តំបន់ធម្មជាតិព្រៃកោងកាង ខេត្តកោះកុង

តំបន់ធម្មជាតិព្រៃកោងកាង ខេត្តកោះកុង
©អត្ថបទ និងរូបថត ដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

គ្រប់អ្នកដែលទៅលេងខេត្តកោះកុង គេមិនភ្លេចឡើយទៅលេងតំបន់ព្រៃកោងកាង ដែលមានចម្ងាយប្រហែល៧គ.មពីទីរួមខេត្ត។

នៅទីនោះ មានព្រៃកោងកាងរាប់សិបហិកតា មានស្ពាលយោល ពិសេស គេអាចជិះទូកតាមដងព្រែកមើលព្រៃ ឆ្នេរ និងភូមិនេសាទ។

Written by Dary Heng
ដើមកោងកាង
មុនទៅដល់កន្លែងលក់សំបុត្រ យើងអាចចតឡាននៅមុខផ្សារសហគមន៍ ដែលមានលក់វត្ថុអនុស្សាវរីយ៍​ដូចជាមួក កន្សែងរុំក ឆត្រ និងម្ហូបម្ហាជាដើម។
តម្លៃលក់នៅទីនោះគឺសមរម្យ មិនកោរភ្ញៀវ​នោះទេ ទោះបីក្នុងថ្ងៃបុណ្យ ឬឈប់សម្រាកក៏ដោយ។

ចំពោះសំបុត្រចូលលេងសម្រាប់ភ្ញៀវក្នុងស្រុក តម្លៃ៣០០០រៀល ឯភ្ញៀវបរទេសតម្លៃ៥០០០រៀល។ ចំណែកកុមារមិនគិតប្រាក់ទេ។

គ្រាន់តែឈានជើងដើរលើស្ពានភ្លាម អារម្មណ៍ស្រស់ស្រាយក៏ចូលមកសណ្ឋិតក្នុងខ្លួនជាស្រេច។ ភាពតានតឹង សំឡេងឡានម៉ូតូ ផ្សែងអួអាប់ក៏ឃ្លាតចាកឆ្ងាយបាត់អស់ទៅ។ ស្រូបដង្ហើមវែងៗ និងយឺតៗ ដើម្បីយកអុកស៊ីសែននៅទីនេះឱ្យបានច្រើន តាមដែលអាច។
យើងអាចដើរលេងលើស្ពានបេតុង ប្រវែង៦៦៦ម ដែលសង់ឡើងខ្ពស់ពីទឹកព្រែក ដើម្បីមើលទេសភាព​ព្រៃ។ នៅសងខាងស្ពាន មានដើមកោងកាងស្រស់បំព្រងរាប់សិបហិកតាឈរហែហមយើង។ ក្រោមម្លប់ដ៏ត្រជាក់ស្រឹបរបស់ព្រៃ ទោះជាដើរឆ្ងាយជាងនេះ ក៏មិនហត់ដែរ។

អ្វីដែលគួរឱ្យសរសើរនោះ គឺនៅតាមផ្លូវដើរ មានចងកន្រ្តកសំរាមថ្ពក់ជាប់នឹងដើមកោងកាង ហើយមានបដាពណ៌បៃតងសរសេរថា «កាត់បន្ថយការបំពុលបរិស្ថានក្នុងសហគមន៍គឺកាត់បន្ថយជំងឺ»។ ពិតជាគួរឱ្យសរសើរដល់សហគមន៍ទេសចរពាមក្រសោបមែនទែន ដែលគ្រប់គ្រងសំរាមបានស្អាត។

នេះជាលើកទី១ហើយ ដែលបានស្គាល់ដើមកោងកាង។ ដើមកោងកាង មានឫសធំ និងរឹងមាំដុះចេញផុតពីទឹក។ ដើមនីមួយៗមានឫសច្រើនដុះប្រគងប្រគាក់លើគ្នា។ ឃើញព្រៃកោងកាងអ៊ីចឹង ស្រាប់តែនឹកឃើញរឿង«ដើមកោងកាង»ម៉ង។
ចង់ដឹងរឿងនេះអត់? ខ្ញុំមានដាក់រឿងនេះនៅខាងក្រោមអត្ថបទនេះ។

នៅខាងចុងស្ពានស្ពានបេតុង មានហាងលក់អាហារ និងមានរានឫស្សីសម្រាប់អង្គុយសម្រាកលេងផងដែរ។ 

ចេញផុតពីព្រៃ ស្ពានយោលប្រវែងប្រមាណ៥០ម កំពុងរង់ចាំយើងដើរឆ្លងកាត់មើលទេសភាពតាមដងព្រែក។ អ្ហឹម ពិតជាស្អាតខ្លាំងណាស់ បើមើលផ្ទាល់។
ប៉ុន្តែរូបថតវិញ ទេសភាពរាងស្អាប់ ដោយសារនៅក្នុងម្លប់ ហើយកុងនឹងពន្លឺថ្ងៃ ទាល់តែកាម៉េរ៉ាអាល្អ បានថតរូបបានដូចឃើញផ្ទាល់។

ស្ពានយោល
ស្ពានយោល
ផុតពីស្ពានយោល យើងអាចឡើងលើប៉ម១កម្ពស់ប្រហែល១៧ម៉ែត្រ ដើម្បីមើលសម្រស់ព្រៃទាំងមូល និងដងព្រែកកាន់តែច្បាស់។
ហើយពេលចុះមកវិញ គេអាចជួលទូក ឬអូប៊័រជិះលេងតាមដងព្រែក។ តម្លៃទូកមានចាប់ពី២០០០០រៀល ដល់៧០០០០រៀល អាស្រ័យតាមទីជិតទីឆ្ងាយ។
បំណាច់បានមកម្តង ពួកយើងសម្រេចចិត្តជួលទូកជិះដែលចម្ងាយឆ្ងាយជាងគេ គឺប្រមាណ៨គ.ម។ ហើយទូកនីមួយៗអាចដាក់មនុស្សបានយ៉ាងច្រើន១២នាក់។

ស្តាយណាស់ អត់បានទៅមើលជំរំសត្វស្លាប និងផ្សោតទេ។ ហើយនៅមានកន្លែងដាំដំណាំ និងកន្លែងចិញ្ចឹមត្រី និងខ្យងទៀត ដែលអត់បានទៅដល់។
នេះដោយសារតែមកលើកទី១ ដូច្នេះហើយទើបអត់បានសួរនាំពូអ្នកបើកទូកឱ្យគាត់នាំទៅមើល។
កុំឱ្យបានទៅលើកទី២ឱ្យសោះ គឺដើរមើលឱ្យខ្ទេចដូចខ្ទឹមអ៊ីចឹង។

ពេលទូកចេញផុតពីដងព្រែក យើងក៏ឃើញភូមិនេសាទ ដែលមានឆ្នេរខ្សាច់សក្បុសមកបង្អួតភ្នែកឱ្យសម្លឹងឡើងលានគ្រាប់តែម្តង។

ខ្យងចំពុះទា
ខ្យងចំពុះទា
ត្បិតតែឈ្មោះភូមិនេសាទមែន តែជាផ្សារលក់ដូរច្រើនជាង។ មានរានលក់ដូរប្រហែលជា១០អីទេ។
នៅទីនោះ គេមានលក់គ្រឿងសមុទ្រស្រស់ៗ ម្ហូបម្ហាដែលឆ្អិនស្រាប់ និងគ្រឿងសមុទ្រក្រៀមៗដូចជាបង្គារ មឹក បបែល និងត្រីជាដើម។
សម្រាប់តម្លៃវិញមិនបាច់និយាយទេ ថ្លៃជាងនៅផ្សារអូឫស្សីដាច់។ ហើយអ្វីដែលមិនចូលចិត្តនោះ គឺអ្នកលក់លេងខូច។
ករណី ម៉ែខ្ញុំទិញបង្គារក្រៀម (អាសាច់ធំលេខ១)១គីឡូថ្លៃ១៦ម៉ឺនរៀល។ តែពេលមកដល់ផ្ទះចាក់ពីថង់ចេញ គឺមានធំតែអាខាងៗប៉ុណ្ណោះ ឯអាខាងក្នុងសុទ្ធតែអាតូចល្អិត។
ចាញ់បោកអ្នកលក់តិចតួចមែន តែបង្គារក្រៀមនៅទីនោះស្រួយឆ្ងាញ់ មានរសជាតិណាស់ អត់ប្រៃ ពិសេសអត់គគ្រាតដីនោះទេ។ តែបើមឹក ឬត្រីក្រៀមវិញ មិនបាច់និយាយទេ បង្អែមជាគ្នា។ នេះសម្រាប់អ្នកមិនចូលចិត្តផ្អែម។
ហើយកុំភ្លេចខ្យងស្ងោរចំពុះទា ដែលលក់ដោយបងប្រុសជនជាតិថៃម្នាក់។ ១គីឡូថ្លៃ៥០០០រៀល។
គាត់ប្រាប់យើងជាសំនៀងបែបថៃថា«ខ្យងប៊ូឌា ខ្យងប៊ូឌា» ខំស្តាប់គាត់ឡើងស្រឡេវត្រចៀកពីដំបូង។
ក្រៅពីខ្យងប៊ូឌា ក៏មានក្តាមផ្គរលាន់ផងដែរ។


ដើរលេងនៅព្រៃកោងកាងគឺត្រូវចំណាយពេលអស់១ព្រឹកពេញ ទើបស្កប់ស្កល់ចិត្ត។
នៅទីនោះពិតជាស្រស់ស្រាយខ្លាំងណាស់ ជាមួយព្រៃពណ៌បៃតងស្រងាត់ ដងព្រែកទឹកថ្លាឆ្វង់ និងសមុទ្រធំល្វឹងល្វើយ! ពិតជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមែន!
តំបន់ធម្មជាតិព្រៃកោងកាងនេះស្ថិតនៅក្នុងភូមិបឹងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

ព្រៃធម្មជាតិកោងកាង
ព្រៃធម្មជាតិកោងកាង
ខាងក្រោមនេះគឺរឿង «ដើមកោងកាង»
ដកស្រង់ចេញទាំងស្រុងពីសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី7 ទំ91-93

តាមបុរាណបានដំណាលតៗ មកថា កាលពីដើមឡើយ ដើមកោងកាងជាឈើមួយពួកដុះនៅតែលើភ្នំ និងជើងភ្នំ។
ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរមាត់ព្រែក មាត់ស្ទឹង និងមាត់អូរ។
ម្ល៉ោះហើយ តែដល់រដូវទឹកជន់កាលណា គឺតែងហូរច្រោះរលើងរលំដើមឈើទាលនោះៗ ស្លាប់អន្តរាយអស់។
ដើមឈើទាលទាំងឡាយ កាលបើបានសេចក្ដីលំបាកវេទនាសឹងរាល់ឆ្នាំយ៉ាងនេះ ក៏ជំនុំគ្នាថា៖
- ពួកយើងនឹងនៅទ្រាំទ្រ ដុះលើដីទំនាបយ៉ាងនេះ តទៅទៀតពុំបាន បើដូច្នេះ យើងត្រូវនាំគ្នាទៅនិយាយនឹងដើមកោងកាង ឲ្យមកដុះនៅលើដីមាន សភាពដូច្នេះវិញម្ដង ត្បិតដើមកោងកាងមានឫសច្រើន ប្រាកដជាអាចទប់ទល់នឹងទឹកដីដូច្នេះបាន។

លុះជំនុំគ្នាព្រមព្រៀងហើយ ពពួកដើមឈើទាលទាំងឡាយ បានចូលទៅនិយាយនឹងដើមកោងកាង ដូចបានជំនុំគ្នាមក។ មុនដំបូងដើមកោងកាងប្រកែក តែដើមឈើទាលអង្វរថា៖
- បើអ្នកព្រមប្ដូរទៅដុះនៅកន្លែងយើង យើងរាល់គ្នានឹងតបឧបការគុណអ្នក រាល់ឆ្នាំដរាបទៅ គឺក្នុងមួយឆ្នាំ ៗ យើងទាំងអស់គ្នា នឹងកោរសក់បួសជូនម្ដង។

ឯដើមកោងកាង កាលបើឮដើមឈើទាលអង្វរដូច្នោះហើយ ក៏ព្រមប្ដូរ ចុះមកដុះនៅតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ តាមដើមឈើទាលសុំរហូតមក។

ឯដើមឈើទាល ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ និងជើងភ្នំវិញ។ ព្រោះហេតុដូច្នេះ បានជាសព្វថ្ងៃនេះ នៅលើភ្នំ និងតាមជើងភ្នំនានា គេឃើញមានច្រើនតែដើមឈើទាលដុះទៅវិញ ។

ចំណែកឯដើមកោងកាង គេឃើញដុះនៅតែតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ និងមាត់សមុទ្រជាដរាបមក។
ម្យ៉ាងទៀតសព្វថ្ងៃនេះ គេតែងសង្កេតឃើញដើមឈើទាលជម្រុះ ស្លឹកអស់រលីងក្នុង១ឆ្នាំម្ដង គឺបួស​ជូន​ដើមកោងកាងនោះឯង។

ចំណែកដើមកោងកាង កាលបើបានដុះនៅតាមមាត់ព្រែក មាត់ស្ទឹង និងមាត់អូរ មាត់សមុទ្រកាលណា តែងទៅលបចែចង់កូនក្រមុំដើមក្លាំពាក់រៀងរាល់យប់។
នាងក្លាំពាក់ខឹង ក៏យកឈើទៅបោះចម្រូងពាសពេញ គឺដើមក្លាំពូនេះឯង ដើម្បីមិនឲ្យកោងកាងចូលទៅលបលួចចែចង់កូនក្រមុំខ្លួនបាន។
ឯចំណែកដើមកោងកាង កាលបើត្រូវក្លាំពាក់បោះចម្រូងមិនឲ្យចូលចុះដូច្នោះក៏តាំងបោះស្ពានឆ្លងកាត់ចម្រូងនោះទៅទៀត។ 
ព្រោះហេតុនោះឯង បានជាសព្វថ្ងៃ មានដើមកោងកាងដុះនៅទីណា គេតែងឃើញមានដើមក្លាំពាក់ និងក្លាំពូ ដុះនៅទីនោះជាដរាប ហើយដើមក្លាំពូដែលដុះឡើងនោះ បើក្រឡេកមើលទៅ ឃើញវិស័យដូចជាចម្រូងមែនៗ ដោយហេតុនោះមូលហើយស្រួចៗ ច្រូងច្រាងជាជួរបីដូចគេដាំ។ 

ចំណែកឯដើមកោងកាងសោតទៀតក៏មានឫសវែងៗ ធំៗ ចាក់ស្រេះទៅក្នុងដីក្នុងទឹកជាច្រើន គឺច្រើន​ជាងមែកទៅទៀត តម្រៀបគ្នាជាជួរមើលទៅវិស័យដូចជាស្ពានពិតៗ។ ហើយបើទោះជាទឹករលក ឬជំនន់ហូរច្រោះខ្លាំងយ៉ាងណាៗ ក៏មិនអាចរលើងរលំបានឡើយ។


អត្ថបទទាក់ទងនឹងខេត្តកោះកុង៖

- ខេត្តកោះកុង
ចេតិយឃុនឆាងខេត្តកោះកុង
កោះស្តេចខេត្តកោះកុង
តាតៃ ខេត្តកោះកុង
ផ្ទះត្រចៀកកាំនៅខេត្តកោះកុង
ថ្មរូង

Post a Comment

0 Comments