំខ្ញុំ និងកូនប្រុសទាំងពីរនាក់ទៅមើលប៉ារបស់គាត់ដែលកំពុងឈឺ។ 
ពួកយើងចេញដំណើរពីផ្ទះនៅឯស្រុក ឆ្លងដនៅស្វាយជ្រុំ ឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត នៅម៉ោងប្រមាណ៦ល្ងាច។ 
ស្លឹកឈើទុំ
ស្លឹកឈើទុំ
តាមពិត ប៉ាក្មេកខ្ញុំបានឈឺធ្ងន់ ហើយចូលសម្រាកនៅពេទ្យ តាំងពី២ថ្ងៃមុនមកម្ល៉េះ។ 
ប្តីខ្ញុំបានទៅអើតមើលគាត់រាល់ថ្ងៃ។ ប៉ាក្មេកខ្ញុំអាយុ៩០ឆ្នាំ។ គាត់ឈឺដោយសារជរាភាព។ 
ប៉ាប្រៀបដូចជាស្លឹកឈើទុំ ហើយរង់ចាំតែថ្ងៃដែលត្រូវជ្រុះចាកមែកប៉ុណ្ណោះ។
គេអនុញ្ញាតឱ្យយើងចូលមើលប៉ាម្នាក់ម្តង ដោយពាក់អាវពេទ្យពណ៌កាប់ស្តាំងដែលព្យួរនៅក្បែរទ្វារចូល។ 
គេហាមកូនក្មេងនិងស្រ្តីមានផ្ទៃពោះមិនឱ្យចូលទៅសួរសុខទុក្ខអ្នកជំងឺទេ។ 
ដំបូង កូនពៅខ្ញុំបានចូលទៅអើតមើលមុខតារបស់គេបានមួយភ្លែតដែរ មុននឹងដឹងពីបម្រាមរបស់មន្ទីរពេទ្យ។ ចំណែកសុធាឫទ្ធិវិញ គេអត់បានចូលទៅជួបតាគេទេ។ 

ទៅមើលប៉ាក្មេកខ្ញុំឈឺសានេះ ខ្ញុំហាក់ដូចជាស្រងេះស្រងោចខុសពីកាលដែលខ្ញុំទៅមើលគាត់ឈឺមុនៗ។ 
ប៉ាសម្រាកនៅគ្រែចុងគេជាប់នឹងជញ្ជាំង នៃអគារសរសៃប្រសាទ រួមជាមួយអ្នកជំងឺ៧នាក់ទៀតនៅក្នុងបន្ទប់មួយដ៏សែនស្ងប់ស្ងាត់។ ប៉ាសម្រាន្តស្តូកស្តឹង ដោយមានបន្តោងសេរ៉ូម។ 
- ប៉ា! (ខ្ញុំឱនហៅគាត់តិចៗ) 
ប៉ាបិទភ្នែកជិត។ គាត់ប្រហែលសម្រាន្តលក់ស្រួលហើយមើលទៅបានជាមិនឮសំឡេងរបស់ខ្ញុំ។ 
ខ្ញុំលើកដៃសំពះគាត់ទាំងបន់ក្នុងចិត្តឱ្យគាត់ឆាប់វិលត្រឡប់មកភាពធម្មតាវិញ ទោះបីក្នុងចិត្តដឹងថា ប៉ាប្រហែលជាកំពុងរៀបចំធ្វើដំណើរទៅឆ្ងាយពីពួកយើងក៏ដោយ។ 
ខ្ញុំនៅឈរមើលមុខប៉ា ដែលមានដង្ហើមផឹតផតៗបានមួយភ្លែត ទើបដើរចេញពីគាត់កាត់តាមគ្រែអ្នកជំងឺផ្សេងទៀត។ 
គ្រប់អ្នកជំងឺគ្មានកូនចៅ ឬសាច់ញាតិនៅមើលថែឡើយ។ ពេទ្យអនុញ្ញាតឱ្យកូនចៅមកសួរសុខទុក្ខតាមពេលម៉ោងប៉ុណ្ណោះ។ នេះដោយសារតែសម័យកូវីដកំពុងរាតត្បាតខ្លាំង បានជាគ្រប់អ្នកជំងឺគ្មានកូនចៅមកនៅថែកំដរដូចសព្វដង។

កាលពីពេលប៉ាចូលសម្រាកពេទ្យលើកមុនៗ ពួកយើងដែលជាកូនចៅបានដាក់វេនគ្នាទៅមើលកំដរគាត់រាល់ថ្ងៃ។ 
ពេលខ្លះ ពួកយើងជួបជុំគ្នានិយាយព្រោកប្រាជ្ញរឿងផ្សេងៗមិនដាច់។ ប៉ានិយាយកោកៗឆ្លើយឆ្លងជាមួយពួកយើង។ ប៉ាថ្ងូរថាឈឺនេះឈឺនោះ។ ប៉ាទារត្រលប់មកផ្ទះវិញរាល់ថ្ងៃ។ 
ប៉ុន្តែពេលនេះ ប៉ានៅស្ងៀមឈឹង សូម្បីតែមុខខ្ញុំក៏គាត់មិនខ្ចីមើលដែរ។ 
ម្តងនេះ ខ្ញុំគិតថាជាលើកចុងក្រោយហើយ ដែលខ្ញុំបានមកឃើញមុខគាត់។ 
ពួកយើងត្រលប់មកផ្ទះវិញ ដោយស្ងៀមស្ងាត់។ 
- តាឈឺអីគេ ម៉ាក់? (សុធាឫទ្ធិ កូនបងទី១របស់ខ្ញុំសួរ) 
- តាឈឺដោយសារជរា។ (ខ្ញុំតបតិចៗ) 
- ជរាអីគេ ម៉ាក់? (សុធាឫទ្ធិជជីកសួរបន្ត) 
- កូនដែលឃើញស្លឹកឈើទុំទេ?
- ធ្លាប់ ម៉ាក់! 
- ហើយពេលស្លឹកឈើទុំ កូនឃើញវានៅជាប់នឹងមែកឈើដែរទេ? 
- អត់ទេ។ 
- កូនឃើញស្លឹកឈើទុំនៅឯណា? 
- នៅដី។ 
- ហ្នឹងហើយ ពេលស្លឹកឈើទុំគឺវាជ្រុះធ្លាក់ចុះមកដី។ វាអត់នៅជាប់នឹងមែក ដូចស្លឹកពណ៌បៃតងទេ។ 
តារបស់កូនគឺប្រៀបដូចនឹងស្លឹកឈើដែលទុំអ៊ីចឹងដែរ។ ពេលតាចាស់ជរាក៏ឈឺ ហើយនេះជារឿងធម្មតារបស់មនុស្ស។ 
សុធាឫទ្ធិនៅស្ងៀម។ ខ្ញុំមិនដឹងថាគេយល់ឬអត់ទេ។ 

នៅរសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ គ្រូពេទ្យបានផ្តល់យោបល់ឱ្យនាំប៉ាត្រលប់មកផ្ទះវិញ។ ដោយមានអន្តរាគមន៍ពីបងថ្លៃប្រុសទី៥ដែលជាគ្រូពេទ្យនៅខត្តកំពង់ឆ្នាំង ប៉ាក៏ត្រូវបានឡានពេទ្យខេត្តដឹកចេញពីមន្ទីរពេទ្យកាល់ម៉ែត ឆ្ពោះទៅផ្ទះចម្ការរបស់បងថ្លៃប្រុសទីមួយនៅឃុំពង្រ ខេត្តកំពង់ឆ្នាំង ដែលជាទីកន្លែងកំណើតរបស់ប៉ា។ 
នៅទីនោះ តាអាចារ្យបានសូត្រធម៌ឱ្យប៉ាជារៀងរាល់យប់។ ទោះបីប៉ាសម្រាកនៅផ្ទះក៏ដោយ ក៏បងថ្លៃប្រុសទី៥នៅតែបន្តបន្តោងសេរ៉ូម និងដាក់អុកស៊ីសែនឱ្យប៉ាក្មេកខ្ញុំដដែល។ 

[... ខ្ញុំបានក្លាយជាកូនប្រសាររបស់ប៉ា អស់រយៈពេលជិត១៥ឆ្នាំហើយ។ ប៉ាក្មេករបស់ខ្ញុំមានកូនទាំងអស់ចំនួន៨នាក់។ ប្រុស៧នាក់ ស្រី១នាក់។ គាត់មានប្រពន្ធចំនួន២នាក់។ ប្រពន្ធទីមួយរបស់ប៉ាបានស្លាប់នៅជំនាន់ខ្មែរក្រហម ដោយបន្សល់ទុកនូវកូនចំនួន៦នាក់ដែលកំព្រាម្តាយ។ ប្តីខ្ញុំជាកូនទី៦ជាមួយប្រពន្ធទី១។ 

ក្រោយមក នៅសម័យរំដោះឆ្នាំ១៩៧៩ ប៉ាក៏បានរៀបការលើកទី២ ហើយមានកូនប្រុសចំនួន២នាក់ទៀត។ 
ប៉ុន្តែអភ័ព ប្រពន្ធទី២របស់ប៉ាក៏បានលាចែកឋានទៅ កាលពី១៥ឆ្នាំមុនមកម្ល៉េះ។ 
ប៉ាបន្តរស់នៅជាភាពពោះម៉ាយរហូតមកទល់សព្វថ្ងៃនេះ។ 

កន្លងមក ខ្ញុំតែងឃើញប៉ាក្មេកខ្ញុំជាមនុស្សមាំទាំ និងមិនសូវឈឺថ្កាត់ប៉ុន្មានទេ។ ទោះបីប៉ាមានអាយុច្រើនហើយក៏ដោយ ក៏ធ្មេញរបស់គាត់នៅតែរឹងមាំល្អ។ 

កាលពីជាង១០ឆ្នាំមុន ប៉ាធ្លាប់បានវះកាត់ក្រពេញប្រូស្តាតម្តង។ ប៉ាធ្វើទុក្ខដោយសារពិបាកបត់ជើងតូច។ ក្រោយពីវះកាត់រួច សុខភាពប៉ាក៏ជានាធម្មតាតាមវ័យរបស់គាត់។ 

ប្រមាណជា៥ឆ្នាំមុន ប៉ាបានចូលវះកាត់ម្តងទៀត ដោយសារមានបញ្ហាបេះដូង។ ក្រោយពីវះកាត់លើកទី២នេះ សុខភាពប៉ាបានចុះទ្រុឌទ្រោមជាងមុន។ 

ជាងពីរបីមកឆ្នាំមកនេះ ប៉ាមានអាការៈវង្វេងភ្លេចភ្លាំងច្រើនជាងមុន។ 
គាត់និយាយរឿងដដែលៗឱ្យកូនចៅស្តាប់។ 
គាត់មិនចូលចិត្តកញ្ចក់ទេ។ ពេលឃើញរូបគាត់នៅតាមកញ្ចក់បង្អួច គាត់តែងសួរថា «អាណាគេមករកអី?»។ 

ប៉ាមិនងាយប្រើថ្នាំពេទ្យផ្តេសផ្តាសឡើយ។ ទោះបីជាវេជ្ជបញ្ជារបស់គ្រូពេទ្យក៏ដោយ ក៏គាត់តែងតែលាក់ថ្នាំ ឬទុកថ្នាំចោលនៅក្រោមខ្នើយ នៅថតតុ ឬក្រោមពូក... ដោយយកលេសអ៊ីចេះអ៊ីចុះរហូត។ 
ដូច្នេះហើយទើបប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសក្រោយពេលគាត់វះកាត់បេះដូង សុខភាពរបស់គាត់ធ្លាក់ចុះជាលំដាប់។ គ្រូពេទ្យតម្រូវឱ្យគាត់ប្រើថ្នាំខ្លះជាជំនួយ ប៉ុន្តែគាត់ឥតបានលេបថ្នាំគ្រប់តាមដូសរបស់ពេទ្យទេ។ 

កាលពីផ្ទះប៉ានៅម្តុំសាលាទួលស្វាយព្រៃ ខ្ញុំឧស្សាហ៍ទៅលេងគាត់ស្ទើរតែរាល់អាទិត្យ។ ហើយប្រសិនបើយូរបំផុតគឺពីរអាទិត្យម្តង។ 
ប៉ាចូលចិត្តពិសាសាច់គោអាំង ឬពោះគោទឹកប្រហុក ផ្អកជូរចំហុយ ខត្រីតូចៗដែលផុយឆ្អឹង សម្លម្ជូរក្បាលត្រីសណ្តាយ... ចំណែកបង្អែម គាត់ចូលចិត្តទ្រាបបាយ ចាហួយ... 

ប៉ុន្តែពីរបីឆ្នាំចុងក្រោយនេះ ខ្ញុំខានទៅលេងប៉ាស្ទើរតែរាប់ឆ្នាំ ដោយសារតែប៉ាបានប្តូរផ្ទះទៅនៅឆ្ងាយ គឺនៅម្តុំវត្តសំបួរមាស។ 
ខ្ញុំឥតចំណាំផ្លូវបត់ចូលផ្ទះប៉ាទេ។ ទាល់តែប្តីខ្ញុំជូនទៅ ទើបខ្ញុំបានទៅរកប៉ា។ 
ប្តីខ្ញុំបានទៅលេងប៉ា នៅពេលប៉ាត្រូវការកាត់សក់ ឈឺ ឬបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះ។ 

នៅអំឡុងពេល២ឆ្នាំចុងក្រោយនេះ ប៉ាមិនបាននៅផ្ទះជាប់លាប់ជាមួយកូនណាឱ្យប្រាកដទេ។ 
ម្តង ប៉ានៅជាមួយកូនប្រុសពៅទី៨ ម្តងនៅផ្ទះកូនប្រុសទី៧ ម្តងនៅជាមួយកូនស្រីទី៣។ 
ប៉ុន្តែ នៅប៉ុន្មានខែនៃចុងឆ្នាំ២០២០ ប៉ាបានទៅនៅផ្ទះចម្ការរបស់បងប្រុសធំទី១ ដែលស្ថិតនៅឃុំពង្រ ខេត្តកំពង់ឆ្នាំង…] 

នៅម៉ោងជាង១២នៃយប់ថ្ងៃសុក្រជិតឆ្លងចូលព្រឹកថ្ងៃសៅរ៍ទី២៣ ខែមករា ឆ្នាំ២០២១ បងថ្លៃស្រីទី៣បានទូរស័ព្ទមកប្តីខ្ញុំឱ្យក្រោកអុជធូប ដើម្បីកុំឱ្យប៉ានៅរង់ចាំកូនទីប្រុសទី៦របស់គាត់ទៀត។ ប្តីខ្ញុំក៏បានធ្វើតាមជំនឿទាំងអធ្រាត្រ។ 
តាំងពីអុជធូបហើយ ពួកយើងស្ទើរតែនៅបញ្ឈរភ្នែកទល់ភ្លឺ លើកលែងតែកូនប្រុសទាំង២របស់ខ្ញុំដែលនៅគេងលក់។ 

នៅម៉ោងប្រមាណជា៥ នៃព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ ប្អូនប្រុសពៅទី៨ក៏បានទូរស័ព្ទមកប្រាប់ថា ប៉ាបានផុតទៅហើយ។ 
ពួកយើងនៅស្ងៀមស្ងាត់បាត់មាត់ឈឹង។ ប៉ុន្តែពួកយើងប្រញាប់រៀបចំខ្លួនទៅបុណ្យសពប៉ានៅឃុំពង្រ ខេត្តកំពង់ឆ្នាំង។ 

«ប៉ាកើតថ្ងៃសៅរ៍ អ៊ីចឹងប៉ាឃ្លាតទៅវិញក៏នៅថ្ងៃសៅរ៍ដែរ»។ នេះជាសម្តីបងថ្លៃប្រុសធំទី១ដែលមានជំនឿថា «មនុស្សយើងកើតថ្ងៃណា ស្លាប់ទៅវិញក៏ថ្ងៃនោះវិញដែរ»។ 
ករណីនេះ ខ្ញុំសង្កេតឃើញយាយរបស់ខ្ញុំក៏ដូច្នេះដែរ។ យាយកើតថ្ងៃពុធ ហើយពេលយាយស្លាប់ក៏នៅថ្ងៃពុធដែរ។ 
នេះគ្រាន់តែជាការចំណាំ និងការសង្កេតតៗគ្នាប៉ុណ្ណោះ។ រឿងពិត ឬត្រូវ១០០%យ៉ាងណានោះ ក៏ខ្ញុំមិនប្រាកដដែរ។ ប៉ុន្តែអ្វីដែលប្រាកដគឺប៉ាក្មេករបស់ខ្ញុំបានឃ្លាតចាកចោលកូនៗ និងចៅៗជារៀងរហូតហើយ។ 

កូនបង្កើតទាំង៨នាក់និងកូនប្រសាទាំង៧នាក់ រួមទាំងចៅ និងចៅទួតជាង២០នាក់បានបាត់បង់សមាជិកចំណាស់ជាងគេនៅក្នុងគ្រួសារ។ ត្បិតតែប៉ាមិនមែនជាដែកថែបរឹងមាំអាចការពារកូនចៅបន្តទៀតបានក៏ពិតមែន ប៉ុន្តែប៉ាធ្លាប់ជាម្លប់ដល់កូនចៅទាំងឡាយ ដែលបានទៅជ្រកជួបជុំគ្នាអស់ពេលជាយូរឆ្នាំមកហើយដែរ...

អានអត្ថបទ៖
- យាយខ្ញុំ

Post a Comment

0 Comments