Crushបង 3

Crushបង 3 
©អត្ថបទដោយ ហេង ដារី 
©រចនាអក្សរចំណងជើងដោយ ឆាន់ វុត្ថា 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់ 

Crushបង 3
Crushបង 3
-៣-
ដោយសារតែជិតដល់ពេលរាប់ថយក្រោយ បងជីមក៏ប្រញាប់នាំខ្ញុំទៅរកកន្លែងណា ដែលងាយស្រួលមើលកាំជ្រួច។ ជំហានគាត់វែងៗ និងបោះទៅមុខមួយៗ ខុសពីខ្ញុំដែលដើរញាប់ជើងស្មេស្ទើរតែរត់ទៅហើយ។ នៅសាលារៀន កម្ពស់ត្រឹម១,៦៧ម៉ែត្រ អ្នកណាៗក៏ថាខ្ញុំដើមត្នោតដែរ។ ប៉ុន្តែពេលនេះ ខ្ញុំឡើងទាបស្រឡះ ពេលនៅក្បែរបងជីម ដែលមានកម្ពស់ដូចអគារ១០១ជាន់ដូច្នេះ។ 
ខ្ញុំដើរបណ្តើរ លួចមើលមុខបងជីមបណ្តើរ។ ពិតជាមានសេចក្តីសុខរាប់តោនមែន ខ្ញុំអើយ! 
ពួកយើងដើររុលទៅមុខដោយលំបាក។ មនុស្សកាន់តែច្រើនឡើងៗ ដើរប្រជ្រៀតគ្នាណែនផ្លូវ។ 
ដើម្បីឱ្យបានចន្លោះទូលាយស្រួលដើរ ពេលខ្លះពួកយើងត្រូវបង្អង់ ពេលខ្លះពួកយើងត្រូវបង្កើនល្បឿន ពេលខ្លះពួកយើងត្រូវគេចចុះគេចឡើង។ ប្រហែលជាដោយសារខ្លាចវង្វេងគ្នាហើយ ទើបបងជីមស្នើ៖ 
- តើខ្ញុំអាចកាន់ដៃលីនបានទេ? 
ខ្ញុំងក់ក្បាលភ្លែត ទាំងអារម្មណ៍អរចង់ហោះ។ គាត់លូកប្រអប់ដៃដ៏ធំមាំមកកាន់កដៃខ្ញុំដែលសុទ្ធតែឆ្អឹង។ អ្ហឹម កក់ក្តៅខ្លាំងម្ល៉េះទេ លោកអើយ!
- តើត្រជាក់ដែរទេ ក្មេងតូច? (គាត់ងាកមុខមកសួរ) 
ខ្ញុំគ្រវីក្បាល ទាំងលួចអន់ចិត្ត ដែលបងជីមគិតថា ខ្ញុំជាកូនក្មេង។ តាមពិត ឆ្នាំនេះ ខ្ញុំអាយុ១៧ឆ្នាំហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មុខខ្ញុំនៅតែរីកដូចគ្រាប់ជីរត្រាំទឹកដដែល។ 
បងជីមកាន់ដៃខ្ញុំទៅឈរអែប នៅក្បែរដើមឈើតូចមួយដែលគេដាំលម្អផ្លូវ។ 
- ពួកយើងឈរនៅទីនេះហើយ ស្រួលមើលកាំជ្រួច។ (បងជីមនិយាយ) 
- បងអត់ធ្វើការទេ? (ខ្ញុំសួរចង់ដឹង) 
- ខ្ញុំទើបចេញពីយាម ហើយដើរកាត់ទីនេះដើម្បីត្រលប់ទៅផ្ទះវិញ ក៏ឃើញក្មេងស្រីបរទេសម្នាក់ទំនងជាវង្វេងផ្លូវ។ 
- អ៊ីចឹង បងឃើញខ្ញុំយូរហើយមែនទេ? 
- ឃើញពេលលីនស្លន់ស្លោ ដូចជាកំពុងរង់ចាំអ្នកណាម្នាក់។ 
- គឺខ្ញុំកំពុងរង់ចាំបងហ្នឹង! (ខ្ញុំនិយាយទាំងសើចគ្រហាញ) 
- ពិតមែនឬ? (បងជីមសួរបញ្ជាក់ ទាំងក្តោបដៃខ្ញុំយ៉ាងណែន) 
- ហាស ហាស ហាស... អូយ! (ខ្ញុំសើចបណ្តើរ យកដៃក្តោបមាត់ដែលឈឺបណ្តើរ) 
- កើតអីមែនទេ? (បងជីមសួរដោយបារម្ភ) 
ខ្ញុំចង្អុលមាត់ខ្លួនឯង។ ស្រាប់តែបងជីមឱនមុខសម្លឹងបបូរមាត់ខ្ញុំ។ 
ខ្ញុំមើលមុខគាត់វិញ ធ្វើភ្នែកប្រិចៗ។ តើគាត់ចង់ធ្វើអីហ្នឹង? បេះដូងខ្ញុំលោតញាប់ៗ។ 
ខ្ញុំនិយាយបន្លប់៖ 
- ដោយសារត្រជាក់ពេក ទើបបបូរមាត់ខ្ញុំទៅជាអ៊ីចឹង។ 
- លីនមានប្រើក្រមួនថែរក្សាមាត់ដែរទេ? 
- ខ្ញុំលាបតែក្រែមរលោងធម្មតា តែដូចជាមិនត្រូវនឹងអាកាសធាតុនៅទីនេះសោះ។ 
- ឈឺខ្លាំងដែរទេ? (បងជីមសួរខ្ញុំតិចៗ) 
ខ្ញុំងក់ក្បាលតប ទាំងរំភើប ពេលឮបងជីមសួរនាំដូច្នេះ។ ខ្ញុំដូចជាលែងខ្វល់ពីការឈឺចាប់បបូរមាត់ និងទិដ្ឋភាពជុំវិញខ្លួនទៀតហើយ គឺខ្វល់តែអ្នកដែលកំពុងតែកាន់ដៃខ្ញុំពេលនេះ។ 
ប្រសិនបើម៉ោងនាពេលនេះឈប់ដើរទៅមុខ មិនដឹងជាល្អយ៉ាងម៉េចទេនេះ។ ខ្ញុំឈរលួចមើលមុខបងជីម។ ម្តងម្កាលដែរ ដែលខ្ញុំក្រលៀសភ្នែកចេញសឹងតែមិនទាន់ នៅពេលដែលគាត់ងាកមកមើលមុខខ្ញុំចំម្តងៗ។ បងជីមញញឹម រួចនិយាយ៖ 
- លីនមានអីចង់និយាយជាមួយខ្ញុំមែនទេ? 
- គឺខ្ញុំវង្វេងបាត់បងស្រីម្នាក់ដែលមកក្រុមជាមួយគ្នា។ 
ខ្ញុំរៀបរាប់ពីរឿងរបស់បងមុំប្រាប់បងជីម ដែលមុននេះខ្ញុំប៊ិះនឹងភ្លេចទៅហើយ។ 
- កុំបារម្ភអី! នាងមានលេខ និងអាសយដ្ឋានសណ្ឋាគារហើយ។ ថ្មើរនេះ នាងប្រហែលទៅដល់បន្ទប់ហើយមើលទៅ។ (បងជីមប្រាប់) 
សូមឱ្យអ៊ីចឹងទៅចុះ។ ខ្ញុំគិតក្នុងចិត្ត។ 
មនុស្សកាន់តែកកកុញឈរជាប់ៗគ្នា រង់ចាំរាប់ថយក្រោយនៃឆ្នាំចាស់ ដើម្បីឆ្លងចូលឆ្នាំថ្មីក្នុងពេលបន្តិចទៀតនេះ។ 
- ប្រហែល២០នាទីទៀត គេរាប់ថយក្រោយហើយ។ (បងជីមនិយាយ ទាំងលើកដៃមើលនាឡិកា) 
- គេបាញ់កាំជ្រួចនៅលើដំបូលអគារហ្នុងមែន? (ខ្ញុំសួរទាំងឆ្ងល់) 
- អត់ទេ។ កាំជ្រួចនឹងចេញពីជាន់ទី៣៥ដល់ជាន់ទី៩០នៃអគារ១០១។ 
- អូ៎ អ៊ីចឹងទេ។ (ខ្ញុំពោលតិចៗ) 
ពីដំបូង ខ្ញុំស្មានតែត្រូវឡើងទៅជាន់លើបង្អស់ដើម្បីមើលកាំជ្រួច។ 
- លីនមកពីភូមាមែនទេ? (បងជីមសួរ) 
- ខ្ញុំមកពីកម្ពុជា។ 
- កម្ពុជាឬ? 
បងជីមបន្លឺសំឡេងភ្ញាក់ផ្អើល ទាំងសម្លឹងមើលមុខខ្ញុំ។ 
- ចាស បងស្គាល់ប្រទេសកម្ពុជាទេ? 
- ធ្លាប់ដឹងតិចតួចដែរ។ ហើយលីនមកគ្នាប៉ុន្មាននាក់? 
- ១គ្រួសារតែម្តង មាន យាយ ប៉ា ម៉ាក់ បងស្រី និងខ្ញុំ។ 
ខ្ញុំរៀបរាប់ ទាំងចង្អុលមកខ្លួនឯងដែរ។ បងជីមងក់ក្បាលផ្ងក់ៗ។ ដោយមិនចង់ឱ្យបាត់ដានទំនាក់ទំនងទៀត ខ្ញុំចាប់ផ្តើមសួរ៖ 
- តើបងនៅចាំខ្ញុំដែរទេ? 
- ប្រាកដណាស់! ខ្ញុំជួបលីននៅ Shifen Old Street ហើយខ្ញុំបានជូនលីនឡើងឡានក្រុងទៀតផង។ 
អៃ៎! នេះបងជីមនៅចាំបានទាំងអស់។ មិនបង្អង់យូរ ខ្ញុំដកទូរស័ព្ទចេញពីហោប៉ៅអាវ រួចនិយាយភ្លាម៖
 - បងមានអាខោនហ្វេសប៊ុកទេ? 
បងជីមងក់ក្បាល។ គាត់បើកទូរស័ព្ទ រួចបង្ហាញអាខោនឱ្យខ្ញុំមើល។ 
- ចុះអាខោនរបស់លីនវិញ? (បងជីមសួរតប ទាំងចុចសញ្ញាSearch) 
ព្រះ! ម៉េចក៏ដឹងដឹងចិត្តខ្ញុំអីម្ល៉េះទេ! 
ខ្ញុំប្រញាប់ប្រាប់ឈ្មោះអាខោនខ្ញុំភ្លាម។ ពេលនោះ មានឈ្មោះដូចខ្ញុំជាច្រើននាក់។ ប៉ុន្តែខុសរូបថត។ ខ្ញុំចង្អុលអាខោនរបស់ខ្ញុំ។ គាត់ចុចAdd Friendខ្ញុំភ្លាម។ 
អ្ហឺយ រំភើបអ្វីម្ល៉េះទេលោកអើយ! 
- កុំភ្លេចConfirmខ្ញុំផងណា៎! (បងជីមផ្តាំ) 
- ប្រាកដណាស់! (ខ្ញុំតបទាំងញញឹម) 
ខ្ញុំបើកទូរស័ព្ទក្រែងមានសេវាអ៊ីនធឺណិត។ ពេលនោះ បងជីមបានបើកHotspotទូរស័ព្ទគាត់ឱ្យខ្ញុំភ្ជាប់ Wi-Fi។ ហេតុអីក៏ចិត្តបានម្ល៉េះMy Love! 
មិនបង្អង់យូរ ខ្ញុំចាប់ផ្តើមបើកហ្វេសប៊ុក រួចក៏ឃើញឈ្មោះJimmy Lee។ ខ្ញុំConfirmគាត់ភ្លាម។ 
ដើម្បីស្វាគមន៍មិត្តថ្មី ដែលត្រូវជាCrush ខ្ញុំផ្ញើរូបមុខដែលមានបេះដូងនៅភ្នែកឱ្យបងជីម។ 
ពេលនោះទូរស័ព្ទបងជីមញ័រ និងស្រែកទឹងទឹង។ បងជីមប្រញាប់យកទូរស័ព្ទមកមើល។ 
គាត់សម្លឹងមើលមុខខ្ញុំ រួចញញឹម។ ខ្ញុំញញឹមតបទៅគាត់ រួចប្រញាប់បិទទូរស័ព្ទ ដើមី្បរក្សាថ្ម និងSpace ទុកថតកាំជ្រួច ពេលឆ្លងឆ្នាំបន្តិចទៀតនេះ។ 

ខ្ញុំងើយមើលទៅផ្ទាំងកញ្ចក់LEDដ៏ធំនៅលើជញ្ជាំងអគារ១០១ ដែលកំពុងតែបញ្ចាំងតែទឹកដោះគជ់ របស់តៃវ៉ាន់។ គ្រាន់តែឃើញគ្រាប់គជ់ពណ៌ខ្មៅរលោងស្រិល ខ្ញុំចង់ផឹកឡើងស្រក់ទឹកមាត់។ ខ្ញុំរកមើលនៅម្តុំនេះ ក្រែងមានហាងអាចឱ្យខ្ញុំហៅញ៉ាំមួយកែវ។ 
- តែទឹកដោះគជ់នេះជាភេសជ្ជៈល្បីប្រចាំតៃវ៉ាន់! (បងជីមរៀបរាប់) 
- ឆ្ងាញ់ណាស់ ខ្ញុំបានភ្លក្សរួចហើយ។ (ខ្ញុំនិយាយ) 
- ពិតមែន? (បងជីមសួរបញ្ជាក់) 
ខ្ញុំងក់ក្បាល។ 
- តើលីនបានទៅលេងអគារ១០១នេះហើយឬនៅ? (បងជីមសួរបន្ត) 
- នៅទេ។ តើស្អាតទេ? (ខ្ញុំសួរចង់ដឹង) 
បងជីមងក់ក្បាល រួចនិយាយ៖ 
- អគារនេះមានកម្ពស់៥០៨ម៉ែត្រ។ វាជាអគារខ្ពស់ជាងគេ នៅតៃវ៉ាន់នេះ។ វាមានរាងដូចដើមឫស្សីដែលតភ្ជាប់ពីដីនិងមេឃ និងជានិមិត្តរូបប្រពៃណីបុរាណលាយជាមួយស្ថាបត្យកម្មទំនើបដ៏ល្បីល្បាញរបស់តៃប៉ិ។ 
ខ្ញុំឈរស្តាប់ការរៀបរាប់របស់បងជីមយ៉ាងជក់ចិត្ត។ អ្ហឹម.. ប្រសិនបើគាត់នាំដើរលេងថ្ងៃស្អែក មិនដឹងជាខ្ញុំរីកថ្លើមប៉ុណ្ណាទេនេះ។ តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបបាននៅក្បែរគាត់ហ្ន៎? 
- លីនកំពុងគិតអីហ្នឹង? (សំឡេងបងជីមសួរកាត់) 
ខ្ញុំគ្រវីក្បាល។ ប៉ុន្តែក្នុងចិត្តវិញ ខ្ញុំខំគិតរកវិធី ដើម្បីបានចួបបងជីមម្តងទៀត។ ឃើញខ្ញុំនៅស្ងៀម បងជីមសួរបន្ត៖ 
- លីនមកតៃវ៉ាន់លើកទី១ឬ? 
- ចាស។ 
ខ្ញុំឆ្លើយបណ្តើរ ងើយមើលរូបដែលគេចាក់បញ្ចាំងនៅអគារ១០១បណ្តើរ។ 
- លីនបានទៅលេងឯណាខ្លះហើយ? 
- ខ្ញុំទៅលេងសួនLEOFOO, សមុទ្រផ្កា, បឹងសុរិយាចន្រ្ទា, ចម្ការតែនៅភ្នំអាលីសាន, ទៅបង្ហោះគោម និងមកវង្វេងផ្លូវនៅអគារ១០១នេះ។ 
- អូ៎ បានទៅច្រើនកន្លែងផង។ លីនត្រលប់ទៅវិញថ្ងៃណាដែរ? 
- ព្រឹកខានស្អែក។ 
ខ្ញុំឆ្លើយបណ្តើរ លេបទឹកមាត់បណ្តើរ ដោយសារតែឃើញអាហារល្បីៗជាច្រើនមុខប្រចាំតំបន់ ដែលគេបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ជាបន្តបន្ទាប់។ ឃើញម្ហូបម្ហាទាំងនោះហើយ ខ្ញុំប្រឹងលេបទឹកមាត់ក្អឹកៗចូលវិញឡើងស្ងួតក។ 
- លីនបានភ្លក្សនំSponge Cakeហើយឬនៅ? នំនេះក៏ជាអាហារប្រចាំតៃវ៉ាន់ដែរ។ 
សំឡេងបងជីមសួរផ្តាច់អារម្មណ៍ខ្ញុំដែលកំពុងតែឃ្លាន។ ខ្ញុំគ្រវីក្បាល ទាំងសម្លឹងផ្តោតលើនំSponge Cake នោះមិនដកភ្នែក។ ខ្ញុំនិយាយតិចៗ៖ 
- នំSponge Cakeនោះទំនងឆ្ងាញ់ និងឈ្ងុយណាស់មើលទៅ! មើលសាច់នំចុះឡើងទន់ ហើយថែមទាំងក្តៅហុយៗទៀត... 
កំពុងស្លុងអារម្មណ៍នឹងនំSponge Cake ស្រាប់តែវីដេអូផ្អាកបញ្ចាំង។ 

ពេលនោះសំឡេងប្រកាសឮៗឱ្យអ្នកមកចូលរួមឆ្លងឆ្នាំនៅទីនេះត្រៀមរាប់ថយក្រោយ។ ពីសំឡេងទ្រហឹងអ៊ូអរ ប្រែមកជាស្ងាត់ច្រៀប ស្ទើរតែឮដង្ហើមរបស់បងជីមដែលនៅឈរក្បែរខ្ញុំ។ 
នៅសល់មួយនាទីចុងក្រោយ បងជីមងាកមកប្រាប់ខ្ញុំតិចៗ ទាំងញញឹម៖ 
- តោះ ត្រៀមរាប់ថយក្រោយជាមួយគ្នា លីន! 
- ចាស។ 
បងជីមកាន់កដៃខ្ញុំមិនលែងឡើយ។ ខ្ញុំលើកដៃម្ខាងដែលទំនេរដាក់ផ្អឹបនឹងចង្កា។ 
គ្រប់គ្នាងើយមើលនាទីដែលកំពុងដើរទៅមុខម្តងមួយលេខ ម្តងមួយលេខ។ 
នៅពេលសល់ដប់វិនាទីចុងក្រោយ សំឡេងរាប់ថយក្រោយ ជាភាសាចិនក៏លាន់រន្ទឺឡើង ពេញទីវាលអគារ១០១៖
«១០-៩-៨-៧-៦-៥-៤-៣-២-១-០!» 
ពេលនោះសំឡេងហ៊ោកញ្រ្ជៀវ និងពន្លឺកាំជ្រួចLED លាន់ឡើងដំណាលគ្នា។ គ្រប់គ្នាសម្លឹងទៅជញ្ជាំងអគារ១០១ ដែលមានពន្លឺកាំជ្រួចភ្លឺព្រោងព្រាតពេញលំហផ្ទៃមេឃ។ 
- រីករាយឆ្នាំថ្មី លីន! (បងជីមឱនមកខ្សឹបតិចៗក្បែរត្រចៀកខ្ញុំ) 
- រីករាយឆ្នាំថ្មី បង! (ខ្ញុំតប ទាំងញញឹមពព្រាយ) 
ខ្ញុំងាកទៅមើលមុខបងជីមមួយភ្លែត រួចបែរមកមើលកាំជ្រួចវិញយ៉ាងរហ័ស។ 
ខ្ញុំឈរមើលភ្លើងកាំជ្រួចចម្រុះពណ៌គ្នា ឡើងចំហមាត់ធ្លុង! 
និយាយមែន កាំជ្រួចទាំងនេះស្អាតៗខ្លាំងណាស់។ ភ្លើងកាំជ្រួចបាញ់ចេញពីជាន់ទី៣៥ ម្តងមួយជាន់ៗ រហូតដល់ជាន់ទី៩០ អមដោយចម្រៀងចិនលាន់រងំ។ ពន្លឺភ្លើងកាំជ្រួចនាំអារម្មណ៍ខ្ញុំហោះហើរទៅកាន់ពិភពរឿងព្រេងនិទាន ដែលមានព្រះអង្គម្ចាស់ដ៏សង្ហាម្នាក់កំពុងតែឈរនៅក្បែរខ្ញុំ។ ក្រឹប ក្រឹប... សំឡេង​ទូរស័ព្ទបងជីមថតកាំជ្រួច ធ្វើឱ្យខ្ញុំភ្ញាក់ពីការស្រមៃ។ 
ក្នុងចិត្តខ្ញុំពេលនេះចង់សុំបង​ជីម​ថត​សែលហ្វ៊ី​ជាមួយ តែខ្ញុំមិនហ៊ានហើបមាត់និយាយ។ ខ្ញុំបានត្រឹមតែយកទូរស័ព្ទទៅថតរូបអគារ១០១ ដែលមានពន្លឺកាំជ្រួចភ្លឺចិញ្ចាចចិញ្ចែងគ្រប់ពណ៌។ ខ្ញុំថតសែលហ្វ៊ីម្នាក់ឯងឱ្យជាប់អគារដ៏ខ្ពស់បំផុតនៅតៃប៉ិ។ ខ្ញុំបង្វិលខ្លួនរួចឈរនៅពីមុខបងជីម។ ខ្ញុំព្យាយាមថតសែលហ្វ៊ីឱ្យជាប់បងជីម។ ដៃខ្ញុំលើកសារ៉េទូរស័ព្ទឡើងខ្ពស់ ឯភ្នែកលួចសម្លឹងមើលបងជីម​ថាជាប់ក្នុងប្លង់ជាមួយខ្ញុំឬអត់។ ស្រាប់តែបងជីមនិយាយ៖ 
- មក ចាំខ្ញុំជួយថតឱ្យ លីន។ 
គ្រាន់តែឮសំណើភ្លាម ខ្ញុំងក់ក្បាលយល់ព្រមភ្លែត ទាំងអរចង់ហោះ។ ខ្ញុំប្រញាប់រៀបចំអាវ ទាញកន្សែងបង់ក និងមួកឱ្យរៀបរយ។ ខ្ញុំរៀបនឹងយកទូរស័ព្ទមកចុចថត ប៉ុន្តែបងជីមប្រើទូរស័ព្ទរបស់គាត់វិញ។ ខ្ញុំលើកម្រាមដៃ២ដាក់លើថ្ពាល់ មាត់ញញឹមផងសើចផង ទាំងឈឺមាត់។ 
- បី ពីរ មួយ! (បងជីមប្រាប់) ក្រឹប ក្រឹប... 
- លីនចង់ថតម្នាក់ឯងទេ? 
- ចាស។ 
ខ្ញុំឆ្លើយបណ្តើរ ឈរកាច់ស្ទីលបណ្តើរ។ ក្រឹប ក្រឹប... 
បងជីមជួយចុចថតរូបឱ្យខ្ញុំយ៉ាងច្រើន។ ដោយឃើញគាត់ប្រើទូរស័ព្ទរបស់គាត់ ខ្ញុំក៏ហុចទូរស័ព្ទខ្ញុំឱ្យបងជីមជួយថតឱ្យម្តងទៀត។ បងជីមងក់ក្បាល។ ក្រឹប ក្រឹប... 
មានទាំងរូបថតខ្ញុំម្នាក់ឯង ទាំងរូបសែលហ្វ៊ីជាមួយបងជីម។ 
ថតរួច បងជីមហុចទូរស័ព្ទមកឱ្យខ្ញុំវិញ។ ខ្ញុំឈ្ងោកចុចមើលរូបខ្លួនឯងក្នុងទូស័ព្ទ ទាំងភ្លេចមើលទិដ្ឋភាពកាំជ្រួចអស់។ 
រូបបងជីម និងខ្ញុំឡើងច្បាស់ ហើយស្អាតៗទៀត។ ខ្ញុំញញឹមខ្ជឹប ភ្លេចឈឺមាត់អស់រលីង។ 
អ្ហឺយ បេះដូងខ្ញុំឡើងរីកពេញទ្រូងទៅហើយ។ 
ខ្ញុំងាកទៅសម្លឹងមុខបងជីម បងជីមក៏ងាកមកញញឹមដាក់ខ្ញុំវិញដែរ។ 
នេះជាពេលវេលាផ្អែមល្ហែម ផ្អែមជាងតែទឹកដោះគោគជ់នៅសួនLEOFOOទៅទៀត។ 
ពួកយើងនៅឈរមើលពន្លឺកាំជ្រួចរហូតដល់ចប់។ 
អ្ហឹម ប្រសិនបើគេបាញ់ទល់ភ្លឺ មិនដឹងជាល្អយ៉ាងណាទេនេះ! ខ្ញុំគិត។ 

មនុស្សម្នាចាប់ផ្តើមដើរបំបែកគ្នាត្រលប់ទៅទិសដៅរៀងៗខ្លួន។ 
- លីនចង់ដើរមើលអគារ១០១សិនទេ? 
សំណួរត្រូវចិត្តទៀតហើយ។ ខ្ញុំចង់នៅបន្តទីនេះណាស់ បំណាច់នឹងបានមកដល់ហើយ។ បុន្តែខ្ញុំនៅទីទើររឿងក្តីបារម្ភរបស់អ្នកផ្ទះខ្ញុំ។ 
ពេលនោះ ទូរស័ព្ទរបស់ខ្ញុំក៏រោទ៍ឡើង។ 
«អាឡូ ប៉ា។» 
«កូនលីន យ៉ាងម៉េចហើយ ម៉េចក៏ក្រមកដល់វិញម្ល៉េះ?» 
«កាំជ្រួចទើបចប់អម្បាញ់មិញ ហើយខ្ញុំរៀបនឹងត្រលប់ទៅវិញហើយ ប៉ា។» 
«កូនមកជាមួយប៉ូលីសតៃវ៉ាន់នោះមែនទេ?» 
«ចាស ប៉ា។» 
«អ៊ីចឹងបានហើយ ឆាប់មក លីន។ អូ៎ ប៉ាភ្លេចប្រាប់ អាមុំមកដល់វិញយូរហើយ។» 
«មែនឬប៉ា? ធូរចិត្តហើយអ៊ីចឹងនោះ។» 
ពេលបិទទូរស័ព្ទ ខ្ញុំងាកទៅនិយាយជាមួយបងជីម៖ 
- ប៉ាឱ្យឆាប់ត្រលប់ទៅវិញ។ បងជូនខ្ញុំទៅសណ្ឋាគារវិញដែរទេ? 
- ប្រាកដណាស់! 
ឮចម្លើយប៉ុណ្ណេះ ខ្ញុំរំភើបជាងស្អីទៅទៀត។ បងជីមហុចដៃគាត់ឱ្យខ្ញុំកាន់។ ពេលខ្ញុំលូកដៃប្រុងតោង​កដៃគាត់ គាត់ក៏ចាប់កាន់កដៃខ្ញុំវិញ។ ខ្ញុំញញឹម ទាំងងើយមុខមើលគាត់ ប៉ុន្តែនៅក្នុងចិត្តវិញ ខ្ញុំស្តាយអើយសែនស្តាយ ដែលមិនបានទៅលេងអគារ១០១ជាមួយCrushបន្តទៀត។ 
មិនងាយមានឱកាសបែបនេះឯណា! ប៉ុន្តែខ្ញុំខ្លាចអ្នកផ្ទះបារម្ភពីខ្ញុំ។ 

នៅតាមផ្លូវ បងជីមព្យាយាមស្កាត់ហៅឡានតាក់ស៊ីជិះដែរ តែឡាននីមួយៗសុទ្ធតែមានម៉ូយៗអស់ហើយ។ កុំឱ្យរង់ចាំយូរ បងជីមនាំខ្ញុំដើរណ្តើរៗ ទម្រាំអាចរកឡានជិះបាន។ 
- តាមពិត សណ្ឋាគារដែលលីនស្នាក់នៅ មិនឆ្ងាយប៉ុន្មានទេ ពីទីនេះ។ (បងជីមនិយាយ) 
- ចាស។ ពេលមក ពួកខ្ញុំដើរមកដែរតើ។ 
- អ៊ីចឹង កុំខ្វល់រឿងហៅតាក់ស៊ីទៀតអី យើងដើរលេងៗទៅ ដល់ហើយ។ 
ខ្ញុំងក់ក្បាលយល់ស្រប។ 
នេះជាលើកទីមួយហើយ ដែលខ្ញុំដើរកាន់ដៃជាមួយមនុស្សប្រុស ទាំងកណ្តាលយប់ ដោយគ្មានភ័យខ្លាចពីរឿងសុវត្ថិភាពអីបន្តិចណាសោះ។ 
ផ្ទុយទៅវិញ ខ្ញុំមានតែរំភើបដែលពុំធ្លាប់មានទាល់តែសោះ។ ខ្ញុំមិនចំណាំផ្លូវទេ ប៉ុន្តែខ្ញុំដឹងថា បងជីមនាំខ្ញុំដើរផ្លូវកាត់។ គាត់នាំខ្ញុំដើរតាមច្រកផ្លូវតូចៗ ដែលសម្បូរដោយហាងលក់ចំណីចំណុក។ 
នេះប្រសិនបើបងជីមនាំខ្ញុំទៅណាផ្សេង ក៏ខ្ញុំមិនស្គាល់ដែរ។ ហេតុអ្វីក៏ខ្ញុំទុកចិត្តគាត់ខ្លាំងម្ល៉េះ? 
បើគាត់និងខ្ញុំទើបស្គាល់គ្នាប៉ុន្មានម៉ោងមុននេះសោះ។ ឬមួយខ្ញុំអាងថា គាត់ជាប៉ូលីស? មែនហើយ ខ្ញុំជឿជាក់ថា បុរសនៅតៃវ៉ាន់ជាមនុស្សល្អ។ មិនថាប៉ូលីស ឬពលរដ្ឋធម្មតានោះទេ គឺពួកគេតែងញញឹមរួសរាយរាក់ទាក់នឹងជនបរទេសណាស់។ ហើយជាទូទៅពួកគេចេះនិយាយភាសាអង់គ្លេសថែមទៀតផង។ 
 មានអ្នកដំណើរដើរទៅមកបន្តបន្ទាប់មិនដាច់ នៅលើចិញ្ចើមផ្លូវ។ ភាគច្រើន ពួកគេជាយុវវ័យ។ 
មានជាក្រុម និងជាគូផងដែរ។ យុវវ័យតៃវ៉ាន់ ទាំងប្រុសទាំងស្រីមិនស៊ីវិល័យហួសហេតុពេក។ 
ពួកគេរៀបចំខ្លួនសាមញ្ញៗ។ ស្បែកជើងប៉ាតា អាវយឺត ខោខូវប៊យ សំពត់ខ្លីត្រឹមជង្គង់ ឬលើជង្គង់បន្តិច... ខ្ញុំចូលចិត្តតៃវ៉ាន់នេះណាស់ មិនថាផ្សារនៅទីក្រុងធំៗ ឬនៅតាមតំបន់ភ្នំជាយក្រុង គឺថាស្អាត និងមានអនាម័យគ្រប់ទីកន្លែងទ ពិសេសបន្ទប់ទឹកសាធារណៈ។ 
មួយទៀតគ្មានសំរាម គ្មានកម្ទេចបារីចោលនៅតាមដងផ្លូវឡើយ។ ពួកយើងមកដល់មុខMini Mart មួយ។ 
- លីន តោះចូលទីនេះសិន។ (បងជីមបបួល) 
ខ្ញុំធ្វើភ្នែកឡិងឡង់។ បងជីមនាំខ្ញុំចូលទៅក្នុងហាង។ គាត់សួរអ្នកលក់ជាភាសាចិន រួចនាំខ្ញុំទៅជួរកណ្តាល ដែលនៅខាងចុងគេ។ 
- បងទិញអីគេ? (ខ្ញុំសួរ) 
- Lip balmពេលរដូវរងា។ (បងជីមនិយាយ ទាំងចង្អុលទៅដុំមូលម្យ៉ាងប៉ុនផ្លែមាក់ប្រេង) 
អ៊ីចឹងតើបានមុខមាត់គាត់ស្អាត។ ចេះថែខ្លួនជាងឯងស្រីទៀត។ 
ក្រៅពីក្រែម បងជីមលូកយកដប១ដែលមានទឹកថ្លាៗគ្មានពណ៌ទំហំប៉ុនកដៃមួយទៀត។ 
រួចរាល់ហើយ ពួកយើងចេញមកវិញ។ ពេលមកដល់ក្រៅហាង បងជីមហុចថង់អីវ៉ាន់ដែលគាត់បានទិញមុនហ្នឹងមកឱ្យខ្ញុំ រួចនិយាយ៖ 
- នេះ លីនយកវាទុកប្រើចុះ។ 
- បងទិញឱ្យខ្ញុំមែន? (ខ្ញុំសួរទាំងបើកភ្នែកធំៗ) 
បងជីមងក់ក្បាល។ ខ្ញុំសួរបន្ត៖ 
- អស់ប៉ុន្មាន? (ខ្ញុំនិយាយ ទាំងប្រុងយកលុយសងវិញ) 
- ខ្ញុំឱ្យលីន។ (បងជីមប្រាប់) 
- មិនបានទេ បងត្រូវគិតលុយពីខ្ញុំវិញ។ គ្រាន់តែបងណែនាំឱ្យខ្ញុំប៉ុណ្ណឹង ខ្ញុំអរគុណបងណាស់ទៅហើយ។ 
បងជីមគ្រវីក្បាលបដិសេធ ទាំងចាប់ដៃខ្ញុំឱ្យកាន់ថង់ក្រដាសតូចនោះ។ 
ទាល់តម្រិះ ខ្ញុំក៏ព្រមទទួលយកអំណោយពីបងជីម ទាំងចិត្តរារែក។ 
Lip balmនេះប្រើប៉ុន្មានដងក៏បានដែរ ពេលដែលលីនស្ងួត ឬក្រៀមបបូរមាត់។ ចំណែកដប១ទៀត ជាប្រេងតែធម្មជាតិសម្រាប់លាបស្បែកមុខ និងស្បែកខ្លួន ពេលរដូវរងា។ (បងជីមប្រាប់) 
- ម៉េចក៏បងដឹង? 
- ខ្ញុំប្រើរាល់ថ្ងៃផលិតផល២មុខហ្នឹង នៅរដូវត្រជាក់នេះ។ 
- ប្រើបានទាំងប្រុសទាំងស្រីមែនទេ? 
បងជីមងក់ក្បាល។ រួចគាត់និយាយបន្ត៖ 
- ហាមលិឍបបូរញឹកញាប់ បើមិនអ៊ីចឹង មាត់មិនឆាប់ជាទេ។ 
- ចាស។ 
ពួកយើងបន្តដំណើរ។ ខ្ញុំដើរបណ្តើរ លួចមើលមុខបងជីមបណ្តើរ។ បងជីមងាកមុខមើលខ្ញុំវិញ។ ខ្ញុំប្រញាប់បែរមុខទៅសម្លឹងផ្លូវ។ 
- លីនចង់ញ៉ាំអីបន្តិចទេ? 
បងជីមសួរផ្តាច់អារម្មណ៍រាយមាយរបស់ខ្ញុំ ពេលដែលពួកយើងមកដល់ហាងមួយ ដែលមានដាក់លក់តៅហ៊ូជាច្រើននៅលើចង្អើរ។ មានអាំង មានចៀន។ ខ្ញុំមិនដឹងហៅតៅហ៊ូ ឬតៅកួ ឱ្យប្រាកដទេ ប៉ុន្តែជាភាសាអង់គ្លេសហៅថា “Tofu”។ អ្នកផ្ទះខ្ញុំ តែងហៅដុំរាងរឹងៗថាតៅកួ ឯដុំរាងទន់ប៉ិៗហៅថាតៅហ៊ូ។ 
មែនទែនទៅ ខ្ញុំឥតចូលចិត្តញ៉ាំទាំងតៅកួ ទាំងតៅហ៊ូ។ ប៉ុន្តែបងជីមហៅភ្លក្សហើយ ខ្ញុំក៏ចង់សាករសជាតិនៅតៃប៉ិនេះម្តងដែរ។ បងជីមឱ្យគេខ្ចប់១កញ្ចប់ ដែលមានឈើសម្រាប់ចាក់ចំនួន២។ 
- រសជាតិម៉េចដែរ? (ខ្ញុំសួរ) 
បងជីមមិនតប។ គាត់ចាក់យកតៅហ៊ូ១ដុំហុចឱ្យខ្ញុំ។ បន្ទាប់មក គាត់ដាក់ចូលក្នុងមាត់គាត់ រួចទំពាខ្ញាច់ៗ។ គឺជាតៅហ៊ូចៀន ដែលមានទឹកជ្រលក់ស្រោចពីលើ។ ខ្ញុំលើកវាមកហិតសិន វាអត់ស្អុយទេ។ ខ្ញុំដាក់វាចូលមាត់ទាំងស្ទាក់ស្ទើរ៖
- ឆ្ងាញ់ទេ? (បងជីមសួរ) 
ខ្ញុំងក់ក្បាលទាំងមិនប្រាកដក្នុងចិត្ត។ តៅហ៊ូនេះមានក្លិនក្រពុលតិចៗ។ សម្បកវាស្រួយខ្ញោក តែសាច់ក្នុងទន់ៗ។ ពេលត្រូវជាមួយទឹកសៀងប្រៃផ្អែមហឹរ គឺអាចញ៉ាំបាន។ 
ខ្ញុំមើលទៅបងជីមដូចជាចូលចិត្តតៅហ៊ូបំពងនេះណាស់។ គាត់ញ៉ាំអស់ច្រើនជាងខ្ញុំ។ 
តាមពិត ខ្ញុំស្រេកទឹកជាង តែខ្ញុំឥតហ៊ានរកផឹកទេ ខ្លាចរកបន្ទប់ទឹកចូលមិនទាន់។ 
- លីនបានភ្លក្សម្ហូបអីខ្លះហើយ? (បងជីមសួរ) 
- អឹម ច្រើនមុខដែរ... (ខ្ញុំឆ្លើយទាំងរកនឹក) តែគ្រប់មុខម្ហូបទាំងអស់ គឺខាងTourជាអ្នករៀបចំឱ្យញ៉ាំស្រាប់ៗ។ ចំណែកខ្ញុំខ្លួនឯង បានភ្លក្សតែទឹកដោះគជ់ នំប៉ាវឥតស្នូល Peanut ice cream rolls គ្រាប់អាល់មុនលីងស្លឹកតែ និងតៅហ៊ូបំពងនេះ។ 
- លីនចូលចិត្តរសជាតិម្ហូបនៅទីនេះដែរទេ? (បងជីមសួរបញ្ជាក់) 
- ចូលចិត្តណាស់។ ខ្ញុំស្រមៃចង់ភ្លក្សអាហារនៅតៃវ៉ាន់នេះយូរហើយ។ (ខ្ញុំតបភ្លាម ដោយមិនបាច់គិត) 
- បើលីននៅយូរជាងនេះ ប្រហែលខ្ញុំអាចជូនលីនដើរភ្លក្សអាហារតៃវ៉ាន់បានច្រើនមុខ។ (បងជីមនិយាយ) 
ខ្ញុំងក់ក្បាលយល់ស្រប ទាំងញញឹម។ 
ពួកយើងចាកចេញពីហាងតៅហ៊ូ។ បងជីមដើរបណ្តើរ រៀបរាប់ពីមុខម្ហូបដែលល្បីៗនៅតៃប៉ិបណ្តើរ។ 
ខ្ញុំស្តាប់គាត់ចូលខ្លះ ចេញខ្លះ ព្រោះដោយសារតែរងាពេក។ 
យប់នៅតៃប៉ិពិតជាត្រជាក់ខ្លាំងជាងនៅភ្នំពេញ។ មិនត្រឹមតែរងាទេ ថែមទាំងមានខ្យល់អមដោយតំណក់ទឹកភ្លៀងតិចៗធ្លាក់ចុះមកជាមួយដែរ។ 
ខ្ញុំយកដៃម្ខាងទាញមួកមកគ្របត្រចៀកទាំង២ឱ្យជិត។ ឯដៃស្តាំម្ខាងដែលទំនេរ គ្មានបងជីមកាន់ដាក់នោះ ស៊កក្នុងហោប៉ៅអាវខ្ញុំឡើងជិតឈឹង។ 
មើលទៅបងជីមដឹងថាខ្ញុំត្រជាក់ គាត់ក៏ក្តោបដៃខាងឆ្វេងខ្ញុំជាប់ រួចច្របាច់តិចៗ ដើម្បីផ្តល់កម្តៅដល់បាតដៃរបស់ខ្ញុំ ដែលស្ទើរតែស្ពឹកទៅហើយ។ 
អ្ហឹម Crushរបស់ខ្ញុំពិតជាសុភាពបុរសមែន។ 
- ពេលយប់នៅតៃប៉ិត្រជាក់បែបនេះឬ? (ខ្ញុំសួរតិចៗ) 
- ត្រជាក់តែនៅរដូវរងាទេ។ (បងជីមតប) 
- រដូវរងា? មានធ្លាក់ព្រឹលដែរទេ បង? (ខ្ញុំសួរ ព្រោះខ្ញុំចង់ឃើញព្រឹលធ្លាក់) 
- នៅទីនេះ ឥតត្រជាក់ខ្លាំងរហូតដល់មានធ្លាក់ព្រឹលទេ។ 
- ខ្ញុំស្មានតែរងាកកខ្លួនដូចនៅចិនដីគោក ឬនៅកូរ៉េដែរ។ 
- ខែរងានៅតៃវ៉ាន់នេះ ជាទូទៅត្រជាក់ខ្លាំងបំផុតត្រឹម១០ ឬក្រោម១០អង្សាសេបន្តិចបន្តួចប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺមានខ្យល់ និងភ្លៀងធ្លាក់ច្រើនស្ទើរតែរាល់ថ្ងៃ។ ប៉ុន្តែកាលពីឆ្នាំមុន ធ្លាប់មានព្រឹលធ្លាក់ នៅតំបន់ភ្នំខ្ពស់ៗដែរ។ 
- រដូវរងានៅតៃវ៉ាន់នេះមានពីខែណាដល់ខែណាដែរ? 
- ចាប់ពីខែធ្នូ រហូតដល់ខែកុម្ភៈ។ 
- អ៊ីចឹង ខ្ញុំមកលេងចំខែរងាហើយនេះ។ 
- ហើយចំរដូវភ្លៀងទៀតផង។ 
បងជីមសើចតិចៗដាក់ខ្ញុំ។ តាមពិត ខ្ញុំចូលចិត្តរដូវរងាជាងរដូវក្តៅ ប៉ុន្តែនៅយប់នេះ វារងាជ្រុលបន្តិចហើយ។ រងាផង ខ្យល់ផង ភ្លៀងផង ដែលធ្វើឱ្យខ្ញុំបាត់អារម្មណ៍កក់ក្តៅអស់រលីង។ 
ជាពិសេស ខ្យល់នេះធ្វើឱ្យបបូរមាត់ខ្ញុំកាន់តែក្រៀម និងប្រេះបែកក្រហែង។ 
- លីនចូលចិត្តភ្លៀងរដូវរងាទេ? 
- ចាស? (ខ្ញុំតបវិញ ទាំងមិនយល់ន័យ) 
- នៅទីនេះ ឱ្យតែរដូវរងាគឺមានភ្លៀងធ្លាក់អមមកជាមួយហើយ។ ហើយលោះថ្ងៃតិចណាស់ ដែលគ្មានភ្លៀងនោះ។ (បងជីមពន្យល់) 
- កាលពីមុន ខ្ញុំឥតចូលចិត្តភ្លៀងទេ តែពេលនេះ ចូលចិត្តណាស់។ បងដឹងអត់ថា ហេតុអី? (ខ្ញុំងើយមុខសួរ) 
បងជីមគ្រវីក្បាល ហើយសួរ៖ 
- ហេតុអីទៅ? 
- មកពីខ្ញុំបានចួបបង នៅពេលភ្លៀងហ្នឹង! (ខ្ញុំនិយាយដោយមុខស្ងួត) 
- ពិតមែន? (បងជីមសួរ ទាំងសើច) 
ខ្ញុំងក់ក្បាល។ ការពិត ខ្ញុំចូលចិត្តភ្លៀងតាំងពីក្មេងមកម្ល៉េះ។ ហើយឥឡូវ ខ្ញុំកាន់តែចូលចិត្តភ្លៀងខ្លាំងឡើងៗ ពិសេសគឺភ្លៀងនៅតៃប៉ិនេះតែម្តង។ 
- បងជីម? (ខ្ញុំងើយមុខហៅឈ្មោះគាត់តិចៗ) 
- បាទ។ (បងជីមបង្អង់ជើង រួចសម្លឹងមុខខ្ញុំយ៉ាងស្រទន់) 
- ពេលណា ខ្ញុំបានចួបបងម្តងទៀត? 
- ពួកយើងអាចចួបគ្នា តាមហ្វេសប៊ុក ឬ អ៊ីនស្តាក្រាម ឬអ៊ីមែលបានតើ មែនទេ? (បងជីមតប)
ខ្ញុំងក់ក្បាលយល់ស្រប ទាំងក្នុងចិត្តស្រងេះស្រងោចរកថាមិនត្រូវ។ 

ពួកយើងនៅស្ងៀមស្ងាត់ រួចបន្តដំណើរទៅទៀត។ មួយសន្ទុះក្រោយ ពួកយើងមកដល់សណ្ឋាគារ។ 
ប៉ាបានចុះមកចាំនៅកន្លែងទទួលភ្ញៀវ។ ខ្ញុំប្រញាប់ដើរទៅរកប៉ា។ ប៉ាត្រេកអរណាស់ដែលបានចួបខ្ញុំ។ ប៉ាបានចាប់ដៃរលាក់ជាមួយបងជីម រួចអរគុណគាត់ដែលបានជូនខ្ញុំមក។ ប៉ា និងខ្ញុំបានជូនដំណើរបងជីមរហូតដល់ឡានតាក់ស៊ី។ បងជីមលើកដៃលាប៉ា និងខ្ញុំពីក្នុងឡាន។ ខ្ញុំសម្លឹងមុខបងជីម រហូតដល់បងជីមបិទកញ្ចក់ឡាន។ លាហើយព្រះអង្គម្ចាស់ដ៏សែនសង្ហា និងចិត្តល្អ។ សង្ឃឹមថាខ្ញុំអាចចួបមុខបងម្តងទៀត។ ខ្ញុំនឹកក្នុងចិត្តស្ងាត់ៗ។ 

ខ្ញុំដើរតាមប៉ា ទាំងស្រាលខ្លួនស្ងើក។ នៅក្នុងប្រអប់ជណ្តើរយន្ត ខ្ញុំរៀបរាប់រឿងរ៉ាវត្រួសៗប្រាប់ប៉ា។ 
ប៉ានាំខ្ញុំទៅចួបម៉ាក់ នៅបន្ទប់របស់ពួកគាត់។ គ្រាន់តែឃើញខ្ញុំ ម៉ាក់ស្ទុះមកអង្អែលក្បាលខ្ញុំថ្នមៗ 
រួចសួរដោយបារម្ភ៖ 
- ភ័យទេ កូន? 
ខ្ញុំគ្រវីក្បាល រួចឱបម៉ាក់វិញ ទាំងនិយាយ៖ 
- យាយ និងបងលក្ខមានដឹងថាខ្ញុំវង្វេងទេ ម៉ាក់? 
- យាយឥតដឹងទេ។ តែលក្ខដឹង។ ឆាប់ចូលគេងទៅកូន ស្អែកត្រូវងើបពីព្រឹកទៀតផង។ 
ប៉ាជូនខ្ញុំមកបន្ទប់គេង រួចទើបគាត់ត្រលប់ទៅបន្ទប់របស់គាត់វិញ។ 

ពេលចូលដល់បន្ទប់គេង ខ្ញុំត្រូវបានបងលក្ខជំរិតសួរនាំខ្ញុំរហូត។ 
 - បងលក្ខដឹងអត់ថា ខ្ញុំបានចួបអ្នកណាគេ? 
បងលក្ខគ្រវីក្បាល។ ខ្ញុំហុចទូរស័ព្ទឱ្យគាត់ រួចនិយាយ៖ 
- មើលរូបក្នុងទូរស័ព្ទខ្ញុំទៅ រួចដោតថ្មឱ្យខ្ញុំផង។ ខ្ញុំរកចូលបន្ទប់ទឹក។ 
- ចុម! អ្នកណាគេអីក៏សង្ហាម្ល៉េះ នាងលីន? (បងលក្ខឧទានឮៗ) 
- គឺCrush ដែលខ្ញុំបានចួបគាត់នៅផ្លូវShifenនោះអី។ 
- គឺប៉ូលីសម្នាក់ហ្នឹងមែន? ឡូយ និងសង្ហាដូចតារាទៀតនេះ។ នែ៎! នាងលីនជួយរៀបរាប់រឿងរ៉ាវទាំងអស់មក។ 
 - ចាំស្អែកទៅ។ 
- អត់ទេ យើងទ្រាំមិនបានទេ។ ឆាប់និយាយឥឡូវភ្លាម។ 
- អូខេ។ ប៉ុន្តែចាំខ្ញុំចេញពីបន្ទប់ទឹកវិញសិន។ 
ខ្ញុំប្រញាប់ទៅលុបលាងខ្លួន និងមុខមាត់ឱ្យបានស្អាត។ បន្ទាប់មក ខ្ញុំចេញមកនិយាយរឿងរ៉ាវលម្អិតទាំងអស់ប្រាប់បងលក្ខ។ 
បងលក្ខស្តាប់ខ្ញុំទាំងរំភើបជំនួស៖ 
- រឿងនាងលីនឯងស្វ៊ីតជាងរឿងភាគទៅទៀត។ 
- នៅមានទៀត។ នេះនែ៎... 
ខ្ញុំបង្ហាញប្រអប់ក្រមួនលាបបូរមាត់ស្ងួត និងប្រេងលាបស្បែកឱ្យបងលក្ខមើល។ 
- វ៉ាវ! នេះគេយកចិត្តទុកដាក់លើឯងឱ្យច្បាស់ក្រឡែត តែម្តងហើយ! 
- ហាស ហាស ហាស... 
ខ្ញុំសើចទាំងឈឺមាត់។ ខ្ញុំបើកប្រអប់Lip balm ដើម្បីលាបបូរមាត់ដែលប្រេះចេញឈាមរឹមៗ។ ក្រមួននេះគ្មានក្លិនទេ។ វាមានរាងស្រដៀងនឹងសាប៊ូដុំ តែមិនរឹង ហើយក៏មិនទន់។ ខ្ញុំលាបវាសើៗលើបបូរមាត់ទាំងឈឺផ្សាតិចៗ។ ខ្ញុំបើកដបប្រេងតែសម្រាប់លាបស្បែកនិងមុខ។ ប្រេងលាបស្បែកនេះក៏គ្មានក្លិនដូចគ្នា ប៉ុន្តែវាច្រៀបចូលក្នុងសាច់លឿន ហើយធ្វើឱ្យស្បែកយើងទន់ល្មឿយ។ 
ចុម! បងជីមចូលចិត្តផលិតផលថែស្បែកដែលគ្មានក្លិនដូចខ្ញុំដែរ។ 
បងជីមនេះល្អពេកហើយ! គ្រាន់តែគិតដល់គាត់ ខ្ញុំក៏ញញឹមបិទមាត់លែងជិតទៅហើយ។ 
ខ្ញុំចូលសំងំក្នុងភួយដ៏ក្រាស់។ ខ្ញុំធ្មេចភ្នែកលក់ភ្លឹងគ្មានដឹងខ្លួនរហូតទល់ភ្លឺ។

[...]
សូមអាន

Post a Comment

0 Comments