សំឡេង១នៃពិព័រណ៍សៀវភៅកម្ពុជា២០១៩

សំឡេង១នៃពិព័រណ៍សៀវភៅកម្ពុជា២០១៩
©អត្ថបទ និងរូបថត ដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

8th Cambodia Book Fair
8th Cambodia Book Fair
ថ្ងៃ១៣ដល់១៥ ខែធ្នូ ឆ្នាំ២០១៩ ជាកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ដែលតែងរៀបចំឡើងនៅក្នុងបរិវេណបណ្ណាល័យជាតិ នៅចំកណ្តាលទីក្រុងភ្នំពេញតែម្តង។

ឆ្នាំនេះ ចំនួនស្តង់កើនឡើងដល់ជាង១០០ស្តង់ឯណោះ ដោយសារតែកើនចំនួនអ្នកបោះពុម្ពផ្សាយសៀវភៅ និងកើនចំនួនអ្នកលក់សៀវភៅតាមអនឡាញ។ រឿងថាចំនួនច្រើនប៉ុន្មាន កើនឡើងប៉ុន្មាន ខ្ញុំមិនចាំច្បាស់ទេ អានហើយក៏ភ្លេចបាត់ ចាំតែជាងរយៗប៉ុណ្ណោះ។

មិនខុសពីឆ្នាំមុនៗទេ ខ្ញុំបានចូលរួមលក់សៀវភៅដូចអ្នកផ្សេងទៀតដែរ។ ជាទូទៅ ខ្ញុំតែងចូលស្តង់លក់ជាមួយគ្នាខ្ញុំដែលរកស៊ីនឹងសៀវភៅដូចគ្នា។ ខ្ញុំទិញកន្លះស្តង់ គ្នាខ្ញុំកន្លះស្តង់ សរុបទៅ​១​ស្តង់​តម្លៃ១៥០ដុល្លារអាមេរិក ក្នុងរយៈពេល៣ថ្ងៃ។
ខ្ញុំមានសៀវភៅត្រឹម១៥ចំណងជើង។ ១២មុខសម្រាប់កុមារ ហើយ៣ទៀតសម្រាប់យុវវ័យ។

យោងតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ មានអ្នកចូលរួមច្រើនរហូតដល់ជាង១៧ម៉ឺននាក់ឯណោះ។ មានសៀវភៅលក់ដាច់យ៉ាងហោចណាស់ក៏ប្រហែលចំនួន៣០ម៉ឺនក្បាល។ ហើយលុយប្រមាណជាង១លានដុល្លារសហរដ្ឋអាមេរិកហូរចូលកាបូបអ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ និងអ្នកលក់សៀវភៅ។

បើហាងកាហ្វេAmazonវិញប្រហែលខ្ទង់កោដិដុល្លារអាមេរិកហើយមើលទៅ ព្រោះមានមនុស្សឈរតម្រង់ជួរណែនៗចាំទិញ។ រឿងលុយចំណូលហាងកាហ្វេ ជាការស្ទង់ក្រៅផ្លូវការ ពេលខ្ញុំចេញចូលបន្ទប់ទឹកនៅហាងកាហ្វេ។ តិចជឿចុះ ម្ចាស់ហាងជេរខ្ញុំងាប់។

ការដែលលុយជាងលានដុល្លារ ហូរចូលអាចពិតក៏ថាបាន ព្រោះស្តង់សៀវភៅជុំវិញខ្ញុំភាគច្រើនលក់ដាច់ខ្លាំងរបស់គេមែន។ ហើយនៅមានស្តង់សៀវភៅអ្នកល្បីខ្លះទៀត លក់សៀវភៅរាប់ពាន់ក្បាលក្នុងមួយចំណងជើងតែក្នុងពេល១ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ រឿងអីមិនលានៗនោះ!

ចំណែនខ្ញុំវិញ លានដែរ តែលានភ្នែក ព្រោះតែលួចសម្លឹងស្តង់គេ ចង់ដាច់ភ្នែកចោលទៅហើយ។ មែនទែនយ៉ាងណានោះ ក៏ខ្ញុំមិនដឹងដែរ ដឹងត្រឹមតែខ្ញុំលក់សៀវភៅបានមួយៗប៉ុណ្ណោះ ព្រោះសៀវភៅខ្ញុំស្ទើរតែទាំងអស់ជាសៀវភៅកុមារ ហើយសៀវភៅយុវវ័យមានចំនួនតិចតួចបំផុត។

ក្នុងន័យនេះ មិនមែនថាសៀវភៅកុមារលក់មិនសូវបាននោះទេ។ នៅស្តង់សៀវភៅកុមារខ្នាតយក្សផ្សេងៗទៀត លក់ដាច់ដូចព្យុះស៊ូណាមិ គ្រាន់តែរាប់លុយ និងសរសេរវិក័យបត្រក៏ស្ទើរតែដាច់ក្លៀកដែរ។ 

កុំច្រណែន ទោះបីខ្លួនឯងនៅក្នុងសន្តានច្រណែនក៏ដោយ ត្រូវងាកមកគិត មកពិចារណាលើការផលិតរបស់ខ្លួនឯងឡើងវិញបានត្រូវ។ នេះ ខ្ញុំនិយាយលួងចិត្តខ្លួនឯងរាល់ឆ្នាំ។ 

បើតាមការឃើញរបស់ខ្ញុំ នៅថ្ងៃទី២ និងទី៣ គឺមានមនុស្សទៅពិព័រណ៍សៀវភៅច្រើនជាងថ្ងៃទី១។ អ្នកខ្លះស្ពាយសាក់កាដូនៅពីមុខ អ្នកខ្លះកាន់ថង់សៀវភៅនៅដៃ។
មិនថានៅមុខស្តង់ខ្ញុំ ឬមុខស្តង់អ្នកលក់ផ្សេងទៀត គឺឃើញក្រុមមនុស្សដើរទៅមុខយឺតៗដូចគេទៅមើលពិធីបុណ្យអុំទូកដែរ។
ប្រហែល៩០% នៃអ្នកចូលរួម ជាយុវវ័យ និងអ្នកធ្វើការ។ ១០%ទៀតជាសិស្សសាលាដែលជាកុមារ និងជំទង់។

ក្រៅពីក្រុមយុវវ័យ និងកុមារ ខ្ញុំក៏លួចឃើញមានឥស្សរជនពីររូបដែរដែលអញ្ជើញមកជាវសៀវភៅនៅម្តុំស្តង់របស់ខ្ញុំ។ តែពួកគាត់អត់អញ្ចើញមកស្តង់ខ្ញុំទេ។

អ្នកចូលរួមដែលជាកុមារត្រូវដើរជាមួយម៉ាក់ ឬប៉ា ឬសាច់ញាតិរបស់ពួកគាត់។ ក្រៅពីរកសៀវភៅដែលត្រូវនឹងវ័យរបស់ពួកគាត់ហើយ ពួកគាត់នៅអាចទៅលេងនៅសួនអំណាន ស្តាប់រឿងនិទាន ឆ្លើយសំណួរយករង្វាន់ ឬគូររូបលើមុខជាដើម។

8th Cambodia Book Fair
អ្នកអានជាកុមារ
ក្រៅពីកុមារក៏មានក្រុមសិស្សអនុវិទ្យាល័យនៅសាលាឯកជនមួយចំនួនដែរ (សម្គាល់បានដោយសារសម្លៀកបំពាក់ឯកសណ្ឋានរបស់ពួកគេ)។ ក្រុមនេះដឹកនាំដោយគ្រូ។ ភាគច្រើន ពួកគេគ្រាន់តែដើរអើត ទៅមើលសៀវភៅ និងសួរតម្លៃប៉ុណ្ណោះ។ ប៉ុន្តែពួកគាត់មិនភ្លេចឡើយឈរតម្រង់ជួរដើម្បី​ទិញ​ភេសជ្ជៈ ឬអាហារសម្រន់នៅហាងកាហ្វេAmazon។
ខ្ញុំឃើញជាក់ស្តែងរាល់ពេល ដែលខ្ញុំទៅបន្ទប់ទឹកនៅហាងកាហ្វេនោះ។ ពេលខ្លះ ក្រុមសិស្សជំទង់ទាំងនោះ ដៃកាន់កែវកាហ្វេខ្នាតធំ ហើយសួរខ្ញុំថា
«តើអាចយកBookmark ហ្រ្វ៊ីបានទេ មីង?»
ចម្លើយគឺថា «No»។
ស្អីដៃកាន់កាហ្វេប្រេនៗ ហើយមកសុំស្នៀតសៀវភៅហ្រ្វ៊ីៗ ទាល់តែយូរបានឱ្យ ខ្ញុំនឹកក្នុងចិត្ត។ 

ប៉ុន្តែក៏មានក្រុមសិស្សមួយចំនួនតូចដែរ គាត់ក្តាប់លុយមូរនឹងដៃ សួរតម្លៃសៀវភៅបណ្តើរ ក្រឡេកមើលលុយក្នុងដៃបណ្តើរ។ ឃើញបែបនេះ ខ្ញុំនឹងព្យាយាមរក្សាតម្លៃសៀវភៅមួយសមរម្យសម្រាប់ពួកគាត់។ ប្រភេទក្រុមសិស្សនេះ លក់រួចថ្លៃដើមក៏លក់ដែរ។ និយាយជារួម អ្នកទិញនៅតែទិញ ទោះមិនសម្បូរលុយក៏ដោយ។ 

ចំណែកប្រភេទសៀវភៅដែលជាយុវវ័យចូលចិត្តទិញ គឺមានសៀវភៅបែបប្រលោមលោក និងលើកទឹកចិត្ត។

ឯអ្នកធ្វើការស្វែងរកសៀវភៅបណ្តុះគំនិតរកស៊ី ប្រវត្តិសាស្រ្ត ប្រវត្តិរបស់អ្នកល្បី ឬសៀវភៅចាស់ៗដែលបានបោះពុម្ពក្នុងទសវត្សឆ្នាំ៦០ជាដើម។

Credit to Heng Dary
អ្នកអានជាយុវវ័យ
ស្តង់គេមានមនុស្សណែនណាប់ឈរចាំទិញ។
ស្តង់ខ្ញុំវិញមានមនុស្សមួយៗ ហើយពេលខ្លះក៏គ្មាន។

សៀវភៅរបស់ខ្ញុំលក់ដាច់តែគ្នាឯង និយាយរួម អ្នកស្គាល់គ្នាតែប៉ុន្មាននាក់ប៉ុណ្ណោះ។
ម៉ូយរបស់ខ្ញុំមុខដដែលៗរាល់ឆ្នាំ។
ប៉ុន្តែឆ្នាំនេះ មានគ្នាខ្ញុំដែលបានបែកគ្នារាប់សិបឆ្នាំ ក៏បានស្វែងមករកខ្ញុំដែរ។
អ្នកមកស្តង់ខ្ញុំតិចតួចមែនទែន។
ពួកគាត់ខ្លះមកប្រាប់ថាពួកគាត់ចូលចិត្ត ឬមិនចូលចិត្តសៀវភៅរបស់ខ្ញុំ។
ឮសម្តីពួកគាត់ហើយ ខ្ញុំញញឹមផង ងក់ក្បាល មុខស្មើធេងផង។
នេះហើយចរិតពិត ពេលគេសរសើរ ខ្ញុំជោរញញឹមដាច់មាត់ចោល។
ពេលគេថា ខ្វះនេះ ខ្វះនោះ ខ្ញុំមុខស្មើ។
ប៉ុន្តែអ្វីដែលខ្ញុំមិនដែលភ្លេចនោះ គឺកត់អ្វីដែលខ្វះខាតទាំងនោះ ទុកកែសម្រួល សម្រាប់សៀវភៅក្រោយៗទៀតឡើយ។ 


និយាយពីអ្នកលក់គ្នាឯងវិញ ក្រៅពីលក់សៀវភៅរបស់ពួកគេហើយ នៅមកជួយស្រែកប្រូម៉ូតលក់សៀវភៅឱ្យខ្ញុំទៀត។
មិនតែប៉ុណ្ណោះ ពួកគាត់ នៅយកសៀវភៅខ្ញុំទៅជួយលក់នៅស្តង់របស់ពួកគាត់ទៀត ដោយមិនគិតពីការហត់នឿយ ឬកម្រៃជើងសារឡើយ។
មនុស្សបែបនេះជួបហើយ ប្រញាប់ខ្ចប់ទុកក្នុងបេះដូងទៅ ព្រោះរាប់លានឆ្នាំទើបជំពប់ជួបម្តង។ និយាយមែន! និយាយមុខស្ងួត!

Photo credit to Heng Dary
ក្រុមផ្លិតដែក ក្រុមគាំទ្រអ្នកនិពន្ធខ្មែរ

ហើយគ្នាខ្ញុំខ្លះទៀត ក្រៅពីមកជួយទិញ និងមកសួរសុខទុក្ខហើយ នៅមកជួយថត មកលេង ពិសេសគាត់ជួយបង្ហោះពីសៀវភៅរបស់ខ្ញុំរយៈពេល៣ថ្ងៃពេញទៀត។

មិនត្រឹមតែប៉ុណ្ណឹងទេ នៅមានអ្នកខ្លះប្រឹងលក់សៀវភៅខ្លួនឯង និងសៀវភៅឱ្យខ្ញុំហើយ នៅប្រឹងខ្ចប់បាយ ខ្ចប់ម្ហូប ខ្ចប់ទឹក ខ្ចប់កាហ្វេ... ឱ្យខ្ញុំ ព្រោះខ្លាចខ្ញុំស្គម... អ្ហឹម!

អរគុណវត្តមានអ្នកទាំងអស់គ្នាជាខ្លាំង ដោយសារតែពិព័រណ៍សៀវភៅកម្ពុជាដែលប្រារព្វឡើងជារៀងរាល់ឆ្នាំ ទើបពួកយើងដែលជាអ្នករកស៊ីសៀវភៅ និងអ្នកអានបានជួបគ្នា ស្គាល់គ្នា និងរាប់អានគ្នា។ 

មួយវិញទៀត ខ្ញុំក៏សូមអរគុណដល់ក្រុមយុវជនស្ម័គ្រចិត្តក្នុងការងារពិព័រណ៍សៀវភៅនេះដែរ។ ពួកគាត់រួសរាយ និងជួយដោះស្រាយស្ទើរគ្រប់បញ្ហា ដែលខ្ញុំចង់បាន។ ជាពិសេស រឿងឆ្កែជុះអាចម៍ដាក់​ស្តង់ខ្ញុំ។

គ្រប់ការងារ ទោះបីការរៀបចំប្រឹងសម្រិតសម្រាំងឱ្យរលូនយ៉ាងណាក៏ដោយ ក៏នៅតែមានការរលាក់ចៀសមិនផុត ដូចជាការចាក់ភ្លេងលាន់ឮខ្លាំងៗដូចនៅក្នុងរង្គសាល។
ចាក់ចុះ ច្រៀងចុះ ពិរោះណាស់! តែសូមឮល្មមបានហើយ។
សូមទុកពេលឱ្យអ្នកលក់ និងអ្នកទិញបានពិភាក្សាគ្នាខ្លះផង។ ព្រោះនេះជាឱកាសដែលអ្នកចូលរួមបានសួរពីអត្ថន័យនៅក្នុងសៀវភៅ សួរពីការសរសេរ សួរពីការគូររូប ឬក៏សួរពីការផលិតសៀវភៅជាដើម។

នេះគ្រាន់តែជាការមើលឃើញពីជ្រុងមួយរបស់ខ្ញុំប៉ុណ្ណោះ។ តិចយកព័ត៌មានខាងលើនេះជាទឡ្ហីករណ៍កម្រិតជាតិអ៊ីចុះ។


អត្ថបទ ជ្រុង១នៃសៀវភៅ និងការអាន

Post a Comment

0 Comments