ទេវបុត្រសេះស ដោយ សុជីវី
សៀវភៅមួយក្បាលនេះកើតឡើង ដោយសារតែ សុជីវី ម្នាក់គត់ដែលសួររកលេខបន្តឥតល្ហែ ទោះអ្នកសរសេរក្តៀនប៉ុណ្ណាក៏ប្រឹងដែរ... អរគុណណាស់សុជីវីដែលធ្វើឱ្យបងលេចបានមួយដុំនេះមក!

Review ហើយ Review ទៀត 
ផុស ហើយ ផុសទៀត 
Share ហើយ Share ទៀត ជួយជាកម្លាំងចិត្តគ្មានហ្ហែ
(អត្ថបទថ្ងៃទី២៤ មីនា ២០២០ កំឡុងពេលដែលពិភពលោកបារម្ភជាខ្លាំងនឹងជំងឺកូវីដ១៩


អត្ថបទដើមនៅខាងក្រោមៈ 
Book Review: ទេវបុត្រសេះស របស់អ្នកនិពន្ធ ហេង ដារី

អ្នកកំពុងស្ត្រេស៍រឿងកូរ៉ូណាអុកឡុក? នៅតែផ្ទះ មិនហ៊ានចេញក្រៅ? គិតដោយវិជ្ជមានថា នៅផ្ទះមានអីមិនល្អ? អ្នកអាចមានពេលអានសៀវភៅ មានពេលលេងនឹងកូនៗ មានពេលស្ដាប់ចំរៀងដែលអ្នកចូលចិត្ត.... ចំពោះខ្ញុំ ខ្ញុំសូមណែនាំឱ្យមកអានសៀវភៅបំបាត់អផ្សុក។

រឿងស្នេហាបែបកំប្លែង របស់អ្នកនិពន្ធ ហេង ដារី មួយក្បាលនេះ «ទេវបុត្រសេះស» ធានាថា នឹងនាំយកស្ត្រេស៍ចេញពីអារម្មណ៍បាន។ ចំណាយពេលបន្តិច ដើម្បីសុភមង្គលតូចតាចបែបនេះ ធានាថាអារម្មណ៍នឹងស្រស់ថ្លា។

ភ័យ គឺភ័យហើយ បារម្ភគឺបារម្ភហើយ តែយើងម៉េចនឹងអាចបណ្ដោយឱ្យខ្លួនយើងធ្លាក់ក្នុងវិបត្តិផ្លូវចិត្តដោយសារមេរោគខូវីដចង្រៃនេះបាន។ យើងត្រូវតែជំនះវា ហើយវិធីជំនះវាមានច្រើនរបៀប។ មនុស្សខ្លះតស៊ូនឹងខូវីដ ដោយវិធីតាមដានព័ត៌មាន រួចប្រុងប្រយ័ត្នខ្លួន ប៉ុន្តែខ្ញុំខុសគេ ខ្ញុំចូលចិត្តអានអ្វីដែលនាំអោយសើច (ហើយគេក៏ប្រហែលជាទើសនឹងខ្ញុំថា គេភ័យចង់ស្លាប់ឯងនៅសើច​ចេញ) ខ្ញុំរើសអានតែប្រភពព័ត៌មានដែលទុកចិត្ត ហើយខ្ញុំប្រឹងប្រែងទាញខ្លួនខ្ញុំពីវិបត្តិបាក់ទឹកចិត្តមួយនេះ ដោយជួបជាមួយមិត្ត និងគ្រួសារតាមក្រុមឆាត និង អានសៀវភៅរឿងបែបកំប្លែង។

ដូច្នេះហើយទើបខ្ញុំសូមណែនាំសៀវភៅដ៏ល្អមួយ ធានាអានហើយសើចបាត់ស្ត្រេស ស្នាដៃនិពន្ធដ៏ល្អឯកស្នេហាបែបកំប្លែង ពីអ្នកនិពន្ធ ហេង ដារី រឿង«ទេវបុត្រសេះស»។

***សូមបញ្ជាក់*** ដែលខ្ញុំខំណែនាំហូរហែរមកនេះ មិនមែនខ្ញុំជាអ្នកលក់ទេ តែឃើញសៀវភៅល្អ ក៏មានចិត្តថា ចែករំលែកឱ្យអ្នកដែលចូលចិត្តការអានដូចគ្នានឹងខ្ញុំ។

រូបថត © សុជីវី
រឿងនេះ ខ្ញុំតាមកក់ តាមបង្ខំឱ្យអ្នកនិពន្ធចេញជាសៀវភៅជិត១ឆ្នាំហើយ ដោយសារធ្លាប់បានអាននៅប្លុករបស់គាត់ ហើយឃើញថា វាល្អអានពេក ពិបាកទ្រាំចាំពេលគាត់បង្ហោះម្ដង១វគ្គៗ ឡើងអ្នកអានចង់ភ្លេចសាច់រឿង (អ្នកនិពន្ធធ្វើស៊ីផ្លូវចិត្តពេក)។

បង ហេង ដារី ជំនាញរបស់គាត់ គឺសរសេររឿង បែបកុមារ រឿងបែបវ័យជំទង់ ដូចជា #រឿងលោកស្រីកូន របស់គាត់ជាដើម។
ចំណែកឯ #រឿងទេវបុត្រសេះស នេះដែរ ក្រោយពីអានហើយ ខ្ញុំគិតថា ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ អាចអានបានហើយ ព្រោះអ្នកនិពន្ធគាត់សរសេរបែបស្រាលៗ មិនស៊ីជម្រៅអីពេក ជារឿងស្នេហាបែប Cute cute។


អ្នកនិពន្ធរៀបរាប់ពីតួស្រី ឈ្មោះវីតា ដែលមានចរិកសស្លើតសស្លក់ ដើរបុកនេះបុកនោះបែកមេជើង ធ្លាក់អុកគូតនៅជណ្ដើរ ធ្វើឱ្យអ្នកអានដូចខ្ញុំ ក្នាញ់នឹងតួស្រីនោះហួស។ និយាយពីសំដីតួស្រីវិញ មិនចេះផ្អែម ១ម៉ាត់មិនឱ្យធ្លាក់ដល់ដី ហើយគប់មកវិញផាំង... សូមកោតសរសើរ អ្នកនិពន្ធចេះប្រសព្វរកពាក្យមករៀបរាប់ អោយខ្ញុំជាអ្នកអានសើចឃឹកម្នាក់ឯងកើត។

ហើយនិយាយពីតួប្រុសវិញ ជាពួកម៉ាកនឹងតួស្រីតាំងពីសម័យនៅរៀន តាមតួស្រីឱ្យស្អិត ចូលចិត្ត​ញោះឱ្យគេខឹង តែខាងស្រីក៏ខឹងមិនសូវបានយូរ។ ខាងប្រុសនោះស្រលាញ់គេណាស់ តែមិនព្រមនិយាយប្រាប់គេទេនៅអូសក្រឡា ទុកឱ្យខាងស្រី សួរខ្លួនឯង ស្មានខ្លួនឯង ហើយឆ្លើយខ្លួនឯង។ មើលទៅ សរសេរច្រើនទៀតមិនកើតទេ វីវរបែកធ្លាយសាច់រឿងអស់ spoiled អ្នកអានក្រោយមិនខានទេ។

ជាចុងក្រោយ សូមឱ្យពិន្ទុ ៩លើ១០ សម្រាប់រឿងនេះ (មិនអោយ១០លើ១០ទេ ព្រោះថារឿងនេះខ្លីពេកត្រឹមតែជិត ២០០ទំព័រ អានមិនស្កៀបទេ) ។

ដូច្នេះ សម្រាប់រឿងនេះបើអ្នកអានជាមនុស្សចូលចិត្តរឿងស្នេហាបែបកំប្លែង ខ្ញុំសូមណែនាំឱ្យទិញសៀវភៅនេះយកមកអាន។ អានសៀវភៅដែលផ្ដល់នូវស្នាមញញឹម ដូចជាផ្ដល់នូវសេចក្ដីសុខមួយរយៈពេលសម្រាប់យើងដែរ។
____

ដោយក្ដីស្រឡាញ់ពី សុជីវី - with Heng Dary