ម៉ោង12:12 អធ្រាត្រ

ម៉ោង12:12អធ្រាត្រ 
©អត្ថបទដោយ ហេង ដារី 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់ 

ម៉ោង12:12អធ្រាត្រ ដោយ ហេង ដារី
ម៉ោង12:12អធ្រាត្រ

- អរគុណ បង។ 
- បាទ។ 
ភូមេនតបទាំងញញឹម រួចឱនក្បាលបន្តិចគោរពភ្ញៀវប្រុសម្នាក់ ដែលបានមកទិញកាហ្វេEspresso មុនម៉ោង១២យប់។ 
ភូមេនបម្រើការងារ វេនយប់ ចាប់ពីម៉ោង9PM-5AM នៅហាងកាហ្វេព្រៃត្រជាក់។ ហាងកាហ្វេព្រៃត្រជាក់ស្ថិតនៅចំណតស្ថានីយ៍រថភ្លើង ក្បែរជាយក្រុង។ 
ហាងនេះរចនាម៉ូដឡើងតាមបែបទូរថភ្លើងសម័យបារាំង ហើយមានពណ៌សត្នោត ដែលតំណាងឱ្យពណ៌  កាហ្វេទឹកដោះគោ។ ហាងកាហ្វេព្រៃត្រជាក់បើកដំណើរការ២៤ម៉ោង/២៤ម៉ោង រាល់ថ្ងៃ។ 
ភូមេនជាអ្នកឆុងកាហ្វេដ៏ជំនាញប្រចាំហាង។ ក្រៅពីឆុងកាហ្វេឆ្ងាញ់ហើយ គាត់ជាបុរសសង្ហា និងរួសរាយទៀតផង។ គាត់ស្រលាញ់ការងាររបស់គាត់ណាស់។ 
ថៅកែហាងទើបតែដំឡើងតួនាទីគាត់ជាអ្នកគ្រប់គ្រងហាង កាលពីបុន្មានខែមុននេះ។ ទោះបីគាត់ជាអ្នកគ្រប់គ្រងហាងក៏ដោយ ក៏គាត់នៅតែឆុង និងលើកកាហ្វេឱ្យភ្ញៀវដដែល។ គាត់មិនដែលរើសអើងការងារតូចធំ ឬធ្ងន់ស្រាលឡើយ។

រាល់យប់ នៅហាងកាហ្វេព្រៃត្រជាក់មិនសូវមានភ្ញៀវច្រើនដូចពេលថ្ងៃទេ។ មនុស្សចេញចូលទិញកាហ្វេ តែពេលមានរថភ្លើងរៀបចេញដំណើរ និងចូលចំណតប៉ុណ្ណោះ។ 
ក្រៅពីភ្ញៀវធ្វើដំណើរតាមរថភ្លើង ក៏មានអ្នកដំណើរដែលឆ្លងកាត់ម្តុំនេះ អាចចូលទិញម្តងម្កាលដែរ។ 

យប់មួយ ភូមេន នៅបម្រើការងារតែម្នាក់ឯង នៅក្នុងហាង ដោយសាថៅកែហាងមានធុរៈចេញទៅក្រៅ ហើយបុគ្គលិកដទៃទៀតបានសុំឈប់សម្រាក។ 
ស្នូរនាឡិកាប៉ោលនៅស្ថានីយវាយប៉ឺងៗ១២ដង ជាសញ្ញាប្រាប់ថាម៉ោង១២អធ្រាត្រហើយ ហើយរថភ្លើងចុងក្រោយក៏បានចេញដំណើរដែរ។
ភូមេនហូតកន្សែងនៅហោប៉ៅអាវអៀមពីមុខមកជូតដំណក់ញើសតូចៗ នៅលើថ្ងាស ទាំងញញឹម។ 
នៅខាងក្រៅហាង មានខ្យល់បោកបក់ជាខ្លាំង ដែលធ្វើឱ្យសំយាបដំបូលហាងបោកទង្គិចទង្គើរង្គើបង្កឱ្យមានសំឡេង ដូចមានអ្នកណាម្នាក់កំពុងលោតតន្រ្តំខ្លាំងៗដូច្នេះឯង។ 
ភ្លាមនោះ សំឡេងភ្លៀងបង្អុរលាន់សូរប្រាវៗពីលើដំបូល ដូចគេហែកមេឃ។ 

ភូមេនដើរប្រញាប់ប្រញាល់ទៅបិទបង្អួចហាង ហើយទាញបង្ខិតឧបករណ៍លក់ដូរ ចូលក្នុងហាង ដើម្បីកុំឱ្យត្រូវទឹកភ្លៀង។ 
ដោយសារស្ងាត់ភ្ញៀវ ភូមេនអង្គុយពិនិត្យមើលបញ្ជីលក់ដូរ។ សំឡេងការប្រកួតបាល់ទាត់ ដែលផ្សាយចេញពីទូរទស្សន៍ ដែលដាក់ភ្ជាប់នឹងជញ្ជាំងហាងកាហ្វេលាន់ឮតិចៗមិនឈ្នះនឹងសំឡេងភ្លៀងធ្លាក់ឡើយ។ នៅថ្មារនេះ គ្មានកម្មវិធីអី ក្រៅពីការប្រកួតបាល់ទាត់នោះទេ។ 

កំពុងតែផ្ទៀងផ្ទាត់បញ្ជីលក់ដូរ ស្រាប់តែឮសូរសំឡេងក្ឌាំង នៅក្នុងឃ្លាំងដាក់អីវ៉ាន់ នៅខាងក្រោយហាង ដែលធ្វើឱ្យភូមេនភ្ញាក់ព្រើត។ 
«ប្រហែលជាកញ្ចប់អីវាន់ធ្លាក់ហើយមើលទៅ។» 
ភូមេននឹកក្នុងចិត្ត តែគេនៅអង្គុយធ្វើការដដែល។ 

នៅខាងក្រៅហាង ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងដដែល តែខ្យល់រាងស្ងប់បន្តិចហើយ។ 
ក្ឌាំង ក្ឌាំង!... សំឡេងខ្លាំងៗកាន់តែឮឡើងៗ ប្រណាំងនឹងសំឡេងទឹកភ្លៀង លាន់ចេញពីឃ្លាំងខាងក្រោយ។ 
«សំឡេងស្អីហ្នឹង?!» 
ភូមេនក្រោកដើរយ៉ាងលឿនទៅរកប្រភពសំឡេង ទាំងឆ្ងល់យ៉ាងខ្លាំង។ គេបើកអំពូលភ្លើងបំភ្លឺផ្លូវ ទៅកាន់ឃ្លាំង។ 
គេចុចបើកភ្លើងនៅជញ្ជាំង មុខឃ្លាំង រួចបើកសោទ្វារដើរចូលទៅក្នុង ដោយចង់ដឹង... 
ក្ឌាំង! កេសដាក់អីវ៉ាន់ធំមួយធ្លាក់ពីលើធ្នើរប៊ិះនឹងត្រូវជើងភូមេន។ ភូមេនញោចស្មាបន្តិច ដោយភ្ញាក់ផ្អើល។ 
ភូមេនឃើញកេសអីវ៉ាន់ជាច្រើនធ្លាក់ដួលរេលពេញកម្រាលឥដ្ឋ ដូចជាមានមនុស្សលើកបោះដូច្នេះ។ 
- ហើយកើតស្អីហ្នឹង? 
ភូមេននិយាយឮៗតែម្នាក់ឯង ដោយក្រឡេកភ្នែកមើលក្នុងឃ្លាំងទាំងមូល។ ស្ងាត់ច្រៀប! 
ភូមេនក៏បែរខ្លួនបម្រុងនឹងដើរចេញ រំពេចនោះ ស្រាប់តែមានចំហាយខ្យល់ត្រជាក់ស្រេងបក់មកប៉ះនឹងសក់របស់គាត់។ គាត់ងាកមុខទៅវិញ ព្រះអើយ!... 
គឺមនុស្សប្រុសម្នាក់ដែលមានឈាមហូរកក្លាក់ពេញមុខ កំពុងឈរទល់នឹងមុខគាត់ប្រហែលតែមួយជំហានប៉ុណ្ណោះ។ ភូមេនចាប់ផ្តើមញ័រជើងទទ្រើក ហើយសួរទាំងរដាក់រដុប៖ 
- ឯង..ជា..អ្នក...ណា? 
- ដៃខ្ញុំនៅឯណា? 
បុរសចម្លែកនោះសួរយឺតៗវិញ ទាំងសម្លេងស្អកស្អា ហើយថែមទាំងបង្ហាញស្មា ដែលកំបុតដៃម្ខាងទៅកាន់ភូមេន។ 
ភូមេនតក់ស្លុតជាខ្លាំង ដែលឃើញស្មាបុរសនោះកំពុងតែហូរឈាមកក្លាក់។ 
គេបែរខ្លួនរត់សំដៅទ្វារចេញ រួចប្រមូលស្មារតីដែលនៅសេសសល់មួលទ្វារ ហើយចាក់សោរពីខាងក្រៅជាប់ ហើយផ្លោះតែប៉ុន្មានជំហានបុណ្ណោះទៅក្នុងហាងកាហេ្វវិញ។ 
ភូមេនប្រញាប់ចុចទូរស័ព្ទទៅរកថៅកែហាង ទាំងភិតភ័យ៖ 
- អាឡូ បង! 
- មានការអី ភូមេន? (សំឡេងថៅកែសួរ) 
- គឺ... ខ្ញុំបានចួប...ខ្មោច... នៅក្នុងឃ្លាំងដាក់អីវ៉ាន់...បង... (ភូមេនតបទាំងដាច់ៗ ទាំងភ្នែកសម្លឹងទៅទ្វារឃ្លាំងអីវ៉ាន់) 
- ហាស ហាស ហាស... ខ្មោចស្អីអ្ហៈ! 
- ខ្ញុំឃើញផ្ទាល់ភ្នែក បង! (ភូមេនបញ្ជាក់) 
- អឺ ប៉ុណ្ណឹងសិនចុះ បងជិតទៅដល់ហាងហើយ។ 
ភូមេនដើរទៅចាំថៅកែ នៅជិតទ្វារ។ 

ក្ឌាំង! ក្ឌាំង!... 
សំឡេងនៅក្នុងឃ្លាំងអីវ៉ាន់នៅតែបន្តឮសូរមិនដាច់សោះ។ 
ភូមេនឈរញ័រជើងបែកញើសជោក ទាំងខ្លួនកំពុងស្ថិតនៅក្នុងហាងដែលបើកម៉ាស៊ីនត្រជាក់ស្រេង។ គាត់លើដៃសំពះបន់ស្រន់ដូនតារបស់គាត់ សុំកុំឱ្យខ្មោចក្នុងឃ្លាំងចេញមករកគាត់ មុននឹងថៅកែហាងមកដល់។ 
«នៅវេលាម៉ោង១២:១២នាទីអធ្រាត្រមុននេះ រថភ្លើងជើងចុងក្រោយបានផ្ទុះ នៅតំបន់ទួលលិច ហើយមនុស្សទាំងអស់នៅក្នុងរថភ្លើង បានស្លាប់គ្មានសល់ម្នាក់ឡើយ។ ភ្លាមៗក្រោយហេតុការណ៍នេះ សំឡេងស៊ីរ៉ែនឡានទឹក និងរថយន្តសង្គ្រោះបានបន្លឺកងរំពងទាំងកណ្តាលរាត្រី។ ឥឡូវនេះ ក្រុមសង្រ្គោះបន្ទាន់កំពុងតែ...» សំឡេងផ្សាយចេញពីទូរទស្សន៍។ 
- ព្រះ!.. ជួយ!... 
ភូមេនឧទានឮៗ ដោយតក់ស្លុតជាខ្លាំងនឹងពត៌មាននេះ។ 
- តុ តុ តុ... 
សំឡេងគោះទ្វារខ្លាំងៗនៅមុខហាងបន្លឺឡើង ភូមេនបើកទ្វារយឺតៗ ទាំងញ័រដៃទទ្រើក...

អានរឿងផ្សេងទៀត៖

Post a Comment

0 Comments